កម្ពុជា-ថៃ បើកកិច្ចប្រជុំពិភាក្សាបើកច្រកទ្វារអន្តរជាតិបន្ថែម នៅខេត្តជាប់ព្រំដែន

ខេត្តកំពតៈ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា-ថៃ លើកទី៤  ទ្វេភាគី រវាងកម្ពុជា-ថៃ នាថ្ងៃ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារ ឡឺ បូកគោ ផាលេស លើកំពូលភ្នំបូកគោ​ខេត្តកំពត ភាគី កម្ពុជា​ បានស្នើ​ឲ្យភាគីថៃ បើកច្រកទ្វារអន្តរជាតិបន្ថែមទៀត នៅតាមខេត្ត​ជាប់​ព្រំដែន កម្ពុជា-ថៃ ពិសេស រវាង កោះសាមុយ នៃខេត្តស៊ូរ៉ាតធានី តមកកំពង់ផែទេសចរណ៍​អន្តរជាតិ នៃខេត្តកំពត ដើម្បីសម្រួលដល់ការធ្វើដំណើរទៅមករបស់ភ្ញៀវទេសចរ ខណៈដែល​កំណើនភ្ញៀវ​កំពុងមានការកើនឡើង។

ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា-ថៃ លើកទី៤ នេះ មានការចូលរួមពីភាគីកម្ពុជា ដឹក​នាំដោយលោក​ ថោង រដ្ឋសក្តិ អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហ​ប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍កម្ពុជា រីឯភាគីថៃដឹកនាំដោយលោក អារុណ ប៊ុនឆ័យ (Arrun Boonchai) អនុលេខាធិការអចិន្ត្រៃយ៍នៃក្រសួងទេសចរណ៍ និងកីឡាថៃ។

លោក​ ថោង រដ្ឋសក្តិ បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា «ខេត្តជាប់ព្រំដែន ដូចជា​ព្រះវិហារ ពោធិ៍សាត់ ឧត្តរមានជ័យ និងខេត្តមួយចំនួនទៀតដែលជាប់ព្រំដែនប្រទេសថៃ បានស្នើឲ្យខាងថៃសម្របសម្រួលបើកច្រកព្រំដែនបន្ថែមមួយចំនួនទៀត ដោយសារ​បច្ចុប្បន្ននេះ ខេត្តជាប់ព្រំដែនខាងលើ បានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន គួរកត់សម្គាល់»។

លោកបន្តថា ខាងភាគីថៃក៏បានឆ្លើយមកវិញដែរថា នឹងយកសំណូមពរទាំងនេះ ទៅជម្រាប​ជូនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ និងស្ថាប័នពាក់ព័ន្ធដទៃទៀតរបស់ថៃ ក្នុងការ​ពិចារ​ណាសម្របសម្រួលបែបបទដល់ភាគីកម្ពុជា និងបើកច្រករបៀង ឬច្រកទ្វារអន្តរជាតិនៅ​តាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ទៅថ្ងៃអនាគត។

ជាមួយគ្នានេះ​ កម្ពុជាក៏បានជំរុញឲ្យភាគីថៃបង្កើនការវិនិយោគលើវិស័យទេសចរណ៍ នៅតាម​គោលដៅសក្តានុពលមួយចំនួននៅតំបន់ភូមិភាគឦសាន និងច្រករបៀង​ទេសចរណ៍​ឆ្នេរ​សមុទ្រភាគខាងត្បូង ពិសេសលើផ្នែកសណ្ឋាគារស្តង់ដារអន្តរជាតិលំដាប់ផ្កាយ រមណីយដ្ឋាន និងភោជនីយដ្ឋានប្រណីតៗ ឆ្លើយតបនឹងកំណើនភ្ញៀវទេសចរ។

ភាគីទាំងពីរ ក៏បានព្រមព្រៀងគ្នាដែរ ក្នុងការតភ្ជាប់ខ្សែទស្សនកិច្ចផ្លូវសមុទ្រ រវាងកម្ពុជា ថៃ (កោះសាមុយ នៃខេត្តស៊ូរ៉ាតធានី តមកកំពង់ផែទេសចរណ៍អន្តរជាតិ នៃខេត្តកំពត) ពោលគឺ​ខ្សែទស្សនកិច្ចទេសចរណ៍ផ្លូវសមុទ្រនេះ នឹងផ្ដើមឡើងក្រោយពេលកំពង់ផែទេសចរណ៍​អន្តរជាតិ នៃខេត្តកំពតសាងសង់រួចរាល់ ប្រហែលនៅចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០ ខាងមុខនេះ ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *