ចិនប្រកាសពីវីរុសគ្រុនផ្តាសាយបក្សីទី៦ឆ្លងរាលដាលក្នុងខេត្ត Hubei

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មចិនកាលពីថ្ងៃទី១៤ ខែមីនា បញ្ជាក់ថា វីរុសគ្រុនផ្តាសាយបក្សីទី៦​ ចាប់តាំងពីខែតុលា ឆ្នាំ២០១៦ មកទល់ពេលនេះ បានឆ្លងរាលដាលនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វទាមួយកន្លែង ភាគកណ្តាលខេត្ត Hubei ។

ការប្រកាសផ្សព្វផ្សាយលើគេហទំព័រ ក្រសួងកសិកម្មចិនបញ្ជាក់ថា ការឆ្លងវីរុសនេះកើតឡើងនៅក្នុងតំបន់ទីប្រជុំ Daye ដែលមានពលរដ្ឋរស់នៅប្រមាណ៩០០.០០០នាក់ ។ វីរុសនេះជាប្រភេទជំងឺផ្តាសាយ H5H6 ។

ក្រោយពីផ្ទុះការឆ្លងវីរុសនេះភ្លាម អាជ្ញាធរបានសម្លាប់សត្វបក្សីប្រមាណ៦៨១ក្បាលនៅក្នុងតំបន់ ។

វីរុសផ្តាសាយបក្សីនេះបានផ្ទុះឡើងវិញក្នុងខែមករា នៅក្នុងកសិដ្ឋានចិញ្ចឹមសត្វក្ងានមួយកន្លែងភាគកណ្តាលខេត្ត Hunam របស់ចិន ។ ចាប់តាំងពីពេលនោះមក អាជ្ញាធរបានកម្ទេចសត្វចិញ្ចឹមអស់ប្រមាណ១០៥៤ក្បាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសនេះ ។

នៅទូទាំងប្រទេសចិន អាជ្ញាធរបានសម្លាត់សត្វចិញ្ចឹមទាំងអស់១៧៥.០០០ក្បាល ចាប់តាំងពីខែតុលា ឆ្នាំ២០១៦រៀងមក ខណៈដែលកូរ៉េខាងត្បូង ប្រទេសជិតខាងក្នុងតំបន់ជាមួយចិន ក៏បានប្រយុទ្ធប្រឆាំងជាមួយជំងឺនេះផងដែរ ។

បន្ថែមពីលើនេះទៀត ជំងឺផ្តាសាយ H7N9 នៅក្នុងប្រទេសចិន ក៏បានបណ្តាលឲ្យស្លាប់មនុស្ស១៦១នាក់ ។ កាលពីថ្ងៃទី១៣ ខែមីនា រដ្ឋាភិបាលចិនបានប្រកាសថា ជនរងគ្រោះ៦១នាក់បានបាត់បង់ជីវិត និង១៦០ករណីទៀតបានឆ្លងវីរុស H7N9 ចេញពីសត្វបក្សី នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៧ ។

ទីផ្សារសត្វបក្សីរស់ ត្រូវអាជ្ញាធរបិទទ្វារមិនឲ្យដំណើរការលក់ដូរជាបន្តបន្ទាប់នៅក្នុងខេត្តជាច្រើនរបស់ប្រទេសចិន ដើម្បីកាត់បន្ថយការឆ្លងជំងឺនេះពីសត្វបក្សីទៅលើមនុស្ស ។

គ្រុនផ្តាសាយបក្សីផ្ទុះឡើងចុងក្រោយក្នុងឆ្នាំ២០១៣ ធ្វើឲ្យវិស័យកសិកម្មរបស់ចិនខាតបង់ទឹកប្រាក់ប្រមាណ៦ពាន់លានដុល្លារ ៕

Leave a Reply

Your email address will not be published. Required fields are marked *