ស្ថានភាពជំងឺ តារាកំប្លែងជើងចាស់ នាយក្តឹប នៅតែបារម្ភ

ភ្នំពេញ៖តារាកំប្លែងប្រចាំក្រុមនាយក្រឹម គឺលោក ឃុន ក្ដឹប ហៅនាយក្ដឹបត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗក្រោយពីតារាកំប្លែងរូបនេះដួលសន្លប់ស្តូកស្តឹងលែងដឹងខ្លួន។ សន្លប់ព្រោះតែស្ថានភាពជំងឺស្ពោតសរសៃឈាមនៅខួរក្បាលធ្វើទុក្ខខ្លាំង ខណៈពេលនេះកំពុងស្ថិតក្នុងស្ថានភាពមួយដែលក្រុមគ្រួសារកំពុងព្រួយបារម្ភខ្លាំង។

ស្ថិតក្នុងវ័យ៥៨ឆ្នាំជំងឺរ៉ាំរ៉ៃកើតមានលើតារាកំប្លែងនាយក្តឹប អស់ជាយូរមកហើយ ប៉ុន្តែតារារូបនេះនៅតែបន្តប្រឹងប្រែងលើការងារព្រោះតែត្រូវរ៉ាប់រងលើជីវភាពក្រុមគ្រួសារ សុខចិត្តចេញទៅសម្តែងលើឆាកទាំងឈឺទាំងជា។ ព្រឹកថ្ងៃទី១៩ខែវិច្ឆិកាតារាកំប្លែងរូបនេះបានដួលសន្លប់រហូតក្រុមគ្រួសារដឹកទៅសង្គ្រោះបន្ទាប់នៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗ បើតាមការឲ្យដឹងពីអ្នកស្រី ហួន ផាត ដែលត្រូវជាភរិយានាយក្ដឹបនៅម៉ោងប្រហែល៦ព្រឹកម្សិលមិញនេះ នាយស្រាប់តែមានអាការៈទន់ដៃទន់ជើងហើយក៏សន្លប់ ភ្លាមៗ ភរិយាតារាកំប្លែងជើងចាស់រូបនេះបានបន្តឲ្យដឹងថា ក្រោយក្រុមគ្រូពេទ្យពិនិត្យឃើញថានាយក្ដឹបមានជំងឺស្ពោតសរសៃឈាមនៅខួរក្បាល ហើយមកទល់ពេលនេះស្ថិតក្នុងបន្ទាប់សង្គ្រោះបន្ទាន់នៅឡើយ។ អ្នកស្រីថា នាយក្តឹបទើបតែដឹងខ្លួននៅព្រឹកនេះ ទោះបីជាស្វាមីដឹងខ្លួនក្តី តែនិយាយខ្សាវៗស្តាប់មិនបាននោះទេ ហើយមិនទទួលទានអ្វីទាំងអស់។អ្នកស្រីបន្តថាមុនមកដល់ការសង្គ្រោះបន្ទន់អ្នកស្រី ហួន ផាត ប្រាប់ថា ស្វាមីអ្នកស្រីមានជំងឺបេះដូងដោយ ក្នុង១០ថ្ងៃឬកន្លះខែត្រូវមកជួបពេទ្យម្ដង។

គួរបញ្ជាក់ដែរថាតារាកំប្លែងនាយក្តិប បានប្រឡូកនឹងការងារសិល្បៈជិត៣០ឆ្នាំមកហើយ។ នាយមានកូន៥នាក់ ស្រី៣ និង មានថៅ៦នាក់។ សេដ្ឋកិច្ចក្រុមគ្រួសារទាំងមូល គឺពឹងលើតារាកំប្លែងរូបនេះទាំងស្រុង។ តាមរយៈដំណឹង និងសារខាងលើនេះ បានធ្វើឱ្យមហាជនជាច្រើន សម្តែងនូវការអាណិតអាសូវ ដល់នាយ ក្តឹប ដែលជាតារាកំប្លែងជើងចាស់មួយរូប និងក្រុមគ្រួសារលោក ដែលកំពុងខ្វះខាតថវិកាដើម្បីព្យាបាល ដល់ថ្នាក់បង្ខំចិត្តលើកដៃសុំជំនួយពីសប្បុរសជន ៕ កូនពេជ្រ

 

Leave a Reply

Your email address will not be published. Required fields are marked *