ខ្សឹបឲ្យឮៈ បើតែយ៉ាងនេះរលាយហិនហោចហើយអណ្តើកស្រុកយើង

ប្រជាពលរដ្ឋ រស់នៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលបានរាយការណ៍ឲ្យដឹងអាជ្ញធរស្រុកកៀនស្វាយ និង ផ្នែកជលផលនិងនេសាទតែម្តង អំពីក្រុមទុច្ចរឹតមួយចំនួន​ប្រើវិធី​បំ​ផ្លាញ​សត្វ​អណ្តើក​តាមរយៈប្រើបច្ចេកទេសម៉ាស៊ីនបំពងសំឡេងដូចបំផ្ទុះគ្រាប់​បែកនៅក្នុ​ងទឹក ។

ប្រជាពលរដ្ឋទាំងនោះបានអត្ថាធិប្បាយវិធីចាប់អណ្តើកដោយប្រើឧបករណ៍ម៉ាស៊ីនរបស់ ក្រុម ទុច្ចរឹតទាំងនោះថា ពួកគេបានកែច្នៃម៉ាស៊ីនមានកម្លាំង ៨សេសឡើងទៅរួចតទុយយោពីលើ​កាណូត​ឬទូកដូច​បំពង់ស៊ីម៉ាំងម៉ូតូមុជចូលដល់បាតដី រួចគេចេះច្នៃឲ្យមានស្នូរផ្ទុះពីបំពង់ស៊ី​ម៉ាំងនោះដូចគ្រាប់បែកកក្រើកទឹកហើយបើកកាណូតក្រឡឹងជុំវិញទីតាំងណាដែលគេសង្ស័យ ថាមានអណ្តើកជាច្រើនពួនសម្ងំនៅទីនោះ ។ វិធីនេះគឺធ្វើឲ្យសត្វអណ្តើកខ្ទរទ្រហឹងត្រចៀក រងាក់រងើលែងដឹងស្មារតីសម្ងំក្នុងភក់ឬទឹកមិនបានក៏នាំគ្នាបណ្តែតខ្លួនមកលើទឹក ហើយពេល​នោះពួកគេត្រងយកអណ្តើកទាំងនោះយ៉ាងងាយបំផុត ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ក្នុងការបំផ្ទុះសំឡេងដើម្បីចាប់អណ្តើកនេះគេធ្វើនៅតែ​ពេល​យប់ ជាពិសេសនៅភូមិជ័យឧត្តម១ និងជ័យឧត្តម២ ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ធ្វើ ឲ្យ​ប្រជាពលរដ្ឋដេកពួនមិនបានទេ ។ គេមិនដឹងថាបច្ចេកទេសថ្មីក្នុងការចាប់អណ្តើកនេះ​កើត​ចេញ ពីណាមក​នោះទេ គ្រាដែលស្រុកយើងកន្លងមកមិនដែលធ្លាប់មានទាល់តែសោះ ហើយ​វា​មិនខុសពីកាលមុនស្រុកយើងមិនដែលប្រើអាគុយឬកម្លាំងចរន្តអគ្គិសនី ឆក់ត្រី ឆក់អន្ទង់ ដូច​សព្វថ្ងៃនេះដែរ ។

ប្រជាពលរដ្ឋមិនចោទអាជ្ញាធរដែនដី ឬ ជំនាញជលផល ថាបានត្រូវដងត្រូវផ្លែនឹងក្រុមទុច្ចរឹត បង្កើតឲ្យមានការបំផ្លាញសត្វអណ្តើកដែលជិតផុតពូជទៅហើយនោះដោយវិធីប្រើឧបករណ៍បំផ្ទុះជាថ្នូរនឹងលុយចិញ្ចឹមឆ្នាំងបាយនោះទេ ប៉ុន្តែបើបានជ្រាបហើយ សូមមេត្តាចុះទៅពិនិត្យ ឬ​បង្ក្រាបខ្លះទៅ បើពុំដូច្នោះទេនឹងផុតពូជអណ្តើកស្រុកខ្មែរមិនខាន ព្រោះពេលបំផ្ទុះ​ម្តងៗសូម្បី​តែ កា្តម ខ្យង កំពិស ។ ល ។ ក៏មិនសល់ដែរ ៕ ប្រជាពលរដ្ឋឃុំសំរោងធំ

Leave a Reply

Your email address will not be published. Required fields are marked *