ល្ខោន​ខោល​ ជា​បេតិកភណ្ឌ​ខ្មែរ​ទី​៥បានចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្ស​ជាតិ

​ ,​ សម្តេច​តេជោ​ ស្នើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់​ ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​

ភ្នំពេញ​៖ល្ខោន​ខោល​ គឺ​ ជា​បេតិកភណ្ឌ​ខ្មែរ​ទី​៥ហើយ​ ដែល​បាន​ទទួល​ឋានៈ​ដ៏​ខ្ពង់ខ្ពស់​ បន្ទាប់​ពី​ការ​បញ្ជូល​ ប្រាសាទ​សំបូរ​ព្រៃ​គុក​ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ កាលពី​ថ្ងៃទី​៨​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ កន្លងទៅ​ ។

បេតិកភណ្ឌ​ផ្សេងទៀត​ ដែល​បាន​បញ្ជូល​ក្នុង​បញ្ជី​សម្បត្តិ​វប្បធម៌​ពិភពលោក​ រួមមាន​ប្រាសាទ​អង្គរវត្ត​ នៅ​ឆ្នាំ​១៩៩២​ របាំ​ក្បាច់​បុរាណ​ខ្មែរ​ ឬ​ របាំ​ព្រះរាជ​ទ្រព្យ​ នៅ​ឆ្នាំ​២០០៣​ និង​ ប្រសាទ​ព្រះវិហារ​ នៅ​ឆ្នាំ​២០០៨​ ។ ទន្ទឹម​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃទី​២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ បាន​ផ្ញើ​សារ​ជូន​ចំពោះ​ជនរួមជាតិ​កម្ពុជា​ ដោយ​សម្តេច​មាន​ប្រសាសន៍​ថា​ ការ​បញ្ជូល​ ល្ខោន​ខោល​ ទៅ​ក្នុង​បញ្ជី​អរូបី​នៃ​មនុស្ស​ជាតិ​ នា​ពេល​នេះ​ គឺ​ ជា​ការ​រួមចំណែក​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ កាន់​តែ​ល្បី​សុះសាយ​ជុំវិញ​ពិភពលោក​ ហើយ​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​តួអង្គ​កាន់តែ​លេចធ្លោ​ថែម​ទៀត​ នៅ​លើ​វេទិកា​បេតិកភណ្ឌ​ពិភពលោក​ ។

សម្តេច​តេជោ​ សំណូមពរ​ផងដែរ​ដល់​បណ្ដាញ​ផ្សព្វផ្សាយ​ទាំងអស់​ ចូលរួម​សហការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្រ្ត​នេះ​ ឱ្យ​បាន​ទូលំទូលាយ​ និង​ អធិកអធម​ជា​ទីបំផុត​ ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​ប្រសាសន៍​បន្ត​ថា​ ក្នុង​ឱកាស​ដ៏​មហា​ប្រសើរ​នេះ​ សម្តេច​តេជោ​ សូម​ព្រះរាជានុញ្ញាត​សម្តែង​នូវ​អំណរព្រះគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ថ្វាយ​ព្រះករុណា​ព្រះមហាក្សត្រ​ សម្តេច​ព្រះបរម​នាថ​ នរោត្តម​ សីហមុនី​ ដែល​ព្រះអង្គ​តែងតែ​ប្រោស​ប្រទាន​នូវ​ការ​គាំទ្រ​ដ៏​ពេញ​ទំហឹង​ជានិច្ច​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ ដើម្បី​បុព្វហេតុ​ជាតិ​ និង​ មាតុភូមិ​យើង​ ។

ជាមួយ​គ្នា​នេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ សូ​ម​ថ្លែង​អំណរគុណ​ជា​ពិសេស​ផងដែរ​ ជូន​ចំពោះ​បណ្ដា​ប្រទេស​ជា​មិត្ត​ អង្គការ​យូណេស្កូ​ និង​ ឥស្សរជន​ ទាំងឡាយ​ដែល​បាន​ទទួល​ស្គាល់​នូវ​តម្លៃ​ដ៏​អស្ចារ្យ​ជា​សកល​ នៃ​ល្ខោន​ខោល​ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​បាន​គាំទ្រ​ចូលរួម​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ដាក់​ស្នាដៃ​សិល្បៈ​ដ៏​វិសេសវិសាល​របស់​កម្ពុជា​ នោះ​ ទៅ​ក្នុង​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *