រកឃើញភេសជ្ជៈច្រើនមុខខូចគុណភាពនិងហួសកាល​បរិច្ឆេទ​ប្រើ​ប្រាស់​​លក់នៅផ្សារជីពាំង និងផ្សារដារ

ខេត្តត្បូងឃ្មុំ៖ មន្ត្រីសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ និងមន្ទីរពាណិជ្ជកម្មខេត្តបាន រកឃើញ​ភេសជ្ជៈ​​ចម្រុះ​មានទឹកក្រូច olatte ចំនួន៣២កំប៉ុង និងទឹកផ្លែឈើមួយ MIDORI ចំនួន៨៤ដប ព្រមទាំង​ភេសជ្ជៈមួយចំនួនទៀត សរុប១២៤ដប/កំប៉ុង ដែលខូចគុណភាព ហួសកាល​បរិច្ឆេទ​ប្រើ​ប្រាស់​​នៅ ផ្សារជីពាំងនិងផ្សារដារ ក្នុងស្រុកមេមត់ក៏ដកហូតយកទៅកម្ទេចចោល។

លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំបានឲ្យដឹងថា ប្រតិបត្តិការខាង​លើ​នេះ បានធ្វើឡើងនៅព្រឹកថ្ងៃ ព្រហស្បតិ៍ ១០ រោច ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ដោយបានត្រួតពិនិត្យស្លាកសញ្ញា កាល​បរិច្ឆេទប្រើប្រាស់ និងការដាក់តាំងលក់ទំនិញរបស់អាជីវករឲ្យត្រឹមត្រូវតាមបច្ចេកទេស​តាមការណែនាំពីអគ្គនាយកដ្ឋានកាំកុងត្រូល ដែលបានឲ្យសាខាកាំកុងត្រូលទាំង​អស់ទូ​ទាំងប្រទេស អនុវត្តន៍តាមផែនការសកម្មភាពរបស់ខ្លួន ដើម្បីធានាសុវត្ថិភាពចំណីអាហារ និងធានាសុខភាពជូនប្រជាពលរដ្ឋជាអ្នកទទួលទាន ជាពិសេសក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។

ជាមួយគ្នានេះដែរកម្លាំងរបស់លោក បានធ្វើការអប់រំក៏ដូចជាណែនាំដល់អាជីវករ មុននឹងយកទំនិញមកលក់ ត្រូវត្រួតពិនិត្យ និងដឹងពីប្រភពឲ្យច្បាស់លាស់ ព្រមទាំងដាក់តាំងលក់ទំនិញ ដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវនិងបាន ហាមដាច់ខាត ការយករាល់ទំនិញដែលគ្មាន កាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួស​កាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិ នៃច្បាប់ទៅដាក់តាំងលក់ឲ្យអតិថិជនយកទៅ បរិភោគនាំឲ្យប៉ះពាល់ដល់សុខភាព ៕សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *