ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករនៅខេត្តកំពត

កំពត៖បើទោះបីត្រូវមមាញឹកនឹងការងារក្រៅប្រទេស និងក្នុងរាជធានីភ្នំពេញរយៈពេល៥ថ្ងៃជាប់គ្នាទៅហើយ តែដើម្បីការងារជាប្រយោជន៍របស់កម្មករ និយោជិត ក៏ដូចជាវិស័យឧស្សាហកម្មរបស់កម្ពុជានោះ នៅថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បន្តហោះទៅកាន់ខេត្តកំពតថែមទៀត ដើម្បីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប១១,៧៣៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២។ ជំនួបនៅព្រឹកថ្ងៃនេះ គឺជាជំនួបលើកទី២សម្រាប់ឆ្នាំ២០១៩។

ពិធីជួបសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន និងកម្មករ និយោជិតនៅព្រឹកថ្ងៃនេះ ប្រារព្ធធ្វើឡើងនៅរោងចក្រ POU CHEN Cambodia CO., LTD ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រោងចក្រទាំង១២ ដែលអនុញ្ញាតឲ្យកម្មករ និយោជិត បានជួបសំណេះសំណាលជាមួយ សម្តេចតេជោនាយករដ្ឋមន្ត្រីនៅថ្ងៃស្អែកនេះ មកពីខេត្តកំពតចំនួន១១ ក្នុងនោះក្រុងកំពតចំនួន២ មានកម្មករ និយោជិត ១,១៥៩នាក់, ស្រុកទឹកឈូចំនួន៤ មានកម្មករនិយោជិតចំនួន ៤,៣២០នាក់, ស្រុកកំពង់ត្រាចចំនួន២ មានកម្មករយាជិតចំនួន ២,៨៨៣នាក់, ស្រុកបន្ទាយមាសចំនួន១ មានកម្មករនិយោជិតចំនួន ៨៥៩នាក់, ស្រុកដងទង់ចំនួន១ មានកម្មករ និយោជិតចំនួន ១,៦២៩នាក់, កសិដ្ឋានចំការចេកស្រុកឈូកចំនួន១ មានកម្មករ និយោជិតចំនួន ៨៥៨នាក់ និងមកពីកសិដ្ឋានចំការម្រេចខេត្តកែបចំនួន១ មានកម្មករ និយោជិតចំនួន ៣០នាក់ ដែលមានអ្នកវិនិយោគមកពីប្រទេសចិនចំនួន៩, ថៃចំនួន១ និងខ្មែរចំនួន២ ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១, ផលិតស្បែកជើងចំនួន៣, ដេរកូនបាល់ចំនួន១, ដេរប៉ាក់ចំនួន១, ផលិតស៊ីម៉ងត៍ចំនួន៣, កសិដ្ឋានចំការចេកនាំចេញចំនួន១, កសិដ្ឋានដំណាំម្រេចនាំចេញចំនួន១ និងវារីអគ្គិសនីចំនួន១។

បើតាមលោករដ្ឋមន្ត្រី បានឲ្យដឹងថា ផលិតផលទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

ខេត្តកំពត ធ្លាប់ជាតំបន់សមរភូមិប្រយុទ្ធកាលពីសម័យសង្គ្រាម បច្ចុប្បន្នបានក្លាយជាខេត្តដែលមានការទាក់ទាញវិនិយោគវិស័យឧស្សាហកម្ម និងជាតំបន់ទេសចរណ៍ដ៏សំខាន់មួយ។ ជាពិសេសជាខេត្តដែលមានសក្តានុពលក្នុងការអភិវឌ្ឍឧស្សាហកម្មធុនធ្ងន់ រួមមាន វារីអគ្គិសនី ផលិតស៊ីម៉ង់ត៍ ជាតំបន់កសិកម្ម មានដីប្រកបដោយជីវជាតិពិសេស ដែលអាចផលិតដំណាំល្បីល្បាញលើពិភពលោកដូចជា ម្រេចកំពត ធូរ៉េនកំពត ដូងកំពត ចេកសម្រាប់នាំចេញ។ល។

លោក អ៉ិត សំហេង បានអះអាថា មកដល់ពេលនេះ មានសហគ្រាស គ្រឹះស្ថានចំនួន៤៤០ មានកម្មករ និយោជិត ១៦,១២៥នាក់ ទទួលបានប្រាក់ឈ្នួលសរុបចំនួន ៥៥លានដុល្លារ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន៦ មានកម្មករនិយោជិតចំនួន ៥,៤៣១នាក់ ដែលមានប្រាក់ឈ្នួលសរុបជិត ១៨លានដុល្លារក្នុងមួយឆ្នាំ ៕ ប្រសើរ

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *