• គ្រឿងអលង្ការសម្រាប់លម្អ​រូបចម្លាក់សម័យអង្គរ ដែលទាមទារពីអង់គ្លេសនឹងមកដល់កម្ពុជាវិញ
    ដោយ គ្រួ ធំ ថ្ងៃទី 21 November, 2017 ម៉ោង 03:25 PM

    ភ្នំពេញ៖ តាមសេចក្តីជូនដំណឹងមួយបស់ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧បានឲ្យដឹងថា  ក្រសួងវប្បធម៌ និង ស.ស.យ.ក នឹងចេញ​ទៅដង្ហែឈុតគ្រឿងអលង្ការសម្រាប់លម្អរូបចម្លាក់សម័យអង្គរ ដែលទាមទារបានពីប្រទេស​អង់គ្លេសត្រឡប់មកកម្ពុជាវិញ ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា​បានប្រឹងប្រែងទាមទារចម្លាក់និងគ្រឿងអលង្ការទាំងនោះបានមកវិញ។

    សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងថ្នាក់ដឹកនាំរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា និងដឹកនាំគណៈប្រតិភូឆ្ពោះទៅ កាន់ប្រ​ទេសអង់គ្លេស ដើម្បីដង្ហែត្រឡប់មកវិញ នូវឈុតគ្រឿងអលង្ការទាំងនោះនៅពេល​ឆាប់ៗខាងមុខនេះ ។(ស.ស.យ.ក) ក៏បានអំពាវនាវឲ្យសាធារណជន យុវជន យុវនារី ទាំងអស់មេត្តាចូលរួមសហការតាមរយៈការផ្សព្វផ្សាយដំណើរការដង្ហែត្រឡប់មកវិញនូវ ឈុតគ្រឿងអលង្ការ សម្រាប់លម្អលើរូបចម្លាក់សម័យអង្គរ ឲ្យកាន់តែទូលំទូលាយ ដើម្បីបង្ហាញអំពីការចូលរួមរបស់យុវជន ក្នុងការថែរក្សា និងលើកតម្លៃសម្បត្តិ  បេតិកភណ្ឌវប្បធម៌ជាតិ ដែលកំពុងវិលត្រឡប់មកមាតុប្រទេសវិញ។

    ក្រសួងវប្បធម៌និងវិចិត្រសិល្បៈឲ្យដឹងថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់ពីទទួលបានព័ត៌មានថាមាន ការដាក់លក់វត្ថុបុរាណរបស់កម្ពុជា នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសនោះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់សំណើសុំទាមទារត្រឡប់មកវិញ នូវគ្រឿងវត្ថុបុរាណដ៏កម្រទាំងនោះមកវិញ ហើយភ្នាក់ងារលក់វត្ថុបុរាណ ដែលមានទីតាំងនៅប្រទេសអង់គ្លេសកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ក៏ បានស្ម័គ្រចិត្តប្រគល់គ្រឿងអលង្ការមាស សម្រាប់លម្អលើរូបចម្លាក់សម័យអង្គរទាំងនោះ ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាវិញដែរ ៕