ខ្សឹបដាក់មេក្រូ៖ មានគេបើកទីតាំងភ្នាល់ទឹកភ្លៀងតាមម៉ាស៊ីនអេឡិចត្រូនិកក្នុងខណ្ឌ៧មករាជាង៣ខែមកហើយ អាជ្ញាធរមូលដ្ឋានដឹងឬអត់?

0
148

ក្រៅពីភ្នាល់ភ្នែកទល់ភ្នែក ដៃផ្ទាល់ដៃ(ស៊ីសងផ្ទាល់ដៃ) ល្បែងភ្នាល់ទឹកភ្លៀងត្រូវបានឈ្មួញគ្រាក់ៗ មួយក្រុមដែលមានលុយរាប់លានដុល្លារ ពង្រីកការគ្រប់គ្រងអាជីវកម្មតាមម៉ាស៊ីនអេឡិចត្រូនិក តាមរយៈអ៊ិនធើណេតអនឡាញដើម្បី ទូទាត់ស៊ីសងភ្នាល់នៅក្នុងស្រុក និង ឆ្លងដែនក្រៅប្រទេសហាក់ជាលក្ខណៈចំហ បំពានយ៉ាងធ្ងន់ធ្ងរទៅនិងសារាចរណ៍ណែនាំរបស់ រាជរដ្ឋាភិបាលលេខ០៧(សរណន) ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ស្តីពីការពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក អ៊ិនធើណេតអនឡាញ ក្នុង-ក្រៅប្រទេស គ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

មានគេខ្សឹបប្រាប់ថា ទីតាំងភ្នាល់ទឹកភ្លៀងតាមម៉ាស៊ីនអេឡិចត្រូនិក តាមរយៈអ៊ិនធើណេតអនឡាញនេះបានដំណើរការប្រមាណជាង៣ខែមកហើយ នៅក្នុងសង្កាត់អូរប្ញស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយមានថៅកែធំ ដែលជាអ្នកគ្រប់គ្រងម៉ាស៊ីននេះនៅប្រទេសម៉ាឡេស៊ីមានលុយរាប់លានដុល្លារសម្រាប់ស៊ីសងយ៉ាងត្រជាក់ចិត្ត តាមម៉ាស៊ីនអេឡិចត្រូនិក អ៊ិនធើណេតអនឡាញ ស៊ីសងក្នុងមួយថ្ងៃរាប់លានដុល្លារ ឆ្លងដែនទៅក្រៅប្រទេស តាមរយៈការបើកគណនេយ្យ ដើម្បីដាក់ប្រាក់តម្កល់ចូលលេង ។

គេខ្សឹបឲ្យដឹងទៀតថា ការភ្នាល់ទឹកភ្លៀងតាមម៉ាស៊ីនអេឡិចត្រូនិក អ៊ិនធើណេតអនឡាញ ទាបបំផុតត្រូវដាក់ប្រាក់តម្កល់ចំនួន១ម៉ឺនដុល្លារ (សម្រាប់អ្នកលេងតូចតាច) បើអ្នកលេងធំៗ រាប់ម៉ឺន រាប់សែន និងរាប់លានដុល្លារក្នុងមួយថ្ងៃ គឺត្រូវដាក់ប្រាក់តម្កល់ ចំនួន១០ម៉ឺនដុល្លារ ទើបគេបើក(អាក់ខោន)អោយ ដោតឡូតតាមទូរស័ព្ទដៃ តាមរយៈ Play Stor និង App Stor ដែលមានឈ្មោះថា (KW…) ទើបគេឲ្យលេខកូដសម្ងាត់ ដើម្បីចរាចរណ៍សាច់ប្រាក់ភ្នាល់ទឹកភ្លៀងនេះស៊ីសងតាមម៉ាស៊ីនអេឡិចត្រូនិក អ៊ិនធើណេតអនឡាញ ។ ម៉ាស៊ីនអេឡិចត្រូនិក ដែលបង្កើតឲ្យជនជាតិបរទេសសម្រាប់ភ្នាល់ទឹកភ្លៀងក្នុងរាជធានីភ្នំពេញ និងឆ្លងដែនទៅក្រៅ ប្រទេស គេគ្រាន់តែដកតុងទៅលើទំហំនៃទឹកលុយ មានន័យថា បើលក់ឬទិញទឹកភ្លៀង ក្នុងទឹក ប្រាក់៥០០០ដុល្លារ ម៉ាស៊ីនអេឡិចត្រូនិកនេះ ត្រូវកាត់ភាគរយអស់៦ដុល្លារ ។ បើ១ម៉ឺនដុល្លារកាត់ភាគរយអស់១២ដុល្លារ ។ ក្នុងមួយថ្ងៃៗ ការភ្នាល់ទឹកភ្លៀងតាមរយៈម៉ាស៊ីនអេឡិចត្រូនិច អ៊ិនធើណេតអនឡាញមានចំនួនទឹកប្រាក់រាប់លានដុល្លារ ហើយថេរវេលានៃការទូទាត់ សាច់ប្រាក់មានរយៈពេលរហូត២សប្តាហ៍ បើពុំទាន់បើកប្រាក់ឬទូទាត់លុយឈ្នះចាញ់នោះទេ ក្នុងរយៈពេល១៤ថ្ងៃចាត់ទុកជាមោឃៈ និងត្រូវបានចាកចេញពីទិន្នន័យក្នុងម៉ាស៊ីនអេឡិចត្រូចនិច ដោយស្វ័យប្រវត្តិតែម្តង ។

ក្រុមអ្នកលេងភ្នាល់ទឹកភ្លៀង បាននិយាយថា ហាងឆេងភ្នាល់ទឹកភ្លៀងតាមរយៈម៉ាស៊ីនអេឡិចត្រូនិក អ៊ិនធើណេតអនឡាញ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ហាងឆេងតម្លៃលក់២សេន មានន័យថា បើទិញ១គីឡូ យកសើម (ភ្លៀង) គឺបាន១០០០ដុល្លារ ពេលឈ្នះ ។ បើទិញមួយកៅស៊ូ យកសើម (ភ្លៀង) ឈ្នះ បាន១ម៉ឺនដុល្លារ តែបើចាញ់ត្រូវអស់មួយគីឡូក្រាម២០ដុល្លារ និងមួយកៅស៊ូ ២០០ដុល្លារ (ស្ងួត)។ ប៉ុន្តែករណីភ្នាល់នេះ មានទឹកលុយរាប់លានដុល្លារឯណោះ ។

ពាក់ព័ន្ធករណីការបើកអាជីវកម្មភ្នាល់ទឹកភ្លៀងតាមរយៈម៉ាស៊ីនអេឡិចត្រូនិច អ៊ិនធើណេតអនឡាញ ដែលទើបបើកលេងជាង៣ខែយ៉ាងត្រជាក់ចិត្តនៅសង្កាត់អូរ​​​​ឫស្សី២ ខណ្ឌ៧មករានេះ មិនត្រូវបានគេដឹងថា អាជ្ញាធរខណ្ឌ៧មករា លោកឧត្តមសេនីយឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជ្រាបដែរឬទេ ឬដឹងដែរ ចេះតែបិទភ្នែក ខណៈដែលថ្មីៗនេះសម្តេចតេជោ នាយករដ្ឋមន្ត្រី សម្រេចបិទល្បែងភ្នាល់តាមអេឡិចត្រូនិកទៅហើយ នោះ  ?  ៕

LEAVE A REPLY

Please enter your comment!
Please enter your name here