ភ្នំពេញ៖ លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា ​និងជាប្រធានក្រុមសភាជាតិកម្ពុជានៃនយោបាយសភាស្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដើម្បីចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៣៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់លោកស្រី ហ្គាប្រីឡា គូវ៉ាស បារ៉ុន (Gabriela Cuevas Barron) ប្រធានសហភាពអន្តរសភា (IPU),។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា កំឡុងពេលមហាសន្និបាតនេះ លោកស្រី ឃួន សុដារី នឹងថ្លែងសុន្ទរកថាស្តីពី «ភាពជាអ្នកដឹកនាំសភាក្នុងការលើកកម្ពស់សន្និភាព និងការអភិវឌ្ឍនាយុគ្គសម័យនវានុវត្តន៍ និងបម្លាស់ប្តូរបច្ចេកវិទ្យា» ទៅកាន់អង្គសន្និបាត។

ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជា នឹងចូលរួមកិច្ចប្រជុំជាច្រើន នៅក្នុងនោះមានកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០៣ របស់សហភាពអន្តរសភា ដើម្បី៖

*​ អនុម័តសេចក្តីស្នើរបៀបវារៈបន្ទាន់ លើបញ្ហារសើបមួយចំនួនរបស់សកលលោក។
* ការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់សហភាពអន្តរសភា។
* ការចូលរួមផ្តល់អនុសាសន៍អំពីសិទ្ធិមនុស្ស ការពិនិត្យរបាយការណ៍ហិរញ្ញវត្ថុរបស់សហភាពអន្តរសភា។
* ការអនុម័តប្រតិទិនការងារសម្រាប់មហាសន្និបាតសហភាពអន្តរសភា លើកទី១៤០ នៅទីក្រុង Buenos Aires នៃប្រទេសអាហ្សង់ទីន។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា នៅក្នុងមហាសន្និបាតនេះ គណៈប្រតិភូកម្ពុជា ក៏នឹងចូលរួមបណ្តាកិច្ចប្រជុំសំខាន់ៗ មួយចំនួនទៀត ដែលមានដូចជា៖ កិច្ចប្រជុំអាស៊ានបូក៣, កិច្ចប្រជុំសម្របសម្រួលរបស់សភាតំបន់អាស៉ី, កិច្ចប្រជុំភូមិសាស្ត្រតំបន់អាស៉ិ- ប៉ាស៉ីហ្វិច,​​​ កិច្ចប្រជុំវេទិកាសមាជិកសភាស្ត្រី​, កិច្ចប្រជុំវេទិកាសមាជិកសភាវ័យក្មេងសហភាពអន្តរសភា, និងចូលរួមកិច្ចប្រជុំគណៈកម្មា-ធិការអចិន្ត្រៃយ៍ទាំង៤ របស់សហភាពអន្តរសភា ស្តីពី សន្តិភាព-សន្តិសុខអន្តរជាតិ ការអភិវឌ្ឍប្រកបដោយចីរភាព-ហិរញ្ញវត្ថុ-ពាណិជ្ជកម្ម ប្រជាធិបតេយ្យ-សិទ្ធិមនុស្ស និងកិច្ចការអង្គការសហប្រជាជាតិ ផងដែរ ៕ ប្រសើរ

 

 

ដោយ គ្រួ ធំ ថ្ងៃទី 12 October, 2018 ម៉ោង 10:41 AM

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ដ៏ពិសេស មួយឆ្លើយតបទៅនឹងសហភាពអឺរ៉ុប ស្តីពីការអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA) សម្រាប់ទំនិញ   របស់កម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការសម្រេចចិត្តនេះ ថាជាភាពអយុត្តិធម៌បំផុត ព្រោះនេះបង្ហាញឲ្យឃើញថា សហភាពអ៊ឺរ៉ុបបានបដិសេធដោយចំហរ អំពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ដែលប្រទេស កម្ពុជាសម្រេចបាន ទោះបីរងគ្រោះដោយសោកនាដកម្មកន្លងមកថ្មីៗនេះ យ៉ាងណាក៏ដោយ  ៕ ប្រសើរ

 

 

ដោយ គ្រួ ធំ ថ្ងៃទី 11 October, 2018 ម៉ោង 09:49 AM

 

ភ្នំពេញ៖ តាមការគ្រោងទុក  នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ ព្រឹទ្ធសភា កម្ពុជា បាន បើកកិច្ចប្រជុំវិសាមញ្ញរបស់ខ្លួន ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន២​ក្រោមអធិបតីភាព សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា កម្ពុជា។

យោងតាម របៀបវារៈដែលត្រូវកំណត់ក្នុងបើកកិច្ចប្រជុំវិសាមញ្ញនេះ មានដូចខាងក្រោម៖
១៖ ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤
២៖ បោះឆ្នោតជ្រើសរើសអនុប្រធានទី១ព្រឹទ្ធសភា នីតិកាលទី៤

ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤ និងការបោះឆ្នោតជ្រើសរើសអនុប្រធានទី១ ព្រឹទ្ធសភា នីតិកាលទី៤នេះ ធ្វើឡើងដើម្បីបំពេញតំណែងក្នុងព្រឹទ្ធសភាបន្ទាប់ពី លោក​ នៃ ប៉េណា អនុប្រធានទី១ នៃព្រឹទ្ធសភា ទទួលមរណភាព ដោយរោគាពាធ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ហើយលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញនេះ យើងនឹងជូនជ្រាបនៅពេលក្រោយ ៕ ប្រសើរ

ដោយ គ្រួ ធំ ថ្ងៃទី 11 October, 2018 ម៉ោង 09:14 AM

អមដំណើរសម្តេចតេជោ ហ៊ុន សែន មានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ព្រមទាំងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០នេះ នឹងពិភាក្សានិងអនុម័តយុទ្ធសាស្រ្តទីក្រុងតូក្យូថ្មី សំដៅធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ លើកកម្ពស់សុខមាលភាពប្រជាជន និងការពារបរិស្ថាន។ យុទ្ធសាស្ត្រនេះផ្តោតសារៈសំខាន់ លើការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសមេគង្គ និងប្រទេសសមាជិកអាស៊ានផ្សេងទៀត។

សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាមួយ ដោយផ្តោតជាសំខាន់​ទៅលើទិសដៅនាពេលអនាគត នៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន៕ប្រសើរ

 

 

ដោយ គ្រួ ធំ ថ្ងៃទី 05 October, 2018 ម៉ោង 08:50 AM

អាមេរិក៖  នៅវេលាម៉ោងប្រមាណ ៨និង៥៥នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវម៉ោងប្រមាណ ៧៖៥៥នាទីយប់ថ្ងៃទី៣០ ខែកញ្ញា ម៉ោងនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាចាកចេញពីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកវិញហើយ។

តាមការគ្រោងទុកសម្តេចតេជោ ហ៊ុន សែន នឹងគណៈប្រតិភូនឹងហោះមកដល់កម្ពុជានៅវេលាម៉ោងប្រមាណ ៣៖៣០នាទីរសៀលថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨ស្អែកនេះ។

សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៧ ខែកញ្ញា ២០១៨ កន្លងទៅនេះបានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ដំណើរអញ្ជើញទៅកាន់ទឹកដីសហរដ្ឋអាមេរិករបស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូត្រូវបានគេមើលឃើញថា ជាការលើកកិត្តិនាម និងកិត្តិស័ព្ទរបស់ជាតិនៅលើឆាកអន្តរជាតិ។

ដំណើរបេសកកម្មរបស់សម្តេចតេជោ ហ៊ុន សែន ក៏ត្រូវបានគេចាត់ទុកជាដំណើរមួយដែលនាំមកនូវកិត្តិយស និងមោទនភាពខ្ពស់មួយសម្រាប់ជាតិកម្ពុជាទាំងមូល៕ ប្រសើរ

ដោយ គ្រួ ធំ ថ្ងៃទី 01 October, 2018 ម៉ោង 08:41 AM

ក្រុងញូយ៉កៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ កម្ពុជាបានអញ្ជើញដល់ទឹកដីសហរដ្ឋអាមេរិក នៅវេលាម៉ោងប្រមាណ៣ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ (ម៉ោងនៅកម្ពុជា) ត្រូវនឹងម៉ោងប្រមាណ៤រសៀលម៉ោងនៅអាមេរិកបន្ទាប់ពីបានធ្វើដំណើរជិត២០ម៉ោងនៅលើអាកាសពីរាជធានីភ្នំពេញ ប្រកបដោយសុវត្ថិភាព និងមានការទទួលស្វាគមន៍ យ៉ាងកក់ក្តៅពីប្រេជាពលរដ្ឋរាប់ពាន់នាក់ ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ៕ ប្រសើរ

ដោយ គ្រួ ធំ ថ្ងៃទី 28 September, 2018 ម៉ោង 09:24 AM

មុនអញ្ជើញចាកចេញពីប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារផ្តាំផ្ញើដល់បងប្អូនជនរួមជាតិខ្មែរ នៅលើបណ្តាញ Facebook ផ្លូវការរបស់សម្តេច ដោយសម្តេចលើកឡើងថា នៅថ្ងៃនេះ សម្តេចសូមលាបងប្អូនខ្មែរ ទៅបម្រើជាតិជាថ្មីម្តងទៀត ដោយប្រើនយោបាយកាទូត លើឆាកអន្តរជាតិ មិនមែនលាទៅបម្រើជាតិ ទៅច្បាំងដោយអាវុធនោះទេ ។

សម្តេចតេជោ ហ៊ុន សែន លើកឡើងទៀតថា កម្ពុជាមិនអាចឱ្យគេបង្ខូចជាន់ឈ្លីទោះបីក្នុងរូបភាពណាមួយក៏ដោយ ហើយសម្តេចចេញទៅប្រជុំនៅអង្គការសហប្រជាជាតិលើកនេះ ក៏នឹងចូលរួមផងដែរនូវការងារជាកិច្ចការតំបន់ និងអន្តរជាតិដែលកំពុងវិវត្តន៍យ៉ាងតានតឹងនិងស្មុគ្រស្មាញ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ក៏បានអំពាវនាវចំពោះជនរួមជាតិ នៅក្រៅប្រទេសដែលមិនចូលចិត្តសម្តេច សូមចែកឱ្យដាច់នូវអ្វីជាផលប្រយោជន៍​មុខមាត់សម្តេច ពីអ្វីជាមុខមាត់ និងផលប្រយោជន៍ជាតិខ្មែរទាំងមូល ដោយសម្បជញ្ញៈ វិចារណញាណ និងមនសិការផ្ទាល់រៀងៗខ្លួនផង ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរលើ Facebook របស់សម្តេចយ៉ាងដូច្នេះថា «ខ្មែរស្ទើរគ្រប់គ្នាស្គាល់អត្ថបទដ៏ពេញនិយមមួយ ដែលមានចំណងជើងថា លាទៅបម្រើជាតិ ។

តែសម័យនោះ គឺទៅច្បាំងដោយប្រដាប់អាវុធសុទ្ធសាធ។ យកជីវិតជាដើមទុន មករំដោះជាតិ យកដើមទ្រូងមកពាំងគ្រាប់ដើម្បីការពារជាតិ។ ខ្ញុំធ្លាប់ស្គាល់រស់ជាតិនេះច្បាស់ជាងគេ អញ្ចឹងហើយខ្ញុំមិនចង់ឱ្យកូនខ្មែរជំនាន់ក្រោយ ត្រូវទទួលភ្លក់រសជាតិនេះទៀតឡើយ។

ថ្ងៃនេះខ្ញុំសូមលាទៅបម្រើជាតិជាថ្មីម្តងទៀត ដោយប្រើនយោបាយការទូត នៅលើឆាកអន្តរជាតិ។ កម្ពុជាមិនអាចឱ្យគេបង្ខូចជាន់ឈ្លីទោះបីក្នុងរូបភាពណាមួយក៏ដោយ។
ខ្ញុំចេញទៅលើកនេះក៍នឹងចូលរួមផងដែរនូវការងារជាកិច្ចការតំបន់ និងអន្តរជាតិដែលកំពុងវិវត្តន៍យ៉ាងតានតឹងនិងស្មុគ្រស្មាញ។

ចំពោះជនរួមជាតិដែលគាំទ្រខ្ញុំ និងគាំទ្រកម្ពុជានៅក្រៅប្រទេស ខ្ញុំនឹងទៅជួបបងប្អូនក្នុងពេលដ៏ខ្លីខាងមុខ។ យើងនឹងអាចសន្ទនាផ្លាស់ប្ដូរសេចក្តីនឹករឮកជាមួយគ្នា ខ្ញុំនឹងអាចរាយការណ៍ជូនពីសភាពការណ៍ទូទៅ ការវិវឌ្ឍ និងការអភិវឌ្ឍន៍នានាលើមាតុភូមិកម្ពុជានាពេលបច្ចុប្បន្ន។

ចំពោះជនរួមជាតិ នៅក្រៅប្រទេសដែលមិនចូលចិត្តខ្ញុំ ក៏សូមចែកឱ្យដាច់នូវអ្វីជាផលប្រយោជន៍ មុខមាត់ ហ៊ុន សែន ពីអ្វីជាមុខមាត់ និងផលប្រយោជន៍ជាតិខ្មែរទាំងមូល ដោយសម្បជញ្ញៈ វិចារណញាណ និងមនសិការផ្ទាល់រៀងៗខ្លួនទៅចុះ៕ ប្រសើរ

 

ដោយ គ្រួ ធំ ថ្ងៃទី 27 September, 2018 ម៉ោង 09:26 AM

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងជួបពិភាក្សាការងារ ជាមួយនឹងលោក Markkus Benjamin Kodo សមាជិករដ្ឋសភា សហព័ន្ធអាល្លឺម៉ង់ នៅវិមានសន្តិភាព ដើម្បីពង្រឹង ទំនាក់ទំនងប្រទេសទាំងពីរ កាន់តែប្រសើរឡើង និង ការធ្វើសហប្រតិបត្តិការ​ជាមួយគ្នាបន្តទៀត ៕ ប្រសើរ

 

ដោយ គ្រួ ធំ ថ្ងៃទី 20 September, 2018 ម៉ោង 10:45 AM

ភ្នំពេញ ៖ ខណៈដែលលោក គឹម សុខ និងកូនៗ គេច ខ្លួនទៅក្រៅប្រទេសបាត់ទៅហើយនោះ​ចៅក្រម​ស៊ើបសួរលោក លាង សំណាត់ បានចេញដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លោក គឹម សុខម្តងទៀ ដែលដីកានេះ ចុះ​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ន បាន​សម្រេច បញ្ជា​ដល់​កម្លាំង​សាធារណៈ ឲ្យ​ស្រាវជ្រាវ​រក​ចាប់ និង​ឲ្យ​នាំខ្លួន​ឈ្មោះ គឹម សុខ ភេទ​ប្រុស អាយុ៣៨ឆ្នាំ ទៅក្នុង​មណ្ឌល​អប់រំ​កែប្រែ នៃ​ក្រសួងមហាផ្ទៃ និង​បញ្ជា​ដល់​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ នៃ​ក្រសួងមហាផ្ទៃ​ឲ្យ​ទទួល និង​ឃុំខ្លួន​បុគ្គល​នោះយ៉ាងម៉ឺងម៉ាត់ ។

លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ​ថា ករណី​ប្តឹង​លោក គឹម សុខ កាលពី​ឆ្នាំ២០១៧នេះ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកា​នៅ​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បង្គាប់​ឲ្យ​ចាប់ និង​ឃុំខ្លួន​លោក គឹម សុខ ដោយសារ​លោក គឹម សុខ បានគេច​វេស​មិន​ព្រម​ចូល​បំភ្លឺ​នៅ​តុលាការ កាលពី​ថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០១ថ្មីៗនេះ។

សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ និង​ឃុំខ្លួន​លោក គឹម សុខ ពាក់ព័ន្ធ​បទល្មើស​ចោទប្រកាន់​ពីបទ៖ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស ជាអាទិ៍, បរិហាកេរ្តិ៍​ជា​សាធារណៈ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដែល​សំណុំ​រឿងនេះ​ប្តឹង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក គី តិច បាន​បញ្ជាក់ថា សំណុំ​រឿងនេះ​ពាក់ព័ន្ធ​នឹង​លោក គឹម សុខ បាន​និយាយ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយ​ចោទប្រកាន់​លើ​រាជរដ្ឋាភិបាល​ថា បាន​បង្កើត​ប្រព័ន្ធ​មួយ​សម្លាប់​មនុស្ស រួចហើយ​រកមុខ​ឃាតក​មិនឃើញ។ ពាក្យបណ្តឹងនេះត្រូវបានដាក់ចូលទៅកាន់ សាលាដំបូងរាជធានីភ្នំពេញកាលពី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ ហើយនៅពេលនេះត្រូវបានចៅក្រមចេញដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនតែម្តង ដោយនៅយប់នោះ លោក គឹម សុខ បាននិយាយក្នុងកិច្ចសម្ភាសន៍មួយនៅវិទ្យុអាស៊ីសេរី ថា គេនេះគឺសំដៅទៅលើប្រព័ន្ធ។ ប្រព័ន្ធមួយក្រោមការ គ្រប់គ្រង នៃរដ្ឋាភិបាលបច្ចុប្បន្នហ្នឹង វាបណ្តោយឲ្យមានប្រព័ន្ធមួយ ដែលមានការសម្លាប់មនុស្សហើយ រួចហើយរកមុខឃាតកមិនឃើញ៕ ប្រសើរ

ដោយ គ្រួ ធំ ថ្ងៃទី 18 September, 2018 ម៉ោង 01:11 PM

ហាណូយ៖ ក្នុងឱកាស ជួប មេដឹកនាំប្រទេសតំបន់ទន្លេមេគង្គរួមមានកម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា ក្នុង កិច្ចប្រជុំកំពូលពេញអង្គស្តីពីចក្ខុវិស័យថ្មីសម្រាប់តំបន់មេគង្គ ដែលរៀបចំឡើងដោយវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថាប្រទេសក្នុងតំបន់ទន្លេមេគង្គនឹងក្លាយជាជង្រុកស្រូវសម្រាប់តំបន់អាស៊ីទាំងមូល ប្រសិនបើប្រទេសទាំងនេះរួមគ្នាបង្កើតជាសមាគមប្រទេសនាំចេញអង្ករ។

នៅក្នុងកិច្ចប្រជុំ ក៏ដូចជាឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធទៅនឹងការប្រកួតប្រជែងគ្នារវាងប្រទេសក្នុងតំបន់ទន្លេមេគង្គដែលសុទ្ធជាប្រទេសផលិតស្រូវនាំចេញអង្ករនោះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពី១៥ឆ្នាំមុនក្នុងកិច្ចប្រជុំ ACMECS សម្តេចធ្លាប់បានផ្តើមគំនិតឲ្យប្រទេសតំបន់មេគង្គទាំង៥ (កម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉) រួមគ្នាបង្កើតជាសមាគមប្រទេសនាំចេញអង្ករ។ ប៉ុន្តែមកដល់ពេលបច្ចុប្បន្នគំនិតផ្តួចផ្តើមនេះមិនទាន់លេចចេញជារូបរាងនៅឡើយនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនបើប្រទេសទាំង៥នេះ អាចបង្កើតចេញជាសមាគមប្រទេសនាំចេញអង្ករមែននោះ ប្រទេសទាំងនេះនឹងអាចរួមគ្នាជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម ដែលនឹងក្លាយទៅជាជង្រុកស្រូវសម្រាប់តំបន់អាស៊ីទាំងមូល។

សូមបញ្ជាក់ថា ក្នុងវេទិកានោះមេដឹកនាំប្រទេសតំបន់ទន្លេមេគង្គទាំង៥នេះ ត្រូវបានអនុញ្ញាតឲ្យលើកឡើងពីទស្សនទានរៀងៗខ្លួនស្តីពីការអភិវឌ្ឍប្រទេសក្នុងតំបន់ទន្លេមេគង្គ និងបញ្ហាប្រឈមផងដែរ ៕ ប្រសើរ

 

ដោយ គ្រួ ធំ ថ្ងៃទី 13 September, 2018 ម៉ោង 10:29 AM

ភ្នំពេញ ៖ប្រភពព័ត៌មានទទួលបានទទួលបាននៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះថាសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន  ដោយយោងតាមដីការបស់តុលាកាដីកាបង្គាប់ឲ្យដោះលែងរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃ៩ ខែ កគ្ញាឆ្នាំ២០១៨ បានសរសេរថា៖ «បង្គាប់ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី៣ «ម៣» ដោះលែងជនត្រូវចោទឈ្មោះ កឹម សុខា ភេទប្រុស៦៤ឆ្នាំ ត្រូវបានតំណាងអយ្យការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ សន្និដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៤៣ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

យ៉ាងណាពាក់ព័ន្ធនឹងការដោះលែងលោក កឹម សុខា​នៅក្រៅឃុំបណ្តោះអាសន្ន ត្រូវបានប្រភពព័ត៌មានបញ្ជាក់ថា ដោយសារបញ្ហាសុខភាពរបស់លោក កឹម សុខា ព្រមទាំងកន្លងមកធ្លាប់មានការស្នើសុំច្រើនដងផងដែរ។ លោក កឹម សុខា បានទៅដល់ផ្ទះរបស់លោកនៅខណ្ឌទួលគោក នៅវេលាម៉ោងប្រមាណ៣ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។

លោក​ ​កឹម សុខា​ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួននៅថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ ​«ក្បត់​ជាតិ»​។ លោកត្រូវបានតុលាការ​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ​ខេត្ត​ត្បូងឃ្មុំ ក្រោមការចោទ​ប្រកាន់​ពីបទ សន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ(ទោសក្បត់ជាតិ) ៕ ប្រសើរ

 

 

ដោយ គ្រួ ធំ ថ្ងៃទី 10 September, 2018 ម៉ោង 09:25 AM

ភ្នំពេញ៖ អស់រយៈពេលជាង១ខែមកហើយក្រោយពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាល ទី៦ ហើយរដ្ឋសភាជាតិបានបើកកិច្ចប្រជុំជាលើកដំបូងដោយចាប់ផ្តើមឡើង​នៅវេលាម៉ោង៨ព្រឹកថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រខ្មែរ និងមានវត្តមានតំណាងរាស្ត្រទាំង១២៥រូបមកពីគណបក្សប្រជាជនកម្ពុជាបានចូលរួម និងមានការចូលរួមអបអរសាទរពីឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបណ្តាប្រទេសនានាប្រចាំនៅកម្ពុជាភ្ញៀវបរទេសជាច្រើនផងដែរ ។

តាមការគ្រោងទុករបស់រដ្ឋសភា បានឲ្យដឹងថា ការប្រារព្ធពិធីបើកសម័យប្រជុំលើកដំបូងថ្ងៃនេះ ចាប់ផ្តើមឡើងនៅវេលាម៉ោង៨ព្រឹកហើយ បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងរួចរាល់ ពិធីបើកសម័យប្រជុំលើកទី១ នឹងចាប់ផ្តើមការងាររបស់ខ្លួនក្រោមអធិបតីភាពសម្តេច ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងការអនុម័តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភានីតិកាលទី៦។

លុះនៅពេលរសៀលតំណាងរាស្ត្រទាំង១២៥រូប នឹងចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើពិធីសច្ចាប្រណិធាននៅចំពោះព្រះភក្ត្រមហាក្សត្រខ្មែរមុននឹងចាប់ផ្តើមបំពេញការងាររបស់ខ្លួន។

ដោយឡែកសម្រាប់ថ្ងៃបន្ទាប់វិញ ពោលគឺថ្ងៃទី០៦ ខែកញ្ញា រដ្ឋសភានឹងធ្វើការបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភារួមមាន៖ ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មាធិការជំនាញនៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលអាណត្តិថ្មីផងដែរ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ មានប្រជាពលរដ្ឋជិត ៧លាននាក់បានចេញទៅបោះឆ្នោតស្មើនឹងជាង ៨៣ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុបក្នុងបញ្ជីបោះឆ្នោតដែលមានជាង ៨លាននាក់។ ក្នុងចំណោមប្រជាពលរដ្ឋចេញទៅបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយតែមួយគត់ទទួលបានការបោះឆ្នោតគាំទ្រច្រើនលើសលុបរហូតដល់ជាង ៤លាននាក់ ឈានទៅគ្រប់គ្រងអាសនៈនៅរដ្ឋសភាទាំង ១២៥តែម្តង។

ការដឹកនាំសភាមកពីគណបក្សនយោបាយតែមួយក្នុងនីតិកាលទី៦ នៃរដ្ឋសភានេះ គឺជាលើកទី៨ហើយនៃប្រវត្តិរដ្ឋសភាខ្មែរដែលដឹកនាំដោយគណបក្សនយោបាយតែមួយ គិតចាប់តាំងពីថ្ងៃនៃការកកើតរដ្ឋសភានៅឆ្នាំ១៩៤៦។ ប្រវត្តិនៃការដឹកនាំរដ្ឋសភាមកពីគណបក្សនយោបាយតែមួយនោះរួមមាន៖ រដ្ឋសភាពីឆ្នាំ១៩៥៥-១៩៥៨ មានសមាជិក ៩១រូប, រដ្ឋសភាពីឆ្នាំ១៩៥៨-១៩៦២ (ឆ្នាំដំបូងដែលស្ត្រីខ្មែរមានសិទ្ធិបោះឆ្នោត) មានសមាជិក ៦១រូប, រដ្ឋសភាពីឆ្នាំ១៩៦២-១៩៦៦ មានសមាជិក ៧៧រូប, រដ្ឋសភាពីឆ្នាំ១៩៦៦-១៩៧២ មានសមាជិក ៨២រូប, សភាជាតិរបស់របបសាធារណរដ្ឋខ្មែរពី១៩៧២-១៩៧៥ មានសមាជិក ១២៦រូប, សភាតំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ មានសមាជិក ២៥០រូប, សភាសាធារណរដ្ឋប្រជាមានិតកម្ពុជាពីឆ្នាំ១៩៨១-១៩៩៣ មានសមាជិក ១១៧រូប។

ប្រវត្តិសង្ខេបនៃសភាកម្ពុជា៖

រដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺជាសភាជាន់ទាប នៃសភាតំណាងរាស្រ្ត ដែលមានសមាជិកចំនួន ១២៥រូបនាពេលបច្ចុប្បន្ន ជ្រើសតាំងតាមប្រព័ន្ធសមាមាត្រ ដោយការបោះឆ្នោតជាសកល។ សមាជិករដ្ឋសភានីមួយៗ ត្រូវបានជ្រើសតាំងក្នុងអាណត្តិ ៥ឆ្នាំម្តង ដែលចែកជាតំណាង ខេត្ត-រាជធានីទាំង ២៥ ពី១ ទៅ១២អាសនៈ។ គណបក្សនយោបាយសំឡេងភាគច្រើនដែលមានអាសនៈយ៉ាងហោច៦២ អាចមានសិទ្ធិក្នុងការបង្កើតជារដ្ឋាភិបាល។

ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។ ប្រទេសកម្ពុជា បានចាប់ផ្តើមរៀបចំឲ្យមានការបោះឆ្នោតសាកលលើកដំបូងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៤៦។ ការបោះឆ្នោតសាកលលើកដំបូងនៅកម្ពុជាជ្រើសតាំងសមាជិកសភាធម្មនុញ្ញ៦៧រូប មានបេសកកម្មតាក់តែងរដ្ឋធម្មនុញ្ញទី១ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៤៧។

ការជ្រើសតាំងសមាជិករដ្ឋសភា ក៏ដូចជាដំណើរការនៃរដ្ឋសភាក៏ត្រូវបានប្រែប្រួលគ្នាទៅតាមរបបដឹកនាំក្នុងសម័យកាលនីមួយៗផងដែរ។ យោងតាមសាវតារបស់រដ្ឋសភាកម្ពុជា ដែលត្រូវបានកត់ត្រា និងផ្សព្វផ្សាយលើគេហទំព័ររដ្ឋសភាបានឲ្យដឹងថា៖

សភាធម្មនុញ្ញពីឆ្នាំ១៩៤៦-១៩៤៧ មានសមាជិក ៦៧រូប មកពីពហុបក្ស

រដ្ឋសភាពីឆ្នាំ១៩៤៧-១៩៥១ មានសមាជិក ៧៥រូប មកពីពហុបក្ស។

រដ្ឋសភាពីឆ្នាំ១៩៥១-១៩៥៣ មានសមាជិក ៧៨រូប មកពីពហុបក្ស។

រដ្ឋសភាពីឆ្នាំ១៩៥៥-១៩៥៨ មានសមាជិក ៩១រូប មកពីគណបក្សនយោបាយតែមួយ។

រដ្ឋសភាពីឆ្នាំ១៩៥៨-១៩៦២ (ឆ្នាំដំបូងដែលស្ត្រីខ្មែរមានសិទ្ធិបោះឆ្នោត) មានសមាជិក ៦១រូប មកពីគណបក្សនយោបាយតែមួយ។

រដ្ឋសភាពីឆ្នាំ១៩៦២-១៩៦៦ មានសមាជិក ៧៧រូប មកពីគណបក្សនយោបាយតែមួយ។

រដ្ឋសភាពីឆ្នាំ១៩៦៦-១៩៧២ មានសមាជិក ៨២រូប មកពីគណបក្សនយោបាយតែមួយ។

សភាជាតិរបស់របបសាធារណរដ្ឋខ្មែរពី១៩៧២-១៩៧៥ មានសមាជិក១២៦រូប មកពីបក្សតែមួយ។

សភាតំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ មានសមាជិក ២៥០រូប មកពីបក្សតែមួយ។ សភានេះត្រូវបានបោះឆ្នោតនៅថ្ងៃទី២០ខែមីនា ឆ្នាំ១៩៧៦។

សភាសាធារណរដ្ឋប្រជាមានិតកម្ពុជាពីឆ្នាំ១៩៨១-១៩៩៣ មានសមាជិក១១៧រូប មកពីគណបក្សបក្សនយោបាយតែមួយ។

សភាធម្មនុញ្ញឆ្នាំ១៩៩៣ មានសមាជិក១២០រូប មកពីពហុបក្ស។

រដ្ឋសភានីតិកាលទី១ (របបរាជាលើកទី២) ពីឆ្នាំ១៩៩៣-១៩៩៨ មានសមាជិក ១២០រូប មកពីពហុបក្ស។

រដ្ឋសភានីតិកាលទី២ ពីឆ្នាំ១៩៩៨-២០០៣ មានសមាជិក១២២រូប មកពីពហុបក្ស។

រដ្ឋសភានីតិកាលទី៣ ពីឆ្នាំ២០០៣-២០០៨ មានសមាជិក១២៣រូប មកពីពហុបក្ស។

រដ្ឋសភានីតិកាលទី៤ ពីឆ្នាំ២០០៨-២០១៣ មានសមាជិក១២៣រូប មកពីពហុបក្ស។

រដ្ឋសភានីតិកាលទី៥ ពីឆ្នាំ២០១៣ ដល់បច្ចុប្បន្ន មានសមាជិក១២៣រូប មកពីពហុបក្ស៕ប្រសើរ

 

ដោយ គ្រួ ធំ ថ្ងៃទី 05 September, 2018 ម៉ោង 10:05 AM

ខេត្តត្បូងឃ្មុំ៖​ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក គី ប្ញទ្ធី នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ បានសម្រេចបន្តឃុំខ្លួន លោក កឹម សុខា អតីតប្រធាននៃ​អតីតគណបក្សសង្រ្គោះជាតិ នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេល៦ខែទៀតតាមនីតិវិធី ដោយមិនអនុញ្ញាតឱ្យនៅក្រៅឃុំនោះឡើយ។

ការបើកសវនាការជំនុំជម្រះ ឬអាចហៅថាសវនការតូចមួយបានធ្វើឡើង នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨  ដឹកនាំដោយ ចៅក្រមជំនុំជម្រះ លោក គី ប្ញទ្ធី ហើយមានលោក សៀង សុខ ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ។ មេធាវីទាំង០៤នាក់ ដែលការពារក្តីឲ្យលោក កឹម សុខា ក៏មានវត្តមានក្នុងសវនាការក្នុងពន្ធនាគារនេះផងដែរ ដើម្បីសម្រេចថា ពន្យារពេលឬបន្តឃុំខ្លួនលោក កឹម សុខា បន្តទៀតបន្ទាប់ពីការពន្យារពេលឃុំខ្លួនលើកទី១ជិតដល់ថ្ងៃកំណត់ ដោយសារតែកាលពីខែមីនា ឆ្នាំ២០១៨នោះ សាលាដំបូង​រាជធានី​ភ្នំពេញ​ បានសម្រេចបន្តឃុំខ្លួន លោក កឹម សុខា ជាបណ្តោះអាសន្នរយៈពេល៦ខែទៀតម្តងរួចទៅហើយ ដើម្បីធ្វើការស៊ើបអង្កេតបន្ថែមចំពោះបទល្មើសរបស់លោក។

សូមបញ្ជាក់ថា ​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពីអាធ្រាត្រឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ ​«ក្បត់​ជាតិ»​ បន្ទាប់ពីមានការបែកធ្លាយនូវវីដេអូរបស់លោក ដែលសារភាពអំពីការឃុបឃិតគ្នាជាប្រព័ន្ធជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ដោយយកលំនាំតាមប្រទេសស៊ែបប៊ី និងយូហ្គោស្លាវី។ លោកត្រូវបានតុលាការ​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ​ខេត្ត​ត្បូងឃ្មុំ ក្រោមការចោទ​ប្រកាន់​ពីបទ សន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ ដែលរាជរដ្ឋាភិបាលចាត់ទុកថា ជាអំពើក្បត់ជាតិ៕ ប្រសើរ

 

ដោយ គ្រួ ធំ ថ្ងៃទី 30 August, 2018 ម៉ោង 03:23 PM

 ភ្នំពេញ៖ នៅថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុប ១៤,៧៩៩នាក់ទៀត មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ។ កិច្ចសំណេះសំណាលនេះធ្វើឡើងនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដោយសម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅល្ងាចនេះសម្តេចអនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេសឥណ្ឌាចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានកម្មវិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន១០ទៀតហើយ ត្រូវបានដាក់ចូលក្នុងកម្មវិធីការងាររបស់សម្តេច។ សម្តេចតេជោ បានអះអាងថា សម្តេចនឹងបន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីបែបនេះជារៀងរហូត ដើម្បីសម្រេចនូវការអនុវត្តន៍គោលនយោបាយឧស្សាហកម្ម២០១៥-២០២៥។

* សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណកម្មករ កម្មការិនី និងប្រជាពលរដ្ឋទូទាំងប្រទេសបានចេញទៅបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា បើទោះបីមានការរារាំងពីក្រុម «ដេកផ្ទះឈ្នះឯងក៏ដោយ» នោះ។

* សម្តេចតេជោ បានថ្លែងថា ការបោះឆ្នោតរបស់គាំទ្រគណបក្សប្រជាជនកម្ពុជារបស់កម្មករ កម្មការិនី និងប្រជាពលរដ្ឋនៅទូទាំងប្រទេស គឺបានបង្ហាញឲ្យឃើញពីការគាំទ្រនូវ សុខសន្តិភាពរបស់ប្រទេសមួយនេះ ព្រោះពួកគេបានដឹងថា មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះអាចឈរជើងការពារនូវសុខសន្តិភាពដែលកំពុងមាននៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងតែអមដំណើរប្រជាពលរដ្ឋខ្មែរឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅងឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

* សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ការដំឡើងប្រាក់បៀវត្សរ៍ត្រូវគិតដល់កត្តាផ្សេងៗទៀត ដែលអាចនាំឲ្យមានការចាកចេញរបស់ថៅកែរោងចក្រ។ សម្តេចតេជោថា សន្តិភាពជារឿងធំ តែការប្រកួតប្រជែងទីផ្សារការងារជាមួយប្រទេសដទៃទៀត ក៏ត្រូវតែគិតផងដែរ ដូចជាប្រទេសបង់ក្លាដេសបៀវត្សរ៍ ៦៧ដុល្លារ, ស្រីលង្កា ៦៧ដុល្លារ, ឥណ្ឌា ៦៧ដុល្លារ ដល់១៤០ដុល្លារ, មីយ៉ាន់ម៉ា ១០៨ ឥណ្ឌូ ១០៧ដុល្លារ ដល់ ២៦០ដុល្លារ…។

* ក្នុងន័យនេះសម្តេចនាយករដ្ឋមន្ត្រី ចង់ឲ្យមានការពិចារណាក្នុងការដំឡើងប្រាក់ឈ្នួលរបស់កម្មករ កម្មការិនី ពោលមិនត្រូវគិតតែពីការទាមទារប្រាក់ឈ្នួលខ្ពស់ឲ្យថៅកែរោងចក្រ រកស៊ីមិនចំណេញហើយដករោងចក្រចេញពីកម្ពុជាទៅកាន់ប្រទេសដទៃនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃដំបូងសម្រាប់អាណត្តិថ្មីនៅថ្ងៃទី០៧ ខែកញ្ញា​ខាងមុខនេះ សម្តេចនឹងថ្លែងសារបើកកិច្ចប្រជុំនោះ ដោយអនុញ្ញាតឲ្យមានការផ្សាយផ្ទាល់ផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុខទុក្ខកម្មករ កម្មការិនី ជាសុខទុក្ខរបស់សម្តេច ហើយគ្មានមេដឹកនាំប្រទេសណាចង់ដឹកនាំប្រទេសឲ្យមានភាពក្រីក្រនោះទេ។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា សម្តេចបានដឹកនាំប្រទេសនេះដោយចាប់ផ្តើមពីស្ថានភាពដ៏លំបាក ប្រជាពលរដ្ឋមានត្រឹម ៥លាននាក់ មកដល់ ១៦លាននាក់នាពេលបច្ចុប្បន្ន ជាមួយជីវភាពមួយល្អប្រសើរ។

* សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស ក្រៅប្រពន្ធមកចុះបញ្ជីជាមួយបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីឲ្យបុគ្គលិក និយោជិតទទួលបានអត្ថប្រយោជន៍នានាពីរាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលសម្តេចចង់បាន គឺសហគមន៍រោងចក្រសុខសាន ពោលថៅកែរោងចក្រ និងកម្មករ កម្មការិនីត្រូវចេះសហការគ្នាបង្កើតភាពសុខដុមក្នុងរោងចក្រ ព្រោះភាគីទាំងពីរមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មូលហេតុដែលនាំឲ្យសម្តេចត្រូវតែបន្តចុះជួបកម្មករ កម្មការិនីនោះ ព្រោះតែបន្ទាប់ពីមានជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ថៅកែ ប្រធានរដ្ឋបាល ប្រធានផ្នែកកន្លងមកនេះ គឺមិនមានបាតុកម្មខុសច្បាប់កើតឡើងទៀតនោះទេ។

* សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការបើកប្រាក់ឈ្នួលសម្រាប់កម្មករ កម្មការិនីចាប់ពីឆ្នាំ២០១៩នេះទៅ នឹងមិនបើកប្រាក់ឈ្នួលប្រចាំខែទៀតទេ​ គឺនឹងបើកប្រាក់ប្រចាំសប្តាហ៍ម្តង ពោលគឺបើកពីរសប្តាហ៍ម្តង។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ថៅកែរោងចក្រឲ្យកែលំអហេដ្ឋារចនាសម្ព័ន្ធនៅតាមរោងចក្រឲ្យកាន់តែល្អប្រសើរ ដូចជាការរៀបចំឲ្យមានការបរិភោគអាហារ និងកន្លែងផ្តល់សេវាសុខភាពជាដើម។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា មិនត្រូវឲ្យមានបងតូចបងធំ និងជើងកាងនៅតាមរោងចក្រ សហគ្រាសទៀតនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅរដូវបុណ្យភ្ជុំ និងចូលឆ្នាំពង្រាយរថយន្តក្រុងសាធារណៈតាមផ្លូវជាតិ ដើម្បីទប់ស្កាត់ការដំឡើងថ្លៃរថយន្តរបស់ក្រុមហ៊ុនដឹកអ្នកដំណើរ។

* សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យមានចលនាប្រឡងប្រណាំង «រោងចក្រសហគមន៍សុខសាន»។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ស្បថមិនមែនជាអបិយជំនឿ និងជាភាពទ័លច្រកនោះទេ ព្រោះនៅលើពិភពលោកនេះគ្រប់មេដឹកនាំមុនចូលកាន់តំណែងត្រូវតែស្បថជាមុនសិន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកលើកលែងទោសនាពេលប៉ុន្មានថ្ងៃនេះ មានពីរប្រភេទ។ ប្រភេទទី១៖ ប្រភេទបានធ្វើលិខិតស្នើសុំទៅសម្តេចដោយ បានទទួលស្គាល់នូវកំហុសរបស់ខ្លួន ដូចជាលោក អ៊ុ សំអាន លោក មាជ សុវណ្ណារ៉ា និងលោកស្រី ទេព វន្នី ជាដើម។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងស្នើដល់ប្រព័ន្ធផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍យកលិខិតសុំទោសរបស់អ្នកទោសដែលបានលើកលែងមកផ្សព្វផ្សាយឲ្យបានទូលំទូលាយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជាអ្នកនយោបាយញាក់ឆ្វេងវ៉ៃស្តាំ។ ក្នុងន័យនេះសម្តេចសម្តៅដល់ទណ្ឌិត សម រង្ស៊ី ដែលសប្តាហ៍មុនបានព្យាយាមញុះសម្តេច មិនឲ្យមានការដោះលែងអ្នកទោស តែទីបំផុតសម្តេចបានលែងទាំងអស់ ដោយមិនធ្វើតាមការញុះរបស់ទណ្ឌិត សម រង្ស៊ី នោះឡើយ។

* សម្តេចតេជោ បានថ្លែងថា អ្នកដែលលើកលែងទោសដោយការព្រះរាជទានទោសពីព្រះមហាក្សត្រនោះ មិនត្រូវការសងសំណងតាមបណ្តឹងនាពេលកន្លងមកនោះឡើយ។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា សម្រាប់អ្នកដែលរួចទោសតាមរយៈការអនុវត្តន៍ទោសរួចរាល់នោះត្រូវតែសងសំណងតាមបណ្តឹងប្រមាណ ៨០០លានរៀល។ សម្តេចតេជោថា បើមិនសងទេត្រូវចូលពន្ធនាគារវិញ។ អ្នកទោសដែលបានរួចដោយការអនុវត្តន៍ទោសនាពេលកន្លងមកនេះ គឺលោក កឹម សុខ។

* សម្តេចតេជោ បានថ្លែងថា ប្រសិនបើមិនសងសំណងតាមបណ្តឹងនេះទេ សម្តេចប្តឹងបញ្ជូនចូលពន្ធនាគារវិញ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មិនមានការដោះលែង លោក កឹម សុខា នៅថ្ងៃស្អែកនោះឡើយ។

* សម្តេចបានបញ្ជាសមត្ថកិច្ចចាប់មេក្លោងដែលប្រកាសធ្វើចលនាទៅត្រៀមទទួលលោក កឹម សុខា នៅត្រពាំងផ្លុង។

* សម្តេចនាយករដ្ឋមន្ត្រី បានប្រកាសថា សម្តេចនៅតែបន្តប្តឹងលោក កឹម សុខា ព្រោះជាទោសក្បត់ជាតិ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសទារសំណង ៨០០លានរៀលពីលោក កឹម សុខ បើមិនសងទេ សម្តេចនឹងប្តឹងតុលាការដាក់ពន្ធនាគារវិញ។

* សម្តេចតេជោ បានថ្លែងថា សម្តេចស្វាគមន៍គណបក្សនយោបាយពីរផ្សេងទៀត ដែលចង់ចូលរួមក្នុង «ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» តែមិនត្រូវធ្វើតាមព័ត៌មានទេ ត្រូវសរសេរលិខិតស្នើសុំមករាជរដ្ឋាភិបាល។

* សម្តេចបានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖២៧នាទីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់៕ សហការី

ដោយ គ្រួ ធំ ថ្ងៃទី 29 August, 2018 ម៉ោង 11:44 AM

ភ្នំពេញ៖ថ្ងៃ១៧ សីហា នេះ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាថ្មី ក្នុងអាណត្តិទី៦ នេះ

ខាងក្រោមនេះជាព្រះរាជក្រឹត្យនេះជាព្រះរាជក្រឹត្យ របស់ព្រះ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៈ

ដោយ គ្រួ ធំ ថ្ងៃទី 17 August, 2018 ម៉ោង 03:51 PM
 ភ្នំពេញ​៖​ប្រភពព័ត៌មាន​ បង្ហើប​ពីមន្រី្តតុលាការឲ្យដឹងថា​ បន្ទាប់​ពី​អនុវត្ត​ទោស​បញ្ចប់​ជា​ស្ថាពរ​រយៈពេល​១ឆ្នាំ​៦ខែ​រួចមក​ លោក​ ​គឹម​ សុខ​ ដែល​អះអាង​ថា​ជា​អ្នក​វិភាគ​សង្គម​ នឹង​ត្រូវ​ដោះលែង​ចេញ​ពី​ពន្ធនាគារ​ព្រៃស​ នៅ​ថ្ងៃទី​១៧​ ខែ​សីហា ឆ្នាំ ២០១៨​ នេះ​ ។
ប្រភព​ព័ត៌មាន​នោះ​បាន​ បង្ហើប​ឱ្យ​ដឹង​ថា​ ខាង​ព្រះរាជ​អាជ្ញារង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទទួល​បន្ទុក​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ គឺ​ បាន​ចេញ​ដីកា​ដោះលែង​លោក​គឹម​ សុខ​ រួចហើយ​ ។ ការ​កំណត់​ដោះលែង​ គឺ​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៧​ ខែ​សីហា​ នេះ​ ។ ប៉ុន្តែ​ការ​ដោះលែង​ នៅ​ពេល​ព្រឹក​ ឬ​ រសៀល​ នោះ​ គឺ​ស្ថិត​តាម​ការ​អនុវត្ត​ជាក់​ស្ដែងនៅឡើយទេ​ ។
លោក គឹម សុខ ជាប់ទោស​១ឆ្នាំ​៦ខែ​នេះ​ គឺ​ ពាក់ព័ន្ធ​បទល្មើស​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជា​អាទិ៍​ ដែល​ចោទប្រកាន់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ពី​ក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​បណ្ឌិត​ កែម​ ឡី​ ។ ទោះបី​លោកគឹម​ សុខ​ ត្រូវ​បាន​ដោះលែង​នៅ​ថ្ងៃទី​១៧​ ខែ​សីហា​ នេះ​ ក៏ដោយ​ តែ​សំណុំរឿង​មួយ​ករណី​ទៀត​ គឺ​ ចោទប្រកាន់​ថា​ រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស តែ​រក​ឃាតក​មិនដែល​ឃើញ​ នោះ​ គឺ​កំពុង​ស្ថិត​ក្រោម​ចំណាត់​ការ​តុលាការ​នៅឡើយ ​ ៕ ប្រសើរ
ដោយ គ្រួ ធំ ថ្ងៃទី 17 August, 2018 ម៉ោង 10:53 AM

(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ គណៈកម្មាធិការសម្របសម្រួលកម្ពុជា ហៅកាត់ថា CCOC (ស៊ីកុក)ដែលជាសម្ព័ន្ធអង្គការ-សមាគមខ្មែរមិនមែនរដ្ឋាភិបាបានប្រកាសគាំទ្រទាំងស្រុងនូវលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ដែលប្រកាសដោយគ.ជ.បថា គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតគ្រប់គ្រងទាំង១២៥អាសនៈនៅក្នុងរដ្ឋសភា យ៉ងសម្បើម ។

ខាងក្រោមនេះជាសារលិខិតអបអរសាទររបស់ អង្គការ CCOC

ដោយ គ្រួ ធំ ថ្ងៃទី 16 August, 2018 ម៉ោង 04:55 PM

(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាស សម្តេចអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ចំណតនាវាដឹកអ្នកដំណើរ នៅក្នុងខណ្ឌឬស្សីកែវ សម្តេច បានប្រកាសផ្តល់កាដូពិសេសចំនួន២ដល់ប្រជាពលរដ្ឋ ដោយអនុញ្ញាតឲ្យជិះនាវាដោយឥតគិតថ្លៃពីខណ្ឌប្ញស្សីកែវ ទៅកាន់ក្រុងតាខ្មៅ និងជិះរថភ្លើងពីខេត្តបន្ទាយមានជ័យ មកកាន់រាជធានីភ្នំពេញ ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០១៨ ។

ក្រសួងសាធារណការបានរៀបចំឲ្យមានការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីបង្កើតជាប្រព័ន្ធដឹកជញ្ជូនមួយដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា (ផ្លូវទឹក ផ្លូវថ្នល់ ផ្លូវរថភ្លើង និងផ្លូវអាកាស) ជំរុញធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង ដោយហេតុថា ការដឹកជញ្ជូនតាមផ្លូវទឹក អាចដឹកបានច្រើនក្នុងតម្លៃទាប ប្រកបដោយសុវត្ថិភាព និងទៀងទាត់ពេលវេលាដោយមិនមានការកកស្ទះចរាចរណ៍។

កន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវការធ្វើប្រតិបត្តិការដឹកអ្នកដំណើរដោយឥតគិតថ្លៃចាប់ពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ដោយប្រើប្រាស់នាវាដឹកអ្នកដំណើរចំនួន៤គ្រឿង (២គ្រឿងទិញពីប្រទេសវៀតណាម និង២គ្រឿងទៀត ជួលពីក្រុមហ៊ុន Royal Express Boat) ដែលនាវានីមួយៗមានសមត្ថភាពផ្ទុកអ្នកដំណើរបាន ៥៤-៦០នាក់ មានល្បឿនមធ្យម ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយប្រើរយៈពេលប្រមាណតិចជាងមួយម៉ោងរវាងចំណតនាវាដើមទី (ឬស្សីកែវ) និងចំណតនាវាចុងទី (តាខ្មៅ) ដែលរយៈពេលនេះតិចជាង រយៈពេលធ្វើដំណើរតាមផ្លូវគោកប្រមាណ២ដង។

ការធ្វើដំណើរមានភាពទៀងទាត់ មានសុវត្ថិភាព និងបានបម្រើសេវាកម្មជូនប្រជាពលរដ្ឋចាប់ពីម៉ោង ៥៖៣០ព្រឹក រហូតដល់ម៉ោង ៦៖៣០ល្ងាច។ គិតចាប់ពីថ្ងៃដាក់ដំណើរការបណ្តោះអាសន្នរហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ មានអ្នកដំណើរសរុប ៣០,៦៤៧នាក់ ដែលជាមធ្យមមានអ្នកដំណើរប្រមាណ ២០០នាក់ក្នុងមួយថ្ងៃ។

សម្រាប់ចំណតនាវាឫស្សីកែវនេះ មានផ្ទៃក្រឡាបេតុង ៩៦៨ម៉ែត្រការ៉េ ផែដែកបណ្តែតមានទំហំ ៣៦៦ម៉ែត្រការ៉េ អាចផ្ទុកបានទម្ងន់អតិបរិមា ១៨០តោន ស្ពានដែកមានប្រវែង ៣០ម៉ែត្រ និងអគាររង់ចំាមានទំហំ ៨៤ម៉ែត្រការ៉េ ព្រមទាំងមានបំពាក់ឧបករណ៍សម្ភារៈគ្រប់គ្រាន់ ដោយប្រើប្រាស់ថវិកាជាតិទាំងស្រុងប្រមាណ ២.៣៥១.៧៣០.០០០រៀល ស្មើនឹងជិត ៥៩ម៉ឺនដុល្លារអាមេរិក។

ក្រៅពីចំណតនាវាឫស្សីកែវ ដើម្បីបម្រើការងារដឹកជញ្ជូនតាមផ្លូវទឹកនេះឲ្យកាន់តែងាយស្រួលនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន​ ក៏បានសាងសង់ចំណតនាវាចំនួន៤ផ្សេងទៀតរួមមាន៖ ចំណតនាវាផ្សារចាស់, ចំណតនាវាចតុមុខ, ចំណតនាវាច្បារអំពៅ និង ចំណតនាវាតាខ្មៅ។ ទីតាំងចំណតនាវាដឹកអ្នកដំណើរនីមួយៗ មានភ្ជាប់ជាមួយស្ថានីយ៍រថយន្តក្រុងដែលបង្កលក្ខណៈងាយស្រួលសម្រាប់ការប្តូរ ឬតភ្ជាប់គ្នានូវការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវថ្នល់/ផ្លូវគោក។ ចំណតនាវាដឹកអ្នកដំណើរទាំង០៥កន្លែងខាងលើ ត្រូវចំណាយថវិកាជាតិសរុបចំនួន ៦,០២៩,៤១៣,០០០រៀល ស្មើនឹងជាង ១.៥លានដុល្លារអាមេរិក។

ដោយឡែក កំណាត់ផ្លូវដែកភាគខាងជើងរាជធានីភ្នំពេញ ចាប់ពីរាជធានីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) ដែលត្រូវជូនជាកាដូសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរមិនគិតប្រាក់រហូតដល់ដំណាច់ឆ្នាំដែរនោះ មានប្រវែងសរុប៣៨៦គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងអំឡុងឆ្នាំ១៩២៩ ដល់១៩៤២ ក្នុងសម័យអាណានិគមបារាំង។ តែផ្លូវដែកនេះ ត្រូវបានអាក់ខានប្រើប្រាស់ ក្នុងពេលកម្ពុជាជួបភ្លើងសង្គ្រាមទសវត្សរ៍ឆ្នាំ៧០ ៕ ប្រសើរ

 

ដោយ គ្រួ ធំ ថ្ងៃទី 01 August, 2018 ម៉ោង 10:45 AM

ភ្នំពេញៈនៅថ្ងៃចន្ទម្សិលមិញនេះគណៈកម្មាធិការស្រមបស្រមួលកម្ពុជា ហៅកាត់ (សុីកុក)បានចេញសេចក្តីថ្លែងការណ៍មួយ វាយតម្លៃនៃការបោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៦ ដែលប្រព្រឹត្តទៅកាលពី ថ្ងៃទី២៩ ខែកក្កដា​ឆ្នាំ២០១៨ កន្លងមកនេះ មានខ្លឹមសារដូចខាងក្រោម

 

ដោយ គ្រួ ធំ ថ្ងៃទី 31 July, 2018 ម៉ោង 11:41 AM

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ នៅយប់ថ្ងៃ អាទិត្យ ២ រោច ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព-ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នា២០១៨នេះ ដោយសម្តែងសេចក្តីសោមនស្សរីករាយ ចំពោះសេចក្តីប្រកាសបណ្តោះ អាសន្នរបស់ គ.ជ.ប ដែលបង្ហាញថា ប្រជាជនកម្ពុជាជាង៨២.១៧ភាគរយ នៃអ្នកដែលមានឈ្មោះក្នុងបញ្ជី បានទៅចូលរួមបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅថ្ងៃអាទិត្យនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍នេះ គណបក្សប្រជាជនកម្ពុជា ជឿជាក់ថា ប្រព័ន្ធនយោបាយសេរី ពហុបក្ស គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ គណបក្សប្រជាជនកម្ពុជា ក៏បានកោតសរសើរ គ.ជ.ប ក្នុងការផ្តល់សេវាកម្ម ប្រកបដោយវិជ្ជាជីវៈរបស់ខ្លួន ក្នុងការរៀបចំការបោះឆ្នោតជាសកលប្រកបដោយសេរី យុត្តិធម៌ និងតម្លាភាព។

គណបក្សប្រជាជនកម្ពុជា ក៏បានកោតសរសើរចំពោះប្រជាជនកម្ពុជាទាំងអស់ ដែលបានចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ដើម្បីទ្រទ្រង់ប្រព័ន្ធនយោបាយ សេរី ពហុបក្សនៅកម្ពុជា។

គណបក្សប្រជាជនកម្ពុជា សូមថ្លែងអំណរគុណចំពោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិមកពីបណ្តាអង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អង្គការអន្តរជាតិ និងបណ្តាញគណបក្សនយោបាយអន្តរជាតិ មកពីប្រទេសចំនួន៥២ ជុំវិញពិភពលោក ដើម្បីធ្វើជាសាក្សី នៃប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា៖

ដោយ គ្រួ ធំ ថ្ងៃទី 30 July, 2018 ម៉ោង 10:08 AM