ស្ថានទូតចិន សហការជាមួយកម្ពុជា តាមវែកមុខក្រុម​ប្រកាស​បង្កអសន្តិសុខ នៅក្រុងព្រះសីហនុ ចាប់បានមេខ្លោងម្នាក់គ្រោងបញ្ជូនមកកម្ពុជា

0
34

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅលើ Facebook នាយប់ថ្ងៃ អាទិត្យ ៩កើត ខែពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦២ត្រូវនឹង ថ្ងៃ​ទី១២ ខែឧសភា ឆ្នាំ២០១៩​នេះថា «ស្ថានទូតចិនប្រចាំកម្ពុជាមានការ​យកចិត្តទុកដាក់ខ្ពស់​ តាមវែកមុខក្រុមប្រកាសបង្ក​អសន្តិសុខ នៅក្រុងព្រះសីហនុ និងបានជួយ​​សម្របសម្រួល​ដល់​សមត្ថកិច្ចនៃប្រទេសចិន និងកម្ពុជា ដើម្បី​បើក​ការស៊ើបអង្កេតឱ្យបានគ្រប់ជ្រុងជ្រោយលើ​បញ្ហាមួយនេះ។ ស្ថានទូតជឿជាក់ថាការពិតនៃ​បញ្ហា​នេះនឹង​ត្រូវបានលាតត្រដាងក្នុងពេល​ឆាប់ៗ»នេះ។ ការប្រកាសនេះធ្វើឡើងប៉ុន្មានម៉ោងក្រោយពី មានវីដេអូឃ្លីបមួយបង្ហាញ ពីសកម្មភាពក្រុមចិនមួយក្រុម ប្រកាសបង្ក​អសន្តិ​សុខនៅក្នុងក្រុងព្រះសីហនុ ។

ក្នុងការប្រកាសនោះ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានអះអាងថា ខ្លួនកំពុងតាមដាន និង​យក​ចិត្តទុកដាក់ខ្ពស់ទៅក្រុមជនជាតិចិនមួយក្រុម ដែលបានប្រកាស តាមវីដេអូ​ឃ្លីបប៉ុនប៉ងបង្ក​អសន្តិសុខនៅក្នុងខេត្តព្រះសីហនុ។ ​ស្ថានទូតចិន បានអះអាងទៀតថា ខ្លួនបានជួយសម្រប​សម្រួលដល់កម្លាំងសមត្ថកិច្ចរបស់ចិន សហការជាមួយកម្ពុជា តាមស្វែងរកការ​ពិតលើ​ករណីនេះផងដែរ។

សូមបញ្ជាក់ថា នៅ ថ្ងៃ អាទិត្យ ៩កើត ខែពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះ មានវីដេអូឃ្លីបមួយបង្ហាញ ពីសកម្មភាពក្រុមជនប្រកាសបង្ក​អសន្តិ​សុខនៅក្នុងក្រុងព្រះសីហនុ ត្រូវបានគេចែកចាយតាមបណ្តាញទំនាក់ទំនងសង្គម។ នៅក្នុងវីដេអូក្រុមជនជាតិចិនមួយក្រុមនេះ បាននិយាយថា ពួកគេមកពីខេត្តឆុងឆីង ហើយ​និយាយ​ទៀតថា កំពង់សោម៣ឆ្នាំក្រោយពួកគេចង់ឲ្យវឹកវរ គឺវឹកវរ, ចង់ឲ្យសុវត្ថិភាព គឺសុវត្ថិភាព។

វីដេអូឃ្លីបមួយនេះ នាំឱ្យការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ និងចែកចាយ បន្ត​យ៉ាងផុលផុស។ ក្រោយវីដេអូនេះបែកធ្លាយនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គ​ស្នងការ​នគរបាលជាតិ បានចេញបញ្ជាឱ្យសមត្ថកិច្ចកិច្ចតាមវែកមុខជនជាតិចិន មួយក្រុមនេះភ្លាមៗ​ផងដែរ។

ក្នុងករណីនេះដែរឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអះ​អាងថា កម្លាំងនគរបាលខេត្តព្រះសីហនុ និងសមត្ថកិច្ចជំនាញដទៃទៀត កំពុងបើកការស្រាវ​ជ្រាវ​យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកការពិត និងវែករកមុខក្រុមជនជាតិចិនមួយក្រុមនេះឲ្យឃើញ។

យ៉ាងណា ការប្តេជ្ញារបស់ស្ថានទូតចិននេះត្រូវបានប្រភពពីប្រទេសចិនបានឲ្យ​ដឹងនៅរសៀល​ថ្ងៃ​ទី១៣ ឧសភា ឆ្នាំ២០១៩នេះ បុរសជនជាតិចិន​ម្នាក់ ដែលជាមេខ្លោងបង្ហោះវីដេអូឃ្លីប​ខ្លី​មួយ​ ដែលមានខ្លឹមសារគំរាមកំហែងបង្កអសន្តិសុខនៅក្រុងព្រះសីហនុ ត្រូវបានសមត្ថកិច្ច​នគរបាលចិន ចាប់ខ្លួនបានហើយ នៅប្រទេសចិន។

ការឃាត់ខ្លួនមេខ្លោងម្នាក់នេះពាក់ព័ន្ធនឹងបង្ហោះវីដេរអូឃ្លីបខ្លីរយៈពេល៩វិនាទី ដែលពួកគេ​មួយក្រុមមានគ្នាចំនួន១៨នាក់ ស្រែកគំរាមថា នឹងបង្កអសន្តិសុខនៅក្រុងព្រះសីហនុ ។

ប្រភពព័ត៌​មាននេះក៏ បានបញ្ជាក់ឲ្យដឹងផងដែរថាជនសង្ស័យ បានសារភាពថា ពួកគេថត និងបង្ហោះលេងទេ ប៉ុន្តែទោះយ៉ាងណា ជនសង្ស័យនោះ បានសារភាពទទួលកំហុស​ចំពោះ​ទង្វើរបស់គេអស់ហើយ។

តាមប្រភពព័ត៌​មាន ដែលស្និទ្ធនឹងស្ថានទូតចិន ក៏​បានបញ្ជាក់ចុងក្រោយថា សមត្ថកិច្ចប្រទេស​ចិន នឹងបញ្ជូនជនសង្ស័យនោះមកប្រទេសកម្ពុជា ដើម្បីប្រគល់ខ្លួនឲ្យសមត្ថកិច្ចកម្ពុជាចាត់​ការតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលឆាប់ៗនេះ៕ ប្រសើរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here