• កីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវបានជ្រើសរើសរួចហើយ សម្រាប់ត្រៀមប្រកួតមិត្តភាព ជាមួយ ទីម័រខាងកើត និងសិង្ហបុរី
    ដោយ គ្រួ ធំ ថ្ងៃទី 02 October, 2018 ម៉ោង 11:26 AM

    ភ្នំពេញ៖​ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា លើកទី២ ត្រូវបានសហព័ន្ធកីឡាបាល់​ទាត់កម្ពុជា​ (FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាករ ជាផ្លូវការហើយ នៅព្រឹកថ្ងៃអង្គារនេះ ដោយមានសមាជិកសរុប ២៤នាក់ ក្នុងនោះក៏មានវត្តមានកីឡាករឆ្នើម ចាន់ វឌ្ឍនាកា ផងដែរ តែគ្មានវត្តមានអ្នកចាំទីដៃទី១ ស៊ូ យ៉ាទី ដោយសារកីឡាកររូបនេះ រងរបួសឆ្អឹង ។

    យោងតាទំព័រហ្វេសប៊ុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា​   FFC បានបង្ហោះឲ្យដឹងថា កីឡា​បាល់ទាត់ជម្រើសជាតិកម្ពុជា លើកទី២ នេះ រួមមានសមាជិកក្លឹបណាហ្គាវើល ៤នាក់, ភ្នំពេញ​ក្រោន ៤នាក់, វិសាខា ៤នាក់, ព្រះខ័នរាជស្វាយរៀង ៤នាក់, ក្រសួងការពារជាតិ ៤នាក់, បឹងកេត ៣នាក់ ខណៈម្នាក់ទៀត គឺកីឡាករ ធារី ចន្ថាប៊ីន មកពីក្លឹបលីគកំពូល​ម៉ាឡេស៊ី Terengganu FC ដែរនោះ។

    អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះគឺកីឡាករ ចាន់ វឌ្ឍនាកា ដែលមិនបានជាប់ក្នុងបញ្ជី​ឈ្មោះជម្រើស​ជាតិ កាលពីប្រមូលផ្ដុំប្រកួតមិត្តភាពអន្ដរជាតិជាមួយម៉ាឡេស៊ីកាលពីពេលថ្មីៗ ក្រោមការដឹកនាំផ្ទាល់របស់អ្នកចាត់ការទូទៅថ្មីលោក Keisuke Honda ត្រូវបានកោះហៅ​ប្រមូលផ្ដុំវិញហើយ ។ ចំណែកអ្នកចាំទី ស៊ូ យ៉ាទី មិនអាចជួយក្រុមជម្រើសជាតិបានទេ ដោយសារបញ្ហារបួសប្រេះឆ្អឹងដៃ ។

    តាមការគ្រោងទុករបស់ សហព័ន្ធកីឡាបាល់​ទាត់កម្ពុជា​ (FFC) គឺ ក្រោយការប្រមូលផ្ដុំហ្វឹក​ហាត់ក្រុមកីឡាករជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតមិត្តភាព​អន្ដរជាតិក្នុងដីចំនួន ២ប្រកួត ក្រោយពិធីបុណ្យភ្ជំបិណ្ឌ នាពេលខាងមុខ។ ការប្រកួតនេះ កម្ពុជា ជួបក្រុមជម្រើសជាតិទីម័រខាងកើត នាថ្ងៃទី១២ ខែតុលា និងជួបក្រុមជម្រើសជាតិសិង្ហបុរី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ៕ សម្បត្តិ