• ទស្សននាយចូចៈ ខ្មោចដែលងាប់ទៅកុំមកលងបន្លាចការបោះឆ្នោតអាណត្តិទី៦
    ដោយ គ្រួ ធំ ថ្ងៃទី 28 July, 2018 ម៉ោង 10:45 AM

    ការឃោសនារកសំឡេងឆ្នោត របស់គណបក្សចូលរួមបោះឆ្នោតសកលក្នុងអាណត្តិទី៦ ទាំង២០គណបក្សនៅកម្ពុជា តាំងពីដំបូងដល់ថ្ងៃបញ្ចប់នេះ តាមការពិនិត្យឃើញរបស់នាយ​ជាល ដែលជាអ្នកសង្កេតការណ៍ក្រៅឆាកនយោបាយ សម្លឹងឃើញថា ពិតជាមាន ភាពសុ​ក្រឹត តម្លាភាព និងមានក្រមសិលធម៌ល្អមែន ។

    បានជាអ្នកសង្កេតការណ៍ក្រៅឆាកនយោបាយម្នាក់នេះ ហ៊ានថា ដូច្នេះ ព្រោះបាន​តាម​ដាន​យ៉ាងច្បាស់ណាស់ក្នុងរយៈពេលដែលគណបក្សនយោបាយនីមួយៗបានចេញឃោសនា រកសំឡេងឆ្នោតឲ្យគណបក្សរបស់ខ្លួននាពេលកន្លងមកនេះ គឺបានគោរពតាមការណែនាំ​របស់គណៈកម្មាធិការ​ជាតិ​រៀប​ចំការបោះឆ្នោត(គជប)បានល្អ គោរពក្រមសិលធម៌ខ្ជាប់ខ្ជួន គ្មានការប្រទូស្ត​រ៉ាយ ជេរបញ្ចោរគ្នា ជាពិ​សេ​ស គ្មានប្រើអំពើហិង្សាដាក់គ្នានោះទេ ។ ទាំងនេះចាត់ទុក​ថា គណបក្សនីមួយៗ ហាក់ដូចជា ចាស់ទុំផ្នែក នយោបាយ ដែលជំរុញឲ្យលទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជារីកចម្រើនឆ្ពោះទៅមុខកាន់តែរលូន គួរឲ្យស្ងើចសរសើរ ។

    អាចចាត់ទុកថា អាណត្តិទី៦ នេះ ការបោះឆ្នោតសកល ប្រព្រឹត្តទៅយ៉ាងរលូន និង មានតម្លាភាពហួសពីការស្មាន ខុសពីអាណត្តិមុនៗ ដែលកាលណោះមានខ្មោចគណបក្ស​ប្រឆាំងមួយនោះ ពេលចេញឃោសនារកសំឡេងឆ្នោតម្តងៗ ពោរពេញដោយមនុស្សពាល ស្រែកឡូឡាគ្មានសុជីវធម៌ បង្កភាពអនាធិបតេយ្យតាមផ្លូវសាធារណៈធ្វើឲ្យប៉ះពាល់​ដល់ការ​រស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រើអំពើហិង្សាដាក់គណបក្សដទៃដូចជាសត្រូវស៊ីសាច់ ហុតឈាមរបស់ខ្លួន ។

    ពេលឃើញការឃោសនានៅអាណត្តិទី៦នេះ មានតម្លាភាព មានសុជីវធម៌ គោរពក្រម​សិលធម៌បានល្អ និងគ្មានហិង្សា ដូចអាណត្តិមុនៗនោះ នាយជាល ទ្រាំមិនសរសើរមិនបាន ចំពោះគណបក្សទាំង២០នេះហើយសូមឲ្យគណបក្សទាំងអស់រួមសាមគ្គីគ្នា ដោយសម្លឹងមើល​និងតម្កល់ផលប្រយោជន៍ ជាតិ ប្រជាពលរដ្ឋជាធំ ។ បើគណបក្សណាចាញ់ ត្រូវទទួលស្គាល់​ថាចាញ់ កុំរក្សាវប្បធម៌ ចាញ់ស្រែកឡាំប៉ា នាំគ្នាធ្វើបាតុកម្មប្រឆាំងនេះ ប្រឆាំងនោះ ឬមិនទទួល​​ស្គាល់លទ្ធផលបោះឆ្នោត បង្កភាពអនាធិបតេយ្យដូចខ្មោចគណបក្ស​ប្រឆាំងមួយ​នោះបានធ្វើនាពេលកន្លងមកឲ្យសោះ ។

    សង្ឃឹមថា គំរូអាក្រក់របស់ខ្មោចគណបក្សប្រឆាំងមួយនោះ នឹងមិនមកលងបន្លាចការ បោះឆ្នោតអាណត្តិទី៦ នេះឡើយ ៕នាយចូច