ប្រជាពលរដ្ឋ រស់នៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលបានរាយការណ៍ឲ្យដឹងអាជ្ញធរស្រុកកៀនស្វាយ និង ផ្នែកជលផលនិងនេសាទតែម្តង អំពីក្រុមទុច្ចរឹតមួយចំនួន​ប្រើវិធី​បំ​ផ្លាញ​សត្វ​អណ្តើក​តាមរយៈប្រើបច្ចេកទេសម៉ាស៊ីនបំពងសំឡេងដូចបំផ្ទុះគ្រាប់​បែកនៅក្នុ​ងទឹក ។

ប្រជាពលរដ្ឋទាំងនោះបានអត្ថាធិប្បាយវិធីចាប់អណ្តើកដោយប្រើឧបករណ៍ម៉ាស៊ីនរបស់ ក្រុម ទុច្ចរឹតទាំងនោះថា ពួកគេបានកែច្នៃម៉ាស៊ីនមានកម្លាំង ៨សេសឡើងទៅរួចតទុយយោពីលើ​កាណូត​ឬទូកដូច​បំពង់ស៊ីម៉ាំងម៉ូតូមុជចូលដល់បាតដី រួចគេចេះច្នៃឲ្យមានស្នូរផ្ទុះពីបំពង់ស៊ី​ម៉ាំងនោះដូចគ្រាប់បែកកក្រើកទឹកហើយបើកកាណូតក្រឡឹងជុំវិញទីតាំងណាដែលគេសង្ស័យ ថាមានអណ្តើកជាច្រើនពួនសម្ងំនៅទីនោះ ។ វិធីនេះគឺធ្វើឲ្យសត្វអណ្តើកខ្ទរទ្រហឹងត្រចៀក រងាក់រងើលែងដឹងស្មារតីសម្ងំក្នុងភក់ឬទឹកមិនបានក៏នាំគ្នាបណ្តែតខ្លួនមកលើទឹក ហើយពេល​នោះពួកគេត្រងយកអណ្តើកទាំងនោះយ៉ាងងាយបំផុត ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ក្នុងការបំផ្ទុះសំឡេងដើម្បីចាប់អណ្តើកនេះគេធ្វើនៅតែ​ពេល​យប់ ជាពិសេសនៅភូមិជ័យឧត្តម១ និងជ័យឧត្តម២ ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ធ្វើ ឲ្យ​ប្រជាពលរដ្ឋដេកពួនមិនបានទេ ។ គេមិនដឹងថាបច្ចេកទេសថ្មីក្នុងការចាប់អណ្តើកនេះ​កើត​ចេញ ពីណាមក​នោះទេ គ្រាដែលស្រុកយើងកន្លងមកមិនដែលធ្លាប់មានទាល់តែសោះ ហើយ​វា​មិនខុសពីកាលមុនស្រុកយើងមិនដែលប្រើអាគុយឬកម្លាំងចរន្តអគ្គិសនី ឆក់ត្រី ឆក់អន្ទង់ ដូច​សព្វថ្ងៃនេះដែរ ។

ប្រជាពលរដ្ឋមិនចោទអាជ្ញាធរដែនដី ឬ ជំនាញជលផល ថាបានត្រូវដងត្រូវផ្លែនឹងក្រុមទុច្ចរឹត បង្កើតឲ្យមានការបំផ្លាញសត្វអណ្តើកដែលជិតផុតពូជទៅហើយនោះដោយវិធីប្រើឧបករណ៍បំផ្ទុះជាថ្នូរនឹងលុយចិញ្ចឹមឆ្នាំងបាយនោះទេ ប៉ុន្តែបើបានជ្រាបហើយ សូមមេត្តាចុះទៅពិនិត្យ ឬ​បង្ក្រាបខ្លះទៅ បើពុំដូច្នោះទេនឹងផុតពូជអណ្តើកស្រុកខ្មែរមិនខាន ព្រោះពេលបំផ្ទុះ​ម្តងៗសូម្បី​តែ កា្តម ខ្យង កំពិស ។ ល ។ ក៏មិនសល់ដែរ ៕ ប្រជាពលរដ្ឋឃុំសំរោងធំ

ដោយ គ្រួ ធំ ថ្ងៃទី 29 August, 2018 ម៉ោង 11:14 AM

ភ្នំពេញ ៖ ទីតាំងបើកបនល្បែងសុីសងចម្រុះតាមប្រព័ន្ធអុីធឺណេត ជ្រកក្រោមស្លាកសញ្ញា យកអាជ្ញាប័ណ្ណមកដាក់បំភ័ណ្ឌមុខ ធ្វើឲ្យមតិមហា​ជនរឹះគន់ខ្លាំងៗដាក់បន្ទុកលើចៅហ្វាយខណ្ឌ ស្រគៀរត្រចៀកពេកទ្រាំលែងបាន បង្កើតឆាកល្ខោន បង្អួតថ្នាក់លើ ដឹកនាំកម្លាំចម្រុះចុះបង្ក្រាប បន្លំភ្នែកញាតិ បានតែ២ថ្ងៃ ដឹកឥវ៉ាន់តត្រុក អនុញាតិឲ្យម្ចាស់បើកវិញព្រងើយ ធ្វើឲ្យពលរដ្ឋកាន់តែស្រែក កាន់តែរឹះគន់ទៅលើលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ​ (បង្ក្រាបបទល្មើសដូចលេងបាយឡុកបាយឡ )​។

ទីតាំងអុីនធឺណេត យុីហោ ហ្វ័រជី អីនធើណិត(4G internet) សាខាទី២ ដែលមានទីតាំង នៅផ្ទះលេខ3 DE ជាប់ផ្លូវលេខ 271 សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ក្រោយពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បញ្ជាកម្លាំងចម្រុះចុះបង្ក្រាបចាប់ដកហូតសម្ភារៈពាក់ព័ន្ធទៅនឹងរបរ បើកអុីនធឺណេត មានបង្កប់ល្បែងសុីសង កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះមិនទាន់ទាំង ត្រជាក់ ហាតឌីស កុំព្យូ​ទ័រផង​ មកដល់រសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ ទីតាំងខាងលើ បានបើកវិញវិញ ដោយពលរដ្ឋលើកឡើងថា ចៅហ្វាយខណ្ឌឲ្យដឹងសម្ភារៈដែលចាប់ដកហូតយកទៅនោះ ឲ្យមកតម្លើងដំណើរការរកសុីបើកល្បែងបន្តទៅទៀតគួរ​អោយ​អស់​សំណើច​ណាស់​។

តាម​ប្រភព​ព័ត៌មានពី​ប្រជាពលរដ្ឋបានឲ្យដឹងថា ប្រហែល​ជា​លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បង្ក្រាប​បនល្បែង ដូចលេងបាយឡុកបាតឡ សង្ស័យសែនត្រូវ ដល់ចំណុចមួយ ទើបអនុញាតិឲ្យបើកលេងឡើងវិញ គ្រាន់តែមិនទាន់លើកស្លាកយុីហោ។

តាម​ប្រភព​ដដែល​បាន​បន្តទៀតថា អាណត្តិរបស់លោក ចៅហ្វាយខណ្ឌសែនសុខ លើកនេះ អនុវត្តន៍ការងារ បម្រើប្រជាពលរដ្ឋមិនខុស ពីអាណត្តិមុន​អញ្ចឹង​ ព្រោះ​ការបង្ក្រាបបទល្មើស គ្រាន់តែអនុវត្តន៍ឡើង បំភ័ណ្ឌភ្នែកពលរដ្ឋ វាយខាងមុខ លូកអង្អែលចាប់ដៃខាងក្រោយ ពោលប្រើវិធីសាស្រ្តប្រមូលលុយក្នុងតំណែងរបស់ខ្លួន មិនខ្វល់ពីផលប៉ះពាល់ មជ្ឈដ្ឋានសង្គម មានពលរដ្ឋ មហាជនស្រែកទៅ ដឹកនាំធ្វើ បន្តិចទៅ ក្រោយខ្នង អនុញាតិឲ្យបើកដំណើរការវិញដដែល ដូចផ្ទះបើកបនល្បែងខាងលើនេះអញ្ចឹង ៕​ឧត្តម​គតិ​

ដោយ Admin ថ្ងៃទី 02 May, 2018 ម៉ោង 10:17 PM

នាយប៉ុស្តិ៍នគរបាល​រដ្ឋ​បាល​ផ្សារ​ដើម​ថ្កូវ​មិន​ដឹង​រៀន​វគ្គ​នាយ​នគរ​បា​ល​យុត្តិធម៌​ដ​ល់​កំរិត​ណាា​ទេ ទើប​ហ៊ាន​ធ្វើ​កិច្ចការងារ​រំលោភ​​លើ​ដែន រដ្ឋបាល​របស់​ចៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ។

សូម​បញ្ជាក់ថា លិខិត​មួយ​សន្លឹក​លោក​ចៅ​សង្កាត់​ផ្សារ​ដើមថ្កូវ​មិន​អាច​បញ្ជាក់​ជូន​សាមីុ​ខ្លួន​បាន​ឡើយ ព្រោះ​វា​ជា​ការ​ពិត​កា​ល​ពី​ថ្ងៃ​ទី១១ ខែកក្កដា ឆ្នាំ២០១៣ ឈ្មោះ​​រស់ ប៉ុម ​បាន​មក​សុំ​​លិខិត​​បញ្ជាក់​ពី​សា​លា​សង្កាត់ផ្សារដើមថ្កូវ ដើម្បី​យកទៅ​ប្រើ​ការ​តាម​កិច្ចការ​ផ្ទាល់​ខ្លួន​តែ​បច្ចុប្បន្ន​មក​សុំ​បដិសេធវិញ ​តាម​ការ​ញុះ​ញ៉ុង​របស់​ឈ្មោះ ង៉ែត​សំណាង និង​ភាគីផ្សេង​ម្នាក់​ទៀត ទើប​សាលា​សង្កាត់ផ្សារដើមថ្កូវ​មិន​អាច​បញ្ជាក់​លើ​លិខិត​បដិសេធនេះ​ជូន​សា​ម៉ី​ខ្លួន​បាន​ឡើយ ។ តែ​បែរ​ជា​លោក សូ​​ សំ​បាន​ ហ៊ាន​បញ្ជាក់ តើ​លោកសម្អាង លើ ហេតុ​ផល​អ្វីខ្លះ​? ឬ​មួយ​មាន​ផល​ប្រយោ​ជន៍​អ្វី​ខ្លះ​ ?

អ្នក​ច្បាប់​ម្នាក់​បាន​និយាយ​ថា លិខិត​នេះ​ផុត​អាជ្ញាយុកាល​នៃ​ការ​ប្ដឹង​ផ្ដល់​ហើយ ​និ​ង ម្យ៉ាង​ទៀត​លិខិត​នេះ​មាន​សុពល​ភាព ប្រើ​ប្រាស់​រយៈ​ពេល​៥​ឆ្នាំ​កន្លង​មក​ហើយ ហេតុ​អ្វី​បច្ចុប្បន្ន​បុគ្គល​ឈ្មោះ រស់ ប៉ុម និង ង៉ែត សំណាង ផលិតរឿង​នេះ​ឡើង​តើ​ដើ​ម្បី​ផល​ប្រយោជន៍​អ្វី ?

អ្នក​ច្បាប់​ម្នាក់​បាន​និយាយ​បន្ដ​ទៀត​ថា លិ​ខិត​នេះ​មិន​អាច​ចាត់​ទុក​ជា​ផ្លូវ​ការ​បាន​ឡើ​យ​ដោយ​សារ​តែ​ភាព​ជឿញុះ​ញ៉ុង​របស់​ភា​គី​ម្នាក់​ធ្វើ​អោយ​លិខិត​នេះ​ក្លាយ​ជា​លិខិត​មួយ​កំពុង​តែ​កើត​ក្ដី​ក្ដាំង​គ្នា​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប៉ុ​​ន្ដែ​ទោះ​ជា​យ៉ាង​ណា​គេ​សង្ឃឹម​ថា តំ​ណា​ង​អយ្យ​ការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេ​ញ នឹង​មិន​ចាត់ការ​ចំពោះ​បណ្ដឹង​បែប​នេះ​ឡើ​យ ៕


ដោយ Admin ថ្ងៃទី 24 March, 2018 ម៉ោង 01:52 PM

រណ្តៅដីចំនួន៦កន្លែង ស្ថិតនៅភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលគេដឹងថា អ្នកធ្វើអាជីវកម្ម មានដល់ទៅ ៦នាក់ រួមមានឈ្មោះ ភារ៉ា, ស សារឿន ហៅតោ, ម៉ៅ ផង់, ប៉ក់ សារឹន,អាន ឆន និងកងវិស្វកម្ម ផងដែរនោះ ធ្វើឲ្យប្រជាពលរដ្ឋ រស់នៅតាមផ្លូវ​នេះ ពិបាក​រស់នៅណាស់ដោយពេលហូប​បាយម្តងទាល់តែហូបក្នុងផ្ទះបិទទ្វារជិត ចងមុង  ឬទៅហូបខាងក្រោយផ្ទះ បើមិនដូច្នេះទេ ដីហុយចូលបាយសម្ល ហូបមិនកើតឡើយ ។

ពលរដ្ឋបន្តទៀត ថា នៅតាមផ្លូវនេះមានរថយន្តធុនតូច ធុនយក្សរាប់សិបគ្រឿងបានសម្រុក​ដឹកដីញ័រផ្លូវរកតែសម្រាកពេលថ្ងៃក៏មិនបានគឺដឹកគ្មានពេលម៉ោងសម្រាកទេ ទោះអាណាងាប់​ក៏ងាប់ទៅ អ្នកណាដេកពួន ឬ ស៊ីចុកមិនបានក៏ហីទៅឲ្យតែអញរស់ម្នាក់ឯង ឬក្រុមអញរស់​បានហើយ ។ក្រៅពីនោះរណ្តៅដីដែលមានជម្រៅជិតដល់ក្បាល​ប្រេតនៅកៀកព្រំដី​ស្រែរបស់ប្រជាពលរដ្ឋទៀត ធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភទៅថ្ងៃ​អនាគតអាចបាក់​ច្រាំងដល់ដីស្រែពួកគាត់ខានធ្វើស្រែមិនខាន ។

ប្រជាពលរដ្ឋលួចខ្សឹបថា រឿងនេះមិនដឹងថាអាជ្ញាធរមូលដ្ឋាន ត្រូវដងត្រូវផ្លែនឹងឈ្មួញរណ្តៅដី ទាំង៦នាក់នោះយ៉ាងណាទេ បានជាសម្ងំស្ងាត់ជ្រៀប មិនឈឺឆ្អាលជាមួយប្រជាពលរដ្ឋ ។ លើសពីនេះទៀតប៉ុន្មានថ្ងៃមុននេះមានមន្ត្រីក្រសួងរ៉ែ និងថាមពល មួយក្រុមចុះទៅ​ដល់ការដ្ឋានជីកដីទាំងនេះ ប៉ុន្តែមិនដឹងទៅធ្វើអីទេ គ្រាន់តែអឺតឡឺមៗ មួយភ្លែតក៏ជិះ​រថយន្តត្រឡប់ទៅវិញអស់ទៅ ។ ការចុះអឺតឡឺមៗ របស់មន្ត្រីទាំងនោះ ត្រូវបានប្រជាពលរដ្ឋ​ដាក់ការសង្ស័យថា គ្មានអ្វីក្រៅពីទៅទទួលលាភសក្ការៈពីក្រុមឈ្មួញជីករណ្តៅដីនោះឡើយ បានជាមកដល់ពេល នេះគេឃើញរថយន្តសម្រុកដឹកដីកាន់តែច្រើន និងថ្គើនខ្លាំងឡើងៗ មិន ខ្លាចប្រជាពលរដ្ឋរិះគន់នោះឡើយ ។

គេមិនដឹងថា លោករដ្ឋមន្រី្ត និងស្ថាប័នពាក់ព័ន្ធដែលអនុញ្ញាតឲ្យឈ្មួញជីករណ្តៅដីជ្រៅ​ហួសច្បាប់កំណត់ នាំឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប៉ះ​ពាល់បរិស្ថានបែបនេះ លោកបានជ្រាបដែរឬទេ ? ឬមួយបានជ្រាបដែរចេះតែបិទភ្នែកធ្វើ​មិនដឹង​ដើម្បីផលប្រយោជន៍អ្វីមួយ ? ៕

ដោយ គ្រួ ធំ ថ្ងៃទី 20 January, 2018 ម៉ោង 04:49 PM

ខេត្តក្រចេះ៖ នៅក្នុងខេត្តក្រចេះ អ្នកណាមិនស្គាល់លោក​ឧកញ៉ា​គង់ ក្រឹ​ង ដែល​ល្បីល្បាញ​ខាង​ជួញ​ឈើប្រណីត ហើយបើមិនស្គាល់ឧកញ៉ាគង់ក្រឹង ដូចមិនស្គាល់វិមានឯករាជ្យ ងអ៊ីចឹង ។

លោកឧកញ៉ាម្នាក់នេះ​កំពុងតែ​ល្បីឈ្មោះ​ខាង​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ ដើម្បី​បិទបាំងការរកស៊ីមិនស្របច្បាប់តាមរយៈទិញ​ឈើ​ពី​ម៉ូតូ​ប្រជាពលរដ្ឋតិចៗដូច​កណ្តៀ​និង​ដើម្បី​ឆ្ពិន​ភ្នែក​ក្រុម​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់ជាតិ​តែប៉ុណ្ណោះ។

តាមពិត​លោក​ឧក ញ៉ាគ​ង់ ក្រឹ​ង មិន​ត្រឹមតែ​ទិញ​ឈើ​តាម​ម៉ូតូ​រាប់រយ​គ្រឿង​ដែល​ប្រជាពលរដ្ឋ​ដឹក​យកមក​លក់​អោយ​ប៉ុណ្ណោះ​ទេ ថែមទាំង​ចំណាយលុយ​រាប់ពាន់​ដុល្លា​ក្នុងមួយខែៗសម្រាប់​បិទមាត់​អ្នកកាសែត​និង​អស់លោក​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​បិទបាំង​មុខរបរ​ជំនួញ​ឈើប្រណីត​របស់គាត់។

​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរតែស្រាវ​ជាវ​​និង​ចាត់វិធានការ​រឿងនេះផង ព្រោះក្រៅពីរកស៊ី មិនប្រក្រតីដូចខាងលើ លោកឧកញ៉ា គង់ ក្រឹង នៅមាន​ចំការកៅស៊ូ​ដែលមានដាក់​បារាស​បើក​បិទ​យ៉ាងរឹងមាំ​សំរាប់​បិទបាំង​បទល្មើសយកឈើទិញពីប្រជាពលរដ្ឋលាក់ទុកនៅទីនោះ ដោយមិនទាន់គិតមុខរបរបើកកាស៊ីណូ​ក្បែរ​ព្រំដែន វ៉ា លឺ​ផង។ស្ទើរតែរាល់ថ្ងៃមាន​រថយន្ត​ដឹកឈើវៀតណាមចូលទៅដឹក​យ៉ាង​គគ្រឹកគគ្រេង​នៅក្នុង​ចំការកៅស៊ូ​របស់លោក​ឧក​ញ៉ា ដើម្បីយកទៅលក់ឲ្យវៀតណាម ។

មានសំណួរមួយសួរថា តើ​ថ្ងៃ​ណា​ទើប​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ខេត្តក្រចេះ​និង​ថ្នាក់ជាតិ​មាន​វិធាន​បង្ក្រាប​បទល្មើស​រប​ស់លោក​ឧកញ៉ា​ គង់ក្រឹង ?

ទាក់ទិនព័ត៌មានខាងលើនេះ មិនអាចទាក់ទងលោក ឧកញ៉ាគងក្រឹង សុំការបកស្រាយបានទេ កាលពីរសៀលថ្ងៃ ៨មករា ឆ្នាំ២០១៨ នេះ ៕ សំបូរ

 

ដោយ គ្រួ ធំ ថ្ងៃទី 09 January, 2018 ម៉ោង 10:43 AM

ព្រះសីហនុៈលោក នួន ប៉ុក ប្រធានមន្ទីររៀបចំ ដែនដី នគររូបនីយកម្ម សំណង់ និង​សុរិយោ​ដីខេត្តព្រះសីហនុដែលល្បីរៀបចំសេណារីយោជាបក្ខពួក ពុករលួយ រត់ការផ្ទេរកម្មសិទ្ធិ​ដីធ្លី​លឿន​​មិនដល់មួយអាទិត្យ គ្រាដែលពលរដ្ឋរត់ការរាប់ខែឆ្នាំទើបបាននោះ ត្រូវបានអង្គភាព ប្រឆាំងអំពើពុករលួយ កោះហៅឲ្យបំភ្លឺតាមពាក្យបណ្តឹងលោក កែម មង្គល និងអ្នកស្រី មាស សាឯមដានី បន្ទាប់ពីរកឃើញថា លោក នួន ប៉ុក ប្រព្រឹត្តអំពើ ពុករលួយ ជាមួយជនជាតិចិន​ដឹក​នាំ​កម្លាំងឈូស​ឆាយដី និងបំផ្លាញដំណាំរបស់លោក លោកស្រីទាំងពីរនាក់ខាងលើ ។

នៅក្នុងលិខិតមួយច្បាប់​របស់អង្គភាពប្រឆាំងអំពើពុករលួយផ្ញើជូនទៅលោក នួន ប៉ុក ឲ្យបំភ្លឺក្នុងទង្វើពុលរលួយខាងលើនេះ ទើបដឹងថា ក្រៅពីប្រព្រឹត្តអំពើពុករលួយបក្ខពួកនិយមកប់ពពក លោក នួន ប៉ុក នៅឆ្លៀតកាងខុសច្បាប់ក្នុងរឿងដីធ្លីជាច្រើនទៀត ដូចមានក្នុងលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយខាងក្រោមនេះ ៕

ដោយ គ្រួ ធំ ថ្ងៃទី 06 November, 2017 ម៉ោង 10:36 AM

ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុជាច្រើន ជាពិសេស អ្នកមុខអ្នកមាត់​ដែលមានដី​ធ្លីនៅខេត្តមួយនេះកំពុងនាំគ្នារអ៊ូរទាំថា ពិបាកក្នុងការផ្ទេរកម្មសិទ្ធិដីធ្លីតាមបែបបទ​រដ្ឋបាល​(ច្រកចេញចូលតែមួយ)ខ្លាំង​ណាស់ ព្រោះត្រូវចំណាយលុយ និងពេលវេលាច្រើនថ្ងៃមិនតិច​ជាងមួយខែទៅមួយឆ្នាំ ទើបបានឯកសារយកមកប្រើប្រាស់ជាផ្លូវការបាន ។

ប្រជាពលរដ្ឋទាំងនោះបានលួចបង្ហើបថាអស់លោកបើចង់បានសេវារត់ការផ្ទេរកម្មសិទ្ធិដីធ្លីបានរហ័សឆាប់ទាន់ចិត្តសូមទំនាក់ទំនងនឹង លោក នួន ប៉ុក ប្រធានមន្ទីររៀបចំ ដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុព្រោះលោក មានបែបបទគ្រប់គ្រាន់ និងមានសេណារី​យោពីក្រោមដល់លើសុទ្ធតែបក្ខពួកជាពិសេសលោកជាអ្នកចុះហត្ថលេខា​ទទួលស្គាល់លើសំណុំឯកសារស្រាប់ ព្រមទាំងធានារត់ការលឿនមិនដល់មួយសប្តាហ៍ទេ នឹងរួចរាល់ជាស្ថាពរយកទៅ​ប្រើប្រាស់ជាផ្លូវការបានហើយ ដោយគ្រាន់​តែចំណាយ​លុយខ្ពស់​បន្តិចប៉ុណ្ណោះ ។

ចំណែកបងប្អូនប្រជាពលរដ្ឋធម្មតានៅក្នុងខេត្តនិងក្រៅខេត្តដែលមានដីនៅទីនោះ បើ​មិនរត់ការតាមសេណារិយោលោក នួន ប៉ុក  ដែលពួកគាត់(លោកប្រធានមន្ទីរ)​រៀបចំទុក​ប្រយោជន៍គ្រាន់បានលុយចែក​គ្នាចាយ​ជាមួយបក្ខពួកនោះទេ សូមកុំសង្ឃឹមថាបាន​រហ័ស​ឲ្យសោះ បានន័យថាបើរត់ការតាមបែបបទច្រកចេញចូលតែមួយ គឺត្រូវចំណាយពេលរាប់ខែ ឬ១ឆ្នាំ ឯណោះទើបឯកសារធ្លាក់ដល់ដៃបងប្អូន បើពុំដូច្នោះទេ ច្បាស់ជាឯកសាររបស់បង​ប្អូននឹងត្រូវផ្អឹបនៅក្រោមតុលោកប្រធានមន្ទីរមិនខាន។

ក្រៅពីនេះប្រជាពលរដ្ឋនាំគ្នានិយាយថា លោក នួនប៉ុក មានចរិតមិនសមជាថ្នាក់ដឹកនាំ​ទាល់​​តែសោះ ព្រោះពេលខ្លះគាត់ជេរស្តីឲ្យកូនចៅនៅចំពោះមុខប្រជា​ពលរដ្ឋដូចខ្ញុំកញ្ជះ​ដាច់​ថ្លៃរបស់គាត់ និងដូច​ជាអ្នកគ្មានចំណេះដឹងអ៊ីចឹង។ ជាងនេះទៅទៀតទឹកមុខ លោក នួន ប៉ុក មិនចេះ​រាក់ទាក់ស្វាគមន៏សប្បាយចិត្តជាមួយប្រជាពលរដ្ឋដែលទៅ​ស្នើសុំធ្វើបែបបទផ្សេងៗ​នៅមន្ទីររៀបចំដែន​ដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដោយមិនបានឆ្លង​កាត់ក្រុម​សេណា​​រិយោរបស់គាត់នោះឡើយ ។ ទង្វើរបស់លោក នួន ប៉ុក ហាក់ដូចជាមាក់ងាយនិងអនុសាសន៍សម្តេចតេជោដែលតែងលើកឡើងថា ថ្នាក់ដឹកនាំស្ថា ប័ន​នានា ត្រូវធ្វើជាខ្ញុំបម្រើរាស្រ្ត មិនមែនធ្វើជាចៅហ្វាយនាយរបស់រាស្រ្តនោះទេ ហើយបើលោក នួន ប៉ុកធា មានចរឹតបែបនេះ តិចដុតកម្ទេចសន្លឹកឆ្នោតCPP ទេដឹង ?  ៕

 

ដោយ គ្រួ ធំ ថ្ងៃទី 24 October, 2017 ម៉ោង 01:47 PM

 

មានភាពមិនប្រក្រតីមួយកើតមាននៅក្នុងមន្ទីរដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដី​ខេត្តព្រះសីហនុ បន្ទាប់ពីមន្ត្រីនៅក្នុងមន្ទីរមួយនេះនាំគ្នាជ្រួលជ្រើមនិងបម្រុងប្រតិកម្មខ្លាំង ដោយ​ទទួល​ដំណឹងថា ថ្នាក់លើ កំពុងរៀបចំឯកសារតែងតាំង អនុប្រធានការិយាល័យរៀបចំដែនដីនគររូបនីយកម្ម សំណង់ និងភូមិបាល​ថ្នាក់​​ស្រុកម្នាក់ធ្វើជាអនុប្រធានមន្ទីរដែន​ដី​នគរូបនីយកម្ម​ សំណង់ និងសុរិយោដី​ខេត្តព្រះសីហនុ ទៅអ្វីដែលមន្រី្តទាំងនោះនិយាយថាដូចជាផ្លោះរបង និងផ្ទុយពីអនុក្រឹត្យ របស់រាជ​រដ្ឋាភិបាល​ដែល​តម្រូវឲ្យមន្ទីរនីមួយៗមានតែអនុប្រធានតែ៣នាក់ប៉ុណ្ណោះ ហើយសព្វថ្ងៃមានដល់ទៅ៥នាក់ រួចទៅហើយនោះ ។

មន្រី្តជាច្រើនបានលួចបង្ហើបឲ្យដឹងថា លោក សេង សុខណាក់ ដែលមានអាយុទើបតែ៣៣ឆ្នាំ ជាអនុប្រធានការិយាល័យ​រៀបចំដែនដី​នគររូបនីយកម្ម សំណង់ និងភូមិបាល ​ស្រុកព្រៃនប់ ដែលមានកាំប្រាក់ ក៣-៦ កំពុងរត់ការ​ជាមួយថ្នាក់លើ និងដោយមានការ​អន្តរាគមន៍​ពីឯកឧត្តមឧបនាយករដ្ឋមន្រី្តម្នាក់ ដើម្បីបានតំណែង​ជាអនុ​ប្រធានមន្ទីរដែន​ដី​នគរូបនីយកម្ម​ សំណង់និងសុរិយោដី ខេត្តព្រះសីហនុ រហូតជិតបានសម្រេចហើយ ។

មន្រី្តនិយាយថា ការប្រឹងប្រែងយក តំណែងខ្លាញ់នេះវាពិតជាអនុវត្តផ្ទុយនឹងអនុក្រឹត្យលេខ១១៤ ឋអនក្រ ចុះថ្ងៃទី៧​ខែ​កញ្ញាឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាលខ្លាំងណាស់ ព្រោះបានកំណត់ ឲ្យមាន​អនុប្រធានមន្ទីរតែ៣នាក់ តែឥឡូវមានរហូតដល់៥នាក់លើស២នាក់ទៅហើយ ចាំបាច់តែងម្នាក់ទៀត ឲ្យគ្រប់៦នាក់ធ្វើអី ? ម្យ៉ាងទៀត​បើចង់ដំឡើងតួនាទីបន្ថែមមែននោះ ម៉េចមិនធ្វើតាមអនុក្រឹត្យ​ឬធ្វើតាម​អនុសាសន៍របស់​សម្តេចតេជោ ដែលតម្រូវឲ្យឡើងតាមឋានានុក្រមជ្រើសរើសនៅក្នុងអង្គភាពផ្ទាល់ ម៉េចចាំបាច់យកមកពីអង្គភាពក្រៅដែល មានវ័យក្មេងល្ហក់ ផ្លោះពីអនុប្រធានការិយាល័យ រំលងប្រធាន​ការិយាល័យ ទៅជាអនុប្រធានមន្ទីរ​អូតូម៉ាទិក​យ៉ាងនេះ ? ឬមួយអ្នកមានឋានៈតាមលំដាប់លំដោយ​ធ្លាប់មានបទពិសោធន៍យូរឆ្នាំ ឬអ្នកខ្លះធ្វើការមិនតិចជាង២០ឆ្នាំនៅក្នុងមន្ទីរមួយនេះគ្មាន​សមត្ថភាព​ដូចលោក សេង សុខណាក់ ?

ក្រុមមន្រី្តលួចខ្សឹបប្រាប់ថា ពួកគាត់ទំនងជាមិនស្បើយក្នុងចិត្ត និងមិនអាចឈរស្ងៀមឱបដៃឈរ មើលការតែងតាំងលោកអនុប្រធានមន្ទីរម្នាក់នេះដោយភាពមិនប្រក្រតីបែបនេះទេ គឺច្បាស់ជានាំគ្នា ដុតកង់ឡាន ឬកាន់បដាទៅរកសម្តេចតេជោឲ្យជួយរកយុត្តិធម៌មិនខាន  ៕

 

 

 

ដោយ គ្រួ ធំ ថ្ងៃទី 11 April, 2017 ម៉ោង 10:42 AM

%e1%9e%82%e1%9e%b8%e1%9e%98-%e1%9e%a0%e1%9f%90%e1%9e%84ភ្នំពេញៈ ខណៈដែលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញបទបញ្ជាឲ្យអាជ្ញាធរ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់មានវិធានការបង្ក្រាប បនល្បែងស៊ីសងគ្រប់ប្រភេទឲ្យខាងតែបាន ហើយក្នុងនោះគ្រោងបង្កើតឲ្យមាននាយកដ្ឋាន បង្ការបង្រ្កាប ល្បែងស៊ីសងផងនោះ ស្រាប់តែថ្មីៗនេះ ក្រុមមេបននិងអ្នកកាងបនល្បែងក្នុងរាជធានីភ្នំពេញ៤នាក់ កំពុងជ្រួលជ្រើមរត់ការទប់ជើងគ្រែឲ្យមេៗបនល្បែងកន្ទុយលេខជាច្រើនក្នុងរាជធានីបានលេងតាមសម្រួលជាថ្នូរនឹង លុយរាប់ម៉ឺនដុល្លារ ដោយពួកគេអះអាងថា គេយកលុយនេះទៅរត់ការជាមួយសមត្ថកិច្ច ថ្នាក់លើ ជាពិសេសសមត្ថកិច្ចរាជធានីភ្នំពេញតែម្តង ព្រោះក្រុមខ្លួនជាមនុស្សស្និទ្ធិនឹងថ្នាក់លើទាំងនោះ ។

ប្រភពព័ត៌មានសម្ងាត់មួយបានឲ្យដឹងថា មេបនល្បែង កន្ទុយលេខទាំងនោះអ្នកខ្លះក្លាយជាឧកញ៉ាដោយសារតែបើកទីតាំងកត់កន្ទុយ លេខពេញរាជធានីភ្នំពេញ ក្នុងនោះរួមមាន ទី១-ឈ្មោះ ភក្ត្រ បើកកន្ទុយលេខនៅ ចំណុចផ្សារឈូកមាស ស្ថិតនៅក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ និងពង្រាយកូនកញ្ច្រែងរបស់ខ្លួនជាច្រើនរាប់ភ្លេច និងមួយកន្លែងទៀតស្ថិតនៅម្តុំសង្កាត់ព្រែកឯង ហើយក៏ត្រូវបានសមត្ថកិច្ច បង្ក្រាបកូនចៅរបស់ពួកគេថ្មីៗនេះរួចមកហើយត្រង់ចំណុចទីតាំងភោជនីយដ្ឋាន វាលស្បូវ។ ទី២-មេបនល្បែងឈ្មោះ ព្រីង ហៅឧកញ៉ា ព្រីង មានទីតាំងកត់កន្ទុយលេខ ដ៏ធំបំផុតនៅខាងក្រោយមណ្ឌលសុខភាពទឹកថ្លាម្តុំជីនណាន ស្ថិតក្នុងភូមិថ្នល់ខាង លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ។ ៣-មេបនល្បែងកន្ទុយលេខ ឈ្មោះ លីន ប៉ាវ ផ្តាច់មុខដើម្បីឲ្យកូន កញ្ច្រែងកត់កន្ទុយលេខនៅក្នុងដែនរដ្ឋបាលខណ្ឌឫស្សីកែវ និងទី៤- មេកាងប៉ាវល្បែងស៊ីសងលើមនុស្សទាំង៣នាក់ខាងលើទៅទៀតនោះ គឺឈ្មោះខឹល ហៅ ផេង ដែលមានកូនជឹងជំនិតម្នាក់ទៀតឈ្មោះ គីម ហ័ង ជាអ្នករត់ការជាមួយថ្នាក់លើ ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ប៉ុន្មានថ្ងៃមុននេះ ឈ្មោះ គីម ហ័ង ជាអ្នកកាងនិងរត់ការជាមួយថ្នាក់លើបានរាយការណ៍ប្រាប់មេល្បែងកន្ទុយលេខធំៗនៅភ្នំពេញថា ខ្លួនគេធានារត់ការជាមួយសមត្ថកិច្ច ដោយនិយាយថា« ឲ្យតែមានលុយខ្ញុំធានាឲ្យ ទាំងអស់ អង្គុយចាំតែកត់ទៅ ប៊ិចនិងក្រដាសខ្ញុំជាអ្នកចេញ។ ចំពោះអ្នកកាសែត ៥ពាន់ មួយម៉ឺនរៀលយើងចេញឲ្យគេទៅ  ។ ដោយឡែកសមត្ថកិច្ចក្រុង ខ្លួនគេ(គីម ហ័ង)ជាអ្នកធានាទាំងអស់ កុំភ័យ !  »

 

ដោយ គ្រួ ធំ ថ្ងៃទី 18 November, 2016 ម៉ោង 03:43 PM

មកដល់ពេលនេះ ករណីលោកចៅសង្កាត់ព្រែកប្រា ប្រើហិង្សាវាយសន្តិសុខម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់រហូតប៉ះពាល់ដល់សរសៃប្រាសាទ កំពុងគេចខ្លួនពីសំណាញ់ច្បាប់ ខណៈដែលនរគបាលខណ្ឌមានជ័យ កំពុងកសាងសំណុំរឿងនោះបញ្ជួនទៅតុលាការ។ អ្វីដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍នោះគឺនៅពេលដែលសមត្ថកិច្ចបញ្ជួនសំណុំរឿងចៅសង្កាត់ព្រែកប្រាទៅកាន់តុលាការ បែរជាលោកចៅសង្កាត់រូបនេះ សរសេរផ្ញើសារតាម Facebook របស់លោក សុំទោសក្រុមគ្រួសារ និងនិយាយថា លោកបានធានារ៉ាប់រងក្នុងការព្យាបាលជំងឺជូនជនរងគ្រោះរហូតដល់ជា។

ប៉ុន្តែមកដល់ពេលនេះ សភាពជំងឺរបស់ជនរងគ្រោះកាន់តែដុនដាបទៅ ធ្វើឲ្យក្រុមគ្រួសារមិនអស់ចិត្ត ដឹកជនរងគ្រោះពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី ទៅព្យាបាលបន្តនៅប្រទេសវៀតណាម គ្រាដែលលោកចៅសង្កាត់ព្រែកប្រា គេចខ្លួនបាត់ទៅហើយនោះ។

ប្រជាពលរដ្ឋមួយចំនួន នៅសង្កាត់ព្រែកប្រា ហាក់អស់ជំនឿនឹងលោកចៅសង្កាត់ ដែលលោកបានប្រើលុយ ទៅលុបលាងទោសកំហុស ដោយបំបិទមាត់អ្នកកាសែតមួយចំនួនឲ្យសរសេរបំភ្លៃការពិត និងជាពិសេសសូកប៉ាន់គ្រួពេទ្យបង្អែកមានជ័យ ថាជនរងគ្រោះមានជំងឺសរសៃប្រាសាទជាយូរមកហើយ។ ការបញ្ជាក់របស់គ្រួពេទ្យនេះ ពុំមានបញ្ជាក់ឲ្យឃើញសំបុត្រស្នាមណាមួយដែលក្រុមគ្រួសារជនរងគ្រោះ ឬអាណាព្យាបាលទទួលព្យាបាលពីមន្ទីរពេទ្យណាមួយណាឡើយ។

បន្ទាប់ពីរត់គេចខ្លួន លោកចៅសង្កាត់ព្រែកប្រា ដែលមិនមកប្រឈមជាមួយនឹងច្បាប់នេះ ធ្វើឲ្យអាជ្ញាធរ ក៏ដូចជាបក្ខពួករបស់លោកចៅសង្កាត់ព្រែកប្រារូបនេះ លាក់លៀមការលាក់ខ្លួនរបស់គាត់ ដោយរង់ចាំថ្នាក់លើជួយដោះស្រាយឲ្យ។ ចាំមើល៍ តើថ្នាក់លើមួយណាជួយដោះបន្ទុករួចពីសំណាញ់ច្បាប់របស់លោកចៅសង្កាត់ព្រែកប្រារូបនេះ?

hong-0386

ដោយ Admin ថ្ងៃទី 30 October, 2016 ម៉ោង 05:50 AM