ខ្សឹបដាក់មេក្រូៈ បាត់ដីសាលាពលទាហានទី៣ ជិត១៦ហិតាក្នុងខេត្តកំពង់ស្ពឺទៅណា?

ដីសាលាពលទាហានទី៣ ទំហំប្រមាណជា១៦ហិកតា ស្ថិតនៅភូមិទី១(ដីអំបិល) ឃុំត្រែង​ត្រយឹង ស្រុកភ្នំស្រួច ត្រូវបានគេលួចខ្សឹបប្រាប់ថា ត្រូវបានលោកមេបញ្ជាការយោធភូមិ ភាគ៣ គឺលោកឧត្តមសេនីយ៍ឯក យឿង សុខុន និងមន្ត្រីកងទ័ពមួយចំនួនទៀត ធ្វើឯកសារ​បន្លំកាត់ចេញពីបញ្ជីសារពើភ័ណ្ឌដីក្រសួងការពារជាតិ យកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ដោយគ្មាន​រអែងច្បាប់អ្វីឡើយ។ ករណីបែបនេះក្រសួងការពារជាតិមិនគួរសម្ងំស្ងៀមទេ គួរតែចុះធ្វើ​អធិការកិច្ចដើម្បីបកស្បែកមុខលើបុគ្គលខិលខូចមានអំណាចណាខ្លះដែលថ្លើមធំហ៊ាន​យកដីអង្គភាពអង្កន់ចែកគ្នា ។

បើតាមឯកសារដែលគេ ទទួលបាន បានបញ្ជាក់ថា កាលពីជំនាន់អតីតឧត្តមសេនីយ៍ទោ កែវ សាមួន ជាមេបញ្ជាការភូមិភាគ៣ ដីសាលាពល ទាហានទី៣ មានទំហំសរុប ៥៨៨ ២៨៨ ម៉ែត្រការ៉េ ហើយត្រូវបានទទួលស្គាល់ដោយនាយឧត្តមសេនីយ៍ ម៉ឹង សំផន តាំងពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១០ ថាជាដីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងកាពារជាតិ ដោយ​មិនអនុញ្ញាតឲ្យគ្គលណាម្នាក់មករំលោភបំពាន លួចយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបានឡើយ ដើម្បីរក្សាទុកជាប្រយោជន៍រួម បម្រើដល់វិស័យការពារជាតិ។ ប៉ុន្តែ ក្រោយពេលលោកឧត្តម​សេនីយ៍​ឯក យឿង សុខុន ចូលមកកាន់តំណែងជាមេបញ្ជា ការយោធភូមិភាគ៣ ផ្ទៃដីសាលា​បានរួមតូចបន្តិចម្តងៗ ដែលបច្ចុប្បន្ននៅសល់ដីទំហំតែ ៤២៩ ១៥៥ ម៉ែត្រការ៉េប៉ុណ្ណោះ គឺបាត់អស់ជិត១៦ហិកតាទៅហើយ។ នេះបើយោងតាមប្លង់ផែនទីគំនូសបង្ហាញទីតាំងថ្មី ដែលទទួលស្គាល់ដោយលោកឧត្តមសេនីយ៍ត្រី ទុន ណម នាយកសាលាពលទាហានទី៣ កាលពីថ្ងៃទី៣១ តុលា ឆ្នាំ២០១៦។

មន្ត្រីកងទ័ពដែលបម្រើការនៅក្នុងសាលាពលទាហានទី៣ លួចខ្សឹបប្រាប់ថា មូលហេតុនៃ​ការបាត់ដីសាលាប្រមាណ១៦ហិកតានេះ គឺផ្តើមចេញពីលោក យឿង សុខុន ដែលបានប្រើ​ប្រាស់អំណាចនិងតួនាទីជាមេបញ្ជាការយោធភូមិភាគ៣ កាត់ដីចេញពីដីរួមរបស់​សាលាធ្វើ​កម្មសិទ្ធិផ្ទាល់ខ្លួនអស់ជិត១០ហិកតា។ ដោយឃើញទង្វើរបស់លោក យឿង សុខុន បែបនេះ មន្ត្រីកងទ័ពបម្រើការងារនៅក្នុងសាលាពលទាហានទី៣មួយចំនួន ក៏នាំគ្នាយកតម្រាប់តាម ដោយនាំគ្នាកាត់ដីសាលាទំហំជិត៦ហិកតា ចែកគ្នាធ្វើកម្មសិទ្ធិដែរ។ ទង្វើនេះ បានធ្វើឲ្យផ្ទៃដី​សាលា​ទាំង​មូល​ដែលពីមុនមានទំហំជិត៥៩ហិកតា រួមតូចនៅត្រឹមតែជាង៤២ហិកតាប៉ុណ្ណោះ ។

យ៉ាងណា ពលទោ ពលទាហាន និងនាយទាហានមួយចំនួនធំ​ បានសំណូមពរដល់ សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារ ជាតិ មេត្តាចាត់បញ្ជូន​មន្រ្តីឲ្យចុះមកធ្វើអធិការ កិច្ចលើបញ្ហាបាត់ដីសាលានេះផង ដើម្បីកុំឲ្យរឿងបែបនេះ ក្លាយ​ជាគំរូ​អាក្រក់ក្នុងជួរកងទ័ព។ សូមយកដីដែលបាត់បង់ទាំងនេះ ទុកជាសម្បត្តិរដ្ឋរបស់ក្រសួង​ការពារ​ជាតិវិញផង៕

 

Leave a Reply

Your email address will not be published. Required fields are marked *