ភ្នំពេញ៖​ ជាព្រឹត្តការណ៍ថ្មីមួយទៀតរបស់កីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា អ៊ុន ស្រីយ៉ា បានដណ្ដើមមេដាយមាសទី២ បន្ទាប់ពីកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ទើបដណ្ដើមបានមេដាយមាសលើវិញ្ញាសាវាយគូនារីក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ពាន​រង្វាន់អន្ដរជាតិ Trophee L’Equipe លើកទី២ នៅប្រទេសបារាំង ដែលបានផ្ដួលកីឡាការិនី Marie-Christine Virebayre របស់ម្ចាស់ផ្ទះបារាំងដែលបានបញ្ចប់ការប្រកួតនាវេលា​ម៉ោងប្រមាណ ១០យប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ (ម៉ោងនៅកម្ពុជា)។

ប្រភពពីប្រទេសបារាំង បានឲ្យដឹងថា មុនឈានដល់ដណ្តើមមេដាយមាសនេះ កីឡាការិនី អ៊ុន ស្រីយ៉ា បានឆ្លងកាត់ការប្រកួត ៥ប្រកួតដោយក្នុងនោះប្រកួតជម្រុះក្នុងពូលB ៣ប្រកួតឈ្នះ២ និងចាញ់ ១ ពោលគឺប្រកួតបើកឆាកចាញ់កីឡាការិនីដាណឺម៉ាក១៣-១, បន្ទាប់មកបានលត់កីឡាការិនីអ៉ីតាលី១៣-១ និងឈ្នះកីឡាការិនីទុយនេស៊ី១៣-៦ ដើម្បីឡើង​ទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយបានយកឈ្នះកីឡាការិនីថៃ ដោយពិន្ទុ ១៣-៧ ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយបានផ្ដួលកីឡាការិនីម្ចាស់ផ្ទះបារាំង គ្រងមេដាយ​មាសតែម្ដង។

នេះជាការប្រកួតក្នុងព្រឹត្តិការណ៍ Trophee L’Equipe លើកទី២នេះ នៃការប្រកួតកីឡាប៉េតង់​កម្រិតខ្ពស់មួយ ដែលអ្នកចូលរួមចាត់ទុកជាព្រឹត្តិការណ៍កម្រិតពិភពលោក ដោយសារកីឡាករ-កីឡាការិនីចូលរួមសុទ្ធតែត្រូវបានជ្រើសរើសពីប្រទេសខ្លាំងៗ ដែលធ្លាប់មានប្រវត្តិឈ្នះមេដាយមាសពិភពលោក។ ជាក់ស្ដែងប្រទេសប្រចាំតំបន់អាស៊ី ត្រូវបានម្ចាស់ផ្ទះបារាំង អញ្ជើញចូលរួម គឺមានតែកម្ពុជា និងថៃប៉ុណ្ណោះ។ នេះជាមេដាយមាសទី២ ដែលក្រុមកីឡាប៉េតង់កម្ពុជាដណ្ដើមបាន បន្ទាប់ពីវីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ទើបដណ្ដើមបានមេដាយមាសលើវិញ្ញាសាវាយគូនារីកាលពី​មួយថ្ងៃមុននៃ​ការប្រកួតជាឯកតកតបុគ្គលនេះ ៕ ព្រះពាយ

 

ដោយ គ្រួ ធំ ថ្ងៃទី 13 October, 2018 ម៉ោង 09:10 AM

ភ្នំពេញ៖​ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា លើកទី២ ត្រូវបានសហព័ន្ធកីឡាបាល់​ទាត់កម្ពុជា​ (FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាករ ជាផ្លូវការហើយ នៅព្រឹកថ្ងៃអង្គារនេះ ដោយមានសមាជិកសរុប ២៤នាក់ ក្នុងនោះក៏មានវត្តមានកីឡាករឆ្នើម ចាន់ វឌ្ឍនាកា ផងដែរ តែគ្មានវត្តមានអ្នកចាំទីដៃទី១ ស៊ូ យ៉ាទី ដោយសារកីឡាកររូបនេះ រងរបួសឆ្អឹង ។

យោងតាទំព័រហ្វេសប៊ុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា​   FFC បានបង្ហោះឲ្យដឹងថា កីឡា​បាល់ទាត់ជម្រើសជាតិកម្ពុជា លើកទី២ នេះ រួមមានសមាជិកក្លឹបណាហ្គាវើល ៤នាក់, ភ្នំពេញ​ក្រោន ៤នាក់, វិសាខា ៤នាក់, ព្រះខ័នរាជស្វាយរៀង ៤នាក់, ក្រសួងការពារជាតិ ៤នាក់, បឹងកេត ៣នាក់ ខណៈម្នាក់ទៀត គឺកីឡាករ ធារី ចន្ថាប៊ីន មកពីក្លឹបលីគកំពូល​ម៉ាឡេស៊ី Terengganu FC ដែរនោះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះគឺកីឡាករ ចាន់ វឌ្ឍនាកា ដែលមិនបានជាប់ក្នុងបញ្ជី​ឈ្មោះជម្រើស​ជាតិ កាលពីប្រមូលផ្ដុំប្រកួតមិត្តភាពអន្ដរជាតិជាមួយម៉ាឡេស៊ីកាលពីពេលថ្មីៗ ក្រោមការដឹកនាំផ្ទាល់របស់អ្នកចាត់ការទូទៅថ្មីលោក Keisuke Honda ត្រូវបានកោះហៅ​ប្រមូលផ្ដុំវិញហើយ ។ ចំណែកអ្នកចាំទី ស៊ូ យ៉ាទី មិនអាចជួយក្រុមជម្រើសជាតិបានទេ ដោយសារបញ្ហារបួសប្រេះឆ្អឹងដៃ ។

តាមការគ្រោងទុករបស់ សហព័ន្ធកីឡាបាល់​ទាត់កម្ពុជា​ (FFC) គឺ ក្រោយការប្រមូលផ្ដុំហ្វឹក​ហាត់ក្រុមកីឡាករជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតមិត្តភាព​អន្ដរជាតិក្នុងដីចំនួន ២ប្រកួត ក្រោយពិធីបុណ្យភ្ជំបិណ្ឌ នាពេលខាងមុខ។ ការប្រកួតនេះ កម្ពុជា ជួបក្រុមជម្រើសជាតិទីម័រខាងកើត នាថ្ងៃទី១២ ខែតុលា និងជួបក្រុមជម្រើសជាតិសិង្ហបុរី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ៕ សម្បត្តិ

ដោយ គ្រួ ធំ ថ្ងៃទី 02 October, 2018 ម៉ោង 11:26 AM

ទីភ្នាក់ងារសារព័ត៌មាន AP បានផ្សាយថា កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា តុលាការមួយនៅភាគខាងត្បូងនៃប្រទេសវៀតណាមបានកាត់ទោសមនុស្ស ៦នាក់ ដែលម្នាក់ៗមានទោស ២ឆ្នាំ ៦ខែ ករណីបង្កហិង្សាវាយប្រហារទៅលើ ប៉ូលិស​អំឡុងការផ្ទុះការតវ៉ាមួយ ប្រឆាំងការផ្ដល់សម្បទានដី ៩៩ឆ្នាំទៅអោយក្រុមហ៊ុនចិន។

ប្រភពបន្តថា មនុស្ស៦នាក់នេះ ត្រូវបានចាប់ខ្លួន ក្នុងចំណោមជាច្រើនសិបនាក់ក្នុងការផ្ទុះហិង្សានៅតំបន់សេដ្ឋកិច្ចពិសេស មួយនៅខេត្ត Binh Thuan កាលពីខែមុនកន្លងមកនេះ ។

មនុស្សជាច្រើននាក់ទៀត កំពុង​រង់ចាំការកាត់ទោសក្នុងសំណុំរឿងដូចគ្នានេះ។ ប៉ុន្តែអ្នកទាំងនោះ ប្រហែលជាកាត់ដោយព្យួរទោស ។ យ៉ាងណាក៏ដោយ ក្រោយពីការផ្ទុះហិង្សា សភាប្រជាជនបានអនុម័តដោយសម្រេចព្យួរចោលសារាចរណ៍របស់រដ្ឋាភិបាល ដោយទុកអោយពិនិត្យឡើងវិញ ។

អ្នកសង្កេតការណ៍ព្រមានថា ការផ្ទុះការតវ៉ានេះ គឺជាការបង្ហាញជាតិនិយមមួយប្រឆាំងពលរដ្ឋចិនដោយភ្ជាប់នឹងជម្លោះប្រវត្តិសាស្ត្រជាមួយប្រទេសចិន ទាក់ទិនរឿងជម្លោះព្រំដែនទឹកនៃប្រជុំកោះប៉ារ៉ាហ្សែល និងកោះស្ព្រាតលី ដែលចិនបានកាន់កាប់យកដោយសង្រ្គាម រយៈពេលខ្លីនៅ ឆ្នាំ ១៩៧៤៕

ដោយ គ្រួ ធំ ថ្ងៃទី 13 July, 2018 ម៉ោង 01:39 PM

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ត្រូវចោទប្រកាន់ពីបទពុករលួយនៅតុលាការទីក្រុង គូឡាឡាំពួ ។

លោក Najib Razak ត្រូវចាប់ខ្លួនដោយអាជ្ញាធរប្រឆាំងអំពើពុករលួយ កាលពីថ្ងៃអង្គារ​ ទី៣ ខែកក្កដា ឆ្នាំ២០១៨ ហើយបានចំណាយពេលអស់មួយយប់នៅក្នុងការឃុំឃាំងរបស់សមត្ថកិច្ច ។

លោក Najib Razak ត្រូវចោទប្រកាន់ជាយូរមកហើយអំពីការរៃអង្គាសប្រាក់ 700 លានដុល្លារពីគម្រោងមូលនិធិអភិវឌ្ឍន៍រដ្ឋ 1MDB ដែលលោកNajib Razak បានបង្កើតឡើង ។

អតីតមេដឹកនាំប្រទេសម៉ាឡេស៊ីរូបនេះ បានរងចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយអស់រយៈពេលជាច្រើនឆ្នាំមកហើយ ៗការស៊ើបអង្កេតមួយ ក៏បានចាប់ផ្តើមឡើងផងដែរ បន្ទាប់ពីការបោះឆ្នោតបរាជ័យរបស់លោក កាលពីខែឧសភា កន្លងទៅថ្មីៗនេះ ។ លោក Najib Razak បានបដិសេធថា មិនបានធ្វើអ្វីខុសច្បាប់ ដូចការចោទប្រកាន់នោះទេ ។

កាលពីថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០១៨ លោក Najib Razak ត្រូវតុលាការចោទប្រកាន់ពីបទរំលោភបំពានច្បាប់ចំនួន៣ចំណុចផ្សេងគ្នា ។ ត្រង់ចំណុចនេះ គេនៅមិនទាន់ដឹងនៅឡើយថា តើអតីតនាយករដ្ឋមន្ត្រីរូបនេះត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលប៉ុន្មានឆ្នាំនោះទេ។

វីដេអូដែលគេបានបង្ហោះនៅលើប្រព័ន្ធទំនាក់ទំនង Twitter មួយថ្ងៃមុននេះ, លោក Najib Razak បានអំពាវនាវដល់សាធារណជន កុំឱ្យជឿលើរបាយការណ៍នេះធ្វើអី ដោយ លោក Najib Razak និយាយថា មិនមែនការចោទប្រកាន់ទាំងអស់ សុទ្ធតែជាការពិតនោះទេ។ លោកថា «ខ្ញុំមិនមានឱកាសដើម្បីការពារខ្លួនឯងនោះទេ»។

ប្រាក់រាប់ពាន់លានដុល្លារត្រូវបានបាត់ចេញពីគម្រោងមូលនិធិអភិវឌ្ឍន៍រដ្ឋ 1MDB ។

ការឆ្មក់របស់សមត្ថកិច្ចម៉ាឡេស៊ីប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានធ្វើឡើងគ្រប់ទីកន្លែងអចលនទ្រព្យ ដែលទាក់ទងនឹងលោក Najib Razak អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ។

ប៉ូលីសបាននិយាយថា ពួកគេបានរកឃើញទំនិញប្រណីតៗ ស្មើតម្លៃចំនួន 273 លានដុល្លារ និងបានយកកេះលុយពីការឆ្មក់ចូលទីតាំងអចលនទ្រព្យនោះដែរកាលពីខែមិថុនា ហើយនោះជាការឆ្មក់រឹបអូសយកវត្ថុមានតម្លៃដ៏ធំបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រម៉ាឡេស៊ី ។

គ្រឿងអលង្ការទំហំធំបំផុតនៃការរឹបអូសនោះ គឺមានគ្រឿងពេជ្រតម្លៃ 1,6លានដុល្លារ និងខ្សែកមាសជាដើម ។

លោក Najib Razak តែងតែបដិសេធរាល់ការចោទប្រកាន់ពីបទពុករលួយ និងមិនត្រូវបានអាជ្ញាធរម៉ាឡេស៊ី មិនជំនុំជម្រះនោះទេកាលពីគាត់នៅកាន់អំណាច ប៉ុន្តែលោក Najib Razak ត្រូវបានស៊ើបអង្កេតដោយប្រទេសជាច្រើនដែលពាក់ព័ន្ធ ។

លោក Najib Razak ត្រូវបានហាមឃាត់ មិនអនុញ្ញាតឱ្យចាកចេញពីប្រទេសម៉ាឡេស៊ីនោះឡើយ​។

គម្រោងមូលនិធិរដ្ឋ 1MDB បានបង្កើតឡើង ដោយលោក Najib Razak កាលពីឆ្នាំ 2009 ។ ការបង្កើតគម្រោងនេះ មានន័យថាជួយឲ្យទីក្រុងគួឡាឡាំពួក្លាយខ្លួនទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងជំរុញសេដ្ឋកិច្ចជាតិឲ្យរីកចម្រើនតាមរយៈការវិនិយោគជាយុទ្ធសាស្រ្តនោះ ។

ប៉ុន្តែគម្រោងនេះបានចាប់ផ្តើមការចាប់អារម្មណ៍យកចិត្តទុកដាក់យ៉ាងខ្លាំងពីភាពអវិជ្ជមាន កាលពីឆ្នាំ 2015 បន្ទាប់ពីការខកខានបង់ប្រាក់11ពាន់លានដុល្លារ ដែលបានជំពាក់ធនាគារ និងម្ចាស់ប័ណ្ណបំណុល ។

បន្ទាប់មក កាសែត Wall Street Journal (WSJ) បានរាយការណ៍ថា លុយជិត 700 លានដុល្លារត្រូវបានបែកធ្លាយឯកសារសម្ងាត់ កាត់ចូលទៅក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់លោក Najib Razak ។

លោក Najib Razak បានបដិសេធថា មិនបានទទួលយកប្រាក់ពី 1MDB ឬមូលនិធិសាធារណៈណាមួយនោះឡើយ ៕

ដោយ គ្រួ ធំ ថ្ងៃទី 04 July, 2018 ម៉ោង 09:59 AM

រុស្ស៊ី៖ បើកឆាកភ្លាម ក្រុមបាល់ទាត់ជម្រើសជាតិរបស់ម្ចាស់ផ្ទះរុស្ស៊ី រកបាន៣ពិន្ទុដំបូង​ ក្នុងព្រឹត្តិការណ៍​ FIFA World Cup 2018 ក្រោយយកឈ្នះអារ៉ាប៊ីសាអូឌីត ៥-០​ ​ ដោយមានអ្នកទស្សនាផ្ទាល់​ ៧៨០១១នាក់ នៅពហុកីឡដ្ឋានក្រុងមូស្គូ ។

នេះជាការប្រកួតដំបូងនៅ FIFA World Cup 2018 ក្នុងចំណោម ៦៤ប្រកួត ដែលនឹងធ្វើឡើងនៅ ១២កីឡដ្ឋាន ស្ថិតក្នុង១១ទីក្រុង ទូទាំងប្រទេសរុស្ស៊ី ដែលចំណាយអស់ទឹកប្រាក់ប្រមាណ ៦៧៨លានដុល្លារ ក្នុងការទទួលបាន​សិទ្ធិធ្វើម្ចាស់ផ្ទះ World Cup លើកទីមួយនេះ។

ការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋាន​ Luzhniki ស្ថិតក្នុងទីក្រុងម៉ូស្គូ កីឡាករ​ Yuri Gazinskiy រកបានគ្រាប់ទី១​ នៅនាទីទី១២​ មុនពេលមិត្តរួមក្រុម​ Cheryshev រកបានគ្រាប់ទី២​ នៅនាទីទី៤៣​ ចុងវគ្គទី១ និងគ្រាប់ទី៣ ដោយកីឡាករ Artem Dzyuba នៅនាទីទី៧១ និងគ្រាប់ទី៤​ នៅនាទីទី៩០+១​ និងគ្រាប់ទី៥​ នៅនាទីទី៩០+៤៣ពិន្ទុនេះដែរបានជួយឲ្យរុស្ស៊ីឡើងទៅឈរនៅ កំពូលតារាងនៃពូល A បណ្តោះអាសន្ន មុនពេលអ៊ុយរូហ្គាយប៉ះ អេហ្ស៊ីប នៅម៉ោង៧យប់នេះ​ (ម៉ោងនៅកម្ពុជា​) ប្រចាំពូល​ A ដូចគ្នា។៕ សោភ័ណ

 

 

ដោយ គ្រួ ធំ ថ្ងៃទី 15 June, 2018 ម៉ោង 08:38 AM

ក្រុមមន្ត្រីជួយសង្គ្រោះបាននិយាយថា មនុស្សយ៉ាងតិច១៨នាក់បានស្លាប់កាលពីថ្ងៃទី១៥ ខែឧសភា បន្ទាប់ពីហេតុការណ៍បាក់រលំស្ពានអាកាស​សង្កត់លើរថយន្តដឹកអ្នកដំណើរ ក៏ដូចការធ្វើដំណើរតាមមធ្យោបាយដទៃទៀតនៅតំបន់ភាគខាងជើង​ប្រទេសឥណ្ឌា ។

ក្រុមជួយសង្គ្រោះបានសម្រុកទៅកាន់ទីក្រុង Varanasi ដែលមានហេតុការណ៍បាក់ស្ពានអាកាសនេះ ហើយមិនដឹងថា តើមានជនរងគ្រោះប៉ុន្មាននៅសង្កត់ពីក្រោមគំនរបាក់បែកនៃថ្មបេតុងនោះទេ ។ នេះជាហេតុការណ៍ថ្នាក់ថ្មីបំផុតបណ្តាលឲ្យស្លាប់មនុស្សនៅប្រទេសនេះ ។

មន្ត្រីគ្រប់គ្រងមហន្តរាយឥណ្ឌាបានប្រាប់AFPថា រហូតមកដល់ពេលនេះ​ក្រុមជួយសង្គ្រោះបានរកឃើញសាកសពជនរងគ្រោះ១៨នាក់ ។ សកម្មភាពជួយសង្គ្រោះនៅបន្តធ្វើឡើង ។

សាក្សីនិយាយថា ផ្នែកខ្លះនៃស្ពានអាកាសដែលកំពុងស្ថាបនា​បានបាក់រលំមកលើផ្លូវ សង្កាត់រថយន្តទាំងឡាយដែលកំពុងចរាចរណ៍ ។ ភ្លាមៗនោះគេឃើញឡានយ៉ាងតិច៤គ្រឿងត្រូវស៊ីម៉ង់ត៍សង្កត់ពីលើ ។

ការអនុវត្តតាមច្បាប់ទម្លាប់ដើម្បីសុវត្ថិភាពនៅក្នុងប្រទេសឥណ្ឌាភាគច្រើនមានការរំលោភបំពាន ។ សម្ភារប្រើប្រាស់ដើម្បីសាងសង់ជាញឹកញាប់​ត្រូវរកឃើញថា ពុំមានគ្រប់លក្ខណៈស្តង់ដា ។

ឆ្នាំ២០១៦ មនុស្សយ៉ាងតិច២៦នាក់បានស្លាប់នៅភាគខាងកើតទីក្រុង Kolkata ក្រោយសំណង់ស្ពានអាកាសប្រវែង១០០ម៉ែត្របាក់ធ្លាក់មកលើផ្លូវ ៕

ដោយ គ្រួ ធំ ថ្ងៃទី 16 May, 2018 ម៉ោង 10:11 AM

យ៉ាងតិច៩នាក់បានស្លាប់ និង៤០នាក់ផ្សេងទៀតភាគច្រើន ស្រ្តីនិងកុមារបានរងរបួសនៅក្នុងពេលរត់ជាន់គ្នាដណ្តើមអាហារនៅបង់ក្លាដែស។

ស៊ីនហួបានផ្សាយថា មនុស្ស៩នាក់បានស្លាប់ កាលពីថ្ងៃចន្ទ ដោយសារការរត់ជាន់គ្នា ស្ថិតនៅក្នុងស្រុក Chattagram ប្រទេសបង់ក្លាដេស ចម្ងាយ២៤២គីឡូម៉ែត្រភាគអាគ្នេយ៍ រដ្ឋធានី ដាកា ។

ប៉ូលិសថា ហេតុការណ៍កើតឡើង ខណៈមនុស្សច្រើននាក់ផ្ដុំគ្នាខាងក្រៅផ្ទះអ្នកបរិច្ចាគទាន នាពេលព្រឹកថ្ងៃចន្ទ ទទួលអាហារប្រពៃណី សម្រាប់ពិធីអាហារស្រាយបួស (Iftar) អំឡុងខែនៃពិធីបុណ្យ រ៉ាម៉ាដន ។

មន្ត្រីសុំមិនបញ្ចេញឈ្មោះនិយាយថា ស្ត្រី៩នាក់ស្លាប់ ដោយសារការរត់ជាន់គ្នាខាងលើនេះ និងប្រហែល៤០ នាក់ទៀត ភាគច្រើន ស្ត្រីនិងកុមារ រងរបួស ។

តាំងព្រលឹមថ្ងៃចន្ទ មនុស្សរាប់ពាន់នាក់ ភាគច្រើនស្ត្រី ផ្តុំគ្នាជិតផ្ទះអ្នកជំនួញម្នាក់ ដើម្បីទទួលបានរបស់របរ សម្រាប់ពិធីស្រាយបួស Iftar ។

សាក្សីនិងប៉ូលិសនិយាយថា រត់ជាន់គ្នាបង្កឡើងដោយសារមនុស្សច្រើនគ្នារុញច្រានទៅវិញទៅមក ដើម្បីទទួលបានអាហារស្រាយបួសនោះ ៕

ដោយ គ្រួ ធំ ថ្ងៃទី 14 May, 2018 ម៉ោង 06:13 PM

 

 

ភ្នំពេញ ៖ បុរស២នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវរថយន្ត មួយគ្រឿងម៉ាក FORD RANGER វ៉ារថយន្តកុងតឺន័រ មិនប្រយ័ត្នជ្រុលទៅបុកម៉ូតូស្មាស់វីពេញទំហឹង។ហេតុការណ៍​នេះ​បង្កអោយមា​នការ​នៅវេលាម៉ោង ៩និង០០នាទីយប់ថ្ងៃទី ២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​នៅ​តាមបណ្តោលផ្លូវជាតិ៤ នៅចំណុចមុខបុរី លឹម ឈាងហាក់ អូរដឹម ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តបង្ករម៉ាក FORD RANGER ពណ៌​សពាក់
ស្លាកលេខ ភ្នំពេញ2AS-8789​អ្នក​បើកបរ​មិន​ត្រូវ​បានស្គាល់​អត្តសញ្ញាណ​នោះ​ទេ​។ចំណែកម៉ូតូរងគ្រោះម៉ាក ស៊ុយស៊ីគីស្មាស់វីពណ៌ខ្មៅពាក់ស្លាកលេខ ព្រៃវែង 1F-0772 ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូរងគ្រោះជិះតាមបណ្តោយផ្លូវជាតិ៤ ក្នុងទិសដៅពីលិចទៅកើត​មានគ្នា​២នាក់។ចំណែករថយន្តបង្ក​ធ្វើ​ដំណើរ​តាមបណ្តោយផ្លូវជាតិ៤ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុ រថយន្តបង្កបានបន្ថែមល្បឿនវ៉ារថយន្តកុងតឺន័រមួយគ្រឿងនៅខាងមុខ ទើបជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឲ្យ​ប៊ើងមនុស្សនិងម៉ូតូយ៉ាងខ្លាំង ធ្វើអោយជនរងគ្រោះទាំង២នាក់ បាក់ជើងខាងឆ្វេង ទាំង២នាក់យ៉ាងធ្ងន់ធ្ងរជាច្រើនកំណាត់ រីឯរថយន្តបង្កបែកកង់មុខឆ្វេង ទៅមុខលែងរួច ត្រូវបានប្រជាពលរដ្ឋ​ឃាត់នឹងប្រគល់អោយសមត្ថកិច្ច។​

ក្រោយកើតហេតុជនរងគ្រោះត្រូវ រថយន្តក្លីនិកសុធារិទ្ធ បែកចានដឹកទៅម្នាក់ និងម្នាក់ទៀតរថយន្តក្លីនិករស្មីដឹកទៅសង្គ្រោះ​ តែដោយធ្ងន់ធ្ងរពេក ដឹកទៅសង្គ្រោះបន្តនៅមន្ទីរពេទព្រះកុះសុមៈ ចំណែកអ្នកបើក ព្រមទាំងរថយន្តម៉ូតូជន​រងគ្រោះ ត្រូវបាននគរបាលជំនាញចរាចរណ៍ខណ្ឌ ប្រគល់អោយជំនាញចរាចរណ៍ ក្រុងវាស់វែង យករថយន្តទៅកាន់ការិយាល័យចរាចរណ៍ជើងគោក ដើម្បីរងចាំការដោះស្រាយបន្តតាមក្រោយ៕សារ៉េត​

 

 

 

ដោយ Admin ថ្ងៃទី 30 November, 2017 ម៉ោង 09:18 AM

ភ្នំពេញ៖ តាមសេចក្តីជូនដំណឹងមួយបស់ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧បានឲ្យដឹងថា  ក្រសួងវប្បធម៌ និង ស.ស.យ.ក នឹងចេញ​ទៅដង្ហែឈុតគ្រឿងអលង្ការសម្រាប់លម្អរូបចម្លាក់សម័យអង្គរ ដែលទាមទារបានពីប្រទេស​អង់គ្លេសត្រឡប់មកកម្ពុជាវិញ ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា​បានប្រឹងប្រែងទាមទារចម្លាក់និងគ្រឿងអលង្ការទាំងនោះបានមកវិញ។

សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងថ្នាក់ដឹកនាំរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា និងដឹកនាំគណៈប្រតិភូឆ្ពោះទៅ កាន់ប្រ​ទេសអង់គ្លេស ដើម្បីដង្ហែត្រឡប់មកវិញ នូវឈុតគ្រឿងអលង្ការទាំងនោះនៅពេល​ឆាប់ៗខាងមុខនេះ ។(ស.ស.យ.ក) ក៏បានអំពាវនាវឲ្យសាធារណជន យុវជន យុវនារី ទាំងអស់មេត្តាចូលរួមសហការតាមរយៈការផ្សព្វផ្សាយដំណើរការដង្ហែត្រឡប់មកវិញនូវ ឈុតគ្រឿងអលង្ការ សម្រាប់លម្អលើរូបចម្លាក់សម័យអង្គរ ឲ្យកាន់តែទូលំទូលាយ ដើម្បីបង្ហាញអំពីការចូលរួមរបស់យុវជន ក្នុងការថែរក្សា និងលើកតម្លៃសម្បត្តិ  បេតិកភណ្ឌវប្បធម៌ជាតិ ដែលកំពុងវិលត្រឡប់មកមាតុប្រទេសវិញ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈឲ្យដឹងថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់ពីទទួលបានព័ត៌មានថាមាន ការដាក់លក់វត្ថុបុរាណរបស់កម្ពុជា នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសនោះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់សំណើសុំទាមទារត្រឡប់មកវិញ នូវគ្រឿងវត្ថុបុរាណដ៏កម្រទាំងនោះមកវិញ ហើយភ្នាក់ងារលក់វត្ថុបុរាណ ដែលមានទីតាំងនៅប្រទេសអង់គ្លេសកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ក៏ បានស្ម័គ្រចិត្តប្រគល់គ្រឿងអលង្ការមាស សម្រាប់លម្អលើរូបចម្លាក់សម័យអង្គរទាំងនោះ ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាវិញដែរ ៕

ដោយ គ្រួ ធំ ថ្ងៃទី 21 November, 2017 ម៉ោង 03:25 PM

ភ្នំពេញ៖ ប្រទេសប្រេស៊ីល ជាអ្នកគ្រងមកុដកញ្ញាឯកលំដាប់ពិភពលោក «Miss Global Internatoinal 2017» ដែលបានប្រព្រឹត្តទៅ នាយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលមហោស្រពកោះពេជ្រ ដែលកម្ពុជាបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះ បានរកឃើញអ្នកទទួលបានជយលាភីហើយ គឺបានទៅលើកញ្ញាឯកមកពីបន្ទាប់ពីគណៈកម្មការ បានដាក់ពិន្ទុទៅលើបេក្ខនារីនីមួយៗយ៉ាងយកចិត្តទុកដាក់បំផុតរួចមក។

ក្នុងឱកាសនៃពីធីបើកការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ គេបានឃើញវត្តមានជាអធិបតីពីសំណាក់លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួម ក្នុងនោះក៏មានវត្តមានលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ខៀវ កាញ៉ារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក លោកស្រីជាថ្នាក់ដឹកនាំជាច្រើននាក់ទៀត។

បន្ទាប់ពីកម្មវិធីបានដំណើរការទៅ អស់រយៈពេលជាច្រើនម៉ោង គណៈកម្មការបានរកឃើញបេក្ខនារីឆ្នើម ដើម្បីគ្រងមកុដ (Miss Global 2017) ប្រចាំឆ្នាំ២០១៧ នេះ។ ក្នុងនោះកញ្ញាឯកដែលមានវាសនាខ្ពស់ បានគ្រងតំណែងនេះ គឺបានទៅលើកញ្ញាឯកមកពីប្រទេសប្រេស៊ីល ខណៈលេខ២ បានទៅលើកញ្ញាឯកមកពីប្រទេសប៉ាណាម៉ា, លេខ៣ បានទៅលើកញ្ញាឯកមកពីប្រទេស អាល្លឺម៉ង់, លេខ៤ បានទៅលើកញ្ញាឯកមកពីប្រទេសសូម៉ាលីយ៉ា និងលេខ៥ បានទៅលើកញ្ញាឯកមកពីប្រទេសចិន ៕ ប្រសើរ

 

ដោយ គ្រួ ធំ ថ្ងៃទី 18 November, 2017 ម៉ោង 09:43 AM

 កម្មវិធីលំដាប់ថ្នាក់ពិភពលោក Miss Global 2017 មានបវរកញ្ញាចំនួន ៦០រូប តំណាងអោយ៦០ប្រទេសផ្សេងៗគ្នា មកប្រកួតទៅតាមវិញ្ញាសារផ្សេងៗ ហើយកម្មវិធីប្រកួតផ្តាច់ព្រ័ត្រគឺប្រព្រឹត្តនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមជ្ឈមណ្ដលកោះពេជ្រ ៕ សោភ័ណ

ដោយ គ្រួ ធំ ថ្ងៃទី 11 November, 2017 ម៉ោង 10:06 AM

ភ្នំពេញ៖លោក សូម៉ៃ សុខគា អគ្គលេខាធិការរងសហព័ន្ធកីឡាប៉េតង់កម្ពុជា បានឲ្យដឹងពីប្រទេសចិនថា បន្ទាប់ពីវីរកីឡាការិនី កែ ឡេង ដណ្ដើមបានមេដាយមាសពិភពលោកលើកទី៣ កាលពីយប់មិញ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ ក្រុមកីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា នឹងឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពោលគឺបានកក់មេដាយសំរឹទ្ធក្នុងដៃទៀតហើយ ក្រោយយកឈ្នះក្រុមកីឡាការិនីជប៉ុន លើវិញ្ញាសាវាយជាក្រុម ៣នាក់ ទល់នឹង ៣នាក់ នោះ ។

ក្រោយកម្ពុជាត្រៀមទទួលមសដាយសំរឹទ្ធក្នុងដៃ ក្រុមកីឡាការិនីកម្ពុជា រួមមានវីរកីឡការិនី កែ ឡេង, អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា និង ស្រ៊ាង សុរ៉ាឃីម(បម្រុងម្នាក់) នឹងធ្វើការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅរសៀលថ្ងៃសៅរ៍នេះ ដើម្បីឈានទៅដណ្តើមមេដាយមាស នៅវគ្គផ្ដាច់ព្រ័ត្រ ហើយគេសង្ឃឹមថា កម្ពុជានឹងទទួលបានជោគជ័យមិនខាន ៕ សោភ័ណ

ដោយ គ្រួ ធំ ថ្ងៃទី 11 November, 2017 ម៉ោង 09:21 AM

​ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា បានប្រកាសចេញថ្លៃចំណាយពិធីបុណ្យ៧ថ្ងៃ របស់សពតារាចម្រៀងសាន ស្រីឡៃដែលរៀបចំធ្វើនៅវត្តទួលទំពូងនាថ្ងៃទី២១ខែតុលានេះ។

​ក្រោយពិធីបុណ្យសពរួចរាល់ចប់សប់គ្រប់តំណាងផលិតកម្មហង្សមាសបានប្រកាសពីខ្ទង់ថវិកាសរុបអស់ចំនួនជាង ៥ ០០០ ដុល្លារអាមេរិក ដែលខ្ទង់ចំណាយនេះគឺខាងផលិតកម្មរស្មីហង្សមាសជាអ្នកធានារ៉ាប់រងចេញ ទាំងស្រុង ដោយមិនមានពាក់ព័ន្ធជាមួយបច្ច័យចូលបុណ្យសពរបស់តារាចម្រៀង សាន ស្រីឡៃ ឡើយ ។ចំពោះបច្ច័យទទួលបានពីសប្បុរសជនដែលចូលរួមបុណ្យសពតារាចម្រៀង សាន ស្រីឡៃ នោះគឺមានចំនួនប្រាក់ដុល្លារ ៣៤៣១ ដុល្លារអាមេរិក និង ប្រាក់រៀលចំនួន ៥ ៨០០ ០០០ រៀល ដែលប្រាក់ចំណូលជាបច្ច័យនេះដែរក៏ត្រូវបានផលិតកម្មហង្សមាសប្រគល់ ជូនទៅគ្រួសារសពទាំងអស់ ដើម្បីទុកដោះស្រាយក្នុងជីវភាពគ្រួសារតទៅមុខទៀត ។ ដោយក្តីអាណិតអាសូកូនប្រុសទាំងពីររបស់តារាចម្រៀងសាន ស្រីឡៃ ក៏ទទួលបានអាហារូបករណ៍ពី លោកនាយកសាលាអន្តរជាតិអាមេរិកកាំងប្រ៊ីដ ដោយបានសិក្សាដល់ថ្នាក់ទី១២ ដោយមិនគិតថ្លៃផងដែរ។
អ្នកនាងពេជ្រ សោភា បានប្រាប់ ថា “កម្មវិធីបុណ្យគម្រប់ខួប៧ថ្ងៃ មិនបានអញ្ជើញភ្ញៀវច្រើនទេគឺត្រឹមតែ១០តុទេ។ នាងថាដើមឡើយនាងចង់ចំណាយតែម្នាក់ឯង ប៉ុន្តែដោយចង់ឲ្យម្តាយនិងសាច់ញាតិអ្នកនាងសាន ស្រីឡៃមានចំណែកក្នុងការជួយឧទ្ទិសកុសល្យផលបុណ្យទៅឲ្យដល់កូនស្រីទើបនាង បានឲ្យពួកគាត់ចំណាយលើការប្រគេនព្រះសង្ឃក្នុងកម្មវិធីបុណ្យ ដើម្បីជាចំណែករបស់សាច់ញាតិ​ឧទ្ទិស​ជូនដល់ស្រីឡៃ ផងដែរ។ នាងបានជ្រើសរើសវត្តទួលទំពូងព្រោះតែវត្តនៅក្នុងក្រុងងាយនឹងមិត្តិភ័ក្កិងាយស្រួលចេញចូលផងដែរ៕វុទ្ធី

ដោយ គ្រួ ធំ ថ្ងៃទី 21 October, 2017 ម៉ោង 03:21 PM

ភ្នំពេញ៖ « ប៊ី សុធា​រី បវរកញ្ញា​ចក្រវាល​ក​ម្ពុ​ជា​នឹង​ចូលទៅ​កាន់​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​សំភាសន៍​សុំ​ទិដ្ឋាការ វិ​សារ ដើម្បី ចូលរួម​ប្រកួត​បវរកញ្ញា​ចក្រវាល Miss Universe ដែល​ប្រារព្ធ​ឡើង នៅ​ខែវិច្ឆិកា ខាងមុខនៅសហរដ្ឋអាមេរិកដែលការធ្វើសម្ភាសន៍ប្រព្រឹត្ត​នាថ្ងៃ១៨តុលាម្សិលមិញនេះ។

ជាការ​ពិតណាស់​កញ្ញា ប៊ី សុធា​រី មិន​ត្រឹម​តែមាន​សម្រស់​ស្អាត​នោះទេ កញ្ញា សមត្ថភាព​របស់​កញ្ញា​វិញ ពិតជា​មិនធម្មតា អាច​បត់បែន​គ្រប់​កាលៈទេស លើសពីនេះ​កញ្ញា​គឺជា​អ្នកលេង​បាល់ទះ ដ៏​ល្អ​ម្នាក់ តែបើ​និយាយ​ពី​ចំណេះដឹង​វិញ កញ្ញា​អាច​និយាយ​ភាសា​ភាសា​អង់គ្លេស បាន​យ៉ាង​ស្ទាត់ជំនាញ និងមានទេពកោសល្យផ្សេងៗទៀតជាច្រើន ទៀតផង។

សូមប្រិយមិត្តចូលរួម​ផ្តល់​កម្លាំងចិត្ត​ដល់ក​ញ្ញា ប៊ី សុធារី  ផង ៕ ប្រសើរ

 

ដោយ គ្រួ ធំ ថ្ងៃទី 19 October, 2017 ម៉ោង 09:05 AM


ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញរបាយការណ៍របស់ខ្លួនឲ្យដឹងថា ក្នុងឱបុណ្យភ្ជុំបិណ្ឌ​សម្រាប់ឆ្នាំ២០១៧នេះ មានភ្ញៀវ ទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋខ្មែរជាង ១,០៥០,០០០នាក់ទៅកម្សាន្តនៅរមណីយដ្ឋាននានាទូទាំងប្រទេស។ តាមតួលេខនេះបញ្ជាក់ថាមានការ កើនឡើងប្រមាណ ១៥.៧០% ធៀបនឹងឆ្នាំ២០១៦ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន ១,០១០,០០០នាក់ កើនឡើងប្រមាណ ១៥.៣០% និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤០,០០០នាក់ កើនឡើងប្រមាណ ៦.២០%។

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ចំនួនអ្នកទេសចរជាក់ស្តែងអាចច្រើនជាងនេះទៅទៀត ពីព្រោះមានបងប្អូនប្រជាពលរដ្ឋនៅតាមតំបន់រមណីយដ្ឋាននោះក៏បានទៅកម្សាន្តផងដែរ។ តំបន់រមណីយដ្ឋានដែលមានសក្តានុពលទេសចរណ៍ហើយបងប្អូនប្រជាពលរដ្ឋទៅលេងនោះមានដូចជាសមុទ្រ បឹង ស្ទឹង ប្រឡាយ ទំនប់ និងរមណីយដ្ឋានកែច្នៃខ្នាតតូចនានា ក្នុងនោះ ខេត្តគោលដៅទេសចរណ៍សំខាន់ៗ ហើយទទួលបានចំនួនភ្ញៀវទេសចរច្រើននោះរួមមាន៖
– ខេត្តសៀមរាប ៖ ភ្ញៀវសរុបចំនួន ១៤៣,៦៩៣នាក់ កើនឡើង ៤.៨១% ក្នុងនោះ ភ្ញៀវជាតិចំនួន ១២៦,០០០នាក់ កើនឡើង ៥% ភ្ញៀវអន្តរជាតិចំនួន ១៧,៦៩៣នាក់ កើនឡើង ៣.៥២%។
– ខេត្តព្រះសីហនុ៖ ភ្ញៀវសរុបចំនួន ៩២,០០០នាក់ កើនឡើង ១៥.២២% ក្នុងនោះ ភ្ញៀវជាតិចំនួន ៨៧,៤០០នាក់ កើនឡើង ១៣.៧០% ភ្ញៀវអន្តរជាតិចំនួន ៤,៦០០នាក់ កើនឡើង ២%។
– ខេត្តបាត់ដំបង៖ ភ្ញៀវសរុបចំនួន ៧៩,០៧៥នាក់ កើនឡើង ៨៩.១៩% ក្នុងនោះ ភ្ញៀវជាតិចំនួន ៧៨,៨៣៦នាក់ កើនឡើង ៨៩.៦៥% ភ្ញៀវអន្តរជាតិចំនួន ២៣៩នាក់ កើនឡើង ៥.២៩%។
– ខេត្តកំពត៖ ភ្ញៀវសរុបចំនួន ៧៤,១៥៩នាក់ កើនឡើង ៥.២១% ក្នុងនោះ ភ្ញៀវជាតិចំនួន ៧៥,៩៥៧នាក់ កើនឡើង ៥.៧០% ភ្ញៀវអន្តរជាតិចំនួន ១,២០២នាក់ កើនឡើង ១៦.៤២%។
– ខេត្តបន្ទាយមានជ័យ៖ ភ្ញៀវសរុបចំនួន ៧៧,០៧៨នាក់ កើនឡើង ១០៦.២០% ក្នុងនោះ ភ្ញៀវជាតិចំនួន ៧៧,០៦៨នាក់ កើនឡើង ១០៦.២១% ភ្ញៀវអន្តរជាតិចំនួន ១០នាក់ កើនឡើង ៦៦.៦៦%។
– ខេត្តកំពង់ធំ៖ ភ្ញៀវសរុបចំនួន ៤៣,៧៥៣នាក់ កើនឡើង ១១៣.៥៦% ក្នុងនោះ ភ្ញៀវជាតិចំនួន ៤៣,៦៤៧នាក់ កើនឡើង ១១៤.០៧% ភ្ញៀវអន្តរជាតិចំនួន ១០៦នាក់ កើនឡើង ៨.១៦%។
– ខេត្តរតនគិរី៖ ភ្ញៀវសរុបចំនួន ១៥,៨០៥នាក់ កើនឡើង ១១២.១០% ក្នុងនោះ ភ្ញៀវជាតិចំនួន ១៥,៥៣៣នាក់ កើនឡើង ១១៤.៧០% ភ្ញៀវអន្តរជាតិចំនួន ២៧២នាក់ កើនឡើង ២៧.១០%។
– ខេត្តក្រចេះ៖ ភ្ញៀវសរុបចំនួន ១០,៩៧០នាក់ កើនឡើង ២៨.០៦% ក្នុងនោះ ភ្ញៀវជាតិចំនួន ១០,៥០៧នាក់ កើនឡើង ២៩.០៧% ភ្ញៀវអន្តរជាតិចំនួន ៤៦៣នាក់ កើនឡើង ៨.៦៨%។

ក្នុងរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត បានបង្ហាញការកត់សម្គាល់របស់ខ្លួនថា ការរៀបចំតបំន់រមណីយដ្ឋាន និងគោលដៅទេសចរណ៍មានការរីកចម្រើនកាន់តែប្រសើរ ដោយក្នុងនោះ៖
– ផ្លូវចូលទៅកាន់រមណីយដ្ឋានទេសចរណ៍ភាគច្រើនត្រូវបានស្ថាបនាជួសជុល និងកែលំអ
– អាចទប់ស្កាត់ការតម្លើងថ្លៃហួសហេតុលើម្ហូបអាហារ និងសេវាកម្មទេសចរណ៍ ដោយមានការបិតតម្លៃជម្រាបជូនភ្ញៀវជាមុនបានត្រឹមត្រូវ (ក្រុមការងារសង្កេតឃើញថាពុំមានការផ្សាយព័ត៌មាននៅលើ Facebook ពីការតម្លើងថ្លៃហួសហេតុដូចឆ្នាំកន្លងទៅទេ។

– បញ្ហាបរិស្ថានអនាម័យ ល្អប្រសើរជាងមុន ដោយភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមានការយល់ដឹង និងភ្ញាក់រលឹក និងដោយមានការចុះអប់រំណែនាំ ពីមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ

– បញ្ញាសន្តិសុខសុវត្ថិភាពក៏មានភាពល្អប្រសើរ ដោយមន្ទីរទេសចរណ៍បានសហការណ៍យ៉ាងជិតស្និតជាមួយកំលាំងមានសមត្ថកិច្ច ចាត់តាំងក្រុមការងារប្រចាំការនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងមានការលើកស្លាកសញ្ញាគ្រោះថ្នាក់ នៅតាមតំបន់ដែលងាយរងគ្រោះ។

មានការកត់សម្គាល់មួយទៀតថា កត្តាដែលនាំឲ្យប្រជាពលរដ្ឋខ្មែរទៅលេងកម្សាន្តតំបន់រមណីយដ្ឋានទេសចរណ៍នានាកើតឡើងជាងបណ្តាឆ្នាំកន្លងទៅនេះ ដោយសារតែកត្តាសន្តិសុខ និងសុខសន្តិភាពរបស់ ប្រទេសជាតិ ដែលជាអំណោយផលសម្រាប់ប្រជាពលរដ្ឋដើរលេងកម្សាន្ត ដោយមិនមានការព្រួយបារម្ភ ឬខ្លាចរអាពីសុវត្ថិភាពជាពិសេសមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ផ្លូវ និងស្ពានមានកាន់តែច្រើនជួយសម្រួលដល់ការធ្វើដំណើរ, ប្រជាពល មានជីវភាពល្អប្រសើរ ដែលមានប្រាក់កាសសម្រាប់ចំណាយក្នុងការដើរលេងកម្សាន្ត ៕ប្រសើរ

ដោយ គ្រួ ធំ ថ្ងៃទី 22 September, 2017 ម៉ោង 09:46 AM

 ភ្នំពេញៈកាលពីរវេលាម៉ោង ១១ ព្រឹកថ្ងៃទី២៩ខែឧសភានេះ​ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​​ទាំង ​២៥ ​នាក់​ មានកីឡាករវ័យក្មេងច្រើន និងកីឡាករដែលបាត់មុខពីរជម្រើសជាតិយូក៏ត្រូវបានគ្រូ​បង្វឹក Leonardo បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​ឡើង​វិញ មានដូចជា៖ នួន បូរី និង កែវ សុខង៉ន ខណ:ដែលកីឡាករវ័យចំណាស់មួយចំនួនបានត្រលប់មកវិញដែរ៕

កីឡាករដែលមានក្នុងបញ្ជី​ឈ្មោះ​ទាំង​ ២៥​ នាក់មាន៖

អ្នកចាំទី៖

ស៊ូ យ៉ាទី​ (​បឹងកេត​)
ហ៊ុល គីមហ៊ុយ ​(សាលាបាល់ទាត់​ជាតិ​បាទី)​
អ៊ុំ សេរីរ័ត្ន​ (ក្រសួង​ការពារ​ជាតិ​)
អោម ឧត្តម​ (​ព្រះ​ខ័នរាជ​ស្វាយរៀង)

ខ្សែការពារ៖

ឆុំ ពិសា​ ​(ភ្នំពេញ​ក្រោន​)
ណុប តុលា​ (ព្រះខ័នរាជ​ស្វាយរៀង​)
សឿយ វិសាល​ (​ព្រះខ័នរាជ​ស្វាយរៀង​)
នេន សុធារ័ត្ន​ (​ព្រះខ័នរាជ​ស្វាយរៀង)​
សឿត បារាំង​ ​(ភ្នំពេញ​ក្រោន​)
រស់ សំអឿន​ (បឹងកេត​)
ឈិន ឈឿន​ (​ក្រសួង​ការពារ​ជាតិ)
ធារី ចន្ថាប៊ីន​  (Krabi FC) ប្រទេស​ថៃ​

ខ្សែបម្រើ៖

ទិត្យ ឌីណា​ (​ប៉ូលិស)​
ប្រាក់ មុន្នីឧត្តម​ (ព្រះ​ខ័នរាជ​ស្វាយរៀង)​
ច្រឹង ពលរដ្ឋ​ (​ក្រសួង​ការពារ​ជាតិ)​
ហួយ ផល្លីន​ (​ព្រះ​ខ័នរាជ​ស្វាយរៀង)​
ប្រាក់​ ធីវ៉ា (​ភ្នំពេញ​ក្រោន​)
អ៊ិន សុដាវិត​ (​ភ្នំពេញ​ក្រោន)​
ស៊ុន វ៉ាន់​ដេត (​ពីប៉ូលិស​​)

ខ្សែប្រយុទ្ធ៖

កែវ សុផេង​ (​ភ្នំពេញ​ក្រោន)​
កែវ សុខង៉ន​ (​ភ្នំពេញ​ក្រោន)​
ឃួន ឡាបូរ៉ាវី​ (​​បឹងកេត​​)
ចាន់ វឌ្ឍនាកា​ (Fujieda MYFC) ប្រទេស​ជប៉ុន​
នួន បូរី​ (​ប៉ូលិស​)
សារី ម៉ាត់ណូរ៉ូទីន​ (ណាហ្គាវើល)​៕ ប្រសើរ

ដោយ គ្រួ ធំ ថ្ងៃទី 29 May, 2017 ម៉ោង 03:07 PM

ភ្នំពេញៈនាយគ្រឿនតារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអិនត្រូវបានបណ្ដាញសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយត្រូវគេវាយ និងខ្លះថាត្រូវគេកាប់រយះចិញ្ចើមដេរ៨ថ្នេរ​កាលពី​កាលពីល្ងាច​ថ្ងៃទី១៦ ឧសភាឆ្នាំ២០១៧ម្សិលមិញនេះ។ប៉ុន្តែព័ត៌មាន នេះត្រូវបានលោក​ពែរមីជាបងប្រុសបង្កើតរបស់លោកបដិសេធនិងមិនអាចទទួលយក បានឡើយ ។ នាយពែរមីនិយាយថានាយគ្រឿនរបួសដោយសារតែតបាល់ហើយទង្គិចក្បាលអ្នកលេងដូចគ្នាបណ្ដាលឲ្យបែករយះដល់កម្រិតដូចគេវះត្រូវគ្រូពេទ្យដេរ៨ថ្នេរ។ ដោយក្រៅពីត្រូវខូចមុខត្រង់កន្លែងមានរបួស ក៏ត្រូវបាត់លុយមិនតិចជាង៥ពាន់ដុល្លារផងដែរ ដោយសារតែការលេងបាល់ហើយគ្រោះថ្នាក់ នោះ។

ហេតុផលដែលលោកថាប្អូនលោកបាត់លុយមិនក្រោម៥ពាន់ដុល្លារគឺដោយសារតែនាយគ្រឿនត្រូវថតកុនដាក់រឿងរោងឲ្យគេប្រមាណពេញមួយខែទៀតឯណោះ ប៉ុន្តែពេលនេះបែរជាមានរបួសដែលលោកប្រាប់ថាមិនអាចទទួលថតបាន។ លោកថាកុងត្រារបស់នាយគ្រឿនគឺថតមួយថ្ងៃ៥០០ដុល្លារ ដោយការមានរបួសដែលបានកើតឡើងគឺមិនអាចទៅថតបាននោះទេ ក្នុងពេលដែលមុខរបួសត្រូវចំលើចិញ្ចើមដែលបណ្ដាលឲ្យប្អូនលោកកោរអស់ចិញ្ចឹមមួយចំហៀង ដែលមិនខុសពីបាត់មួយថ្ងៃ៥០០ដុល្លារពីការថតកុន។ នាយគ្រឿននឹងមិនប៉ះពាល់ទេសម្រាប់ការថតពិធីករ និងកំប្លែងតែសម្រាប់ថតកុនគឺលោកមិនអាចដោយសារតែប្លង់ក្នុងកុនត្រូវប្រទាក់ក្រឡាគ្នាដែលមិនអាចកាលថតប្លង់មុនអត់មានរបួស ហើយថតប្លង់ក្រោយក៏មានរបួស និងថែមទាំងត្រូវអត់ចិញ្ចើមទៀត។

លោកថានេះជារឿងស៊យកាត់គ្រោះរបស់គេ ដោយសារតែលោកប្រកាសថាគេលេងគ្រប់គ្នាមិនអីមកអីតែនាយគ្រឿន ហើយទៅបែកចំចិញ្ចើមដែលចាំបាច់ត្រូវកោរចោលធ្វើឲ្យខុសប្លង់រឿងដែលបានសម្ដែង។ នាយគ្រឿននឹងត្រូវផ្អាកមិនទទួលថតយ៉ាងហោច១០ថ្ងៃទៅកន្លះខែ ដោយលោកយល់ថាបើទោះជាចង់បន្តថតក៏គ្មានផលិតករណាយក ដោយសារតែខុសប្លង់ចាស់ដែលបានសម្ដែង៕ ប្រសើរ

ដោយ គ្រួ ធំ ថ្ងៃទី 17 May, 2017 ម៉ោង 04:50 PM

ភ្នំពេញៈ សំឡេងភ្លេងការបានបន្លឺឡើងលាន់ឮរងំនាព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០១៧ នៅគេហដ្ឋានស្តុក​មួយក្នុងបុរីប៉េង ហួត សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដែលនោះគឺជាសំឡេងភ្លេងការរបស់ តារាសម្តែង​ផ្នែក​មនោសញ្ចេតនាសម្បូរទឹកភ្នែក កញ្ញា លី ចាន់សីហា ។

កន្លងមកគេធ្លាប់តែឮមហាជនឲ្យរហស្សនាម លី ចាន់សីហា ថាកញ្ញាៗ ឬហៅសមញ្ញថានៅក្រមុំមិនទាន់​រៀបការ តែនៅថ្ងៃទី៥ ខែឧសភា នេះ តារាសម្ដែងសម្បូរទឹកភ្នែករូបនេះ នឹងត្រូវបានគេប្ដូរឈ្មោះ​ថាអ្នកនាង​វិញ​ហើយ ព្រោះនាងត្រូវបញ្ចប់ភាពក្រមុំទាំងស្រុងដើម្បីសាងសុភមង្គលជាមួយស្វាមី​ដែលត្រូវបាន​សំពះផ្ទឹមតាមប្រពៃណីដោយមានភ្ញៀវមកពីជិតឆ្ងាយចូលរួមធ្វើជាសាក្សី និងមានចាស់ទុំកួចចំណងដៃប្រសិទ្ធពរជ័យគូស្វាមីភរិយាទាំងពីររួមរស់ជាមួយគ្នាជារៀងរហូត ។

នៅក្នុងថ្ងៃនេះ គេឃើញកូនក្រមុំ(លី ចាន់សីហា)បានតុបតែងកាយគួរឲ្យគយគន់ ដែលអ្នកណាៗក៏សរសើរពីសម្រស់ស្រស់ស្អាតពីធម្មជាតិរបស់នាង និងចាត់ទុកជាសំណាងរបស់នាងដែលទទួលបានស្វាមីវ័យក្មេង ពោរពេញដោយភាពស្រស់ស្រាយរាក់ទាក់ មានការងាររដ្ឋច្បាស់លាស់ព្រមទាំងមាន ឪពុកក្មេកមានងារជាឯកឧត្តម នៅក្នុងក្រសួងមួយ ដែលមានទ្រព្យសម្បត្តិមិនចាញ់គេឯងឡើយ។

យ៉ាងណាមិញ លី ចាន់សីហានៅតែត្រូវគេមើលឃើញថា នាងមិនមែនជាសិល្បការិនីដែលពឹង​សំណាង​ស្វាមីតាំងមុនរៀបនាងរៀបការនោះទេ ការពិតនាងបានទិញផ្ទះផ្ទាល់ខ្លួន និងបើកហាងមួយ​ទៀត បន្ថែមពីលើសម្អាងការដ៏ជោគជ័យដែលនាងមានស្រាប់ទៀតផង ។ លី ចាន់សីហា ធ្លាប់បាននិយាយប្រាប់មិត្តភ្កតិថាក្រោយរៀបការរួចអ្នកនាងមិនចង់ឲ្យមានពាក្យថានាងទៅផ្អែកខ្នងទ្រព្យសម្បត្តិខាងប្ដីទេ ទើបនាងពន្យារពេលរៀបការមួយឆ្នាំជា២ឆ្នាំ ដើម្បីឲ្យសម្រេចគោលដៅរឿងផ្ទះ និងហាងទី២របស់នាង។ ដូច្នេះហើយទើបតារាសិល្ប:សរសើរថានាង ក្រៅពីក្លាយជានារីបានប្ដី សំបូរទ្រព្យមានឋាន:ល្អប្រសើរនោះ គឺថែមទាំងមានសមត្ថភាពធ្វើអាជីវកម្មយ៉ាងជោគជ័យដោយខ្លួនឯងទៀត ។

លី ចាន់សីហា និយាយថាអាពាហ៍ពិពាហ៍របស់នាងនាថ្ងៃនេះ មានភ្ញៀវចូលរួម១០០តុ ហើយ គម្រោងរៀបចំបដិសណ្ឋារកិច្ចភ្ញៀវត្រូវធ្វើនៅមជ្ឈមណ្ឌលកោះពេជ្រ និងហាងក្នុងភ្នំពេញធំៗឯណោះទេ ប៉ុន្តែមកពីទីតាំងទាំងនោះអត់ទំនេរ ទើបក្រុមគ្រួសាររបស់នាងសម្រេចរៀបចំទទួលភ្ញៀវនៅហាងម៉ូឌែន២ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យវិញ។ នាងថានាងបានចំណាយច្រើនក្នុងការតុបតែងក្នុងពិធីនេះឲ្យមានភាពប្រណីតដោយសារតែនាងយល់ថាមួយជាតិការម្ដង ត្រូវតែការឲ្យធំ និងមិនអាចសន្សំសំចៃលុយបាន។ អ្នកនាងថាក្នុងចំណោមភ្ញៀវចូលរួមចាង១០០០នាក់ នាងបានអញ្ជើញតារាសិល្ប: និងផលិតករ ច្រើនជាង៣០តុឯណោះ ដើម្បីធ្វើយ៉ាងណាឲ្យពិធីនេះស័ក្តិសមនឹងកិត្តិយសរបស់នាង និងស្វាមី៕ វិសាល

ដោយ គ្រួ ធំ ថ្ងៃទី 05 May, 2017 ម៉ោង 10:51 AM

បើទោះបីមេដឹកនាំកំពូលៗរបស់អាមេរិកព្រមានដោយពាក្យសម្តី និងទាំងសកម្មភាពឲ្យឃើញប្រត្យ័ក្រយ៉ាងណាក៏ដោយ ក៏កូរ៉េខាងជើង នៅតែមិនព្រឺរោមសូម្បីតែមួយសរសៃ ហើយថែមទាំងផ្គើនទៅនឹងសកម្មភាពរបស់រដ្ឋបាលប្រធានាធិបតីអាមេរិកក្រោមការដឹកនាំរបស់លោកដូណាល់ ត្រាំ នោះថែមទៀត ។

អាមេរិកបានព្រមានថា កូរ៉េខាងជើងមិនត្រូវបាញ់សាកល្បងអាវុធមីស៊ីល ឬធ្វើសកម្មភាពសាកល្បងលោកប្រធានាធិបតីដូណាល់ ត្រាំ ទៀតនោះទេ ហើយប្រសិនបើនៅតែផ្គើនទៀតនោះ កូរ៉េខាងជើងនឹងភ្លក្សរសជាតិល្វីងជាមិនខាន ដូចដែលធ្លាប់ធ្វើចំពោះយោធាស៊ីរីដែលប្រើអាវុធជីវសាស្ត្រក្នុងការវាយប្រហារ និងការទម្លាក់ មាតានៃគ្រាប់បែកទម្ងន់ជាង៩ពាន់គីឡូក្រាមទៅលើក្រុមរដ្ឋអិស្លាម ដែលលាក់ខ្លួននៅលើទឹកដីអាហ្វនីស្ថានថ្មីៗកន្លងមកនេះអីចឹងដែរ ។

ឆ្លើយតបចំពោះការគំរាមកំហែងរបស់អាមេរិកខាងលើនេះ កូរ៉េខាងជើងកាលពីថ្ងៃទី១៧ ខែមេសា បានប្រកាសថា កូរ៉េខាងជើង នឹងសាកល្បងកាំជ្រួចមីស៊ីលជារៀងរាល់សប្តាហ៍។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសនេះបានប្រកាសថានឹង ធ្វើសង្គ្រាមជាទ្រង់ទ្រាយធំ ប្រសិនបើអាមេរិក មានសកម្មភាពយោធាប្រឆាំងទីក្រុងព្យុងយ៉ាងនោះ ។

លោក Han Song Ryolរដ្ឋលេខាធិការក្រសួងការបរទេសកូរ៉េខាងជើងបានធ្វើបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានថា កូរ៉េខាងជើង នឹងបន្ត សាកល្បងកាំជ្រួចមីស៊ីលរបស់ខ្លួនជារៀងរាល់សប្តាហ៍ ។ ជាមួយគ្នានេះដែរ លោក Han Song Ryolក៏បានព្រមានពីសង្គ្រាមទ្រង់ទ្រាយធំ អាចផ្ទុះឡើង ។ លោកបញ្ជាក់ថា «យើងនឹងសាកល្បងមីស៊ីល ជាច្រើនទៀត រាល់សប្តាហ៍ រាល់ខែ និងរាល់ឆ្នាំ ។ រាល់ពេលដែលអាមេរិកមានសកម្មភាពយោធាណាមួយប្រឆាំងកូរ៉េខាងជើង នោះ អាចជាការចាប់ផ្តើមនៃសង្គ្រាមទ្រង់ទ្រាយធំ» ។

អនុប្រធានាធិបតី អាមេរិក លោក Mike Pence ដែលធ្វើដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង បានព្រមានដល់ទីក្រុងព្យុងយ៉ាងថា ដំណាក់កាលនៃការអត់ធ្មត់របស់អាមេរិកចំពោះកូរ៉េខាងជើង គឺអស់ហើយ ។

លោក ព្រមានថា កុំចង់សាកឲ្យសោះនឹងការប្តេជ្ញាចិត្តរបស់ លោកប្រធានាធិបតី Trump ថ្វីត្បិតតែព្យុងយ៉ាងមានកម្មវិធី មីស៊ីលអន្តរទ្វីបនិងនុយក្លេអ៊ែរក៏ដោយក្តី ។ ពីព្រោះនយោបាយអាមេរិកសព្វថ្ងៃវាខ្លាំងជាងមុន ៕

ដោយ គ្រួ ធំ ថ្ងៃទី 18 April, 2017 ម៉ោង 01:46 PM

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មចិនកាលពីថ្ងៃទី១៤ ខែមីនា បញ្ជាក់ថា វីរុសគ្រុនផ្តាសាយបក្សីទី៦​ ចាប់តាំងពីខែតុលា ឆ្នាំ២០១៦ មកទល់ពេលនេះ បានឆ្លងរាលដាលនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វទាមួយកន្លែង ភាគកណ្តាលខេត្ត Hubei ។

ការប្រកាសផ្សព្វផ្សាយលើគេហទំព័រ ក្រសួងកសិកម្មចិនបញ្ជាក់ថា ការឆ្លងវីរុសនេះកើតឡើងនៅក្នុងតំបន់ទីប្រជុំ Daye ដែលមានពលរដ្ឋរស់នៅប្រមាណ៩០០.០០០នាក់ ។ វីរុសនេះជាប្រភេទជំងឺផ្តាសាយ H5H6 ។

ក្រោយពីផ្ទុះការឆ្លងវីរុសនេះភ្លាម អាជ្ញាធរបានសម្លាប់សត្វបក្សីប្រមាណ៦៨១ក្បាលនៅក្នុងតំបន់ ។

វីរុសផ្តាសាយបក្សីនេះបានផ្ទុះឡើងវិញក្នុងខែមករា នៅក្នុងកសិដ្ឋានចិញ្ចឹមសត្វក្ងានមួយកន្លែងភាគកណ្តាលខេត្ត Hunam របស់ចិន ។ ចាប់តាំងពីពេលនោះមក អាជ្ញាធរបានកម្ទេចសត្វចិញ្ចឹមអស់ប្រមាណ១០៥៤ក្បាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសនេះ ។

នៅទូទាំងប្រទេសចិន អាជ្ញាធរបានសម្លាត់សត្វចិញ្ចឹមទាំងអស់១៧៥.០០០ក្បាល ចាប់តាំងពីខែតុលា ឆ្នាំ២០១៦រៀងមក ខណៈដែលកូរ៉េខាងត្បូង ប្រទេសជិតខាងក្នុងតំបន់ជាមួយចិន ក៏បានប្រយុទ្ធប្រឆាំងជាមួយជំងឺនេះផងដែរ ។

បន្ថែមពីលើនេះទៀត ជំងឺផ្តាសាយ H7N9 នៅក្នុងប្រទេសចិន ក៏បានបណ្តាលឲ្យស្លាប់មនុស្ស១៦១នាក់ ។ កាលពីថ្ងៃទី១៣ ខែមីនា រដ្ឋាភិបាលចិនបានប្រកាសថា ជនរងគ្រោះ៦១នាក់បានបាត់បង់ជីវិត និង១៦០ករណីទៀតបានឆ្លងវីរុស H7N9 ចេញពីសត្វបក្សី នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៧ ។

ទីផ្សារសត្វបក្សីរស់ ត្រូវអាជ្ញាធរបិទទ្វារមិនឲ្យដំណើរការលក់ដូរជាបន្តបន្ទាប់នៅក្នុងខេត្តជាច្រើនរបស់ប្រទេសចិន ដើម្បីកាត់បន្ថយការឆ្លងជំងឺនេះពីសត្វបក្សីទៅលើមនុស្ស ។

គ្រុនផ្តាសាយបក្សីផ្ទុះឡើងចុងក្រោយក្នុងឆ្នាំ២០១៣ ធ្វើឲ្យវិស័យកសិកម្មរបស់ចិនខាតបង់ទឹកប្រាក់ប្រមាណ៦ពាន់លានដុល្លារ ៕

ដោយ គ្រួ ធំ ថ្ងៃទី 14 March, 2017 ម៉ោង 04:11 PM