• លោករដ្ឋមន្រី្តក្រសួងព័ត៌មានអញ្ជើញសម្ពោធហាងប៊ុកកាហ្វេមានបណ្ណាល័យអានសៀវភៅ និងកាសែត
    ដោយ គ្រួ ធំ ថ្ងៃទី 06 August, 2018 ម៉ោង 01:49 PM

    ភ្នំពេញៈប៊ុកកាហ្វេ(Book Cafe)បង្កប់ដោយបណ្ណាល័យអានសៀវភៅ កាសែត ទស្សនាវដ្តីនានា​ដែលបង្កើតឡើងដោយលោក ឆាយ សុផល ជាសាស្រ្តាចារ្យ ព័ត៌មានវិទ្យា នៅសាកល​វិទ្យាល័យ​​ភូមិន្ទភ្នំពេញ និងជាអ្នកកាសែតជើងចាស់ម្នាក់ មានទីតាំង នៅបុរីមហាសែនសុខ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ត្រូវបានសម្ពោធបម្រើអតិថិជនកាលពីព្រឹក ថ្ងៃ អាទិត្យ ៩ រោច ខែ ទុតិយាសាឍ  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៥ ខែ សីហា ឆ្នាំ២០១៨ ។

    ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីខ្ពង់ខ្ពស់ លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង​លោក ស្រី ដោយមានការចូលរួមពីមន្រ្តីអ្នកមុខ អ្នកការ សហសេវិកអ្នកកាសែតជាតិ អន្តរជាតិ​និង​អតិថិជនជាច្រើន ។

    ថ្លែងក្នុងឱកាសនោះ លោក ឆាយ សុផល បានបញ្ជាក់ថា ដោយមើលឃើញការនិយមកាហ្វេ និងភេសជ្ជៈរបស់​អតិថិ​ជនជាច្រើន​ ជាពិសេសសិស្សនិស្សិតតែម្តង លោកបានចំណាយដើម​ទុនរាប់ម៉ឺនដុល្លារទិញផ្ទះក្នុងបុរីមហាសែនសុខមួយល្វែង បង្កើតជាហាងកាហ្វេទំនើបមួយ ឈ្មោះថា ប៊ុក កាហ្វេ ដើម្បីបម្រើសេវាកម្មមួយនេះជូនដល់អតិថិជនគ្រប់មជ្ឈដ្ឋាន ។

    លោក សុផល ថា អ្វីដែលលោកធ្វើឲ្យមានការចាប់អារម្មណ៍នោះ គឺលោកបម្រើអតិថិជនចូល ទៅហូបកាហ្វេកុំឲ្យខាតលុយអត់ប្រយោជន៍ គឺបានទស្សនាក្នុងបណ្ណាល័យដែលតាំងរំលេច ដោយកាសែត ទស្សនាវដ្តី ជាតិ និងបរទេស មានរាប់រយក្នុងប្រទេសកម្ពុជានាពេលកន្លងមក ហើយអីលូវនេះចង់បាត់បង់ស្ទើររកគ្មាននៅក្នុងបណ្ណាល័យជាតិទៅហើយ ។ ពិសេសទៅទៀត នោះគឺមានសៀវភៅជាស្នាដៃនិពន្ធរបស់សម្តេចតេជោ ហ៊ុន សែន លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងអស់លោកអ្នកនិពន្ធដទៃជាច្រើនទៀតត្រូវបានតម្កល់ទុកក្នុងនេះ។ សំខាន់ជាងនេះមានតាំងឧបករណ៍សម្ភារប្រើប្រាស់ក្នុងសម័យដើមដែលក្មេងៗជំនាន់ក្រោយ មិនសូវស្គាល់ដូចជាអង្គុលីលេខ ទូរស័ព្ទលើតុ ចង្កៀងប្រេងកាត ប្រើថ្មស្អុយ ម៉ាំងសុង ។ល។ ដើម្បីជូនទស្សនាផងដែរ ។

    លោក ឆាយ សុផល បន្តថា ហូបកាហ្វេមួយកែវ ទទួលបានចំណីចក្ខុ និងចំណេះដឹងតាមការ អានសៀវភៅ កាសែត ទស្សនាវដ្តី ដោយមិនគិតលុយ ហើយប្រាក់ចំណេញដែល​បានពីលក់​កា​​ហ្វេនេះ លោកមិន យកទៅណាទេ គឺយកទៅទិញកង់ជូនប្អូនៗក្រីក្រនៅក្នុងសហគមន៍​ជិះទៅរៀនសូត្រ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីតែប៉ុណ្ណោះ ។

    ក្នុងឱកាសនោះដែរ បន្ទាប់ពីកាត់ខ្សែបូរួច លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន​សម្តែងការកោតសរសើរដល់លោក ឆាយ សុផល ដែលមានគំនិតខ្ពស់បង្កើតជា ប៊ុកកាហ្វេ ដោយក្នុងហាងនេះមានបណ្ណាល័យ និងកន្លែងអាន សៀវភៅ ទស្សនាវដ្តី ផ្តល់ចំណេះដឹងដល់ អ្នកពិសាកាហ្វេ និងជូនពរលោក ឆាយ សុផល ទទួលបានជោគជ័យក្នុងរបរថ្មីមួយទៀតនេះ៕ ប្រសើរ