គង់ គាំ៖ មិនបន្តដំណើរជាមួយជម្រើសបែបប្រទេសទុយនេស៊ី និងស៊ែរប៊ី ដែលមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ប្រកាន់យកនោះទេ

(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះអតីតប្រធានគណបក្សសមរង្ស៊ី លោក គង់ គាំ  ដែលជាមនុស្សជំនិតរបស់ លោក សម រង្ស៉ី  បានប្រកាសជំហរជាថ្មីទៅកាន់ក្រុមប្រឆាំងថា លោកមិនបន្តដំណើរជាមួយជម្រើសបែបប្រទេសទុយនេស៊ី និងស៊ែរប៊ី ដែលមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ប្រកាន់យកនោះទេ។

គ្រប់ដង្ហើមចេញចូលរហូតដង្ហើមចុងក្រោយរបស់លោក គង់ គាំ នៅតែស្មោះត្រង់ចំពោះប្រទេសជាតិ ឧត្តមគតិប្រជាធិបតេយ្យសេរី ដែលស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ កំណត់ឲ្យ។

ប្រសាសន៍ លោក គង់ គាំ បែបនេះ បានធ្វើឡើងបន្ទាប់ពីមានអតីតមេដឹកនាំក្រុមប្រឆាំងមួយចំនួន បានរិះគន់រូបលោកថា ផ្លាស់ប្តូរទិសនយោបាយដោយជំរុញឱ្យកូនរបស់លោកបង្កើត គណបក្សនយោបាយ ចូលរួមក្នុងការបោះឆ្នោត ព្រមទាំងវាយប្រហារទៅលើនយោបាយ ថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ រួមទាំងការរិះគន់ចំពោះការឃោសនារបស់ក្រុមប្រឆាំង ជុំវិញការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នៅក្នុងប្រទេសកម្ពុជា។

លោក គង់ គាំ បានបញ្ជាក់ថា «ការបកស្រាយរបស់ខ្ញុំអំពីការដក ឬកាត់ការអនុគ្រោះពន្ធរបស់សហគមន៍អឺរ៉ុប និងស្ថានភាពក្រោយការបោះឆ្នោតថ្ងៃទី ២៩ ខែកក្កដា គឺមិនមែនជាការប្តូរទិសនយោបាយទេ ក្រុមដទៃទេដែលបានផ្តាច់ទិសនយោបាយ។ កំពូលតណ្ហាអំណាចក្រាស់ កំពូលតណ្ហាអំណាចលាយតណ្ហាស្រីញីក្រាស់ និងកំពូលតណ្ហាល្បែងពាលាក្រាស់ ផ្តុំគ្នាបានមហារលាយ»

លោក គង់ គាំ បានបន្តថា៖ «គង់ មុនីកា កូនប្រុសខ្ញុំដែលបង្កើត និងធ្វើប្រធានគណបក្ស ឆន្ទៈខ្មែរ មិនសម្រាប់ស្រួលចិត្ត ស្រួលកាយ ការពារទ្រព្យទេ។ ការមិនធ្វើនយោបាយទើបហៅថា សម្ងំគិតសន្តិសុខផ្ទាល់ខ្លួន សន្តិសុខក្រុមគ្រួសារ និងសន្តិសុខទ្រព្យ។ ដឹងហើយថា ការព្យាយាមដាស់ពួកដេកផ្ទះ ឈ្នះទទេស្អាត ជាការឥតប្រយោជន៍នោះ»

ជាមួយគ្នានឹងការប្រកាសជំហរបែបនេះ លោក គង់ គាំ ក៏បានរំលឹក អំពីមធ្យោបាយទុច្ចរិតរបស់ អតីតគណបក្សប្រឆាំង ក្រោយការបោះឆ្នោតឆ្នាំ២០១៣ផងដែរ។ លោកបានលើកឡើងថា ឆ្នាំ២០១៣ ការប្រមូលផ្តុំដែលទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញគឺត្រឹមត្រូវ។ ប៉ុន្តែបើរាប់នៅភ្នំពេញ កណ្តាល កំពង់ចាម ព្រៃវែង ។ល។ មណ្ឌលខាងលើគ្មានសំឡេងកើនមួយអាសនៈទេ ហើយនៅតែបន្តការប្រមូលការជួបជុំកាន់តែធំ និងកាន់កាប់ទីលានប្រជាធិបតេយ្យគ្មានថ្ងៃបញ្ចប់ រួចស្រែកកញ្រ្ចៀវថា៖ «ហ៊ុន សែន អើយចុះចេញទៅ» រូបភាពនេះ គឺប្រើអំណាចប្រជាពលរដ្ឋក្រៅការបោះឆ្នោត ដើម្បីតណ្ហាអំណាចរបស់ពួកខ្លួនហើយ។

លោក គង់ គាំ បានស្នើឱ្យអ្នកនយោបាយប្រឆាំង កុំបំផ្លាញនូវកិច្ចព្រមព្រៀងទីក្រុងបារីស រដ្ឋធម្មនុញ្ញ និងការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «ក្រុមបរទេស និងក្រុមអ្នកនយោបាយដែលដង្ហោយរកកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងទុកច្បាប់កំពូល (រដ្ឋធម្មនុញ្ញ) ជាបង្អែក សូមកុំបំផ្លាញ។ ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលអនុវត្តជាទៀងទាត់រៀងរាល់ប្រាំឆ្នាំម្តងពិតជាមិនខុសច្បាប់ទេ ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *