ក្មេងស្រីសិស្សសាលា២នាក់ ជិះម៉ូតូបុកជាមួយរថយន្តដឹកសិស្ស បណ្តាលឲ្យស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់

0
35

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកសិស្សសាលា អន្តរជាតិ ណាតអេដ បានបុកជាមួយម៉ូតូស្មាស់វី ដែលបើកឡើងវ៉ាជែងរថយន្តជ្រុល មកបុករថយន្តដឹកសិស្សសាលាពេញទំហឹង បណ្តាលឲ្យក្មេងស្រីសិស្ស សាលាអន្តរជាតិ BANDOS PANHA ម្នាក់ស្លាប់ និងក្មេងស្រីសិស្សសាលាអាយុ១៤ឆ្នាំម្នាក់ទៀត រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យកុមារជាតិ ដើម្បីសង្គ្រោះបន្ទាន់។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ លើផ្លូវជាតិលេខ២ ត្រង់ចំណុចមុខបូរីកាំងម៉េង ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ខាងលើនេះ ទី១.ឈ្មោះ ចន អេលីហ្សាបេត័ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ស្លាប់ជាអ្នកឌុប ជាសិស្សរៀននៅសាលាអន្តរជាតិ BANDOS PANHA ) និងម្នាក់ទៀតជាអ្នករួមដំណើរជាមួយ មានឈ្មោះ ចន ហ្គាលដាមាល ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រងរបួសធ្ងន់សង្រ្គោះព្យាបាល នៅមន្ទីរពេទ្យកុមារជាតិ។ ចំណែកអ្នកបើកបររថយន្ត មិនស្គាល់ឈ្មោះនោះទេ បានរត់គេចខ្លួនបាត់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកសិស្សសាលាអន្តរជាតិ ណាតអេដ មួយគ្រឿងម៉ាកស៊ាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-7543 បើកបរតាមបណ្តោយ ផ្លូវខាងលើ ពីកើតមកលិច។ ចំណែកម៉ូតូម៉ាកស៊ុយសាគីស្មាស់វី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CV-9295 ជិះឌុបគ្នាដោយក្មេងស្រីសិស្សសាលា២នាក់ ជិះពីលិចទៅកើតរួចឡើងវ៉ាជែងរថយន្តក្នុង ល្បឿនលឿនមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន ក៍បានបុកជាមួយរថយន្ដដឹកសិស្សសាលា ដែលបើកបរពីកើត ទៅលិច ពេញទំហឹង បណ្ដាលឲ្យក្មេងស្រីសិស្សសាលាអន្តរជាតិ BANDOS PANHA ម្នាក់បោកក្បាលស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរខណ្ឌដង្កោ សហការជាមួយនគរបាលចរាចរជើងគោក នៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការវាស់វែងនៅទីតាំងកើតហេតុ និងបានយកវត្ថុតាងទាំង២ ទៅរក្សា ទុកនៅការិយាល័យចរាចរណ៍ជើងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here