មុនការវិលត្រឡប់របស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានការវាយប្រហារគ្រាប់បែកអត្តឃាតបានកើតឡើងសម្លាប់រង្គាល

ការវាយប្រហារសម្លាប់រង្គាលបានកើតឡើង នៅក្នុងការប្រមូលផ្តុំគ្នាធ្វើយុទ្ធនាការរកសំឡេងឆ្នោត នៅភាគនិរតិ Baluchistan កាលពីថ្ងៃសុក្រ សម្លាប់មនុស្ស៨៥នាក់ មុនពេលដំណើរវិលត្រឡប់មកវិញរបស់អតីតនាយករដ្ឋមន្ត្រីNawaz Sharif ដែលជាប់ទោសពីបទពុករលួយនោះ ។

លោក Sharif ត្រូវគេរំពឺងថា នឹងត្រូវនាំខ្លួនតាមឧទ្ធម្ភាគចក្រទៅកាន់រដ្ឋធានីសហព័ន្ធ អិស្លាម៉ាបាដ ពេលដែលគាត់ត្រឡប់ពីទីក្រុងឡុង ប្រទេសអង់គ្លេស មកកាន់ប៉ាគីស្ថាន ប្រឈមមុខ១០ឆ្នាំជាប់ពន្ធនាគារពីបទពុករលួយ ។

មនុស្សជាង១០០នាក់ទៀត​បានរងរបួស ក្នុងហេតុការណ៍វាយប្រហារគ្រាប់បែកអត្តឃាត ក្នុងពេលជួបជុំឃោសានាបោះឆ្នោតនៅទីប្រជុំជន Mastung ។ នេះជាការវាយប្រហារសម្លាប់រង្គាលបំផុតរបស់ប៉ាគីស្ថាន ក្នុងអំឡុងពេលដែលយុទ្ធនាការឃោសានាបោះឆ្នោតដែលពោរពេញដោយហិង្សាមួយសប្តាហ៍នេះ ។

ប៉ុន្មានម៉ោងមុនពេលវាយប្រហារនៅ Mastung មនុស្ស៤នាក់ត្រូវបានសម្លាប់ដោយគ្រាប់បែកបានផ្ទុះឡើងនៅជិតកន្លែងជួបជុំរបស់មន្ត្រីជាន់ខ្ពស់នៃគណបក្សអិស្លាម ដែលកាន់អំណាចសភា ភាគពាយព្យទីក្រុង Bannu ផងដែរ ។

អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Nawaz Sharif និងកូនស្រីរបស់លោកបានសម្រេចជ្រើសរើស ការវិលចូលប្រទេស ទោះជាដឹងថានៅពេលលោកមកដល់ភ្លាម ប៉ូលិសអោយនឹងនាំខ្លួនទៅកាន់ពន្ធនាគារក៏ដោយ។

លោក Nawaz Sharif ត្រូវបានតុលាការប៉ាគីស្ថានកាត់ទោសករណីពុករលួយដែលរងការចោទថា លោកបណ្ដោយអោយកូនស្រីលោកប្រើឥទ្ធិពលរបស់លោកក្នុងមុខជំនួយលំនៅដ្ឋាន។ លោក Sharif ត្រូវបានតុលាការកំពូលដកហូតតំណែងខណៈកំពុងកាន់អំណាចជានាយករដ្ឋមន្ត្រី។

បែបនេះក្ដី លោក Sharif ចាត់ទុកជារឿងនយោបាយដែលវាយប្រហារលោកកុំអោយលោកមានឈ្មោះ ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតថ្ងៃទី ២៥ កក្កដា។

តាមបណ្ដាញផ្សាយព័ត៌មានBBC នាង Maryam​ និងឪពុកត្រូវមកមកដល់ទីក្រុងឡាហ័រ នៅថ្ងៃសុក្រនេះ ដោយចេញដំណើរពីប្រទេសអង់គ្លេស។ ទាំងលោក Sharif និងកូនស្រី ត្រូវប្រឈមនឹងទោស​ជាប់ពន្ធនាគាររយៈ១០ឆ្នាំដូចគ្នា។

តាមប្រភពដដែល អ្នកគាំទ្រលោក Sharif ជាច្រើនពាន់នាក់នឹងស្វាគមន៍លោក នៅពេលលោកមកដល់ទីក្រុងឡាហ័រ។

លោក Sharif ​មានអាយុ៦៧ឆ្នាំ លោក បានក្លាយជានាយករដ្ឋមន្ត្រីចំនួនបីលើកតែអាណត្តិដាច់ពីគ្នា ។ លោកធ្លាប់ត្រូវពួកយោធាផ្ដួលរំលំនៅឆ្នាំ ១៩៩៩​៕

Leave a Reply

Your email address will not be published. Required fields are marked *