សម្តេចតេជោនាយករដ្ឋមន្រ្តី្ត  ព្រមានដកហូតបុណ្យស័ក្តិ និងបង្កកទ្រព្យសម្បត្តិគ្រប់មន្ត្រីនិងកម្លាំងប្រដាប់អាវុធ ដែលប្រព្រឹត្តអំពើពុករលួយ

0
12

ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានបង្ហាញជំហរយ៉ាងម៉ឹងម៉ាត់ក្នុងការអនុវត្តន៍អភិក្រមទី៥ គឺអភិក្រម «វះកាត់» ដោយព្រមានដកហូត បុណ្យស័ក្តិ និងបង្កកទ្រព្យសម្បត្តិ ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងឡាយណាយកតួនាទីប្រព្រឹត្តអំពើពុករលួយ កឹបកេងទ្រព្យសម្បត្តិរដ្ឋ កាប់បំផ្លាញព្រៃឈើ រំលោភយកដីរដ្ឋធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន។

ការប្រកាសដាក់ចេញជំហរម៉ឹងម៉ាត់ក្នុងការកម្ចាត់អំពើពុករលួយចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រាប់អាវុធរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានបង្ហាញលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក៏បានបង្ហាញផងដែរថា ក្រៅតែពីដកហូតបុណ្យស័ក្តិ និងបង្កកទ្រព្យសម្បត្តិហើយនោះ មន្ត្រី និងកងកម្លាំងប្រដាប់អាវុធដែលប្រព្រឹត្តអំពើពុករលួយ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដែលមានជាធរមានថែមទៀតផង។

អំពើពុករលួយត្រូវបានគេមើលឃើញថា ជាឧបសគ្គដ៏ធំសម្រាប់នយោបាយកំណែទម្រង់ និងការអភិវឌ្ឍប្រទេសឱ្យកាន់តែមានការរីកចម្រើន។ ការអនុវត្តន៍អភិក្រមទី៥នេះ ដែលជាអភិក្រមកម្ចាត់ និងបោសសំអាតអំពើពុករលួយត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសជារឿយៗក្រោយ រាជរដ្ឋាភិបាលនីតិកាលទី៦ ត្រូវបានបង្កើតឡើង។

ក្នុងពេលចុះពិនិត្យការដ្ឋានសំណង់ពហុកីឡដ្ឋានជាតិមរតកតេជោកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដែរថា សម្តេចនឹងបញ្ជូនមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយឱ្យចុះធ្វើសកម្មភាពដោយផ្ទាល់តែម្តងចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយ ដោយគ្មានការយោគយល់ អនុគ្រោះ ឬទទួលការអន្តរាគមន៍នោះឡើយ។

នៅក្នុងអាណត្តិនេះមានមន្ត្រីជាច្រើនរូបហើយត្រូវបានដកហូតតំណែង និងចាប់ខ្លួនជាដើម ព្រោះតែការប្រព្រឹត្តអំពើពុករលួយ។ នៅពេលថ្មីៗនេះ ប្រធាន អនុប្រធាន និងមន្ត្រីនៅមន្ទីរសុរិយោដីខេត្តពោធិ៍សាត់សរុប ៣រូប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន បន្ទាប់ពីពួកគេបានឃុបឃិតគ្នាជម្រិតទារលុយពីអ្នកវិនិយោគប្រមាណ ១០ម៉ឺនដុល្លារ ជាថ្នូរអនុញ្ញាតឱ្យសាងសង់រោងចក្រ។

មកដល់ពេលនេះមន្ត្រីប្រព្រឹត្តអំពើពុករលួយទាំង៣រូបនេះ ត្រូវបានតុលាការចោទប្រកាន់ និងចេញដីកាឃុំខ្លួនពួកគេនៅពន្ធនាគារផងដែរ៕  ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here