• ស្ទាវអុកឡុកក្នុងវត្តពេលកាន់បិណ្ឌទី៧ ព្រោះរាំជាន់ជើងគ្នា
    ដោយ គ្រួ ធំ ថ្ងៃទី 02 October, 2018 ម៉ោង 02:13 PM

    ខេត្តពោធិ៍សាត់: ក្មេងទំនើងចំនួន២ក្រុមបានផ្ទុះទំនាស់គ្នាក្នុងពេលរាំធុងបាស់ បង្កការអុក​ឡុកដេញកាប់គ្នា​និងវាយគ្នាពេញបរិវេណវត្តអន្លង់រាប ស្ថិត ក្នុងភូមិចំការជ្រៃខាងជើង​ ឃុំអន្លង់រាប​ ស្រុកវាលវែង ខេត្តពោធិ៍សាត់ តែ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន​ចំនួន៣នាក់ កាលពីវេលាម៉ោង៩ និង១៥នាទីយប់ ថ្ងៃ ចន្ទ ៧ រោច ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ។

    សមត្ថកិច្ចនគរបាលស្រុក វាលវែង បានឲ្យដឹងថា ក្មេងទំនើងទាំង៣នាក់ខាងលើត្រូវបានឃាត់ខ្លួននោះ ទី១.ឈ្មោះ​ សួន វិចិត្រ ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ , ទី២ឈ្មោះ​ ផន សុភ័ក្រ ភេទ​ប្រុស​ អាយុ​២៣ឆ្នាំ និងទី៣ឈ្មោះ​ សូត្រ ណុប ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ។ ទាំង៣នាក់​ រស់នៅភូមិក្រាំងរងៀង ឃុំអន្លង់រាប​ ។ ក្រៅពីឃាត់ខ្លួនពួកគេ សមត្ថកិច្ចរឹបអូសបានកាំបិត១ដើម ទុកជាភស្តុតាងផងដែរ ។

    ប្រភពដដែលបានឲ្យដឹងទៀតថា កើតឡើងបណ្តាលមកពី រាំធុងបាស់ ដែលគេជួលមកចាក់​កម្សាន្តពេលកាន់បិណ្ឌក្នុងវត្តអន្លង់រាប ហើយពួកគេទាំងពីរក្រុមបានឈ្លោះគ្នាដោយសារ​ភាគីម្ខាង រាំជាន់ជើងភាគីម្ខាងក៏ដេញវ៉ៃកាប់ចាក់គ្នាផ្អើលពេញវត្តតែម្តង។ តែសំណាងមិនមានអ្នកណារងរបួសទេ។

    បន្ទាប់មក សមត្ថកិច្ចនគរបាលមូលដ្ឋានទៅដល់ធ្វើអន្តរាគមន៍ចាប់ឃាត់ខ្លួនបាន៣នាក់និងដកហូតបានវត្ថុតាង​កាំបិត​១​ដើមផង។ក្មេងស្ទាវទាំង៣នាក់នេះត្រូវឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរ​បាលស្រុកដើម្បី​ចាត់ការតាមច្បាប់ ខណៈកំពុងបន្តចាប់ជនសង្ស័យជាជ្រើននាក់ទៀត៕ សំបូរ