កងទ័ពមួកខៀវកម្ពុជា ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល២១៦នាក់

ភ្នំពេញ កម្ពុជាបានសម្រេចចិត្តបញ្ជូនកងវិស្វកម្មលេខ៥៩៤ ចំនួន២១៦នាក់ទៀតដើម្បី ទៅចូលរួមបេសកកម្មរក្សាសន្តិភាព ក្រោមស្លាកអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋ​អាហ្វ្រិកកណ្តាលក្នុងនោះមាននារី១០នាក់ផងដែរ។

ពិធីជូនដំណើរកងវិស្វកម្មលេខ៥៩៤ ទាំង២១៦នាក់ ប្រព្រឹត្តនៅព្រឹក ថ្ងៃ សុក្រ ៩  រោច ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០១៨ នៅមូលដ្ឋាន​ទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងតំណាងអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា រួមជាមួយនាយទាហានជាន់ខ្ពស់ជាច្រើននាក់ទៀត ។

ប្រភពព័ត៌មានពីមន្រ្តីយោធាជាន់ខ្ពស់កម្ពុជាបានឲ្យដឹងថា ក្រៅពីរៀបចំពិធីជូនដំណើរដល់កង​វិស្វកម្មលេខ៥៩៤ កម្ពុជាក៏រៀបចំកម្មវិធីមាតុភូមិនិវត្តន៍ នៃកងវិស្វកម្មលេខ៩៥៤ ចំនួន២១៦នាក់ ពីសាធាណរដ្ឋអាហ្វ្រិកកណ្តាល និងកងរាជអាវុធហត្ថ លេខ៦១៨ចំនួន៧៣នាក់ពីសាធារណរដ្ឋស៊ូដង់ខាងត្បូងផងដែរ។

កម្មវិធីពិធីមាតុភូមិនិវត្តន៍ នឹងត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវេលាម៉ោងព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមូលដ្ឋានទ័ពអាកាសពោធិ័ចិនតុង រាជធានីភ្នំពេញ ផងដែរ ។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ, កងវិស្វកម្ម លេខ៥៩៤ គឺជាកងវិស្វកម្ម លើកទី៥ហើយ ដែលត្រូវបញ្ជូន ទៅចូលរួមបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ហើយកងនេះ នឹងត្រូវទៅប្តូរវេនជំនួសកងវិស្វកម្មលេខ៩៥៤ ដែលបានសម្រេចភារកិច្ច​ដោយជោគជ័យ នៅសាធាណរដ្ឋអាហ្វ្រិកកណ្តាល ក្នុងបេសកកម្មរក្សាសន្តិភាព អាណត្តិ​១ឆ្នាំរបស់ខ្លួន ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *