ខ្សឹបឲ្យឮៈឧកញ៉ា ណូ ខ្លាំងមែន បញ្ជាសមត្ថកិច្ចឲ្យបង្ក្រាបកូនកញ្ច្រែងណា ដែលមិនព្រមកត់ឆ្នោតឲ្យខ្លួន

ភ្នំពេញៈ ឧកញ៉ា ណូ ត្រូវបានគេរាយការណ៍មកថា កំពុងខ្លាំងដៃមែនទែន ដោយ អាចបញ្ជាសមត្ថកិច្ចឲ្យបង្ក្រាបកូនកញ្ច្រែងកត់កន្ទុយលេខណា ដែលមិនព្រមកត់ឆ្នោតឲ្យខ្លួនរួចថឺមទាំង ប្រើលុយប្រើអំណាច ជួលនាយទាហានឈ្មោះ ម៉ៅ អ៊ុច ឲ្យដើរអុកឡុកអ្នករកស៊ីលក់ឆ្នោតស្របច្បាប់ ហើយត្រូវបានមេប៉ូលិសក្រុងភ្នំពេញ លោកផ្កាយ៣ ស ថេត បញ្ជាឲ្យចាប់ខ្លួន។ ឧកញ៉ារូបនេះ ក៏ល្បីខាងកាប់បំផ្លាញព្រៃឈើ ផងដែរកាលពីកន្លងមក ។

ប្រភពច្បាស់ការណ៍ ដឹងថា ឧកញ៉ា ណូ បច្ចុប្បន្ន គឺជាមនុស្សមានទាំងអំណាច និងលុយ កំពុងបើកឆ្នោតវៀតណាមខុសច្បាប់ នៅគ្រប់ខណ្ឌទាំងអស់ ក្នុងរាជធានីភ្នំពេញ ដោយគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ។ លើសពីនេះទៀត លោកឧកញ៉ារូបនេះ ក៏អាចប្រើលុយជួលសមត្ថកិច្ច ឲ្យចុះបង្ក្រាបកូនកញ្ច្រែងណា ដែលមិនព្រមកត់ឆ្នោតឲ្យខ្លួន ហើយថែមទាំងជួលទាហាន ឲ្យដើរអុកឡុកអ្នករកស៊ីលក់ឆ្នោតស្របច្បាប់ទៀតផង។

ជាក់ស្ដែង ករណីថ្មីៗនេះ ក្រុមលោក ម៉ៅ អ៊ុច ដែលគេដឹងថា ជាមន្ត្រីយោធា និងជាកូនចៅរបស់លោកឧកញ៉ា ណូ បានចុះទៅចាប់កូនកញ្ច្រែងតាមផ្សារយ៉ាងអនាធិបតេយ្យ ដែលមិនព្រមកត់ឆ្នោតឲ្យខ្លួន បង្កការអុកឡុក និងរំខានដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង។ ទង្វើនេះ ត្រូវបានប្រជាពលរដ្ឋយល់ឃើញថា ដូចជាចោរប្លន់ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គមយ៉ាងខ្លាំង ហើយបង្កភាពអនាធិបតេយ្យ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ជាពិសេសនៅម្ដុំផ្សារសាមគ្គី ក្នុងទឹកដីខណ្ឌទួលគោក ដោយគ្មានខ្លាចសមត្ថកិច្ច ឬច្បាប់ឡើយ។

ប្រភពមួយទៀត ឲ្យដឹងដែរថា បន្ទាប់ពីការចុះចាប់យ៉ាងអនាធិបតេយ្យពីសំណាក់លោក ម៉ៅ អ៊ុច និងកូនចៅហើយនោះ ប្រជាពលរដ្ឋ ដែលជាអ្នករកស៊ីលក់ឆ្នោតខ្មែរស្របច្បាប់ បានដាក់ពាក្យប្ដឹងទៅអាវុធហត្ថរាជធានីភ្នំពេញផងដែរដោយ ក្នុងពាក្យបណ្ដឹង បានចោទទៅលើក្រុមមនុស្សចំនួន៣ទៅ៤នាក់ ថាបានអុកឡុកការរកស៊ីរបស់ប្រជាពលរដ្ឋ ដោយប្រើប្រាស់សុទ្ធតែរថយន្តទំនើបៗ ពាក់ស្លាកលេខ ខេមរភូមិន្ទ ទៀតផង។

គេមិនដឹងថា ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអធិការនគរបាលគ្រប់ខណ្ឌទាំងអស់ ចុះធ្វើការបង្ក្រាបឆ្នោតវៀតណាមខុសច្បាប់ឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន ហើយថែមទាំងបានបញ្ជាឲ្យចាប់ខ្លួនឈ្មោះ ម៉ៅ អ៊ុច ទៀតផង  ។ចាំមើល សមត្ថកិច្ចនគរបាល រាជធានីភ្នំពេញ បង្រ្កាបបានជោគជ័យឬអត់? ឬមួយគ្រាន់តែវ៉ៃស្មៅ បង្អើលពស់ទេ ?

 

Leave a Reply

Your email address will not be published. Required fields are marked *