• ហុងដា បុកគោយន្តកន្ត្រៃដឹកសសរក្រាក់ស្លាប់នៅនឹងកន្លែងម្នាក់
    ដោយ គ្រួ ធំ ថ្ងៃទី 04 October, 2018 ម៉ោង 10:24 AM

    ខេត្តសៀមរាប ៖ បុរសម្នាក់បានបើកម៉ូតូ​មួយគ្រឿង​ទៅបុក​​គោយន្ត​កន្ត្រៃ​ដឹក​បង្គោល​សសរ​ក្រាក់ ពីក្រោយ​បណ្តាល​ឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រួចហើយ​អ្នកបើកគោយន្ត​កន្ត្រៃ​នោះបាន​ទម្លាក់​បង្គោលក្រាក់​ចោលទាំងប្រញាប់ប្រញាល់​ហើយ​បើក​រត់​គេចខ្លួនបាត់​ស្រមោល​ពីកន្លែងកើតហេតុដោយសុវត្ថិភាព។

    ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង​កាលពីយប់ ថ្ងៃ ពុធ ៩ រោច ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣ ខែ តុលា ឆ្នាំ២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៦៤ ត្រង់ចំណុច​ភូមិ​ដំរី​កូន​  ឃុំ​ពពេល  ​ស្រុក​សូទ្រនិគម​  ខេត្តសៀមរាប ។

    មន្ត្រីនគរបាលចរាចរស្រុក សូទ្រនិគម បានឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បង្ក​ឡើង​ដោយ​ម៉ូតូហុងដា ​ធុន​C១២៥ពណ៌​ខ្មៅ​ស៊េរីឆ្នាំ២០១៣ពាក់​ស្លាក​លេខ​សៀមរាប​១K.៩២៩២ទៅបុក​គោយន្ត​កន្ត្រៃ​ដឹក​សសរ​ក្រាក់​ពីក្រោយ​យ៉ាង​ពេញទំហឹង​​បណ្ដាល​ឲ្យស្លាប់​នៅនឹងកន្លែង​កើតហេតុព្រោះតែនៅកន្លែងកើតហេតុ ងងឹត ហើយគោយន្តកន្រ្តៃគ្មានភ្លើង សញ្ញាសម្គាល់ ធ្វើឲ្យជនរងគ្រោះដែលជិះម៉ូតូលឿនផងនោះមើលទៅមុខមិនឃើញក៏ជិះ​បុកទាំងកំរោលតែម្តង ។ ក្រោយ​កើតហេតុម្ចាស់​គោយន្ត​កន្ត្រៃ​នោះបាន​ទម្លាក់​សសរ​ក្រាក់​ចោល​នៅកន្លែងទាំងប្រញាប់ប្រញាល់ហើយ​បើក​រត់​គេចខ្លួនបាត់ទៅ ។

    ប្រភពដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះ​ដែល​ស្លាប់​នោះមាន​ឈ្មោះ ទុំ តន ភេទ​ប្រុស អាយុ៣២ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​សក្ដា ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។ សពជនរងរូបនេះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី និងកំពុងស្រាវជ្រាវរកគោយន្តដែលបង្កគ្រោះថ្នាក់បណ្តាលឲ្យមនុស្សស្លាប់ដើម្បីមកទទួល ខុសត្រូវចំពោះមុខច្បាប់ផងដែរ ៕​សំបូរ