• ព្រឹកនេះសម្តេចតេជោ ដឹកនាំប្រតិភូអញ្ជើញទៅ គោរពវិញ្ញាណក្ខន្ធសព លោក ត្រាន់ ដាយក្វាង អតីតប្រធានាធិបតីវៀតណាម
    ដោយ គ្រួ ធំ ថ្ងៃទី 26 September, 2018 ម៉ោង 08:47 AM

    ភ្នំពេញ)៖  នៅព្រឹកថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨នេះ  សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា បាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មួយក្រុមអញ្ជើញ ទៅកាន់សាធារណរដ្ឋសង្គមនិយម  វៀតណាម ដើម្បីគោរពវិញ្ញាណក្ខន្ធសព លោក ត្រាន់ ដាយក្វាង អតីតប្រធានាធិបតីវៀតណាម ដែលបានទទួលមរណភាព នៅថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨។

    ប្រតិភូដែលអញ្ជើញអមដំណើរ សម្តេចតេជោ ហ៊ុន សែន រួមមាន៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, ​លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ធសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។

    សូមរំលឹកផងដែរថា ក្នុងនាមប្រទេសជិតខាង កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បានដឹកនាំគណៈប្រតិភូ ទៅ​គោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រ​ថៃ ភូមិ​ពល អាឌុលយ៉ាដេត (Bhumibol Adulyadej) នៅទីក្រុងបាងកក ហើយ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២  នាយក​​រដ្ឋមន្ត្រី​វៀតណាម ​នាយករដ្ឋ​មន្ត្រី​​ឡាវ ​និង​​នាយក​រដ្ឋមន្ត្រី​​ថៃ ​ក៏ធ្លាប់បាន​​ចូល​រួម​​គោរព​​ព្រះ​វិញ្ញាណក្ខន្ធ​ ​​ព្រះមហាវីរក្សត្រ ​ព្រះករុណា ព្រះបាទ សម្តេចព្រះ ​នរោត្តម ​សីហនុ​ ផងដែ៕ ប្រសើរ