សមត្ថកិច្ចឃាត់ខ្លួន សិស្សបង្ក៤នាក់ យកទៅសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់ ករណីវាយទាត់ធាក់សិស្សស្រីម្នាក់ នៅវិទ្យាល័យផ្សារដើមថ្កូវ

0
127

ភ្នំពេញ ៖ សមត្ថកិច្ចមូលដ្ឋាន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ បានឃាត់ខ្លួនសិស្សស្រីៗ ៤នាក់ យកទៅសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់ បន្ទាប់ពីពួកគេវាយទាត់ធាក់ និងជេរប្រមាថដល់សិស្សស្រីម្នាក់ នៅវិទ្យាល័យផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋ និងក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានដឹកដៃកូនមកស្នើសុំនគរបាលជួយអន្តរាគមន៍ និងឃាត់ក្មេងស្រីបង្កហេតុ ដើម្បីយកមកសាកសួរនាំពីហេតុការណ៍កើតឡើង នៅវិទ្យាល័យផ្សារដើមថ្កូវ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
បើតាមសមត្ថកិច្ច ជនរងគ្រោះរៀនថ្នាក់ទី៨ ឈ្មោះ ស្រ៊ុន កែវមរកត អាយុ ១៦ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ផ្លូវ៣៤៣០។ ចំណែកក្រុមជនបង្កមានគ្នា ៤នាក់ រៀនថ្នាក់ទី៩ម្នាក់ ដោយហៅបក្ខពួកពីខាងក្រៅស្រីវិទ្យាល័យផ្សេងចំនួន ៣ទៀត មកវាយលើជនរងគ្រោះថែមទៀត។

យោងតាមក្រុមគ្រួសារអ្នករងគ្រោះ បានឲ្យដឹងថា ករណីហិង្សានេះ កើតឡើងកាលពីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងវិទ្យាល័យផ្សារដើមថ្កូវ។ បន្ទាប់វាយដំលើរាងកាយ ដោយប្រើជើងធាក់ខ្លួន និងចំក្បាលរួចមក ក្រុមជនបង្កបានគំរាមដល់ជនរងគ្រោះថែមទៀត។ ចំណែកជនរងគ្រោះមិនបានទៅរៀនទេ ព្រោះខ្លួនប្រាណជ្រាំពេញខ្លួមប្រាណទាំងអស់។

បើតាមម្តាយយុវតីរងគ្រោះបានអះអាងថា គាត់មិនបានដាក់ពាក្យបណ្តឹងនៅឡើយទេ ទើបតែរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ឃើញមានរូបភាព បង្ហោះតាមសង្គមហ្វេសប៊ុក ហើយបានដឹងថា កូនគាត់មានកូនសិស្សស្រីដូចគ្នា ចោមរោមវ៉ៃយ៉ាងចាស់ដៃ។ ម្តាយរូបនេះ បានបន្តថា ក្រោយមក ក៏នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ បានអន្តរាគមន៍ និងស្វែងរកតាមសកម្មភាពហិង្សាតាមវីដេឃ្លីប និងនាំក្មេងស្រីសិស្សសាលាចំនួន៤នាក់។ ម្តាយយុវតីរងគ្រោះ មិនចង់ឲ្យនគរបាលដាក់ទោសទណ្ឌ លើក្មេងបង្កហិង្សាមកលើកូនគាត់ទេ គ្រាន់តែចង់ឲ្យអប់រំ និងឪពុកម្ដាយមកធានា កុំឲ្យប្រើហិង្សាមកលើក្មេងស្រីដទៃទៀត។

សូមបញ្ជាក់ថា ក្រោយមានការផ្សព្វផ្សាយ និងចែកចាយជាបន្តបន្ទាប់នូវវីដេអូខ្លីបមួយ ដែលបង្ហាញពីសកម្មភាពសិស្សសាលាមួយក្រុម ព្រួតគ្នាទាត់ធាក់សិស្សស្រីម្នាក់ និងជេរប្រទេចដូចសត្វធាតុនោះ សមត្ថកិច្ចបានស្រាវជ្រាវឃើញថា សកម្មភាពហិង្សានោះកើតឡើងនៅវិទ្យាល័យ ផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន ហើយបានស្វះស្វែងរកជនរងគ្រោះ និងជនដៃដល់ ដើម្បីធ្វើការដោះស្រាយ និងចាត់វិធានការតាមច្បាប់។

សកម្មភាពទំនើងរបស់ក្មេងស្រីៗបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម ស្នើដល់សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន ក្រុមជនបង្កយកទៅ ផ្តន្ទាទោសតាមច្បាប់៕ សូមចុច Link video មើលនៅខាងក្រោមបំផុត (កូននាគ)

/https://www.facebook.com/ravipancha/videos/1231472960384987/

LEAVE A REPLY

Please enter your comment!
Please enter your name here