ក្រសួងទេសចរណ៍នឹងដកអាជ្ញាបណ្ណចំពោះអាជីវកម្មភោជនីយដ្ឋាន និងអាហារ​ដ្ឋានណាមិន គោរពបទដ្ឋានអនាម័យ

0
43

ភ្នំពេញ៖ ថ្មីនេះក្រសួងទេសចរណ៍បានយកចិត្តទុកដាក់ក្នុងការ ការពង្រឹងសុវត្ថិភាព​ចំណី​អា​ហា​រតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ និងអាហារដ្ឋានទេសចរណ៍ ដោយក្នុងនោះក្រសួង​បានចេញសារាចរណែនាំមួយពាក់ព័ន្ធបញ្ហានេះ នឹងសម្រេចដកហូតមកវិញ​នូវអាជ្ញា​បណ្ណ​ទេសចរណ៍ ប្រសិនបើពិនិត្យឃើញថាមូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន និងអាហារ​ដ្ឋានទេស​ចរណ៍ណាមួយ ពុំបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានអនាម័យ តាមការណែនាំរបស់ក្រសួង​សុខា​ភិបាល ឬមន្ទីរសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិទេនោះ។

តាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ចុះ ថ្ងៃទី១១ខែមករា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា នាពេលកន្លងមក ក្រសួងទេសចរណ៍ បានសង្កេតឃើញមានការអនុវត្តតាមខ្លឹមសារ នៃបញ្ញត្តិ​ច្បាប់ស្ដីពីទេសចរណ៍បានត្រឹមត្រូវ ចំពោះអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេស​ចរណ៍​ភាគច្រើននៅទូទាំងប្រទេស ប៉ុន្តែក៏នៅមានអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេស​ចរណ៍​មួយចំនួន មិនទាន់បានអនុវត្តកាតព្វកិច្ចស្នើសុំអាជ្ញាបណ្ណទេសចរណ៍ ក៏ដូចជាការ​អនុវត្ត​ឱ្យបាននូវការស្នើសុំវិញ្ញាបនបត្របញ្ជាក់អនាម័យ ពីក្រសួងសុខាភិបាល ឬមន្ទីរ​សុខា​ភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។​

ដើម្បីចូលរួមដល់ការពង្រឹងសុវត្ថិភាពចំណីអាហារ នៅតាមមូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត នឹងមិនផ្ដល់​អាជ្ញាបណ្ណទេសចរណ៍ដល់គ្រប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ទាំង​ឡាយ​ណា ដែលមិនមានវិញ្ញាបនបត្របញ្ជាក់អនាម័យ ពីក្រសួងសុខាភិបាល ឬមន្ទីរសុខា​ភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។

តាមសារាចរណែនាំបានបញ្ជាក់ថា «ក្រសួងទេសចរណ៍ នឹងសម្រេចដកហូត​មកវិញនូវ​អាជ្ញា​បណ្ណទេសចរណ៍ ប្រសិនបើពិនិត្យឃើញថា មូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋាន​ទេសចរណ៍នោះ ពុំបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានអនាម័យ តាមការណែនាំរបស់​ក្រសួង​សុខាភិបាល ឬមន្ទីរសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិ»

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងក្នុងសារាចរណែនាំលេខ០០១ ចុះថ្ងៃទី១១ខែមករាឆ្នាំ ២០១៩ របស់ក្រសួងទេសចរណ៍៖

LEAVE A REPLY

Please enter your comment!
Please enter your name here