តម្លៃប៉ុណ្ណឹងជិះមិនជិះក៏ហី ! ទៅជិះឡានក្រុងរដ្ឋទៅមិនអស់លុយ

ភ្នំពេញ៖  ខណៈដែល លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កំពុងយកចិត្តទុកដាក់អនុវត្តតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ដោយបញ្ចេញរថយន្តក្រុងរបស់រដ្ឋមិនតិច​ជាង១០០គ្រឿ របស់រដ្ឋ បានធ្វើសកម្មភាពដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមបណ្តាខេត្តជិតឆ្ងាយមិនយកប្រាក់ ព្រមទាំង​សំណូមពរមិនឲ្យរថយនយន្តឈ្នួលដំលើងថ្លៃស្រេចតែអំពើចិត្តនោះ បែរជា​រថយន្ត​ក្រុងរបស់​ឯកជនមិនខ្ចីឈឺក្បាល និងកាន់តែផ្គើនខ្លាំងឡើងដោយយក​តម្លៃឈ្នួលដឹកជញ្ជូនទ្វេ មួយ​គុណនឹងពីរ ឬលើសពីនេះ ។

នៅតាមបញ្ជរលក់សំបុត្ររថយន្តក្រុងឯកជននានា នៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ១២ រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែ មេសា ឆ្នាំ២០១៨ គេឃើញមានបងប្អូនប្រជាពលរដ្ឋខ្មែរដណ្តើមគ្នាទិញសំបុត្រជិះរថយន្តក្រុង​ទៅស្រុក​កំណើតនាឱកាសចូលឆ្នាំខ្មែរនេះ ។ អ្វីដែលបងប្អូនហួសចិត្តនោះ គឺសំបុត្ររថយន្ត ត្រូវឈ្មួញឆ្លៀតឱកាសដំឡើងថ្លៃទ្វេមួយជាពីរ ដែលការដំឡើងថ្លៃនេះធ្វើឡើងខណៈ​ដែល​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កំពុងអញ្ជើញទៅពិនិត្យជាក់ស្តែងនៅទីតាំង​ចំណត​រថយន្តក្រុងរបស់រដ្ឋ នៅទីលាន ប្រជាធិបតេយ្យខណ្ឌ​ឬស្សីកែវ ផងដែរ​ ។

 

ប្រជាពលរដ្ឋ៥នាក់ដែលធ្វើដំណើរទៅកាន់ខេត្តសៀមរាបបាននិយាយថា គាត់បានទិញ​សំបុត្រ​រថយន្តក្រុងនៅមុខអតិតរោងកុនចេនឡាបាននិយាយថា ក្នុងថ្ងៃធម្មតាតម្លៃសំបុត្រ ភ្នំពេញ-សៀមរាប តែ២ម៉ឺនរៀលទេ តែថ្ងៃនេះគេដំឡើងថ្លៃរហូតដល់៤ម៉ឺនរៀលឯណោះ ។

ពួកគាត់និយាយទៀតថា អ្វីដែលគាត់ហួសចិត្តនោះពេលដែលសួរទៅអ្នកលក់សំបុត្រ ហេតុអី ឡើងថ្លៃមួយជាពីរ គ្រាដែលសាលាក្រុងភ្នំពេញឲ្យជិះទទេអត់យកលុយផងនោះ ?​សំណួរនេះ​ត្រូវបានគេឆ្លើយទាំងកំបុតកំបុយថា « ក្រុមហ៊ុនឲ្យយកប៉ុណ្ណឹង បើជិះក៏ជិះ បើមិនជះក៏ហី! ទៅជិះឡានក្រុងរដ្ឋទៅ វាមិនអស់លុយ » ។

សម្តីយកមេឃទ្រព្យអង្គុយបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋគិតថា ការណែនាំ ឬសំណូមពររបស់ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ជាពិសេស លោកឃួង ស្រេង អភិបាល​រាជធានី ដែលខិតខំជួយរំដោះទុក្ខលំបាកប្រជាពលរដ្ឋ ពិតជាគ្មានន័យ និងគ្មានប្រសិទ្ធភាព​ឡើយ ពោលបានន័យថា បើគេមិនស្តាប់ ហ៊ានធ្វើអីគេ ?

ទាក់ទិនករណីនេះ កាសែតនគរវត្ត មិនអាចសុំការបញ្ជាក់ពីនាយកក្រុមហ៊ុនខាងលើបានទេ កាលពីរសៀលម្សិលមិញនេះ ព្រោះគ្មានលេខទូរស័ព្ទទាក់ទង ។

យ៉ាងណាការដំឡើងថ្លៃឈ្នួលដឹកជញ្ជូនតាមអំពើចិត្តរបស់ឈ្មួញនេះ មិនមែនទើបនឹងកើត​មានក្នុងអំឡុងពេលចូលឆ្នាំ និងបុណ្យទានផ្សេងៗនេះទេ គឺមានច្រើនឆ្នាំមកហើយ តែស្ថាប័ន ពាក់ព័ន្ធ មិនអាចទប់ស្កាត់បានឡើយ ៕ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *