អាជ្ញាធរ ស្រុកនិងសមត្ថកិច្ចជំនាញ ឃុបឃិតលក់ឡូត៍​នេសាទលេខ១៣ និង១៤ នៅ​ស្រុក​ជល​គី​រី ឲ្យឈ្មួញ

ខេត្តកំពង់ឆ្នាំង ៖ បច្ចុប្បន្ន ប្រជាពលរដ្ឋ​ជាច្រើន​បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​អស់លោក សមត្ថកិច្ច​ជំនាញ​​​ដែល​​ឃុបឃិត​គ្នា​ពី​ថ្នាក់ស្រុក​រហូតដល់​ខេត្ត​ដែលបានបើកដៃ​ឲ្យ​មានការលក់​ដែន​ឡូត៍​នេ​​សាទ និង​មាន ថៅកែ គ្រប់គ្រង​ដែន​ឡូត៍​ទាំងនោះ​ដដែល​ធ្វើ​ឲ្យពួកគាត់​ពិបាក​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់​ទៅធ្វើ​ស្រែចំការ របស់​ពួកគាត់​ជា​រៀងរាល់ថ្ងៃ ដែន​ឡូត៍​នេសាទ​ដែលមាន ថៅកែ ឡូត៍ គ្រប់គ្រង​រាល់ថ្ងៃនេះ គឺ ឡូត៍លេខ ១៣ ចំណុច ព្រែក​យួន ចំណុច ព្រែក បាញ់​លៈ ចំណុច ព្រែក ម្លិ​ច និងដែន​ឡូត៍ ១៤ ចំណុច ព្រែក​ភ្លង ចំណុច ព្រែក ឆ្នុក​អណ្តែង ចំណុច ព្រែក​ជ្រៅ ដែល​ស្ថិតក្នុង​ស្រុក​ជល​គី​រី​ ខេត្តកំពង់ឆ្នាំង ។

មតិ​រិះគន់​ដដែល​នោះបាន​បន្តទៀតថា អស់លោក សមត្ថកិច្ច​ជំនាញ​ពី​ថ្នាក់ ស្រុករហូតដល់​ខេត្ត កំពង់តែ​អនុវត្តន៍ ផ្ទុយ​និង​បទបញ្ជា របស់​ប្រមុខ​រាជរដ្ឋាភិបាលដែល​បាន​ដាក់ចេញ​កន្លងមក​ជា​បន្តបន្ទាប់​ឲ្យ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ក្នុង​ខេត្តកំពង់ឆ្នាំង ទប់ស្កាត់​និង​បង្ក្រាប​រាល់​បទល្មើស​នេសាទ​ដែល​កើតមាន​នៅលើ​អាណា​ចក្រ របស់ខ្លួន​គ្រប់គ្រង​តែ​ពួកគាត់​មិនដែល​ឃើញ​អស់លោក មន្ត្រី​ជំនាញ ក្នុង​ខត្ត​កំពង់ឆ្នាំង ចុះបង្ក្រាប បទល្មើស​នេសាទ​ឲ្យ​មាន​ប្រសិទ្ធភាព​ម្តងណា​ឡើយ ក្រៅពីទៅយកលុយពីឈ្មួញឡូត៍នេសាទនោះ ។

បើតាម​ប្រភពព័ត៌មានពីប្រចាពលរដ្ឋស្រុក ជលគិរី វិញបានឲ្យដឹងថា  រាល់ថ្ងៃនេះ​ធនធាន​ជលផល​កំពុង​ទទួលរ​ង​នូវ​ការបាត់បង់អស់​ស្ទើរ​ទាំងស្រុង​ដោយក្រុម​ពួក ថៅកែ ឡូត៍​នេសាទ ទាំងនោះ​ធ្វើ​សកម្មភាព​ដាក់ដាយ​ចាប់​ត្រី​បង្ហូរ​ចាប់​ត្រី​ចេញពី​ក្នុង​កន្លែង​អភិរក្ស​ត្រី​មេ​ពូជ ដឹក​ត្រី​លក់​យ៉ាង​គគ្រឹកគ្រេង​ទាំងយប់​ទាំង​ថ្ងៃ ដោយ​ពុំ​ញញើត និង សមត្ថកិច្ច​ជំ​នាញ​សោះឡើយ​ព្រោះ​គេ​អះអាងថាបាន​រត់ការបង់លុយ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ពី​ថ្នាក់ស្រុក​រហូតដល់​ខេត្ត​រួចរាល់​អស់ហើយ ។

ពាក់ព័ន្ធការរិះគន់ខាងលើនេះ ភ្នាក់ងារកាសែតនគរវត្ត មិនអាចសុំការបញ្ជាក់ពីអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញបានឡើយកាលពីរសៀលថ្ងៃទី៣០ខែតុលានេះ ។

សូមបញ្ជាក់ថា កន្លងមកប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​កាត់​រំសាយ​ដែន​ឡូត៍​នេសាទ​ទាំងអស់​ចំនួន ៣៥ ឡូត៍​នេសាទ​នៅ​ជុំវិញ​បឹង​ទន្លេសាប(​ថ្ងៃទី ៧ ខែ មីនា ឆ្នាំ២០១២) ដើម្បី​ប្រគល់ជូន​ប្រជា​នេសាទ​មួយ​ភាគ​សម្រាប់​ពួកគាត់​ប្រកបមុខរបរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​គ្រាន់​បាន​ប្រាក់ចំណូល​ខ្លះ​យកមក​ទ្រទ្រង់​ជីវភាព​ក្នុង​គ្រួសារ របស់​ពួកគាត់​ប្រចាំថ្ងៃ រីឯ​មួយ​ភាគ​ទៀតត្រូ ថែរក្សា​ការពារ​ទុកជា​កន្លែង​អភិរក្ស​ត្រី​មេ​ពូជ​ ។

ការ​កាត់​រំសាយ​ដែន​ឡូត៍​នេសាទ ទាំងអស់​នៅ​ជុំវិញ​បឹង​ទន្លេសាប ប្រមុខ​រាជ​រដ្ឋា​ភិបាល កម្ពុជា មិន​ឲ្យ​មាន​ថៅកែ​ឡូត៍​នេសាទ​គ្រប់គ្រង​ដែន​ឡូត៍​នេសាទ​ទាំងនោះបន្តទៀត​នោះទេ​ហើយ​ហាម​ដាច់ខាត​មិន​ឲ្យ​ថៅកែ​ឡូត៍​នេសាទ​រក្សាទុក ឧបករណ៍នៅក្នុង​ដែន​ឡូត៍​នោះ​ផងដែរ​ដោយ​ឲ្យ​យក​ឧបករណ៍​ទាំងអស់នោះ​ចេញ​ឲ្យ​ឆ្ងាយ​ពីដែន​ឡូត៍​នេសាទ​ដែល​បាន​ត្រូវ​កាត់​រំសាយ ។ ប៉ុន្តែនៅស្រុក ជលគិរី នេះ សមត្ថកិច្ចជំនាញបែរជាបើកដៃឲ្យឈ្មួញប្រើឧបករណ៍​ទំនើបៗនេសាទត្រី មិនញញើតឡើយ ៕ សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *