សម្តេចតេជោ ហ៊ុន សែន ប្រកាសបង្កើតជាផ្លូវការនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC)

ខេត្តសៀមរាប៖ នៅល្ងាច ថ្ងៃអង្គារ ១០ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ម្សិលមិញនេះ ក្នុងនាមជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សា​វប្បធម៌អាស៊ី (ACC) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញប្រកាសពី​ការ​បង្កើតជាផ្លូវការ នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅលើទឹកដីសៀមរាបអង្គរ ដែលជាដែនជង្រុក​វប្បធម៌ និងប្រាង្គប្រាសាទរបស់កម្ពុជា ។

ប្រភពពីខេត្តសៀមរាបបានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍ប្រកបដោយកិត្តិយសឧត្តុងឧត្តម​សម្រាប់​កម្ពុជានេះ មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិមកពី ២៦ប្រទេស​នៅ​ទូ​ទាំងអាស៊ី។ នៅថ្ងៃនេះ វាគ្មិនជាតិ និងអន្តរជាតិ ចូលរួមក្នុងកិច្ចពិភាក្សាតុមូលទៅ​លើប្រធាន​បទ​សំខាន់ៗ​ចំនួន៤រួមមាន៖ ១. ការលេចឡើងនូវពិភពលោកមួយទស្សនៈទានចម្រុះ និង​អត្ត​សញ្ញាណអាស៊ី ២. ការតភ្ជាប់រវាងវប្បធម៌ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ៣. ការប្រើ​ប្រាស់បច្ចេកវិទ្យាសម្រាប់ការផ្សារភ្ជាប់រវាងអរិយធម៌ និង ៤. ការកសាងសហគមន៍មួយ​សម្រាប់​ជោគវាសនាតែមួយនៅអាស៊ី។

បន្ទាប់ពីកិច្ចពិភាក្សាតុមូលលើប្រធានបទសំខាន់ទាំង៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធាន​ស្ថាបនិកកិត្តិយស នៃ ACC បានថ្លែងចំណាប់អារម្មណ៍ ដើម្បីប្រកាសពីការបង្កើត​ក្រុមប្រឹក្សា​វប្បធម៌អាស៊ីជាផ្លូវការ រួចសម្ដេចនឹងអញ្ជើញជាអធិបតីក្នុងពិធីលៀងសោយភោជន៍ នៅទី​លាន​​ជល់ដំរីនៃប្រាសាទបាយ័ន ដោយមានវត្តមានភ្ញៀវជាង៨០០នាក់ មកពីស្ថាប័ននីតិ​ប្រតិ​បត្តិ និងនីតិប្បញ្ញត្តិជាតិ និងអន្តរជាតិ។

យោងតាមកម្មវិធីនេះនៅថ្ងៃទី១៦ ខែមករា២០១៩ អ្នករៀបចំព្រឹត្តិការណ៍ ACC នឹងរៀបចំ​ដំណើរកម្សាន្ត​ជូនដល់បណ្ដា​ភ្ញៀវដែលមានបំណងអញ្ជើញទស្សនារមណីយដ្ឋាន បេតិកភណ្ឌ​ពិភពលោកអង្គរដែលត្រូវចុះ​បញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក​របស់អង្គការសហ​ប្រជា​ជាតិផងដែរ។លើសពីការលើកកម្ពស់ ការយោគយល់គ្នាទៅវិញទៅមក និងការផ្លាស់ប្ដូរ​វប្ប​ធម៌​នោះ ព្រឹត្តិការណ៍ ACC ដែលរៀបចំឡើងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានេះ គឺធ្វើ​ឡើងក្នុងគោលបំណងលើកកម្ពស់ ឯកភាពក្នុងភាពចម្រុះជាតិសាសន៍ និងការផ្សារភ្ជាប់​ប្រជាជាតិនានានៅក្នុងចំណោមបណ្ដាប្រទេសជាសមាជិក។

ព្រឹត្តិការណ៍នេះក៏នឹងផ្ញើចេញនូវសារដ៏មានអំណាច និងវិជ្ជមានទៅដល់ពិភពលោកខាងក្រៅ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបទពិសោធន៍ដែលភ្ញៀវទទួលបានថា ព្រះរាជាណាចក្រ​កម្ពុជា​មាននូវសក្ដានុពលដ៏ធំធេងសម្រាប់កំណើននៃទេសចរណ៍ វប្បធម៌ និងសម្រាប់ការវិនិយោគ។

សូមបញ្ជាក់ថា «ក្រុមប្រឹក្សាវប្បធម៌អាស៊ី» ត្រូវបានប្តូរឈ្មោះមកពី «ក្រុមប្រឹក្សាវប្បធម៌ ICAPP» នៅក្នុងសម័យប្រជុំលើកទី២៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP កាលពីខែកក្កដា ឆ្នាំ២០១៧ ដើម្បីពង្រីកវិសាលភាពនៃការងារឲ្យកាន់តែទូលំទូលាយ​ និងបើកចំហរ។ ក្រុមប្រឹក្សាវប្បធម៌អាស៊ី ត្រូវបានបង្កើតឡើង តាម​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​កម្ពុជា ចិន នេ​ប៉ាល់ និង​រុស្ស៉ី ហើយ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ដ៏​គួរឱ្យ​កោតសរសើរ​នេះ គឺជា​ប្រវត្តិសាស្ត្រ​សម្រាប់ ICAPP និង​បណ្តា​គណបក្សនយោបាយ​នៅ​អាស៊ី​។​

ប្រទេស​កម្ពុជា ចិន នេ​ប៉ាល់ និង​រុស្ស៉ី ត្រូវបាន​ប្រគល់​តួនាទី​ឱ្យ​រៀបចំ​ឯកសារ​គោលសម្រាប់​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ស្របតាម​សេចក្តីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍ ICAPP ដែល​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ លើក​ទី​២៧ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី នា​ខែកញ្ញា ឆ្នាំ​២០១៦​។​

ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានសម្រេចបង្កើតលេខាធិការដ្ឋាននៅក្នុងប្រទេសកម្ពុជា ហើយ​សម្រេច​ជ្រើសរើសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធានស្ថាប​និក​កិត្តិយស, លោកស្រី ឃួន សុដារី ជាប្រធាន និងលោក សួស យ៉ារ៉ា ជាអគ្គនាយក។

ក្រុមប្រឹក្សាវប្បធម៌អាស៊ីបង្កើតឡើង ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក​ និង​ការផ្លាស់ប្តូរ​វប្បធម៌​ក្នុងចំណោម​បណ្តា​ប្រទេស​ជា​សមាជិក លើកកម្ពស់​សាមគ្គីភាព​ក្នុង​ភាព​សម្បូរបែប លើកកម្ពស់សម្បត្តិ​វប្បធម៌​ជា​ប្រភព​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​កិច្ចសហការ​អន្តរជាតិ និង​ការផ្សារភ្ជាប់​អារ្យធម៌ និង​កសាង​នូវ​ទ្វីបអាស៊ី​មួយ​ប្រកបដោយ​ភាព​សុ​ខដុម​៕ ប្រសើរ

 

Leave a Reply

Your email address will not be published. Required fields are marked *