ទស្សនល្ងីល្ងើៈ ល្ងង់ចឹង បានភ្លើ មិនស្គាល់មួយដំប ស្មើ ៤ !

ម្សិលមិញនេះ នាយជាល បានចូលទៅផឹកកាហ្វេទឹកកកមួយកែវ នៅហាងកាហ្វេចិញ្ចើមថ្នល់ ហើយបានប៉ះចំអ្នកនយោបាយកាហ្វេ​ខ្មៅកំពុងជជែកគ្នាយ៉ាងតឹងសរសៃក អំពីរឿង ព្រះមហា ក្សត្រ ចាត់តាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។

លោកពូម្នាក់ដែលមានវោហាស័ព្ទជាងគេ បានឆ្ការដៃដៃឆ្ការជើងនិងនិយាយឮជាងគេ​លើកឡើងថា « ខ្ញុំមិនយល់ ហេតុអី មិនទាន់រដ្ឋសភាបោះឆ្នោតយល់ព្រមបង្កើតរដ្ឋាភិបាល​ថ្មីផង ម៉េចក៏ព្រះមហាក្សត្រចាត់តាំង សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី អ៊ីចឹង ? និយាយសឹងចប់មិនទាន់ បុរសវ័យជាង២០ឆ្នាំម្នាក់ ដែលទើបដាក់កែវកាហ្វេទឹកកកពីមាត់ សើចឃិះ និងបានបន្ទរពីក្រោយថា « ស្រុកយើង ធ្វើអី្វឲ្យតែប្លែកពីគេតែអីចឹង ខ្ញុំក៏មិនយល់ដែរ អារឿងកូនកើតមុនឪហ្នឹង  ? »

បានស្តាប់ការជជែករបស់មនុស្សពីរនាក់ដូចជាទើសត្រចៀកពេក នៅចុងតុកាហ្វេម្ខាងឯ​ណោះ លោកម្នាក់ដែលទំនងជាអ្នកចេះច្បាប់គួរសមដែរនោះ បានញញឹមខ្ជឹបដាក់អ្នទាំងពីរ ដោយនិយាយថា « សូមលោកទាំងពីរកុំយល់ច្រឡំពាក្យថា ចាត់តាំង និងតែងតាំង ឲ្យសោះ ។ការឡាយព្រហស្ថលេខារបស់ព្រះករុណា ចាត់តាំងសម្តេចតេជោ ជានាយករដ្ឋមន្ត្រីអាណត្តិ ទី៦នេះ គឺធ្វើឡើងតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាដើម្បីរៀបចំសមាសភាពគណៈរដ្ឋមន្ត្រីថ្មី គ្រា​ដែល CPP ជាអ្នកមានសំឡេងឆ្នោតច្រើនជាងគេ រួចទើបយកសមាសភាពទាំងនោះឆ្លងទៅ សភា និងព្រឹទ្ធសភា » ។

លោកម្នាក់នេះ បានលើកយកទូរស័ព្ទបើកច្បាប់ រដ្ឋធម្មនុញ្ញកម្ពុជា ត្រង់មាត្រា៤ ហើយអានវគ្គ​ឃ្លាខ្លះៗក្នុងមាត្រានេះថា « តាមសេចក្តីស្នើពីគណបក្សនយោបាយ ដែលមានចំនួនអាសនៈ​ច្រើនជាងគេនៅក្នុងរដ្ឋសភា តាមរយៈព្រឹទ្ធសមាជិករដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់​តាំង​វរជន​មួយរូបក្នុងចំណោមតំណាងរាស្រ្តនៃគណបក្សនយោបាយដែលឈ្នះឆ្នោត​ឲ្យបង្កើត​រាជ​រដ្ឋាភិបាល។ វរជនដែលត្រូវចាត់តាំងនេះ ត្រូវរៀបចំផ្គូរផ្គងតំណែងផ្សេងៗក្នុងរាជរដ្ឋា​ភិបាល​រួចផ្ញើបញ្ជីរាយនាមសមាជិកទាំងអស់នៃរាជ រដ្ឋាភិបាលជូនព្រឹទ្ធសមាជិករដ្ឋសភា ។ព្រឹទ្ធសមា​ជិក​រដ្ឋសភា ត្រូវរៀបចំបញ្ជីរាយនាមជាកញ្ចប់មួយនូវបេក្ខជន ប្រធាន អនុប្រធាន នៃរដ្ឋសភា ក៏ដូចជាប្រធាន អនុប្រធានគណកម្មការជំនាញ ទាំងអស់នៃរដ្ឋសភា ព្រមទាំងបេក្ខជន នាយករដ្ឋមន្រ្តីនិងសមាជិកទាំងអស់នៃរាជរដ្ឋាភិបាល ដើម្បីដាក់ជូនរដ្ឋសភាបោះឆ្នោត »។ ដូច្នេះសូមលោកពូ ទាំងពីរនាក់កុំច្រឡំការប្រើពាក្យ ចាត់តាំង និង តែងតាំង ខុសគ្នាស្រឡះ ហើយ ។

បានស្តាប់ការពន្យល់របស់លោកម្នាក់នេះ ធ្វើឲ្យបុរសពីរនាក់នោះបើកភ្នែកធំៗហាក់ដូចជា​ស្វាងកាហ្វេ ឯខ្ញុំទាញកង់កញ្ចាស់ជិះចេញពីតុកាហ្វេទាំងគិតបែបលេងសើចថា « បុរសពីរ នាក់នេះពិតជា ល្ងង់ចឹង បានជាភ្លើ មិនស្គាល់មួយដំបស្មើ៤  »   ៕ នាយឆ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *