ទស្សនល្ងីល្ងើៈ ប្រធានបទ ដាច់ទឹក ដាច់ភ្លើង !

មិនថានៅតាមខេត្ត ឬ ទីក្រុង រឿងដាច់ទឹក ដាច់ភ្លើង ដែលកើតមាននាពេលកន្លមកនេះ គឺជាប្រធានបទក្តៅគគុកមួយដែលមនុស្សមួយចំនួនលើកមកពិភាក្សា មិនថានៅតៀមកាហ្វេ ឬ ហាងធំៗនោះឡើយ ។

មានលុយ៣០០០រៀល នាយជាលទាញកង់កញ្ចាស់ជិះទៅផឹកកាហ្វេទឹកកកមួយកែវនៅតៀម កាហ្វេក្រោមដើមក្រខុបមួយដើម ដែលសម្បូរដោយចាស់ៗ ចាយលុយចូលនិវត្ត ហើយបាន​ស្តាប់​ការព្រោកប្រាជ្ញរបស់ពួកគាត់ ក្រោមប្រធានបទ ដាច់ទឹក ដាច់ភ្លើង ។

លោកតាម្នាក់ដែលនិយមហូបកាហ្វេខ្មៅ១កែវផឹកតែអស់មួយប៉ាន់ បានថ្ងូរមុនគេថា ដាច់បាយ​អស់ហើយអ្នកអំពេញ (ភ្នំពេញ) រកស៊ី រស់នឹងទឹក-ភ្លើង ហើយបើដាច់ទឹក ដាច់ភ្លើង យ៉ាងនេះ តើសង្ឃឹមអី ?​ បានឮការថ្ងូររបស់លោកតាម្នាក់នេះយ៉ាងដូច្នេះ ស្រាប់តែលោកតា ពាក់វ៉ែនតា​សម្នាក់ ដែលអង្គុយហូបកាហ្វេទឹកកកនៅជ្រុងតុម្ខាង ឆ្លើយកាត់ផូងថា វាមិន​ងាប់​ទេតា កាល​ជំនាន់អាពត អត់ភ្លើងក៏រស់បានដែរ ។

បានស្តាប់ការជជែករបស់តាពីរនាក់នេះ ពូម្នាក់ទៀតអង្គុយក្បែរនោះក៏លូកមាត់ថា ឲ្យវា​អ៊ីចឹង​ចុះ ដើម្បីឲ្យកូនខ្ញុំលក់ម៉ាស៊ីនភ្លើង និងអាគុយដាច់។ កន្លងមកវាលក់មិនសូវដាច់ទេ ព្រោះមាន ភ្លើងអគ្គិសនីសម្បូរបែប ។

ចំណែកលោកតាម្នាក់ទៀតមានចម្ងល់ខុសគេ លើកឡើងថា ប្រទេសយើងសម្បូរធនធាន​ធម្មជាតិ​ណាស់ដែរ ហេតុអីខ្វះនេះខ្វះនោះហើយទៅរំពឹងគេទៅវិញ? លោកតា បានលើក​ឧទាហរណ៍ថា នៅកណ្តាលប្រទេសមានទន្លេទឹកសាបដល់ទៅ៤ បែរជាខ្វះទឹក ទៅទិញទឹក​ពីថៃ មានឆ្នេរសមុទ្រធំល្វឹងល្វើយគ្រាន់បើជាងប្រទេសឡាវ បែរជាទិញអំបឹលពីចិន ។ ចំណែកវារីអគ្គិសនីវិញ មាននៅតាតៃ និងទន្លមេគង្គផងដែរ បែរជា ទៅទិញភ្លើងពី​ប្រទេស​ជិតខាងទៅវិញ តើនេះមកពីអ្វីទៅណ ?

លោកតាបន្តថា អារឿងដាច់ទឹកដាច់ភ្លើងនេះ បើនៅស្រុកគេវិញ គ្រាន់តែដាច់ភ្លើង១៥នាទី​សោះ រដ្ឋមន្រ្តីកាន់ការងារនឹងលាឈប់បាត់ទៅហើយ ចុះស្រុកយើងម៉េចដែរ ? ការពិតអ្នក ទទួលខុសត្រូវការងារនេះត្រូវដឹងមុនអំពីកង្វះថាមពលអគ្គិសនីដែលកើតឡើងដោយខ្វះទឹក នារដូវប្រាំងសម្រាប់វារីអគ្គិសនី និងត្រូវរាយការណ៍ទៅថ្នាក់ដឹកនាំដើម្បីមានវិធានការណ៍

ត្រៀមរកថាមពលអគ្គិសនីទុកផ្គត់ផ្គង់ជូនអតិថិជនឲ្យហើយ  មិនមែនស្ងាត់ៗភ្លើងប្រើមិនគ្រប់​គ្រាន់ ទើបរួសត្រគាកឆ្លើយដាក់បន្ទុកថា មកពីវារីអគ្គិសនីអត់ទឹកអ៊ីចឹងទេ ។ ម្យ៉ាងទៀតពេល ដាច់ថាមពលអគ្គិសនីធ្វើឲ្យខូចប្រយោជន៍ការងាររកស៊ីរបស់អតិថិជនយ៉ាងនេះ លោកខាង​អគ្គិសនី​សម្ងំស្ងាត់ជ្រៀប តែបើអតិថិជនបង់លុយមិនទាន់វិញ ឬមិនលើសមួយថ្ងៃផងទៅផ្តាច់​ថាមពលលែងឲ្យប្រើ និងពិន័យមិនខាន ។

ដោយឡែកបុរសម្នាក់ទៀតដែលកំពុងផឹកកាហ្វេទឹកកកវិញបានលាន់មាត់ថា ផ្ទះខ្ញុំដាច់តែ​ភ្លើង​ទេ មានដាច់​ទឹកឯណា ?  សម្តីនេះត្រូវបានលោកតា ឆ្លើយកាត់ថា តាមអីផ្ទះប្អូននៅផ្ទាល់ ដី ចំណែកតា ផ្ទះនៅជាន់ទី៣ បើមិនក្រោកម៉ោង៤ទៀបភ្លឺត្រងទឹកចេញដូចនោមទាស់ទេ ច្បាស់ជាខ្វះទឹកដាំបាយមិនខាន ។

បានស្តាប់ក្រុមនិវត្តជនជជែកគ្នាក្រោមប្រធានបទ ដាច់ទឹក ដាច់ភ្លើង យ៉ាងនេះ នាយជាល គិតថាពួកគាត់និយាយត្រូវខ្លះ ខុសខ្លះ រួចក៏ទាញកង់កញ្ចាស់ជិះទៅផ្ទះវិញ ដោយសុំទុកការ ជជែករបស់ពួកគាត់ឲ្យខាងលោកអគ្គិសនី ពិចារណាចុះ ៕

Leave a Reply

Your email address will not be published. Required fields are marked *