តារាសម្តែងកាចឆ្នាស់ជើងចាស់លោកស្រី សាក់ ស៊ីស្បោងមកគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖តារាសម្ដែងបែបអន្តរជាតិ និយមសម្តែងតួកាច ឆ្នាស់ឆ្នើម ស៊ីវិល័យដោយរស់រវើក និងជាតារាសម្ដែង ជើងចាស់ដ៏ល្បី នៅក្នុងប្រទេសកម្ពុជា កាលពីសម័យ សង្គមរាស្រ្តនិយម គឺលោកស្រី សាក់ ស៊ីស្បោង បានបង្ហាញវត្តមាន ក្នុងពេលគោរពវិញ្ញាណកន្ធ ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ កាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៨ នេះ។

ការបង្ហាញមុខនេះ ធ្វើឲ្យអ្នកដែលធ្លាប់ស្គាល់ តារាសម្ដែងដ៏ល្បីល្បាញរូបនេះ មានការនឹករលឹក និងភ្ញាក់ផ្អើលចំពោះវត្តមាន និងសកម្មភាព របស់តារាសម្ដែងជើងចាស់រូបនេះ នៅក្នុងប្រទេសកម្ពុជា ស្ទើរគ្រប់ៗគ្នា។

គេនៅចាំបានថា លោកស្រី សាក់ ស៊ីស្បោង បានចាកចេញពីប្រទេសកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីលោកស្រីបានលាឈប់ពីការសម្ដែង តាំងពីជំនាន់ មុនសម័យខ្មែរក្រហមមកម្ល៉េះ។ ទស្សនិកជន ក៏ដូចជាមហាជននៅក្នុងប្រទេសកម្ពុជា បានគិតស្មាន និងសន្និដ្ឋានថា លោកស្រី សាក់ ស៊ីស្បោង ប្រហែលជាបាត់បង់ជីវិត នៅក្នុងសម័យ ខ្មែរក្រហមបាត់ទៅហើយ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺលោកស្រីនៅមានជីវិត និងបានមកលេងប្រទេសកម្ពុជា ជាពិសេសនោះ គឺមកគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ទៀតផង ហើយលោកស្រីមានអាយុជាង  ៧០ឆ្នាំ ទៅហើយ ដោយសក់ស កោរត្រងោលមើលសឹងមិនស្គាល់ ។

យោងតាមហ្វេសប៊ុកផេក របស់ក្រុមព្រះសុរិយា បានបង្ហាញរូបភាព លោកស្រី សាក់ ស៊ីស្បោង ក៏ដូចជាបានផ្ដល់នូវព័ត៌មាន ត្រួសៗមួយចំនួន ដើម្បីឲ្យមហាជន បានដឹង តាមរយៈរូបថតជាច្រើន ដែលក្រុមព្រះសុរិយា ថតបង្ហាញឲ្យគេសង្កេតឃើញ លោកស្រី សាក់ ស៊ីស្បោង បានបង្ហាញនូវការសួរនាំ ក៏ដូចជាសួរសុខទុក្ខ ដល់បងប្អូនចាស់ៗ ដែលបានចូលរួម ក្នុងពិធីគោរពវិញ្ញាណក្ខន្ធនេះ ផងដែរ ៕ សម្បត្តិ

 

Leave a Reply

Your email address will not be published. Required fields are marked *