ក្លិបអ្នកកាសែតកម្ពុជា​ និងសហភាពអឺរ៉ុបជួបពិភាក្សាការពារនូវផលប្រយោជន៍សង្គមកម្ពុជា

ភ្នំពេញៈនាព្រឹក ថ្ងៃទី១៨ ខែតុលានេះ ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំកិច្ចពិភាក្សា ជាមួយ​អ្នកសារព័ត៌មានជាលើកទី២​ ស្តីពី ធុរកិច្ចរបស់សហភាពអឺរ៉ុបនិង​ការទទួលខុស​ត្រូវផ្នែក​សង្គម។ កិច្ចពិភាក្សានេះគឺចង់ឲ្យរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុបជួបចរចា​គ្នាដើម្បី​ការពារនូវផលប្រយោជន៍សង្គមកម្ពុជា​ ខណៈ​ដែល​សហភាពអឺរ៉ុប ចង់កាត់ផ្តាច់នូវការ​​អនុ​គ្រោះពន្ធទំនិញពីកម្ពុជាទៅកាន់អឺរ៉ុបនាពេលខាងមុខ និងខណៈដែលសម្តេចតេជោ​ ហ៊ុន សែន​  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏កំពុងមានវត្ត មាននៅអឺរ៉ុបស្រាប់ដែរ។

នាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជា លោក ឆាយ សុផល​  បានលើកឡើងថា នេះមិនមែន​ជាលើកដំបូងទេ ដែលក្លិបអ្នកកាសែតកម្ពុជា បានធ្វើកិច្ចការជាមួយតំណាងសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា ពោលគឺចាប់ពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលមានប្រធានបទ ចំនួន៤ ដែលត្រូវពិភាក្សាគ្នា គឺទី១- ធុរកិច្ចរបស់សហភាពអឺរ៉ុប និងកិច្ចអភិវឌ្ឍន៍, ទី២- ធុរកិច្ចរបស់សហភាពអឺរ៉ុប និងការទទួលខុសត្រូវសង្គម, ទី៣- សេដ្ឋកិច្ចបៃតងរបស់សហ​ភាព​អឺរ៉ុប និងទី៤- ធុរកិច្ចរបស់សហភាពអឺរ៉ុប និងសុវត្ថិភាពកម្មករ និយោជិតរបស់សហភាពអឺរ៉ុប។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់តំណាងធុរកិច្ចសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានឲ្យ​ដឹងថា ធុរកិច្ចសហភាពអឺរ៉ុប និងការទទួលខុសត្រូវផ្នែកសង្គម គឺជាប្រធាន​បទមួយ​ក្នុងចំ​ណោម​​ប្រធានបទទាំង៤ នៃកិច្ចពិភាក្សាជាសេរីជាមួយអ្នកសារព័ត៌មាន ដែលរៀបចំឡើង​ដោយ​ប្រតិភូសហភាពអឺរ៉ុប ដើម្បីផ្តល់ឱកាសឲ្យអ្នកសារព័ត៌មានអាចធ្វើការពិភាក្សាដោយ​ផ្ទាល់​​ជាមួយនឹងវិនិយោគិន និងម្ចាស់ធុរកិច្ចអឺរ៉ុបនៅកម្ពុជា ស្វែងយល់ថា តើវិនិយោគិន និង​ធុរជន​ទាំងនេះ​កំពុង​ធ្វើ​សកម្មភាពអ្វីខ្លះក្នុងប្រទេសកម្ពុជា? ជាមួយនេះដែរគឺចង់ យល់ដឹងពី​ការរួមចំណែក​របស់​ពួកគេ ចំពោះការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេស ការបង្កើតការងារ ការអភិវឌ្ឍជំនាញ អនុវត្តន៍ និងអនុវត្តធុរកិច្ច ដែល​ទទួលខុស​ត្រូវចំពោះ​សង្គម និងការមិនបង្ក​ផលប៉ះពាល់​ចំពោះបរិស្ថានដែលជាផ្នែកមួយដ៏សំខាន់របស់កម្ពុជា ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *