• សុខភាពៈជំងឺលើស​ជាតិ​អាស៊ីត​អ៊ុយ​រីក​ប្រកបដោយគ្រោះថ្នាក់
    ដោយ គ្រួ ធំ ថ្ងៃទី 05 January, 2017 ម៉ោង 05:12 PM

    សហការី/ ជំងឺ​លើស​ជាតិ​អាស៊ីត​អ៊ុយ​រីក​ជា​ប្រភេទ​ជំងឺ​ដែល​ប៉ះពាល់​ដល់​សន្លាក់ ។ ពី​ដើម​គេ​ចាត់​ទុក​ជំងឺ​នេះ​ថា​ជា​ជំងឺ​អ្នកមាន ព្រោះ​ជំងឺ​នេះ​គេ​សង្កេត​ឃើញ​ទាក់ទង​ទៅ​នឹង​របប​អាហារ។ មក​ទល់​ពេល​នេះ​អ្នកឯកទេស​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា​ជំងឺ​នេះ​បណ្តាល​មក​ពី​មូលហេតុ​អ្វី​ឱ្យ​ប្រាកដ​នោះ​ទេ ។ ប៉ុន្តែ​បើ​តាម​ការ​អង្កេត​ឃើញ​ថា ជំងឺ​នេះ​គឺ​មិន​ទាក់ទង​ទៅ​នឹង​របប​អាហារ ពិសេស​អ្នក​ដែល​ចូល​ចិត្ត​ទទួលទាន​គ្រឿង​ស្រវឹង និង​អាហារ​សមុទ្រ​ជាដើម ។
    ជួប​ជាមួយ​លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ស៊ិ​ក ធី​រៈ ឯកទេស​ជំងឺ​សន្លាក់​និង​វះកាត់​ឆ្អឹង​បាក់បែក​នៃ​គ្លីនិក​ឯកទេស​ឆ្អឹង​សំណង់​១២​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជំងឺ​នេះ​បើសិនជា​មិន​បាន​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​ឬ​ទាន់​ពេលវេលា​ទេ​នោះ អាច​បណ្តាល​ឲ្យ​ខូច​ទ្រ​ង​ទ្រាយ​នៅ​តាម​សន្លាក់​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ចលនា និង​សោភ័ណ​ភាព​ផង​ដែរ ដែល​ការ​ប៉ះពាល់​ទាំងនេះ​មាន​ដូច​ជា ៖
    -​បើសិនជា​កើត​មាននៅ​តាម​ត្រមែង​មេជើង អាច​ឃើញ​មាន​ឡើង​ប៉ោង​ធំ បើ​ទុក​យូរ​មិន​ព្យាបាល ត្រមែង​តោង​ជាប់​យូរ​អាច​ធ្វើ​ឲ្យ​ខូច​ផ្ទៃ​សន្លាក់​ទាំងស្រុង​តែ​ម្តង ។
    -​បើសិនជា​កើត​មាននៅ​លើ​ជង្គង់ អាច​ឃើញ​មាន​ដុះ​សាច់​ខ្ពស់​ទាប​ៗ​បើ​ពិនិត្យ​មើល​ឲ្យ​ស៊ីជម្រៅ​នោះ​នឹង​ឃើញ​ថា​មានការ​ខូចខាត​ឆ្អឹង​ថ្មី​ទាំងស្រុង​តែ​ម្តង ។
    -​បើសិនជា​កើត​មាននៅ​លើ​ដៃ​អាច​ធ្វើ​ឲ្យ​ដៃ​មាន​សភាព​ត្រមែង​ត្រមោង និង​មិន​អាច​ធ្វើ​ចលនា​បត់បែន​បាន​ស្រួល​នោះ​ទេ ។
    -​ជាង​នេះ​ទៅ​ទៀត ជំ​ងឹ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​តម្រងនោម​របស់​អ្នកជំងឺ​ផង​ដែរ ដោយសារ​តែ​អាស៊ីត​អ៊ុយ​រីក​ត្រូវ​បាន​បញ្ចេញ​ទៅ​តាម​ទឹកនោម ដូច្នេះ​បើសិនជា​អាស៊ីត​អ៊ុយ​រីក​កើត​មាន​ច្រើន​ឬ​លើស ហើយ​អ្នកជំងឺ​មិន​បាន​ផឹកទឹក​ឱ្យ​បាន​ច្រើន និង​ប្រឹង​ទប់ទឹក​នោម​(​ឈឺ​នោម​តែ​មិន​ព្រម​បញ្ចេញ​) នោះ​អាច​នឹង​បង្ក​ឱ្យ​កើត​មាន​ជំងឺ​ក្រួស​ក្នុង​តម្រងនោម ។
    លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា ការ​ព្យាបាល​ជំងឺ​នេះ គឺ​តម្រូវ​ឲ្យ​អ្នកជំងឺ​ផ្លាស់​ប្តូររបៀបរបប​រស់នៅ របប​អាហារ ការ​ទទួលទានទឹក ការ​បត់ជើងតូច​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​បណ្តាល​ឲ្យ​កើត​មាន​ក្រួស​ក្នុង​តម្រងនោម​។
    លក្ខណៈ​ពិសេស​នៃ​ជំងឺ​ប្រភេទ​នេះ គឺ​វា​បាន​ស្តែង​ឲ្យ​ដឹង​ភ្លាម​ៗ​បន្ទាប់​ពី​ទទួលទាន​ស្រា​ឬ​ក៏​គ្រឿង​សមុទ្រ ដែល​អាច​ស្តែង​ឲ្យ​ដឹង​តាម​អាកា​រៈ​ក្តៅខ្លួន​ស្រៀវស្រាញ បន្ទាប់​ពី​២​ទៅ​៣​ថ្ងៃ អ្នកជំងឺ​អាច​មានការ​ឈឺចាប់​ខ្លាំង ពិបាក​ទ្រាំ ដើរ​មិន​រួច រហូត​ដល់​មាន​អ្នកជំងឺ​ខ្លះ​ត្រូវ​បាន​គេ​សែង​មក​ជួប​ជាមួយ​គ្រូពេទ្យ​ថែម​ទៀត​ផង​។ ជំងឺ​នេះ​បាន​បាត់​ឈឺចាប់​ទៅ​វិញ​បន្ទាប់​ពី​ព្យាបាល​បាន​១​ថ្ងៃ​ទៅ​២​ថ្ងៃ ប៉ុន្តែ​អាកា​រៈ​បាត់​ឈឺចាប់​នេះ​មិនមែន​មាន​ន័យ​ថា ជំងឺ​នេះ​អាច​ព្យាបាល​ជា​សះស្បើយ​នោះ​ទេ ដែល​ជា​ទូទៅ​មាន​អ្នកជំងឺ​ខ្លះ​អាច​រើ​ឡើង​វិញ​ក្នុង​មួយ​ឆ្នាំ​៤​ទៅ​៥​ដង​ឯណោះ ដែល​គេ​ចាត់​ទុក​ថា​ជា​ជំងឺ​រ៉ាំរ៉ៃ ។
    លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា ៦០​ភាគរយ​នៃ​ជំងឺ​អាស៊ីត​អ៊ុយ​រីក ច្រើន​ឃើញ​កើត​មាន​នោះ នៅ​លើ​សន្លាក់​ត្រមែង​មេជើង ដែល​នាំ​ឲ្យ​មានការ​ឈឺចាប់ បន្ទាប់​មក​អាច​មានការ​ឈឺចាប់​នៅ​ក្រោម​ភ្នែកគោរ​ឬ​នៅ​តាម​ជង្គង់​ជាដើម​។ ជំងឺ​នេះ​បើសិនជា​មិន​បាន​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ ហើយ​អ្នកជំងឺ​ចេះ​តែ​ទុក​រហូត​ដ៏​ឡើង​ត្រមែង ការ​ព្យាបាល​គ្រាន់តែ​អាច​កាត់​បន្ថយ​ការ​ឈឺចាប់ និង​មិន​អាច​ព្យាបាល​ឲ្យ​អ្នកជំងឺ​ត្រលប់​មក​រក​សភាព​ដើម​វិញ​បាន​ទេ ៕ ស្រទុំ