សពលោក George H.W. Bush នឹង​ត្រូវយកទៅបញ្ចុះនៅ​រដ្ឋតិចសាស់ ជាមួយភរិយារបស់​លោក

វ៉ាស៊ីនតោន៖ លោក George H.W. Bush អតីតប្រធានាធិបតីអាមេរិកពីឆ្នាំ១៩៨៩ ដល់​ឆ្នាំ១៩៩៣ បានទទួលមរណភាព​នាថ្ងៃសុក្រសប្តាហ៍មុន ក្នុងជន្មាយុ ​៩៤នាក់ ដោយសារ​ជំងឺម៉្យាង​ទាក់ទងនឹងសរសៃប្រសាទ​ខួរក្បាល។

ពិធីបុណ្យសពលោកត្រូវបានរៀបចំឡើង​  នៅ​ឯព្រះវិហារ Washington National Cathedral ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន ដោយមានការចូលរួម​សម្តែង​ក្តីគោរព​ពីសំណាក់​មេដឹកនាំ​ពិភពលោក​ជាច្រើនរូប រួមទាំងប្រធានាធិបតី អតីតប្រធានាធិបតី និងមន្ត្រី​អាមេរិកជាច្រើនរូបផងដែរ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨។

អតីត​ប្រធានាធិបតី និងជំទាវទីមួយអាមេរិក​ទាំង ៤រូប គឺលោក បារ៉ាក់ អូបាម៉ា និងលោកស្រី មីឈែល លោក ប៊ីល គ្លីនតុន និងលោកស្រី ហ៊ីលឡារី និងលោកស្រី ជីមមី ខាធើ និងលោកស្រី រ៉ូសាលីន និងចុង​ក្រោយគឺលោក ចច ដាប់ប៊ែលយូ ប៊ូស និងលោកស្រី ឡារ៉ា (ត្រូវជាកូន និងកូនប្រសារ) សុទ្ធតែ​មានវត្តមាន​ក្នុងពិធីខាងលើ។ ​​​​​

សម្រាប់ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ និងលោកស្រី មេឡានា ក៏បានបង្ហាញវត្តមាន ដើម្បីសម្តែងការគោរព​នាពិធីបុណ្យសពនេះផង​ដែរ។ ក្រៅពីមេដឹកនាំ និងអតីតមេដឹកនាំ​អាមេរិក ក៏នៅមាន​វត្តមានថ្នាក់ដឹកនាំ​មកពីក្រៅប្រទេស​ជាច្រើនទៀត រួមមាន​ដូចជា​ព្រះអង្គម្ចាស់​ប្រទេសវែលស៍ អធិកាបតី​អាល្លឺម៉ង់ ព្រះមហាក្សត្រហ៊្សកដានី និងអតីត​នាយករដ្ឋមន្រ្តីកាណាដា​ជាដើម​។

សពលោក George H.W. Bush នឹង​ត្រូវយកទៅបញ្ចុះនៅ​រដ្ឋតិចសាស់ ជាមួយភរិយារបស់​លោក គឺលោកស្រី បាបារ៉ា ដែលបានទទួល​មរណភាពកាលពីខែមេសា កន្លងទៅ ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *