• មិនត្រឹមតែមិនខ្លាចប៉ុណ្ណោះទេ កូរ៉េខាងជើង រឹតតែផ្គើនអាមេរិកលើសដើម
    ដោយ គ្រួ ធំ ថ្ងៃទី 18 April, 2017 ម៉ោង 01:46 PM

    បើទោះបីមេដឹកនាំកំពូលៗរបស់អាមេរិកព្រមានដោយពាក្យសម្តី និងទាំងសកម្មភាពឲ្យឃើញប្រត្យ័ក្រយ៉ាងណាក៏ដោយ ក៏កូរ៉េខាងជើង នៅតែមិនព្រឺរោមសូម្បីតែមួយសរសៃ ហើយថែមទាំងផ្គើនទៅនឹងសកម្មភាពរបស់រដ្ឋបាលប្រធានាធិបតីអាមេរិកក្រោមការដឹកនាំរបស់លោកដូណាល់ ត្រាំ នោះថែមទៀត ។

    អាមេរិកបានព្រមានថា កូរ៉េខាងជើងមិនត្រូវបាញ់សាកល្បងអាវុធមីស៊ីល ឬធ្វើសកម្មភាពសាកល្បងលោកប្រធានាធិបតីដូណាល់ ត្រាំ ទៀតនោះទេ ហើយប្រសិនបើនៅតែផ្គើនទៀតនោះ កូរ៉េខាងជើងនឹងភ្លក្សរសជាតិល្វីងជាមិនខាន ដូចដែលធ្លាប់ធ្វើចំពោះយោធាស៊ីរីដែលប្រើអាវុធជីវសាស្ត្រក្នុងការវាយប្រហារ និងការទម្លាក់ មាតានៃគ្រាប់បែកទម្ងន់ជាង៩ពាន់គីឡូក្រាមទៅលើក្រុមរដ្ឋអិស្លាម ដែលលាក់ខ្លួននៅលើទឹកដីអាហ្វនីស្ថានថ្មីៗកន្លងមកនេះអីចឹងដែរ ។

    ឆ្លើយតបចំពោះការគំរាមកំហែងរបស់អាមេរិកខាងលើនេះ កូរ៉េខាងជើងកាលពីថ្ងៃទី១៧ ខែមេសា បានប្រកាសថា កូរ៉េខាងជើង នឹងសាកល្បងកាំជ្រួចមីស៊ីលជារៀងរាល់សប្តាហ៍។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសនេះបានប្រកាសថានឹង ធ្វើសង្គ្រាមជាទ្រង់ទ្រាយធំ ប្រសិនបើអាមេរិក មានសកម្មភាពយោធាប្រឆាំងទីក្រុងព្យុងយ៉ាងនោះ ។

    លោក Han Song Ryolរដ្ឋលេខាធិការក្រសួងការបរទេសកូរ៉េខាងជើងបានធ្វើបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានថា កូរ៉េខាងជើង នឹងបន្ត សាកល្បងកាំជ្រួចមីស៊ីលរបស់ខ្លួនជារៀងរាល់សប្តាហ៍ ។ ជាមួយគ្នានេះដែរ លោក Han Song Ryolក៏បានព្រមានពីសង្គ្រាមទ្រង់ទ្រាយធំ អាចផ្ទុះឡើង ។ លោកបញ្ជាក់ថា «យើងនឹងសាកល្បងមីស៊ីល ជាច្រើនទៀត រាល់សប្តាហ៍ រាល់ខែ និងរាល់ឆ្នាំ ។ រាល់ពេលដែលអាមេរិកមានសកម្មភាពយោធាណាមួយប្រឆាំងកូរ៉េខាងជើង នោះ អាចជាការចាប់ផ្តើមនៃសង្គ្រាមទ្រង់ទ្រាយធំ» ។

    អនុប្រធានាធិបតី អាមេរិក លោក Mike Pence ដែលធ្វើដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង បានព្រមានដល់ទីក្រុងព្យុងយ៉ាងថា ដំណាក់កាលនៃការអត់ធ្មត់របស់អាមេរិកចំពោះកូរ៉េខាងជើង គឺអស់ហើយ ។

    លោក ព្រមានថា កុំចង់សាកឲ្យសោះនឹងការប្តេជ្ញាចិត្តរបស់ លោកប្រធានាធិបតី Trump ថ្វីត្បិតតែព្យុងយ៉ាងមានកម្មវិធី មីស៊ីលអន្តរទ្វីបនិងនុយក្លេអ៊ែរក៏ដោយក្តី ។ ពីព្រោះនយោបាយអាមេរិកសព្វថ្ងៃវាខ្លាំងជាងមុន ៕