• ក្រោយបង្កើតរាជរដ្ឋាភិបាលថ្មីរួច ក្រសួងអប់រំនឹងដាក់ចេញនូវវិធានការកំណែទម្រង់បន្ថែម
    ដោយ គ្រួ ធំ ថ្ងៃទី 21 August, 2018 ម៉ោង 08:35 AM

    ភ្នំពេញៈ ខណៈដែលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ រដ្ឋសភា នឹងបោះឆ្នោតអនុម័ត បង្កើតរាជរដ្ឋាភិបាលថ្មីនោះ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងអប់រំ នឹងដាក់ចេញវិធានការបន្ថែមទៀត ក្នុងការធ្វើ​កំណែទម្រង់ ហើយក្រសួងនឹងពិចារណានូវវិធានការទាំងនេះឲ្យបានល្អិតល្អន់ ។

    ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងពិធីកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា ឬហៅថា បាក់ឌុបឆ្នាំ២០១៨ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ លោក ហង់ ជួន ណារ៉ុន បានឲ្យដឹងថា  នេះជាឆ្នាំទី៥ហើយ ដែលក្រសួងអប់រំយុវជន និង​កីឡា បានធ្វើកំណែ​ទម្រង់​វិស័យអប់រំ នៅកម្ពុជា ដោយទទួលបានជោគជ័យយ៉ាង​ខ្លាំង។​ការធ្វើកំណែទម្រង់ក្នុងវិស័យអប់រំនេះដាក់ចេញដោយសម្ដេចតេជោ ដូច្នេះក្រសួងអប់រំ ក៏ដាក់បានចេញនូវវិធានការ ដើម្បីឲ្យការប្រឡងទទួលបានជោគជ័យ “អ្នកចេះ គឺជាប់-មិនចេះ គឺធ្លាក់”។

    លោករដ្ឋមន្រ្តីបានបញ្ជាក់ថា បញ្ហាកំណែទម្រង់ជាលទ្ធផលពីមួយឆ្នាំទៅមួយឆ្នាំ សម្រេចបាន​លើសពីអ្វីដែលក្រសួង បានរំពឹងទុក។ ជាគោលដៅរបស់ក្រសួងធ្វើយ៉ាងណាឲ្យ​សិស្សា​នុសិស្ស មានចំណេះដឹង ដើម្បីឲ្យពួកគាត់មានចំណេះដឹងបន្ថែមទៀត។ ជាពិសេសទីផ្សារការ​ងារ ពួកគាត់អាចប្រកួតប្រជែង នៅក្នុងទីផ្សារពិភពលោកបានដោយងាយស្រួល។

    លោករដ្ឋមន្រ្តីមានប្រសាសន៍ថា “ខ្ញុំនៅរង់ចាំការបង្កើតរាជរដ្ឋាភិបាលថ្មី ដែលសម្ដេចតេជោលោកនឹងប្រកាស នៅថ្ងៃទី៦ ខែកញ្ញា ខាងមុខនេះ ហើយនឹងការប្រជុំគណៈរដ្ឋមន្ដ្រី សម្រាប់នីតិកាលទី៦ ដែលសម្ដេច តេជោលោកនឹងដាក់ចេញនូវវិធានការបន្ថែមទៀត ក្នុងការធ្វើកំណែទម្រង់ ហើយបន្ទាប់មកក្រសួងអប់រំ យុវជន និងកីឡា នឹងពិចារណានៅលើវិធានការបន្ដទៀត តើក្រោយនីតិកាលទី៥ទៅ នៅមានស្អីទៀត ដូច្នេះយើងមិនទាន់បើកវាំងនននៅឡើយទេ”។

    យ៉ាងណានាឱកាសនោះលោក រដ្ឋមន្ត្រី ក៏បានធានាថា ការប្រឡងបាក់ឌុបឆ្នាំនេះ នឹងប្រព្រឹត្តទៅឈរលើ គោលការណ៍ចំនួន៤ រួមមាន៖ទី១-គោលការណ៍ច្បាប់ ,ទី២-គោលការណ៍តម្លាភាព ,ទី៣-ទទួលបាន ភាពយុត្តិធម៌ អ្នកចេះគឺជាប់ និងទី៤- លទ្ធផលអាច​ទទួលយកបាន។ ដូច្នេះ ពីមួយឆ្នាំទៅមួយឆ្នាំ ការប្រឡងកាន់តែល្អ​ប្រសើរឡើងដោយ​សារតែភាគីពាក់ព័ន្ធ ប្រជុំគ្នាដើម្បីចែករំលែក​បទ​ពិសោធន៍​​​គ្នាទៅវិញទៅមកកាន់តែ ប្រសើរឡើង  ៕ ប្រសើរ