• សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូប្រជុំអង្គការសហប្រជាជាតិលើកទី៧៣
    ដោយ គ្រួ ធំ ថ្ងៃទី 27 September, 2018 ម៉ោង 09:26 AM

    មុនអញ្ជើញចាកចេញពីប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារផ្តាំផ្ញើដល់បងប្អូនជនរួមជាតិខ្មែរ នៅលើបណ្តាញ Facebook ផ្លូវការរបស់សម្តេច ដោយសម្តេចលើកឡើងថា នៅថ្ងៃនេះ សម្តេចសូមលាបងប្អូនខ្មែរ ទៅបម្រើជាតិជាថ្មីម្តងទៀត ដោយប្រើនយោបាយកាទូត លើឆាកអន្តរជាតិ មិនមែនលាទៅបម្រើជាតិ ទៅច្បាំងដោយអាវុធនោះទេ ។

    សម្តេចតេជោ ហ៊ុន សែន លើកឡើងទៀតថា កម្ពុជាមិនអាចឱ្យគេបង្ខូចជាន់ឈ្លីទោះបីក្នុងរូបភាពណាមួយក៏ដោយ ហើយសម្តេចចេញទៅប្រជុំនៅអង្គការសហប្រជាជាតិលើកនេះ ក៏នឹងចូលរួមផងដែរនូវការងារជាកិច្ចការតំបន់ និងអន្តរជាតិដែលកំពុងវិវត្តន៍យ៉ាងតានតឹងនិងស្មុគ្រស្មាញ។

    ជាមួយគ្នានេះដែរ សម្តេចតេជោ ក៏បានអំពាវនាវចំពោះជនរួមជាតិ នៅក្រៅប្រទេសដែលមិនចូលចិត្តសម្តេច សូមចែកឱ្យដាច់នូវអ្វីជាផលប្រយោជន៍​មុខមាត់សម្តេច ពីអ្វីជាមុខមាត់ និងផលប្រយោជន៍ជាតិខ្មែរទាំងមូល ដោយសម្បជញ្ញៈ វិចារណញាណ និងមនសិការផ្ទាល់រៀងៗខ្លួនផង ។

    សម្តេចតេជោ ហ៊ុន សែន បានសរសេរលើ Facebook របស់សម្តេចយ៉ាងដូច្នេះថា «ខ្មែរស្ទើរគ្រប់គ្នាស្គាល់អត្ថបទដ៏ពេញនិយមមួយ ដែលមានចំណងជើងថា លាទៅបម្រើជាតិ ។

    តែសម័យនោះ គឺទៅច្បាំងដោយប្រដាប់អាវុធសុទ្ធសាធ។ យកជីវិតជាដើមទុន មករំដោះជាតិ យកដើមទ្រូងមកពាំងគ្រាប់ដើម្បីការពារជាតិ។ ខ្ញុំធ្លាប់ស្គាល់រស់ជាតិនេះច្បាស់ជាងគេ អញ្ចឹងហើយខ្ញុំមិនចង់ឱ្យកូនខ្មែរជំនាន់ក្រោយ ត្រូវទទួលភ្លក់រសជាតិនេះទៀតឡើយ។

    ថ្ងៃនេះខ្ញុំសូមលាទៅបម្រើជាតិជាថ្មីម្តងទៀត ដោយប្រើនយោបាយការទូត នៅលើឆាកអន្តរជាតិ។ កម្ពុជាមិនអាចឱ្យគេបង្ខូចជាន់ឈ្លីទោះបីក្នុងរូបភាពណាមួយក៏ដោយ។
    ខ្ញុំចេញទៅលើកនេះក៍នឹងចូលរួមផងដែរនូវការងារជាកិច្ចការតំបន់ និងអន្តរជាតិដែលកំពុងវិវត្តន៍យ៉ាងតានតឹងនិងស្មុគ្រស្មាញ។

    ចំពោះជនរួមជាតិដែលគាំទ្រខ្ញុំ និងគាំទ្រកម្ពុជានៅក្រៅប្រទេស ខ្ញុំនឹងទៅជួបបងប្អូនក្នុងពេលដ៏ខ្លីខាងមុខ។ យើងនឹងអាចសន្ទនាផ្លាស់ប្ដូរសេចក្តីនឹករឮកជាមួយគ្នា ខ្ញុំនឹងអាចរាយការណ៍ជូនពីសភាពការណ៍ទូទៅ ការវិវឌ្ឍ និងការអភិវឌ្ឍន៍នានាលើមាតុភូមិកម្ពុជានាពេលបច្ចុប្បន្ន។

    ចំពោះជនរួមជាតិ នៅក្រៅប្រទេសដែលមិនចូលចិត្តខ្ញុំ ក៏សូមចែកឱ្យដាច់នូវអ្វីជាផលប្រយោជន៍ មុខមាត់ ហ៊ុន សែន ពីអ្វីជាមុខមាត់ និងផលប្រយោជន៍ជាតិខ្មែរទាំងមូល ដោយសម្បជញ្ញៈ វិចារណញាណ និងមនសិការផ្ទាល់រៀងៗខ្លួនទៅចុះ៕ ប្រសើរ