ខ្សឹបដាក់ត្រចៀកៈ មន្ត្រីមិនសប្បាយចិត្តការតែងតាំងលោក សេង សុខណាក់ ផ្លោះជាអនុប្រធានមន្ទីរដែន​ដី​នគរូបនីយកម្ម​ សំណង់ និងសុរិយោដីខេត្តព្រះសីហនុ

 

មានភាពមិនប្រក្រតីមួយកើតមាននៅក្នុងមន្ទីរដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដី​ខេត្តព្រះសីហនុ បន្ទាប់ពីមន្ត្រីនៅក្នុងមន្ទីរមួយនេះនាំគ្នាជ្រួលជ្រើមនិងបម្រុងប្រតិកម្មខ្លាំង ដោយ​ទទួល​ដំណឹងថា ថ្នាក់លើ កំពុងរៀបចំឯកសារតែងតាំង អនុប្រធានការិយាល័យរៀបចំដែនដីនគររូបនីយកម្ម សំណង់ និងភូមិបាល​ថ្នាក់​​ស្រុកម្នាក់ធ្វើជាអនុប្រធានមន្ទីរដែន​ដី​នគរូបនីយកម្ម​ សំណង់ និងសុរិយោដី​ខេត្តព្រះសីហនុ ទៅអ្វីដែលមន្រី្តទាំងនោះនិយាយថាដូចជាផ្លោះរបង និងផ្ទុយពីអនុក្រឹត្យ របស់រាជ​រដ្ឋាភិបាល​ដែល​តម្រូវឲ្យមន្ទីរនីមួយៗមានតែអនុប្រធានតែ៣នាក់ប៉ុណ្ណោះ ហើយសព្វថ្ងៃមានដល់ទៅ៥នាក់ រួចទៅហើយនោះ ។

មន្រី្តជាច្រើនបានលួចបង្ហើបឲ្យដឹងថា លោក សេង សុខណាក់ ដែលមានអាយុទើបតែ៣៣ឆ្នាំ ជាអនុប្រធានការិយាល័យ​រៀបចំដែនដី​នគររូបនីយកម្ម សំណង់ និងភូមិបាល ​ស្រុកព្រៃនប់ ដែលមានកាំប្រាក់ ក៣-៦ កំពុងរត់ការ​ជាមួយថ្នាក់លើ និងដោយមានការ​អន្តរាគមន៍​ពីឯកឧត្តមឧបនាយករដ្ឋមន្រី្តម្នាក់ ដើម្បីបានតំណែង​ជាអនុ​ប្រធានមន្ទីរដែន​ដី​នគរូបនីយកម្ម​ សំណង់និងសុរិយោដី ខេត្តព្រះសីហនុ រហូតជិតបានសម្រេចហើយ ។

មន្រី្តនិយាយថា ការប្រឹងប្រែងយក តំណែងខ្លាញ់នេះវាពិតជាអនុវត្តផ្ទុយនឹងអនុក្រឹត្យលេខ១១៤ ឋអនក្រ ចុះថ្ងៃទី៧​ខែ​កញ្ញាឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាលខ្លាំងណាស់ ព្រោះបានកំណត់ ឲ្យមាន​អនុប្រធានមន្ទីរតែ៣នាក់ តែឥឡូវមានរហូតដល់៥នាក់លើស២នាក់ទៅហើយ ចាំបាច់តែងម្នាក់ទៀត ឲ្យគ្រប់៦នាក់ធ្វើអី ? ម្យ៉ាងទៀត​បើចង់ដំឡើងតួនាទីបន្ថែមមែននោះ ម៉េចមិនធ្វើតាមអនុក្រឹត្យ​ឬធ្វើតាម​អនុសាសន៍របស់​សម្តេចតេជោ ដែលតម្រូវឲ្យឡើងតាមឋានានុក្រមជ្រើសរើសនៅក្នុងអង្គភាពផ្ទាល់ ម៉េចចាំបាច់យកមកពីអង្គភាពក្រៅដែល មានវ័យក្មេងល្ហក់ ផ្លោះពីអនុប្រធានការិយាល័យ រំលងប្រធាន​ការិយាល័យ ទៅជាអនុប្រធានមន្ទីរ​អូតូម៉ាទិក​យ៉ាងនេះ ? ឬមួយអ្នកមានឋានៈតាមលំដាប់លំដោយ​ធ្លាប់មានបទពិសោធន៍យូរឆ្នាំ ឬអ្នកខ្លះធ្វើការមិនតិចជាង២០ឆ្នាំនៅក្នុងមន្ទីរមួយនេះគ្មាន​សមត្ថភាព​ដូចលោក សេង សុខណាក់ ?

ក្រុមមន្រី្តលួចខ្សឹបប្រាប់ថា ពួកគាត់ទំនងជាមិនស្បើយក្នុងចិត្ត និងមិនអាចឈរស្ងៀមឱបដៃឈរ មើលការតែងតាំងលោកអនុប្រធានមន្ទីរម្នាក់នេះដោយភាពមិនប្រក្រតីបែបនេះទេ គឺច្បាស់ជានាំគ្នា ដុតកង់ឡាន ឬកាន់បដាទៅរកសម្តេចតេជោឲ្យជួយរកយុត្តិធម៌មិនខាន  ៕

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *