ក្លឹបអ្នកកាសែត​កម្ពុជារៀបចំ​វេទិកា​និពន្ធនាយកសារព័ត៌មាន​កម្ពុជា​លើកទី​១៥ ក្រោមប្រធានបទ «ពង្រឹង​វិជ្ជាជីវៈសារព័ត៌មាន​ដើម្បីប្រយុទ្ធប្រឆាំង​នឹងព័ត៌មានក្លែងក្លាយ»

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១៤ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១៨ នៅភោជនីយដ្ឋាន​ទន្លេបាសាក់២ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្លឹបអ្នកកាសែត​កម្ពុជា​បានរៀបចំវេទិកា​និពន្ធនាយកសារព័ត៌មាន​កម្ពុជាលើក​ទី១៥ ក្រោម​វត្តមាន​មន្ត្រីជាន់ខ្ពស់ក្រសួងសារព័ត៌មាន និងមានការចូលរួមពី តំណាងអង្គការ​ក្រៅរដ្ឋា​ភិ​បាល និង​និពន្ធ​​នាយកកាសែត វិទ្យុ ទូរទស្សន៍ និងសារព័ត៌មាន​អនឡាញ​ប្រមាណ៧០នាក់ មកពី​អង្គភាព​ជាង៣០ នៅទូទាំង​ប្រទេស ។

ក្នុងពិធីនេះ លោកមាស សោភ័ណ្ឌ អនុរដ្ឋលេខាធិការ​ក្រសួងព័ត៌មាន តំណាងលោក ខៀវ កាញារីទ្ធ​រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអានសារលិខិត​សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជាមាន៣ទំព័រ​ផ្ញើជូន​ក្លិបអ្នកកាសែតកម្ពុជាក្នុងវេទិកា​និពន្ធនាយក​សារព័ត៌មាន​កម្ពុជា ស្តីពី​ការប្រយុទ្ធ​ប្រឆាំង​នឹងព័ត៌មាន​ក្លែង​ក្លាយដែលធ្វើជារៀងរាល់​ឆ្នាំហើយ​ក្នុងខ្លឹមសារ​ក្នុងសារលិខិតនោះសម្តេចតេជោគូសបញ្ជាក់ថា អ្នកសារព័ត៌មាន ត្រូវស្តាប់គ្រប់​សំឡេង ហ៊ាននិយាយការពិត ហ៊ានរិះគន់ក្នុងន័យស្ថាបនា និងហ៊ានទទួលយកការពិត។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែល ក្លិបអ្នកកាសែតកម្ពុជារៀបចំ  ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ និងរៀបចំយន្ត​ការសម្រាប់​អនុវត្តក្នុងគោលបំណងលើកស្ទួយសិទ្ធិ សេរីភាពខាងសារព័ត៌មានតាម​គោល​ការណ៍​លទ្ធិប្រជាធិបតេយ្យ ពង្រឹងគុណភាព និងការទទួលខុសត្រូវផ្នែកវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងចូលរួមចំណែកទប់ស្កាត់ការបង្កចលាចលនៅក្នុងសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់​សន្តិសុខជាតិ ស្ថិរភាពនយោបាយ ទំនាក់ទំនងជាមួយប្រទេសជិតខាង ហើយរក្សា​បាននូវ​សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍយូរអង្វែងនៅកម្ពុជា ក៏ដូចជាការកសាង​សុខសន្តិភាពនៅក្នុងតំបន់ និងនៅលើសកលលោកផងដែរ។

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ២០១៨ បានលើកយកប្រធានបទស្តីពី “ការប្រយុទ្ធ​ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ” គឺពិតជាមានសារសំខាន់ណាស់ ដែលរាជរដ្ឋាភិបាលនៃព្រះ​រាជាណាចក្រកម្ពុជា និងសកលលោកទាំងមូល កំពុងប្រឈម និងផ្តោតការយកចិត្តទុក​ដាក់​យ៉ាងខ្លាំងទៅនឹងការប្រើប្រាស់ព័ត៌មានក្លែងក្លាយនៅតាមប្រព័ន្ធផ្សព្វផ្សាយនានា ជាពិសេស​តាមបណ្តាញទំនាក់ទំនងសង្គមដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប និងកំពុងពេញនិយម​នាពេល​បច្ចុប្បន្ន បានធ្វើឲ្យពិភពលោក មានភាពចលាចល ច្របូកច្របល់ និងកំពុងជួប​ប្រទះបញ្ហាអសន្តិសុខដ៏គួរឲ្យព្រួយបារម្ភ។

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា កម្ពុជា បាន និងកំពុងប្រឈមយ៉ាងក្តៅគគុក​ទៅនឹង​ការប្រើប្រាស់ព័ត៌មានក្លែងក្លាយ បំពុលបរិយាកាសសង្គម ដែលបង្កឡើងដោយក្រុមអ្នក​នយោបាយបក្សប្រឆាំង និងពួកឱកាសនិយម ក្នុងគោលដៅប៉ុនប៉ង​ផ្តួលរំលំរាជរដ្ឋាភិបាល​កម្ពុជាស្របច្បាប់ តាមរយៈការធ្វើបដិវត្តន៍ពណ៌ បំផ្លាញការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា និងការអភិវឌ្ឍរបស់ប្រទេសជាតិ ហើយអូសទាញប្រទេសឲ្យធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ដើម្បីបម្រើមហិច្ឆតាលោកលន់របស់ពួកគេ ដែលមានបរទេសនៅពីក្រោយខ្នង។

សម្តេចតេជោ ក៏បានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះបងប្អូនអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានមួយចំនួនធំ ដែលបានខិតខំពុះពាររាល់ការលំបាក​បំពេញការងារ​របស់ខ្លួនយ៉ាងសកម្មប្រកបដោយភាពស្មោះត្រង់តាមវិជ្ជាជីវៈ និងមានការទទួល​ខុសត្រូវខ្ពស់​ក្នុងការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានជូនប្រជាពលរដ្ឋ បានដឹង និងស្វែងយល់អំពីសភាព​ការណ៍ពិតនៅកម្ពុជា និងការប្រែប្រួលស្ថានការណ៍នយោបាយ នៅលើសកលលោក ដែល​ទាម​ទារឲ្យអ្នកសារព័ត៌មាន ធ្វើការឆ្លើយតបបានទាន់ពេលវេលា ដើម្បីបំពេញ​សេចក្តីត្រូវ​ការយល់ដឹង ចង់ស្វែងយល់អំពីសភាពការណ៍វិវត្តន៍របស់សកលលោក ទាំងបញ្ហានយោបាយ សេដ្ឋកិច្ច សង្គម និងបញ្ហាផ្សេងៗទៀត ទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់បងប្អូនអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន ដែលបានធ្វើការបកស្រាយពន្យល់ឆ្លើយតបនឹង​ការប្រើប្រាស់​ព័ត៌​មាន​ក្លែងក្លាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា​ជូនជន​រួមជាតិ និងអន្តរជាតិ បានជ្រួតជ្រាបអំពីសភាពការណ៍ពិតនៅកម្ពុជា ព្រមទាំងទប់ស្កាត់​បានទាន់ពេល​វេលានូវរាល់ឧបាយកលដ៏ពិសពុលរបស់ពួកគេប៉ុនប៉ង​ផ្តួលរំលំរាជរដ្ឋាភិបាល​ស្របច្បាប់។

តាមសម្តេចតេជោ បេសកកម្មរបស់បងប្អូនអ្នកសារព័ត៌មាន គឺពិតជាបានចូលរួមចំណែកយ៉ាង​សកម្មក្នុងកិច្ចការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិ ជា​ពិសេស​បានលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សយ៉ាងពិតប្រាកដ។ កត្តាទាំងនេះហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើក​កម្ពស់ភាពជាដៃគូ ដែលមិនអាចខ្វះបានជាមួយសារព័ត៌មាន​ក្នុងក្របខណ្ឌប្រទេសប្រកាន់​របបប្រជាធិបតេយ្យ សេរី ពហុបក្ស។

សារលិខិតរបស់សម្តេចតេជោ បន្តថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់​ក្នុងការ​លើកតម្កើងសិទ្ធិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបញ្ចេញមតិ ស្របតាម​រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មាន និងបាន​ផ្តល់អាទិភាពជាចម្បងនៅក្នុងកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ទាំងនៅក្នុងដំណាក់កាលទីបី និងដំណាក់កាលទីបួន។ រាជរដ្ឋាភិបាលកម្ពុជា ត្រូវការនូវ​សារព័ត៌មាន ដែលមានថាមពលប្រកបដោយការទទួលខុសត្រូវ និងមានភាព​ស្មោះ​ត្រង់​ចំពោះវិជ្ជាជីវៈ គឺទាមទារឲ្យអ្នកសារព័ត៌មានរបស់យើង​ស្តាប់គ្រប់សំឡេង ហ៊ាននិយាយ​ការពិត ហ៊ានរិះគន់ក្នុងន័យស្ថាបនា និងហ៊ានទទួលយកការពិត ដើម្បីឲ្យព័ត៌មានរបស់ខ្លួន ក្លាយជាព័ត៌មានពិត ហើយធ្វើការឆ្លុះបញ្ចាំងឲ្យឃើញគ្រប់តថភាពសង្គម និងជៀសវាង​ការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុង ឬព័ត៌មានក្លែងក្លាយ ដើម្បីចូលរួមចំណែក​ប្រឆាំង​អំពើ​ពុករលួយ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌សង្គម ការកែទម្រង់រដ្ឋបាលសាធារណៈ ការលើក​ស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការកសាងសង្គមមួយ​ប្រកប​ដោយភាពយុត្តិធម៌ សុខសន្តិភាប និងការអភិវឌ្ឍយូរអង្វែង ដែលជាបំណងប្រាថ្នា និងជា​ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

មុននឹងបញ្ចប់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវសាជាថ្មីម្តងទៀត​ដល់បង​ប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញ បេសកកម្មលើវិស័យ​ព័ត៌មាន នៅកម្ពុជា សូមយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាមក្រមសីល​ធម៌វិជ្ជា​ជីវៈសារព័ត៌មាន គោរពច្បាប់រដ្ឋ និងជៀសវាងនូវការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មាន​តែមួយជ្រុង ឬដោយសារតែគំនុំដោយពុំគិតអំពីក្បួនខ្នាតក្រឹត្យក្រមនៃសារព័ត៌មាន ហើយ​គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ឬផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំប៉ោងសភាពការណ៍ ញុះញង់​ឲ្យមានជម្លោះផ្ទៃក្នុងរុញច្រានប្រទេសឲ្យធ្លាក់ក្នុងភាពវឹកវរ អសន្តិសុខ ឬបង្កឲ្យកើត​មាន​ជម្លោះ​ប្រដាប់អាវុធជាមួយប្រទេសជិតខាង ធ្វើឲ្យអន្តរាយដល់ប្រទេសជាតិ ដែលជាអំពើ​ខុសច្បាប់ មិនអត់អោនឲ្យជាដាច់ខាត។

បន្ទាប់មកអង្គវេទិកា​បានឆ្លងសេចក្តីថ្លែងការណ៍​វេទិកា​និពន្ធ​នាយកសារព័ត៌មាន​កម្ពុជា​លើក​ទី១៥ ដែលមាន១២ចំណុចហើយបានអនុម័ត​ជាស្ថាពរដោយសំឡេងភាគច្រើនទៅលើសេចក្តី ថ្លែងការណ៍ពោរពេញដោយខ្លឹមសារសំខាន់ៗ និងមានសារប្រយោជន៍ជាច្រើន ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *