• សភានីតិកាលទី៦ បើកកិច្ចប្រជុំដំបូង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រខ្មែរ
    ដោយ គ្រួ ធំ ថ្ងៃទី 05 September, 2018 ម៉ោង 10:05 AM

    ភ្នំពេញ៖ អស់រយៈពេលជាង១ខែមកហើយក្រោយពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាល ទី៦ ហើយរដ្ឋសភាជាតិបានបើកកិច្ចប្រជុំជាលើកដំបូងដោយចាប់ផ្តើមឡើង​នៅវេលាម៉ោង៨ព្រឹកថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រខ្មែរ និងមានវត្តមានតំណាងរាស្ត្រទាំង១២៥រូបមកពីគណបក្សប្រជាជនកម្ពុជាបានចូលរួម និងមានការចូលរួមអបអរសាទរពីឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបណ្តាប្រទេសនានាប្រចាំនៅកម្ពុជាភ្ញៀវបរទេសជាច្រើនផងដែរ ។

    តាមការគ្រោងទុករបស់រដ្ឋសភា បានឲ្យដឹងថា ការប្រារព្ធពិធីបើកសម័យប្រជុំលើកដំបូងថ្ងៃនេះ ចាប់ផ្តើមឡើងនៅវេលាម៉ោង៨ព្រឹកហើយ បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងរួចរាល់ ពិធីបើកសម័យប្រជុំលើកទី១ នឹងចាប់ផ្តើមការងាររបស់ខ្លួនក្រោមអធិបតីភាពសម្តេច ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងការអនុម័តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភានីតិកាលទី៦។

    លុះនៅពេលរសៀលតំណាងរាស្ត្រទាំង១២៥រូប នឹងចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើពិធីសច្ចាប្រណិធាននៅចំពោះព្រះភក្ត្រមហាក្សត្រខ្មែរមុននឹងចាប់ផ្តើមបំពេញការងាររបស់ខ្លួន។

    ដោយឡែកសម្រាប់ថ្ងៃបន្ទាប់វិញ ពោលគឺថ្ងៃទី០៦ ខែកញ្ញា រដ្ឋសភានឹងធ្វើការបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភារួមមាន៖ ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មាធិការជំនាញនៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលអាណត្តិថ្មីផងដែរ។

    សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ មានប្រជាពលរដ្ឋជិត ៧លាននាក់បានចេញទៅបោះឆ្នោតស្មើនឹងជាង ៨៣ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុបក្នុងបញ្ជីបោះឆ្នោតដែលមានជាង ៨លាននាក់។ ក្នុងចំណោមប្រជាពលរដ្ឋចេញទៅបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយតែមួយគត់ទទួលបានការបោះឆ្នោតគាំទ្រច្រើនលើសលុបរហូតដល់ជាង ៤លាននាក់ ឈានទៅគ្រប់គ្រងអាសនៈនៅរដ្ឋសភាទាំង ១២៥តែម្តង។

    ការដឹកនាំសភាមកពីគណបក្សនយោបាយតែមួយក្នុងនីតិកាលទី៦ នៃរដ្ឋសភានេះ គឺជាលើកទី៨ហើយនៃប្រវត្តិរដ្ឋសភាខ្មែរដែលដឹកនាំដោយគណបក្សនយោបាយតែមួយ គិតចាប់តាំងពីថ្ងៃនៃការកកើតរដ្ឋសភានៅឆ្នាំ១៩៤៦។ ប្រវត្តិនៃការដឹកនាំរដ្ឋសភាមកពីគណបក្សនយោបាយតែមួយនោះរួមមាន៖ រដ្ឋសភាពីឆ្នាំ១៩៥៥-១៩៥៨ មានសមាជិក ៩១រូប, រដ្ឋសភាពីឆ្នាំ១៩៥៨-១៩៦២ (ឆ្នាំដំបូងដែលស្ត្រីខ្មែរមានសិទ្ធិបោះឆ្នោត) មានសមាជិក ៦១រូប, រដ្ឋសភាពីឆ្នាំ១៩៦២-១៩៦៦ មានសមាជិក ៧៧រូប, រដ្ឋសភាពីឆ្នាំ១៩៦៦-១៩៧២ មានសមាជិក ៨២រូប, សភាជាតិរបស់របបសាធារណរដ្ឋខ្មែរពី១៩៧២-១៩៧៥ មានសមាជិក ១២៦រូប, សភាតំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ មានសមាជិក ២៥០រូប, សភាសាធារណរដ្ឋប្រជាមានិតកម្ពុជាពីឆ្នាំ១៩៨១-១៩៩៣ មានសមាជិក ១១៧រូប។

    ប្រវត្តិសង្ខេបនៃសភាកម្ពុជា៖

    រដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺជាសភាជាន់ទាប នៃសភាតំណាងរាស្រ្ត ដែលមានសមាជិកចំនួន ១២៥រូបនាពេលបច្ចុប្បន្ន ជ្រើសតាំងតាមប្រព័ន្ធសមាមាត្រ ដោយការបោះឆ្នោតជាសកល។ សមាជិករដ្ឋសភានីមួយៗ ត្រូវបានជ្រើសតាំងក្នុងអាណត្តិ ៥ឆ្នាំម្តង ដែលចែកជាតំណាង ខេត្ត-រាជធានីទាំង ២៥ ពី១ ទៅ១២អាសនៈ។ គណបក្សនយោបាយសំឡេងភាគច្រើនដែលមានអាសនៈយ៉ាងហោច៦២ អាចមានសិទ្ធិក្នុងការបង្កើតជារដ្ឋាភិបាល។

    ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។ ប្រទេសកម្ពុជា បានចាប់ផ្តើមរៀបចំឲ្យមានការបោះឆ្នោតសាកលលើកដំបូងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៤៦។ ការបោះឆ្នោតសាកលលើកដំបូងនៅកម្ពុជាជ្រើសតាំងសមាជិកសភាធម្មនុញ្ញ៦៧រូប មានបេសកកម្មតាក់តែងរដ្ឋធម្មនុញ្ញទី១ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៤៧។

    ការជ្រើសតាំងសមាជិករដ្ឋសភា ក៏ដូចជាដំណើរការនៃរដ្ឋសភាក៏ត្រូវបានប្រែប្រួលគ្នាទៅតាមរបបដឹកនាំក្នុងសម័យកាលនីមួយៗផងដែរ។ យោងតាមសាវតារបស់រដ្ឋសភាកម្ពុជា ដែលត្រូវបានកត់ត្រា និងផ្សព្វផ្សាយលើគេហទំព័ររដ្ឋសភាបានឲ្យដឹងថា៖

    សភាធម្មនុញ្ញពីឆ្នាំ១៩៤៦-១៩៤៧ មានសមាជិក ៦៧រូប មកពីពហុបក្ស

    រដ្ឋសភាពីឆ្នាំ១៩៤៧-១៩៥១ មានសមាជិក ៧៥រូប មកពីពហុបក្ស។

    រដ្ឋសភាពីឆ្នាំ១៩៥១-១៩៥៣ មានសមាជិក ៧៨រូប មកពីពហុបក្ស។

    រដ្ឋសភាពីឆ្នាំ១៩៥៥-១៩៥៨ មានសមាជិក ៩១រូប មកពីគណបក្សនយោបាយតែមួយ។

    រដ្ឋសភាពីឆ្នាំ១៩៥៨-១៩៦២ (ឆ្នាំដំបូងដែលស្ត្រីខ្មែរមានសិទ្ធិបោះឆ្នោត) មានសមាជិក ៦១រូប មកពីគណបក្សនយោបាយតែមួយ។

    រដ្ឋសភាពីឆ្នាំ១៩៦២-១៩៦៦ មានសមាជិក ៧៧រូប មកពីគណបក្សនយោបាយតែមួយ។

    រដ្ឋសភាពីឆ្នាំ១៩៦៦-១៩៧២ មានសមាជិក ៨២រូប មកពីគណបក្សនយោបាយតែមួយ។

    សភាជាតិរបស់របបសាធារណរដ្ឋខ្មែរពី១៩៧២-១៩៧៥ មានសមាជិក១២៦រូប មកពីបក្សតែមួយ។

    សភាតំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ មានសមាជិក ២៥០រូប មកពីបក្សតែមួយ។ សភានេះត្រូវបានបោះឆ្នោតនៅថ្ងៃទី២០ខែមីនា ឆ្នាំ១៩៧៦។

    សភាសាធារណរដ្ឋប្រជាមានិតកម្ពុជាពីឆ្នាំ១៩៨១-១៩៩៣ មានសមាជិក១១៧រូប មកពីគណបក្សបក្សនយោបាយតែមួយ។

    សភាធម្មនុញ្ញឆ្នាំ១៩៩៣ មានសមាជិក១២០រូប មកពីពហុបក្ស។

    រដ្ឋសភានីតិកាលទី១ (របបរាជាលើកទី២) ពីឆ្នាំ១៩៩៣-១៩៩៨ មានសមាជិក ១២០រូប មកពីពហុបក្ស។

    រដ្ឋសភានីតិកាលទី២ ពីឆ្នាំ១៩៩៨-២០០៣ មានសមាជិក១២២រូប មកពីពហុបក្ស។

    រដ្ឋសភានីតិកាលទី៣ ពីឆ្នាំ២០០៣-២០០៨ មានសមាជិក១២៣រូប មកពីពហុបក្ស។

    រដ្ឋសភានីតិកាលទី៤ ពីឆ្នាំ២០០៨-២០១៣ មានសមាជិក១២៣រូប មកពីពហុបក្ស។

    រដ្ឋសភានីតិកាលទី៥ ពីឆ្នាំ២០១៣ ដល់បច្ចុប្បន្ន មានសមាជិក១២៣រូប មកពីពហុបក្ស៕ប្រសើរ