• លី ចាន់សីហា រៀបមង្គលការជាមួយស្វាមីវ័យក្មេងមានភ្ញៀវចូលរួមជាង១០០តុ
    ដោយ គ្រួ ធំ ថ្ងៃទី 05 May, 2017 ម៉ោង 10:51 AM

    ភ្នំពេញៈ សំឡេងភ្លេងការបានបន្លឺឡើងលាន់ឮរងំនាព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០១៧ នៅគេហដ្ឋានស្តុក​មួយក្នុងបុរីប៉េង ហួត សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដែលនោះគឺជាសំឡេងភ្លេងការរបស់ តារាសម្តែង​ផ្នែក​មនោសញ្ចេតនាសម្បូរទឹកភ្នែក កញ្ញា លី ចាន់សីហា ។

    កន្លងមកគេធ្លាប់តែឮមហាជនឲ្យរហស្សនាម លី ចាន់សីហា ថាកញ្ញាៗ ឬហៅសមញ្ញថានៅក្រមុំមិនទាន់​រៀបការ តែនៅថ្ងៃទី៥ ខែឧសភា នេះ តារាសម្ដែងសម្បូរទឹកភ្នែករូបនេះ នឹងត្រូវបានគេប្ដូរឈ្មោះ​ថាអ្នកនាង​វិញ​ហើយ ព្រោះនាងត្រូវបញ្ចប់ភាពក្រមុំទាំងស្រុងដើម្បីសាងសុភមង្គលជាមួយស្វាមី​ដែលត្រូវបាន​សំពះផ្ទឹមតាមប្រពៃណីដោយមានភ្ញៀវមកពីជិតឆ្ងាយចូលរួមធ្វើជាសាក្សី និងមានចាស់ទុំកួចចំណងដៃប្រសិទ្ធពរជ័យគូស្វាមីភរិយាទាំងពីររួមរស់ជាមួយគ្នាជារៀងរហូត ។

    នៅក្នុងថ្ងៃនេះ គេឃើញកូនក្រមុំ(លី ចាន់សីហា)បានតុបតែងកាយគួរឲ្យគយគន់ ដែលអ្នកណាៗក៏សរសើរពីសម្រស់ស្រស់ស្អាតពីធម្មជាតិរបស់នាង និងចាត់ទុកជាសំណាងរបស់នាងដែលទទួលបានស្វាមីវ័យក្មេង ពោរពេញដោយភាពស្រស់ស្រាយរាក់ទាក់ មានការងាររដ្ឋច្បាស់លាស់ព្រមទាំងមាន ឪពុកក្មេកមានងារជាឯកឧត្តម នៅក្នុងក្រសួងមួយ ដែលមានទ្រព្យសម្បត្តិមិនចាញ់គេឯងឡើយ។

    យ៉ាងណាមិញ លី ចាន់សីហានៅតែត្រូវគេមើលឃើញថា នាងមិនមែនជាសិល្បការិនីដែលពឹង​សំណាង​ស្វាមីតាំងមុនរៀបនាងរៀបការនោះទេ ការពិតនាងបានទិញផ្ទះផ្ទាល់ខ្លួន និងបើកហាងមួយ​ទៀត បន្ថែមពីលើសម្អាងការដ៏ជោគជ័យដែលនាងមានស្រាប់ទៀតផង ។ លី ចាន់សីហា ធ្លាប់បាននិយាយប្រាប់មិត្តភ្កតិថាក្រោយរៀបការរួចអ្នកនាងមិនចង់ឲ្យមានពាក្យថានាងទៅផ្អែកខ្នងទ្រព្យសម្បត្តិខាងប្ដីទេ ទើបនាងពន្យារពេលរៀបការមួយឆ្នាំជា២ឆ្នាំ ដើម្បីឲ្យសម្រេចគោលដៅរឿងផ្ទះ និងហាងទី២របស់នាង។ ដូច្នេះហើយទើបតារាសិល្ប:សរសើរថានាង ក្រៅពីក្លាយជានារីបានប្ដី សំបូរទ្រព្យមានឋាន:ល្អប្រសើរនោះ គឺថែមទាំងមានសមត្ថភាពធ្វើអាជីវកម្មយ៉ាងជោគជ័យដោយខ្លួនឯងទៀត ។

    លី ចាន់សីហា និយាយថាអាពាហ៍ពិពាហ៍របស់នាងនាថ្ងៃនេះ មានភ្ញៀវចូលរួម១០០តុ ហើយ គម្រោងរៀបចំបដិសណ្ឋារកិច្ចភ្ញៀវត្រូវធ្វើនៅមជ្ឈមណ្ឌលកោះពេជ្រ និងហាងក្នុងភ្នំពេញធំៗឯណោះទេ ប៉ុន្តែមកពីទីតាំងទាំងនោះអត់ទំនេរ ទើបក្រុមគ្រួសាររបស់នាងសម្រេចរៀបចំទទួលភ្ញៀវនៅហាងម៉ូឌែន២ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យវិញ។ នាងថានាងបានចំណាយច្រើនក្នុងការតុបតែងក្នុងពិធីនេះឲ្យមានភាពប្រណីតដោយសារតែនាងយល់ថាមួយជាតិការម្ដង ត្រូវតែការឲ្យធំ និងមិនអាចសន្សំសំចៃលុយបាន។ អ្នកនាងថាក្នុងចំណោមភ្ញៀវចូលរួមចាង១០០០នាក់ នាងបានអញ្ជើញតារាសិល្ប: និងផលិតករ ច្រើនជាង៣០តុឯណោះ ដើម្បីធ្វើយ៉ាងណាឲ្យពិធីនេះស័ក្តិសមនឹងកិត្តិយសរបស់នាង និងស្វាមី៕ វិសាល