កីឡាការិនីប៉េតង់កម្ពុជាម្ណាក់ទៀតដណ្តើមមេដាយមាសក្នុងព្រឹត្តិការណ៍ Trophee L’Equipe នៅបារាំង

ភ្នំពេញ៖​ ជាព្រឹត្តការណ៍ថ្មីមួយទៀតរបស់កីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា អ៊ុន ស្រីយ៉ា បានដណ្ដើមមេដាយមាសទី២ បន្ទាប់ពីកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ទើបដណ្ដើមបានមេដាយមាសលើវិញ្ញាសាវាយគូនារីក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ពាន​រង្វាន់អន្ដរជាតិ Trophee L’Equipe លើកទី២ នៅប្រទេសបារាំង ដែលបានផ្ដួលកីឡាការិនី Marie-Christine Virebayre របស់ម្ចាស់ផ្ទះបារាំងដែលបានបញ្ចប់ការប្រកួតនាវេលា​ម៉ោងប្រមាណ ១០យប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ (ម៉ោងនៅកម្ពុជា)។

ប្រភពពីប្រទេសបារាំង បានឲ្យដឹងថា មុនឈានដល់ដណ្តើមមេដាយមាសនេះ កីឡាការិនី អ៊ុន ស្រីយ៉ា បានឆ្លងកាត់ការប្រកួត ៥ប្រកួតដោយក្នុងនោះប្រកួតជម្រុះក្នុងពូលB ៣ប្រកួតឈ្នះ២ និងចាញ់ ១ ពោលគឺប្រកួតបើកឆាកចាញ់កីឡាការិនីដាណឺម៉ាក១៣-១, បន្ទាប់មកបានលត់កីឡាការិនីអ៉ីតាលី១៣-១ និងឈ្នះកីឡាការិនីទុយនេស៊ី១៣-៦ ដើម្បីឡើង​ទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយបានយកឈ្នះកីឡាការិនីថៃ ដោយពិន្ទុ ១៣-៧ ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយបានផ្ដួលកីឡាការិនីម្ចាស់ផ្ទះបារាំង គ្រងមេដាយ​មាសតែម្ដង។

នេះជាការប្រកួតក្នុងព្រឹត្តិការណ៍ Trophee L’Equipe លើកទី២នេះ នៃការប្រកួតកីឡាប៉េតង់​កម្រិតខ្ពស់មួយ ដែលអ្នកចូលរួមចាត់ទុកជាព្រឹត្តិការណ៍កម្រិតពិភពលោក ដោយសារកីឡាករ-កីឡាការិនីចូលរួមសុទ្ធតែត្រូវបានជ្រើសរើសពីប្រទេសខ្លាំងៗ ដែលធ្លាប់មានប្រវត្តិឈ្នះមេដាយមាសពិភពលោក។ ជាក់ស្ដែងប្រទេសប្រចាំតំបន់អាស៊ី ត្រូវបានម្ចាស់ផ្ទះបារាំង អញ្ជើញចូលរួម គឺមានតែកម្ពុជា និងថៃប៉ុណ្ណោះ។ នេះជាមេដាយមាសទី២ ដែលក្រុមកីឡាប៉េតង់កម្ពុជាដណ្ដើមបាន បន្ទាប់ពីវីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ទើបដណ្ដើមបានមេដាយមាសលើវិញ្ញាសាវាយគូនារីកាលពី​មួយថ្ងៃមុននៃ​ការប្រកួតជាឯកតកតបុគ្គលនេះ ៕ ព្រះពាយ

 

Leave a Reply

Your email address will not be published. Required fields are marked *