ខេត្តត្បូងឃ្មុំ៖ មន្ត្រីសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ និងមន្ទីរពាណិជ្ជកម្មខេត្តបាន រកឃើញ​ភេសជ្ជៈ​​ចម្រុះ​មានទឹកក្រូច olatte ចំនួន៣២កំប៉ុង និងទឹកផ្លែឈើមួយ MIDORI ចំនួន៨៤ដប ព្រមទាំង​ភេសជ្ជៈមួយចំនួនទៀត សរុប១២៤ដប/កំប៉ុង ដែលខូចគុណភាព ហួសកាល​បរិច្ឆេទ​ប្រើ​ប្រាស់​​នៅ ផ្សារជីពាំងនិងផ្សារដារ ក្នុងស្រុកមេមត់ក៏ដកហូតយកទៅកម្ទេចចោល។

លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំបានឲ្យដឹងថា ប្រតិបត្តិការខាង​លើ​នេះ បានធ្វើឡើងនៅព្រឹកថ្ងៃ ព្រហស្បតិ៍ ១០ រោច ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ដោយបានត្រួតពិនិត្យស្លាកសញ្ញា កាល​បរិច្ឆេទប្រើប្រាស់ និងការដាក់តាំងលក់ទំនិញរបស់អាជីវករឲ្យត្រឹមត្រូវតាមបច្ចេកទេស​តាមការណែនាំពីអគ្គនាយកដ្ឋានកាំកុងត្រូល ដែលបានឲ្យសាខាកាំកុងត្រូលទាំង​អស់ទូ​ទាំងប្រទេស អនុវត្តន៍តាមផែនការសកម្មភាពរបស់ខ្លួន ដើម្បីធានាសុវត្ថិភាពចំណីអាហារ និងធានាសុខភាពជូនប្រជាពលរដ្ឋជាអ្នកទទួលទាន ជាពិសេសក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។

ជាមួយគ្នានេះដែរកម្លាំងរបស់លោក បានធ្វើការអប់រំក៏ដូចជាណែនាំដល់អាជីវករ មុននឹងយកទំនិញមកលក់ ត្រូវត្រួតពិនិត្យ និងដឹងពីប្រភពឲ្យច្បាស់លាស់ ព្រមទាំងដាក់តាំងលក់ទំនិញ ដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវនិងបាន ហាមដាច់ខាត ការយករាល់ទំនិញដែលគ្មាន កាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួស​កាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិ នៃច្បាប់ទៅដាក់តាំងលក់ឲ្យអតិថិជនយកទៅ បរិភោគនាំឲ្យប៉ះពាល់ដល់សុខភាព ៕សំបូរ

 

ដោយ គ្រួ ធំ ថ្ងៃទី 04 October, 2018 ម៉ោង 03:54 PM

ភ្នំពេញ)៖  នៅព្រឹកថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨នេះ  សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា បាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មួយក្រុមអញ្ជើញ ទៅកាន់សាធារណរដ្ឋសង្គមនិយម  វៀតណាម ដើម្បីគោរពវិញ្ញាណក្ខន្ធសព លោក ត្រាន់ ដាយក្វាង អតីតប្រធានាធិបតីវៀតណាម ដែលបានទទួលមរណភាព នៅថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨។

ប្រតិភូដែលអញ្ជើញអមដំណើរ សម្តេចតេជោ ហ៊ុន សែន រួមមាន៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, ​លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ធសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។

សូមរំលឹកផងដែរថា ក្នុងនាមប្រទេសជិតខាង កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បានដឹកនាំគណៈប្រតិភូ ទៅ​គោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រ​ថៃ ភូមិ​ពល អាឌុលយ៉ាដេត (Bhumibol Adulyadej) នៅទីក្រុងបាងកក ហើយ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២  នាយក​​រដ្ឋមន្ត្រី​វៀតណាម ​នាយករដ្ឋ​មន្ត្រី​​ឡាវ ​និង​​នាយក​រដ្ឋមន្ត្រី​​ថៃ ​ក៏ធ្លាប់បាន​​ចូល​រួម​​គោរព​​ព្រះ​វិញ្ញាណក្ខន្ធ​ ​​ព្រះមហាវីរក្សត្រ ​ព្រះករុណា ព្រះបាទ សម្តេចព្រះ ​នរោត្តម ​សីហនុ​ ផងដែ៕ ប្រសើរ

ដោយ គ្រួ ធំ ថ្ងៃទី 26 September, 2018 ម៉ោង 08:47 AM

(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ គឺជាថ្ងៃកាន់បិណ្ឌទី១ ក៏បញ្ជាក់ថារដូវភ្ជុំបិណ្ឌបានចូលមកដល់ហើយ។

នៅពេលនេះបណ្តាញព័ត៌មាន Fresh News សូមលើកយកនូវប្រវត្តិនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាទំនៀមទម្លាប់របស់ប្រជាជនខ្មែរ មកចែកជូនប្រិយមិត្តស្វែងយល់។

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។

ប្រវត្តិបុណ្យភ្ជុំបិណ្ឌ

បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះ គេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំ។

មូលហេតុដែលប្រារព្ធពិធីបុណ្យភ្ជុំ

កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះ គឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល ៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរ (ដើរ) បិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួក ប្រេតជនញាតិ និងញាតិទាំង ៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ។

រដូវបុណ្យភ្ជុំបិណ្ឌ

ចាប់តាំងពីសម័យបុរាណកាលរហូតមកដល់បច្ចុប្បន្ននេះ ពិធីបុណ្យភ្ជុំបិណ្ឌនេះ គេតែងតែប្រារព្ធនៅក្នុងរដូវវស្សា ព្រោះនៅក្នុងរដូវនេះពពួកប្រេតអាចមានឱកាសច្រើនក្នុងការស្វែងរក ចំណីអាហារជាងរដូវផ្សេងៗទាំងអស់។ ម្យ៉ាងវិញទៀតនៅក្នុងវស្សានរដូវ អាហាររបស់ពួកប្រេត ដូចជាភក់ជ្រាំ ស្លេស្ម៍ កំហាក សាកសព និងកាកសំណល់អសោច សម្បូរនៅក្នុងខែភ្លៀងផ្គរពព្រិច។ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃនេះ មានពពួកប្រេតជន (ពួកប្រេត) សាច់ញាតិទាំងប្រាំពីរសណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្ប ដែលអត់ឃ្លានអាហារអស់រយៈពេលជាច្រើនខែមកហើយនោះ ត្រូវបានរួចផុតពីការឃុំឃាំង អនុញ្ញាតឲ្យមកស្វែងរកសាច់ញាតិនៅតាមវត្តអារាមផ្សេងៗ ដែលនាំយកចំណីអាហារផ្សេងៗ មកឧទ្ទិសកុសលឲ្យខ្លួន។ ម្យ៉ាងវិញទៀត បើតាមសម្ដីចាស់ៗបុរាណនិយាយតៗគ្នាថា ក្នុងរយៈពេល១៥ថ្ងៃ បើពពួកប្រេតជនទាំងអស់នោះ ដើរស្វែងរកញាតិចំនួន៧វត្ត នៅតែមិនឃើញនោះ ពពួកប្រេតទាំងអស់នោះនឹងស្រែកយំទន្ទ្រាំជើង ព្រោះតែការខកបំណង និងភាពស្រែកឃ្លានក្រហល់ក្រហាយក្នុងចិត្ត។ ជាពិសេសពពួកប្រេតជនទាំងអស់នោះ នឹងជេរដាក់បណ្ដាសាដល់សាច់ញាតិ កូនចៅជាមិនខាន។

ការប្រារព្ធពិធីបុណ្យបិណ្ឌភ្ជុំ

ចំពោះបុណ្យបិណ្ឌភ្ជុំនេះ បុរាណាចារ្យរាជបណ្ឌិតខ្មែរយើងបានរៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសលទៅដល់ប្រេតជនញាតិដែលបានស្លាប់ទៅ។ នៅក្នុងរយៈពេល ១៤ថ្ងៃ នៃការកាន់បិណ្ឌ ឬដាក់បិណ្ឌនេះ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ជាពិសេសក្រុមនីមួយៗ ដែលបានរៀបចំជា ក្រុមដោយលោកតាអាចារ្យចាត់ចែងនោះ ត្រូវបែងចែកចេញ ៣ ឬ៤ក្រុមតូចៗ ដើម្បីរៀបចំធ្វើយាគូ (បបរ) ឬធ្វើភត្តាហារជា ៣ ទៅ ៤ឆ្នាំង ស្មើនឹង ៣ ទៅ ៤មុខម្ហូប។ ពេលទូងស្គរចំណាំវស្សា អ្នកនៅក្នុងក្រុមវេននីមួយៗ ត្រូវចាប់ផ្ដើមធ្វើចង្ហាន់ ហើយយាយតាចាស់ៗ ក្នុងក្រុមវេន ត្រូវជ្រើសរើសយកផ្ទះណាមួយ ដើម្បីប្រមូលនំរៀបចំបាយបិណ្ឌ បាយបត្តបូរ។ រៀបចំរួចហើយត្រូវនាំគ្នាទៅវត្តស្ដាប់លោកសង្ឃសូត្រថ្វាយ បង្គំធម៌ សុខោ និង ធម៌បរាភវសូត្រ។

ចំណែកឯកូនចៅដែលនៅផ្ទះ ត្រូវនាំគ្នាខិតខំដុតដៃដុតជើងបបរ ឬស្លតាមមុខម្ហូបនីមួយៗ ដោយឡែកពីគ្នា។ លុះដល់ពេលព្រឹកព្រាងអរុណោទ័យ (ពេលព្រះអាទិត្យរះឡើង) ត្រូវនាំគ្នារៀប ចំខ្លួន កណ្ដៀត យួរ កាន់ ទូល រែកចង្ហាន់ទៅវត្ត។ នៅក្នុងវត្ត លោកតាអាចារ្យត្រូវរៀបចំពិធីរាប់បាត្រ នៅលើឧបដ្ឋានសាលា។ បន្ទាប់មកលោកអាចារ្យជាប្រធាន ត្រូវនាំពុទ្ធបរិស័ទវេរ (ប្រគល់) ចង្ហាន់ប្រគេនព្រះសង្ឃ វេរបាយបត្តបូរ។ល។ លុះដល់ពេលព្រះសង្ឃធ្វើបត្តានុមោទនគាថាចប់ មេវេនក្រុមនីមួយៗត្រូវរៀបចំម្ហូបអាហារ ចំណីចូលគំនាប់ជូនលោកតាអាចារ្យវត្ត ព្រមទាំងចាត់ចែងភោជ នាហារទទួលភ្ញៀវដែលអញ្ជើញទៅបុណ្យ នៅក្នុងថ្ងៃវេនរបស់ខ្លួននោះផងដែរ៕

 

 

 

 

 

 

ដោយ គ្រួ ធំ ថ្ងៃទី 25 September, 2018 ម៉ោង 08:49 AM

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅម៉ោង៨៖៥២នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ មានគ្រាប់រ៉ុក្កែត បេ៤០ មួយគ្រាប់ ក្នុងចំណោម៤គ្រាប់ បានហោះសំដៅរថយន្តរបស់សម្តេច តែមិនបានត្រូវរថយន្តខ្ញុំទេ ហើយជាអកុសលវាបានទៅបុកផ្ទះប្រជាជននៅម្ខាង ផ្លូវធ្វើឲ្យប្រជាជនម្នាក់ស្លាប់ និងម្នាក់ទៀតត្រូវរបួសជាទម្ងន់។

សម្តេចបានបញ្ជាក់ទៀតថា ការរៀបចំធ្វើឃាតលើរូបសម្តេចនាពេលនោះ ត្រូវបានធ្វើឡើងស្របពេល នៃការប្រជុំសភានីតិកាលទី២ ដែលត្រូវប្រជុំនៅព្រះរាជដំណាក់នាទីក្រុងសៀមរាប ក្រោមព្រះរាជអធិបតីភាព សម្តេចព្រះ នរោត្តម សីហនុ។ ប្រសិនបើពេលនោះគ្រាប់បេ៤០ទាំង៤គ្រាប់ផ្ទុះព្រមគ្នាទាំងអស់ ឬព្រឹកនោះមិនមានភ្លៀងធំស្ទើរបាក់មេឃដែលធ្វើឲ្យខ្សែភ្លើងបញ្ជាគ្រាប់ទាំងនេះឆ្លងទឹក គឺប្រហែលជីវិតសម្តេចត្រូវចប់តាំងពីពេលនោះមក។

សម្តេចតេជោ ហ៊ុន សែន បានអរព្រះគុណទេវតាថែរក្សាអង្គរវត្ត ព្រះអង្គចេក ព្រះអង្គចម និងបារមីវត្ថុស័ក្តិសិទ្ធទាំងអស់ ដែលជួយការពារសម្តេចនាពេលនោះ។ សម្តេចជឿច្បាស់ណាស់ថា អ្នកជួយជីវិតសម្តេចនាពេលនោះ គឺតាមផ្លូវងងឹត គឺគុណបុណ្យ ទេវតាទាំងភូមិទេវតា រុក្ខទេវតា អាកាសទេវតា បារមីព្រះអង្គចេក ព្រះអង្គចម បារមីដែលតាមថែរក្សាសម្តេចជាប្រចាំកន្លងមក បានជួយជីវិតសម្តេចឲ្យរស់បាន២០ឆ្នាំកន្លងមកនេះ ដែលធ្វើឲ្យសម្តេចបានដឹកនាំប្រទេសចេញពីសង្រ្គាមមកកាន់សន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ ។

នេះជាការដែលសម្តេចតេជោបានរំលឹកកាលពីជាង ២០ឆ្នាំកន្លងទៅ នៃការប៉ុនប៉ងធ្វើ​ឃាតលើសម្តេចតេជោ ហ៊ុន សែន នៅខេត្តសៀមរាប ៕ ប្រសើរ

 

 

 

ដោយ គ្រួ ធំ ថ្ងៃទី 24 September, 2018 ម៉ោង 08:49 AM

លោក គឹមស្រាន ជាអតិថិជនទី៥ ដែលបានឈ្នះរង្វាន់ធំ ពីក្រុមហ៊ុនឆ្នោតនាគនាំសំណាង ដោយលោកបានចំណាយដើមទុន ត្រឹមតែ២ពាន់រៀលប៉ុណ្ណោះ ទឹកប្រាក់ប្រមាណ១៧ម៉ឺនដុល្លារ ត្រូវបានប្រគល់ជូនលោក ស៊ីរម គឹមស្រាន រួចរាល់ហើយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។

លោកត្រូវឆ្នោតឡូតូលេខចំនួន៦ខ្ទង់ ជាមួយទឹកប្រាក់ជិត ១៧ម៉ឺនដុល្លារនេះហើយលោកបានបានចាត់ទុកថា ឆ្នោតឡូតូនេះមិនមែនជាល្បែងស៊ីសងខុសច្បាប់នោះឡើយ  ប៉ុន្ដែឡូតូជាហ្គេមផ្សងសំណាង របស់អតិថជិន សាមញ្ញងាយស្រួលលេង ដោយគ្រាន់តែអ្នកជ្រើសរើសលេខចំនួន៦ខ្ទង់ពីលេខ១ដល់៣៩ ទៅតាមលេខដែលអ្នកចង់លេង ហើយបើលេខទាំងនោះត្រូវបានចាប់ លោកអ្នកនឹងឈ្នះរង្វាន់ធំ តែម្តង ៕ ប្រសើរ

 

ដោយ គ្រួ ធំ ថ្ងៃទី 22 September, 2018 ម៉ោង 02:37 PM

ភ្នំពេញៈព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០១៨ បានឡាយព្រះហស្តលេខា បញ្ចប់តំណែង ទីប្រឹក្សា ជំនួយការ រាជរដ្ឋាភិបាល និង ស្ថាប័ន មួយ ចំនួនជាស្ថាពរហើយ ។

ដោយ គ្រួ ធំ ថ្ងៃទី 07 September, 2018 ម៉ោង 03:45 PM

ភ្នំពេញៈ តាមការគ្រោងទុក នៅ​រសៀល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅស្នងការដ្ឋាននគរបាលរាជធានីមានរៀបចំ​ពិធី​ប្រកាស​ផ្លាស់ប្តូរ តែងតាំង ស្នងការរង​នគរបាល និង​អធិការនគរបាល​ខណ្ឌ សរុប៨រូប ពិធី​នេះ​ធ្វើឡើង​ក្រោម​វត្តមាន លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ខណះដែលគេដឹងថា ប៉ុន្មានថ្ងៃខាងមុខនេះលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ នឹងចូលនិវត្ត ដែរនោះ ។

យោងតាម​សេចក្តីប្រកាស របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា៖ ទី១- លោក សេង សុគន្ធ ពី​ស្នងការរង​ទទួល​ផែន​ការងារ​គ្រប់គ្រង​ធនធានមនុស្ស ទៅជា​ស្នងការរង, ទី២- លោក ហួត ចាន់​យ៉ា​រ៉ា​ន់ ពី​អធិការនគរបាល​ខណ្ឌ​ដូនពេញ ទៅជា​ស្នងការរង, ទី៣- លោក ហ៊ុន សុធី ពី​អធិការនគរបាល​ខណ្ឌ​ទួលគោក ទៅជា​ស្នងការរង ទទួល​ផែន​ការងារ​គ្រប់គ្រង​ធនធានមនុស្ស, ទី៤- លោក ស៊ឹម វុទ្ធី ពី​ស្នងការរង​ទទួល​ផែន​សន្តិសុខ ទៅជា​អនុប្រធាននាយកដ្ឋាន​ប្រឆាំង​ភរ​វក​ម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន, ទី៥- លោក ប៊ុន សុ​សិក្ខា ពី​អនុប្រធាននាយកដ្ឋាន​ប្រឆាំង​ភេ​វរ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ទៅជា​ស្នងការរង​ទទួល​ផែន​សន្តិសុខ, ទី៦- លោក ទៀង ច័ន្ទ​ខ​ន្តិ​សារ ពី​អធិការនគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ទៅជា​អធិការនគរបាល​ខណ្ឌ​ដូនពេញ, ទី៧- លោក គល់ យី ពី​អធិការរង​នគរបាល​ខណ្ឌដូនពេញ ទៅជា​អធិការនគរបាល​ខណ្ឌ​ឬ​ស្សី​កែវ, ទី៨- លោក សុខ ហេង ពី​អធិការរង​នគរបាល​ខណ្ឌទួលគោក ទៅជា​អធិការនគរបាល​ខណ្ឌ​ទួលគោក៕ អូន ធួក

ដោយ គ្រួ ធំ ថ្ងៃទី 07 September, 2018 ម៉ោង 02:02 PM

ភ្នំពេញ៖  នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវតំណែងរដ្ឋមន្ត្រីប្រតិភូអមនាយកមន្ត្រីចំនួន១៩រូប ដូចខាងក្រោម

 

ដោយ គ្រួ ធំ ថ្ងៃទី 06 September, 2018 ម៉ោង 03:28 PM

(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែកញ្ញានេះព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងដំឡើងឋានន្ដរស័ក្ដិ នាយទាហានជាន់ខ្ពស់៣រូប ជាថ្នាក់ដឹកនាំកំពូលនៃកងយោធពលខេមរភូមិន្ទ មានដូចខាងក្រោម

 

 

ដោយ គ្រួ ធំ ថ្ងៃទី 06 September, 2018 ម៉ោង 03:55 PM

(ភ្នំពេញ)៖ បន្ទាប់ពីក្បាលម៉ាស៊ីនដឹកនាំ និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល ត្រូវបានអនុម័តទាំងស្រុងនោះហើយ រដ្ឋសភាក៏បានប្រកាសបោះឆ្នោតជ្រើសតាំង អនុប្រធានរដ្ឋសភា និងប្រធានគណៈកម្មការទាំង១០ផងដែរ។

រដ្ឋសភា បានបោះឆ្នោតគាំទ្រ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា, លោក ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និងលោកស្រី ឃួង សុដារី អនុប្រធានទី២រដ្ឋសភា។

ដោយឡែកសម្រាប់គណៈកម្មការទាំង១០ នៃរដ្ឋសភារួមមាន៖

១៖លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា។
២៖លោក ជាម យៀប ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា។
៣៖លោក ជា វណ្ណដេត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា។
៤៖លោក ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា។
៥៖លោក ឈាង វុន ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា។
៦៖លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា។
៧៖លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា។
៨៖លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា។
៩៖លោកស្រី ងិន សុផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា។
និង១០៖លោក ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា៕

ដោយ គ្រួ ធំ ថ្ងៃទី 06 September, 2018 ម៉ោង 09:04 AM

ភ្នំពេញ៖  នៅក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនេះមាន ឧបនាយករដ្ឋមន្រ្តីមានចំនួន១០រូប ទេសរដ្ឋមន្រ្តីមានចំនួន១៧រូប ចំណែកថ្នាក់រដ្ឋមន្រ្តីតាមបណ្តាក្រសួងនៅដដែលទាំងអស់។

ខាងក្រោមនេះជាសមាសភាពរាជរដ្ឋាភិបាលអាណត្តិទី៦

ដោយ គ្រួ ធំ ថ្ងៃទី 06 September, 2018 ម៉ោង 08:45 AM

ខេត្តស្ទឹងត្រែង៖ ស្ពាន​អូរ​គុហៅស្ពាន ទន្លេកុងសែនជ័យ ​ស្ថិត​នៅក្បែរ​ព្រំដែន​កម្ពុជា-ឡាវ​ក្នុងស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ​បានត្រូវ​បាក់ស្រុត​អស់​មួយ​កំណាត់ដោយសារជំនន់​ទឹកភ្លៀង​និង​ជំនន់​ទឹក​ពី​ទំនប់​វា​រី​អគ្គិសនី​នៅ​ប្រទេស​ឡាវ​វាយប្រហារនា​ថ្ងៃទី១ខែកញ្ញា​ឆ្នាំ២០១៨ កន្លងទៅនេះ ខណៈ ទឹកជំនន់​ទន្លេសេកុង​ជន់​ឡើង​ស្រក​ជាច្រើនលើក​ច្រើនសា​នាពេល​កន្លងមក​ដែលជា​មូលហេតុ​បណ្តាល​ឲ្យទឹក​ហូរ​បុក​បាក់​ច្រោះ​ដី​ក្បាលស្ពាន​ខាងកើត​បាក់ស្រុត​មួយ​កំណាត់​ទាំងស្រុង។

ស្ពាន​នេះមានប្រវែងជាង១០០ម៉ែត្រ ទទឹងជិត១០ម៉ែត្រ ​ទើបនឹង​សាងសង់ ​ដោយ​កម្លាំង​កងវិស្វកម្ម​មិនទាន់​បានមួយឆ្នាំ​ផង​ត្រូវទឹកជំនន់​មក​បំផ្លាញ​បាក់ស្រុត​គល់ស្ពាន​បន្តិច​ម្តង​ៗ​កាលពី​ខែ​មុន។ លុះមកដល់ថ្ងៃទី១ ខែ កញ្ញា ឆ្នាំ២០១៨ ក៏ត្រូវបាក់​ស្រុតចំពាក់​កណ្តាល​ស្ពាន​មិន​អាចធ្វើ​ចរាចរណ៍​ឆ្លងកាត់​បាន​ទៀតឡើយ ៕ សំបូរ

ដោយ គ្រួ ធំ ថ្ងៃទី 03 September, 2018 ម៉ោង 09:32 AM

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា ជំនួបនៅថ្ងៃនេះ គឺជាការអបអរសាទរខួបមួយឆ្នាំនៃការអញ្ជើញចុះជួបកម្មករ កម្មការិនីរបស់សម្តេចតេជោ ហ៊ុន សែន។ រយៈពេលមួយឆ្នាំនេះសម្តេចតេជោ ហ៊ុន សែន ជួបកម្មករ កម្មការិនី ៥៤លើក ហើយមានកម្មករ កម្មការិនីសរុបជាង៧៥ម៉ឺននាក់ បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ។

រោងចក្រ សហគ្រាសទាំង១២នេះ មានទីតំាងស្ថិតនៅស្រុកគៀនស្វាយចំនួន១០ នៅស្រុកលើកដែកចំនួន១ និងស្រុកស្អាងចំនួន១។ រោងចក្រ សហគ្រាសទាំងនេះ វិនិយោគដោយជនជាតិចិនចំនួន១០, វិនិយោគដោយកូរ៉េចំនួន១ និងវិនិយោគដោយជនជាតិវៀតណាមចំនួន១។ រោងចក្រ សហគ្រាសទាំង១២នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៦, ផលិតស្រោមដៃស្គីទឹកកកចំនួន១, តម្បាញ១, ផុងសម្លៀកបំពាក់ចំនួន១, ផលិតបរិក្ខាពេទ្យធ្មេញចំនួន១, ផលិតជីកសិកម្មចំនួន១ និងបោកគក់ចំនួន១ ផងដែរ ៕  ប្រសើរ

 

ដោយ គ្រួ ធំ ថ្ងៃទី 23 August, 2018 ម៉ោង 08:53 AM

ម្សិលមិញនេះ នាយជាល បានចូលទៅផឹកកាហ្វេទឹកកកមួយកែវ នៅហាងកាហ្វេចិញ្ចើមថ្នល់ ហើយបានប៉ះចំអ្នកនយោបាយកាហ្វេ​ខ្មៅកំពុងជជែកគ្នាយ៉ាងតឹងសរសៃក អំពីរឿង ព្រះមហា ក្សត្រ ចាត់តាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។

លោកពូម្នាក់ដែលមានវោហាស័ព្ទជាងគេ បានឆ្ការដៃដៃឆ្ការជើងនិងនិយាយឮជាងគេ​លើកឡើងថា « ខ្ញុំមិនយល់ ហេតុអី មិនទាន់រដ្ឋសភាបោះឆ្នោតយល់ព្រមបង្កើតរដ្ឋាភិបាល​ថ្មីផង ម៉េចក៏ព្រះមហាក្សត្រចាត់តាំង សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី អ៊ីចឹង ? និយាយសឹងចប់មិនទាន់ បុរសវ័យជាង២០ឆ្នាំម្នាក់ ដែលទើបដាក់កែវកាហ្វេទឹកកកពីមាត់ សើចឃិះ និងបានបន្ទរពីក្រោយថា « ស្រុកយើង ធ្វើអី្វឲ្យតែប្លែកពីគេតែអីចឹង ខ្ញុំក៏មិនយល់ដែរ អារឿងកូនកើតមុនឪហ្នឹង  ? »

បានស្តាប់ការជជែករបស់មនុស្សពីរនាក់ដូចជាទើសត្រចៀកពេក នៅចុងតុកាហ្វេម្ខាងឯ​ណោះ លោកម្នាក់ដែលទំនងជាអ្នកចេះច្បាប់គួរសមដែរនោះ បានញញឹមខ្ជឹបដាក់អ្នទាំងពីរ ដោយនិយាយថា « សូមលោកទាំងពីរកុំយល់ច្រឡំពាក្យថា ចាត់តាំង និងតែងតាំង ឲ្យសោះ ។ការឡាយព្រហស្ថលេខារបស់ព្រះករុណា ចាត់តាំងសម្តេចតេជោ ជានាយករដ្ឋមន្ត្រីអាណត្តិ ទី៦នេះ គឺធ្វើឡើងតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាដើម្បីរៀបចំសមាសភាពគណៈរដ្ឋមន្ត្រីថ្មី គ្រា​ដែល CPP ជាអ្នកមានសំឡេងឆ្នោតច្រើនជាងគេ រួចទើបយកសមាសភាពទាំងនោះឆ្លងទៅ សភា និងព្រឹទ្ធសភា » ។

លោកម្នាក់នេះ បានលើកយកទូរស័ព្ទបើកច្បាប់ រដ្ឋធម្មនុញ្ញកម្ពុជា ត្រង់មាត្រា៤ ហើយអានវគ្គ​ឃ្លាខ្លះៗក្នុងមាត្រានេះថា « តាមសេចក្តីស្នើពីគណបក្សនយោបាយ ដែលមានចំនួនអាសនៈ​ច្រើនជាងគេនៅក្នុងរដ្ឋសភា តាមរយៈព្រឹទ្ធសមាជិករដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់​តាំង​វរជន​មួយរូបក្នុងចំណោមតំណាងរាស្រ្តនៃគណបក្សនយោបាយដែលឈ្នះឆ្នោត​ឲ្យបង្កើត​រាជ​រដ្ឋាភិបាល។ វរជនដែលត្រូវចាត់តាំងនេះ ត្រូវរៀបចំផ្គូរផ្គងតំណែងផ្សេងៗក្នុងរាជរដ្ឋា​ភិបាល​រួចផ្ញើបញ្ជីរាយនាមសមាជិកទាំងអស់នៃរាជ រដ្ឋាភិបាលជូនព្រឹទ្ធសមាជិករដ្ឋសភា ។ព្រឹទ្ធសមា​ជិក​រដ្ឋសភា ត្រូវរៀបចំបញ្ជីរាយនាមជាកញ្ចប់មួយនូវបេក្ខជន ប្រធាន អនុប្រធាន នៃរដ្ឋសភា ក៏ដូចជាប្រធាន អនុប្រធានគណកម្មការជំនាញ ទាំងអស់នៃរដ្ឋសភា ព្រមទាំងបេក្ខជន នាយករដ្ឋមន្រ្តីនិងសមាជិកទាំងអស់នៃរាជរដ្ឋាភិបាល ដើម្បីដាក់ជូនរដ្ឋសភាបោះឆ្នោត »។ ដូច្នេះសូមលោកពូ ទាំងពីរនាក់កុំច្រឡំការប្រើពាក្យ ចាត់តាំង និង តែងតាំង ខុសគ្នាស្រឡះ ហើយ ។

បានស្តាប់ការពន្យល់របស់លោកម្នាក់នេះ ធ្វើឲ្យបុរសពីរនាក់នោះបើកភ្នែកធំៗហាក់ដូចជា​ស្វាងកាហ្វេ ឯខ្ញុំទាញកង់កញ្ចាស់ជិះចេញពីតុកាហ្វេទាំងគិតបែបលេងសើចថា « បុរសពីរ នាក់នេះពិតជា ល្ងង់ចឹង បានជាភ្លើ មិនស្គាល់មួយដំបស្មើ៤  »   ៕ នាយឆ្លាំង

ដោយ គ្រួ ធំ ថ្ងៃទី 21 August, 2018 ម៉ោង 08:31 AM

ភ្នំពេញៈ ខណៈដែលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ រដ្ឋសភា នឹងបោះឆ្នោតអនុម័ត បង្កើតរាជរដ្ឋាភិបាលថ្មីនោះ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងអប់រំ នឹងដាក់ចេញវិធានការបន្ថែមទៀត ក្នុងការធ្វើ​កំណែទម្រង់ ហើយក្រសួងនឹងពិចារណានូវវិធានការទាំងនេះឲ្យបានល្អិតល្អន់ ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងពិធីកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា ឬហៅថា បាក់ឌុបឆ្នាំ២០១៨ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ លោក ហង់ ជួន ណារ៉ុន បានឲ្យដឹងថា  នេះជាឆ្នាំទី៥ហើយ ដែលក្រសួងអប់រំយុវជន និង​កីឡា បានធ្វើកំណែ​ទម្រង់​វិស័យអប់រំ នៅកម្ពុជា ដោយទទួលបានជោគជ័យយ៉ាង​ខ្លាំង។​ការធ្វើកំណែទម្រង់ក្នុងវិស័យអប់រំនេះដាក់ចេញដោយសម្ដេចតេជោ ដូច្នេះក្រសួងអប់រំ ក៏ដាក់បានចេញនូវវិធានការ ដើម្បីឲ្យការប្រឡងទទួលបានជោគជ័យ “អ្នកចេះ គឺជាប់-មិនចេះ គឺធ្លាក់”។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា បញ្ហាកំណែទម្រង់ជាលទ្ធផលពីមួយឆ្នាំទៅមួយឆ្នាំ សម្រេចបាន​លើសពីអ្វីដែលក្រសួង បានរំពឹងទុក។ ជាគោលដៅរបស់ក្រសួងធ្វើយ៉ាងណាឲ្យ​សិស្សា​នុសិស្ស មានចំណេះដឹង ដើម្បីឲ្យពួកគាត់មានចំណេះដឹងបន្ថែមទៀត។ ជាពិសេសទីផ្សារការ​ងារ ពួកគាត់អាចប្រកួតប្រជែង នៅក្នុងទីផ្សារពិភពលោកបានដោយងាយស្រួល។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា “ខ្ញុំនៅរង់ចាំការបង្កើតរាជរដ្ឋាភិបាលថ្មី ដែលសម្ដេចតេជោលោកនឹងប្រកាស នៅថ្ងៃទី៦ ខែកញ្ញា ខាងមុខនេះ ហើយនឹងការប្រជុំគណៈរដ្ឋមន្ដ្រី សម្រាប់នីតិកាលទី៦ ដែលសម្ដេច តេជោលោកនឹងដាក់ចេញនូវវិធានការបន្ថែមទៀត ក្នុងការធ្វើកំណែទម្រង់ ហើយបន្ទាប់មកក្រសួងអប់រំ យុវជន និងកីឡា នឹងពិចារណានៅលើវិធានការបន្ដទៀត តើក្រោយនីតិកាលទី៥ទៅ នៅមានស្អីទៀត ដូច្នេះយើងមិនទាន់បើកវាំងនននៅឡើយទេ”។

យ៉ាងណានាឱកាសនោះលោក រដ្ឋមន្ត្រី ក៏បានធានាថា ការប្រឡងបាក់ឌុបឆ្នាំនេះ នឹងប្រព្រឹត្តទៅឈរលើ គោលការណ៍ចំនួន៤ រួមមាន៖ទី១-គោលការណ៍ច្បាប់ ,ទី២-គោលការណ៍តម្លាភាព ,ទី៣-ទទួលបាន ភាពយុត្តិធម៌ អ្នកចេះគឺជាប់ និងទី៤- លទ្ធផលអាច​ទទួលយកបាន។ ដូច្នេះ ពីមួយឆ្នាំទៅមួយឆ្នាំ ការប្រឡងកាន់តែល្អ​ប្រសើរឡើងដោយ​សារតែភាគីពាក់ព័ន្ធ ប្រជុំគ្នាដើម្បីចែករំលែក​បទ​ពិសោធន៍​​​គ្នាទៅវិញទៅមកកាន់តែ ប្រសើរឡើង  ៕ ប្រសើរ

ដោយ គ្រួ ធំ ថ្ងៃទី 21 August, 2018 ម៉ោង 08:35 AM

ភ្នំពេញ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាស​ដំណឹងពីស្ថានភាព ទឹកជំនន់ទន្លេនៅកម្ពុជា ដោយឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ព្រោះទឹកឡើងជិតប្រកាសអាសន្ន ។

ក្រសួងធនធានទឹកបញ្ជាក់ថាក្នុងសេចក្តីជូនដំណឹងដូចខាងក្រោម

 

ដោយ គ្រួ ធំ ថ្ងៃទី 09 August, 2018 ម៉ោង 02:30 PM

ភ្នំពេញៈប៊ុកកាហ្វេ(Book Cafe)បង្កប់ដោយបណ្ណាល័យអានសៀវភៅ កាសែត ទស្សនាវដ្តីនានា​ដែលបង្កើតឡើងដោយលោក ឆាយ សុផល ជាសាស្រ្តាចារ្យ ព័ត៌មានវិទ្យា នៅសាកល​វិទ្យាល័យ​​ភូមិន្ទភ្នំពេញ និងជាអ្នកកាសែតជើងចាស់ម្នាក់ មានទីតាំង នៅបុរីមហាសែនសុខ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ត្រូវបានសម្ពោធបម្រើអតិថិជនកាលពីព្រឹក ថ្ងៃ អាទិត្យ ៩ រោច ខែ ទុតិយាសាឍ  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៥ ខែ សីហា ឆ្នាំ២០១៨ ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីខ្ពង់ខ្ពស់ លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង​លោក ស្រី ដោយមានការចូលរួមពីមន្រ្តីអ្នកមុខ អ្នកការ សហសេវិកអ្នកកាសែតជាតិ អន្តរជាតិ​និង​អតិថិជនជាច្រើន ។

ថ្លែងក្នុងឱកាសនោះ លោក ឆាយ សុផល បានបញ្ជាក់ថា ដោយមើលឃើញការនិយមកាហ្វេ និងភេសជ្ជៈរបស់​អតិថិ​ជនជាច្រើន​ ជាពិសេសសិស្សនិស្សិតតែម្តង លោកបានចំណាយដើម​ទុនរាប់ម៉ឺនដុល្លារទិញផ្ទះក្នុងបុរីមហាសែនសុខមួយល្វែង បង្កើតជាហាងកាហ្វេទំនើបមួយ ឈ្មោះថា ប៊ុក កាហ្វេ ដើម្បីបម្រើសេវាកម្មមួយនេះជូនដល់អតិថិជនគ្រប់មជ្ឈដ្ឋាន ។

លោក សុផល ថា អ្វីដែលលោកធ្វើឲ្យមានការចាប់អារម្មណ៍នោះ គឺលោកបម្រើអតិថិជនចូល ទៅហូបកាហ្វេកុំឲ្យខាតលុយអត់ប្រយោជន៍ គឺបានទស្សនាក្នុងបណ្ណាល័យដែលតាំងរំលេច ដោយកាសែត ទស្សនាវដ្តី ជាតិ និងបរទេស មានរាប់រយក្នុងប្រទេសកម្ពុជានាពេលកន្លងមក ហើយអីលូវនេះចង់បាត់បង់ស្ទើររកគ្មាននៅក្នុងបណ្ណាល័យជាតិទៅហើយ ។ ពិសេសទៅទៀត នោះគឺមានសៀវភៅជាស្នាដៃនិពន្ធរបស់សម្តេចតេជោ ហ៊ុន សែន លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងអស់លោកអ្នកនិពន្ធដទៃជាច្រើនទៀតត្រូវបានតម្កល់ទុកក្នុងនេះ។ សំខាន់ជាងនេះមានតាំងឧបករណ៍សម្ភារប្រើប្រាស់ក្នុងសម័យដើមដែលក្មេងៗជំនាន់ក្រោយ មិនសូវស្គាល់ដូចជាអង្គុលីលេខ ទូរស័ព្ទលើតុ ចង្កៀងប្រេងកាត ប្រើថ្មស្អុយ ម៉ាំងសុង ។ល។ ដើម្បីជូនទស្សនាផងដែរ ។

លោក ឆាយ សុផល បន្តថា ហូបកាហ្វេមួយកែវ ទទួលបានចំណីចក្ខុ និងចំណេះដឹងតាមការ អានសៀវភៅ កាសែត ទស្សនាវដ្តី ដោយមិនគិតលុយ ហើយប្រាក់ចំណេញដែល​បានពីលក់​កា​​ហ្វេនេះ លោកមិន យកទៅណាទេ គឺយកទៅទិញកង់ជូនប្អូនៗក្រីក្រនៅក្នុងសហគមន៍​ជិះទៅរៀនសូត្រ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីតែប៉ុណ្ណោះ ។

ក្នុងឱកាសនោះដែរ បន្ទាប់ពីកាត់ខ្សែបូរួច លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន​សម្តែងការកោតសរសើរដល់លោក ឆាយ សុផល ដែលមានគំនិតខ្ពស់បង្កើតជា ប៊ុកកាហ្វេ ដោយក្នុងហាងនេះមានបណ្ណាល័យ និងកន្លែងអាន សៀវភៅ ទស្សនាវដ្តី ផ្តល់ចំណេះដឹងដល់ អ្នកពិសាកាហ្វេ និងជូនពរលោក ឆាយ សុផល ទទួលបានជោគជ័យក្នុងរបរថ្មីមួយទៀតនេះ៕ ប្រសើរ

 

ដោយ គ្រួ ធំ ថ្ងៃទី 06 August, 2018 ម៉ោង 01:49 PM

នៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ (ម៉ោងនៅកម្ពុជា) ប្រធានាធិបតីអាមេរិក បានជួបប្រជុំមួយជាមួយប្រធានាធិបរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន ដោយបន្ទប់នៃកិច្ចប្រជុំបានបិទទ្វារជិត ស្ថិតនៅក្នុងទីក្រុង Helsinki ប្រទេសហ្វាំងឡង់ ។

នេះជាកិច្ចប្រជុំមួយទល់នឹងមួយរវាងមេដឹកនាំអាមេរិក នឹងរុស្ស៊ី ហើយលទ្ធផលបែបណានោះ ត្រូវគេរំពឹងថា នឹងមានសន្និសីទរួមមួយរវាងបុរសរដ្ឋទាំងទ្វេ ។

កិច្ចប្រជុំនេះបានកើតឡើងក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ី១២នាក់ត្រូវអាមេរិកចោទប្រកាន់ពីបទចារកម្ម ។ លោកដូណាល់ ត្រាំ ក៏ជំរុញឲ្យលោកពូទីន រួមសន្និសីទកាសែតពាក់ព័ន្ធការជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក នាគ្រាកន្លងមកផងដែរ ។

លោកដូណាល់ ត្រាំ បញ្ជាក់ថា គ្រប់យ៉ាង អាចត្រូវបានពិភាក្សា ក្នុងនោះមានបញ្ហាពាណិជ្ជកម្ម, យោធា និងបញ្ហាជាមួប្រទេសចិន ៕

ដោយ គ្រួ ធំ ថ្ងៃទី 16 July, 2018 ម៉ោង 09:02 PM

ការវាយប្រហារសម្លាប់រង្គាលបានកើតឡើង នៅក្នុងការប្រមូលផ្តុំគ្នាធ្វើយុទ្ធនាការរកសំឡេងឆ្នោត នៅភាគនិរតិ Baluchistan កាលពីថ្ងៃសុក្រ សម្លាប់មនុស្ស៨៥នាក់ មុនពេលដំណើរវិលត្រឡប់មកវិញរបស់អតីតនាយករដ្ឋមន្ត្រីNawaz Sharif ដែលជាប់ទោសពីបទពុករលួយនោះ ។

លោក Sharif ត្រូវគេរំពឺងថា នឹងត្រូវនាំខ្លួនតាមឧទ្ធម្ភាគចក្រទៅកាន់រដ្ឋធានីសហព័ន្ធ អិស្លាម៉ាបាដ ពេលដែលគាត់ត្រឡប់ពីទីក្រុងឡុង ប្រទេសអង់គ្លេស មកកាន់ប៉ាគីស្ថាន ប្រឈមមុខ១០ឆ្នាំជាប់ពន្ធនាគារពីបទពុករលួយ ។

មនុស្សជាង១០០នាក់ទៀត​បានរងរបួស ក្នុងហេតុការណ៍វាយប្រហារគ្រាប់បែកអត្តឃាត ក្នុងពេលជួបជុំឃោសានាបោះឆ្នោតនៅទីប្រជុំជន Mastung ។ នេះជាការវាយប្រហារសម្លាប់រង្គាលបំផុតរបស់ប៉ាគីស្ថាន ក្នុងអំឡុងពេលដែលយុទ្ធនាការឃោសានាបោះឆ្នោតដែលពោរពេញដោយហិង្សាមួយសប្តាហ៍នេះ ។

ប៉ុន្មានម៉ោងមុនពេលវាយប្រហារនៅ Mastung មនុស្ស៤នាក់ត្រូវបានសម្លាប់ដោយគ្រាប់បែកបានផ្ទុះឡើងនៅជិតកន្លែងជួបជុំរបស់មន្ត្រីជាន់ខ្ពស់នៃគណបក្សអិស្លាម ដែលកាន់អំណាចសភា ភាគពាយព្យទីក្រុង Bannu ផងដែរ ។

អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Nawaz Sharif និងកូនស្រីរបស់លោកបានសម្រេចជ្រើសរើស ការវិលចូលប្រទេស ទោះជាដឹងថានៅពេលលោកមកដល់ភ្លាម ប៉ូលិសអោយនឹងនាំខ្លួនទៅកាន់ពន្ធនាគារក៏ដោយ។

លោក Nawaz Sharif ត្រូវបានតុលាការប៉ាគីស្ថានកាត់ទោសករណីពុករលួយដែលរងការចោទថា លោកបណ្ដោយអោយកូនស្រីលោកប្រើឥទ្ធិពលរបស់លោកក្នុងមុខជំនួយលំនៅដ្ឋាន។ លោក Sharif ត្រូវបានតុលាការកំពូលដកហូតតំណែងខណៈកំពុងកាន់អំណាចជានាយករដ្ឋមន្ត្រី។

បែបនេះក្ដី លោក Sharif ចាត់ទុកជារឿងនយោបាយដែលវាយប្រហារលោកកុំអោយលោកមានឈ្មោះ ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតថ្ងៃទី ២៥ កក្កដា។

តាមបណ្ដាញផ្សាយព័ត៌មានBBC នាង Maryam​ និងឪពុកត្រូវមកមកដល់ទីក្រុងឡាហ័រ នៅថ្ងៃសុក្រនេះ ដោយចេញដំណើរពីប្រទេសអង់គ្លេស។ ទាំងលោក Sharif និងកូនស្រី ត្រូវប្រឈមនឹងទោស​ជាប់ពន្ធនាគាររយៈ១០ឆ្នាំដូចគ្នា។

តាមប្រភពដដែល អ្នកគាំទ្រលោក Sharif ជាច្រើនពាន់នាក់នឹងស្វាគមន៍លោក នៅពេលលោកមកដល់ទីក្រុងឡាហ័រ។

លោក Sharif ​មានអាយុ៦៧ឆ្នាំ លោក បានក្លាយជានាយករដ្ឋមន្ត្រីចំនួនបីលើកតែអាណត្តិដាច់ពីគ្នា ។ លោកធ្លាប់ត្រូវពួកយោធាផ្ដួលរំលំនៅឆ្នាំ ១៩៩៩​៕

ដោយ គ្រួ ធំ ថ្ងៃទី 14 July, 2018 ម៉ោង 02:11 PM

ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ទឹកជំនន់​និង​បាក់​ដី​នៅ​ជប៉ុន កើនឡើង​ដល់​២០០​នាក់​ហើយ គិត​ត្រឹម​ថ្ងៃទី​១៣ ខែ​កក្កដា​នេះ​។

ស្របពេល​ចំនួន​មនុស្ស​ស្លាប់​អាច​នឹង​បន្ដ​កើនឡើង ក្រុម​ជួយសង្គ្រោះ​ក៏​កំពុង​ស្វែងរក​មនុស្ស​បាត់​ខ្លួន​ផងដែរ​។

ការវាយប្រហារ​ដោយ​ជំនន់​ទឹកភ្លៀង​និង​បង្ក​ជា​ការបា​ក់ដី​ផង​នោះ ជា​គ្រោះធម្មជាតិ​អាក្រក់​បំផុត​មិន​ធ្លាប់មាន​នៅ​ជប៉ុន ក្នុង​រយៈពេល​ជាង​៣​ទសវត្ស​កន្លងមក​។​

នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក​ស៊ីន​ហ្ស៊ូ អាបេ បានធ្វើ​ទស្សនកិច្ច​ទៅកាន់​តំបន់​រងគ្រោះ​ធ្ងន់ធ្ងរ​កាលពី​ថ្ងៃ​ពុធ ហើយ​នៅ​ថ្ងៃ​សុក្រ​លោក​នឹង​បន្ដទៅ​ពិនិត្យមើល​តំបន់​រងគ្រោះ​ផ្សេងេទៀត​។

លោក​បាន​លុបចោល​ទស្សនកិច្ច​ទៅ​ក្រៅប្រទេស​ចំនួន​បួន ដោយសារតែ​ស្ថានភាព​ក្នុងស្រុក​កាន់តែ​ធ្ងន់ធ្ងរ​។

លោក​ថា​ការស្វែងរក​មនុស្ស​បាត់​ខ្លួន​ហាក់​សង្ឃឹម​កាន់តែ​តិច ទោះបី​ពេលនេះ​ភ្លៀង​រាំង​ហើយ​ទឹកជំនន់​បាន​ស្រក​បន្ដិច​ក្ដី​។

ប៉ុន្ដែ​លោក​សន្យា​នឹង​បញ្ជា​ឲ្យ​ក្រុម​ជួយសង្គ្រោះ​បន្ដ​ប្រតិ​បត្ដិកា​រ ដើម្បី​ជួយ​ប្រជាជន​រងគ្រោះ​។​

សូមបញ្ជាក់ថា យ៉ាងហោចណាស់​មនុស្ស​១​ម៉ឺន​នាក់ ត្រូវបាន​ជួយសង្គ្រោះ​ឲ្យ​ចាកចេញ​ពី​លំនៅដ្ឋាន និង​កំពុងស្នាក់នៅ​ក្នុង​ជម្រក​បណ្ដោះអាសន្ន​។

រដ្ឋាភិបាល​ជប៉ុន​បាន​ប្ដេជ្ញា​នឹង​ផ្ដល់ជំនួយ ដើម្បី​ជួយ​ឲ្យ​ប្រជាជន​ទាំងអស់​អាច​ត្រឡប់ទៅផ្ទះ​ពួកគេ​វិញ​៕

ដោយ គ្រួ ធំ ថ្ងៃទី 13 July, 2018 ម៉ោង 02:14 PM