នារី​ម្នាក់​សង្ស័យ​ត្រូវ​គូ​ដណ្តឹង​បាញ់​បណ្តាល​ឲ្យ​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​

0
13

​ភ្នំពេញ ៖ នារី​ដ៏​ស្រស់ស្អាត​ម្នាក់​ជា​គ្រូពេទ្យ និង​លក់​គ្រឿងសំអាង​តាម​អន​ឡាញ​បាន​រងរបួស​យ៉ាង​ធ្ងន់​ ហើយ​បាន​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដែលករណីនេះគេសង្ស័យដោយសារ​រងការបាញ់ពី​គូ​ដណ្តឹង​របស់​នាង ។​

 

​ហេតុការណ៍​ដ៏​រន្ធត់​នេះ​ បានកើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​១៩​និង​៤៥​នាទី ថ្ងៃទី​១៦ ខែមករា​ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​H០៣ ផ្លូវ​BT សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។​

 

​នារីរងគ្រោះ​ឈ្មោះ ជន ឌី​ណា អាយុ​២៦​ឆ្នាំ មុខរបរ​ពេទ្យ និង​លក់​ម្សៅ​អន​ឡាញ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ ។ នៅលើ​សាកសព​មាន​បន្សល់​ស្លាកស្នាម​គ្រាប់​កាំភ្លើង​ចូល​កញ្ចឹងក​ខាងក្រោយ​​ធ្លាយ​ទៅ​ថ្ពាល់​ខាងឆ្វេង ។​

 

​ជនសង្ស័យ​ក្នុងករណី​ឃាតកម្ម​ខាងលើ​ឈ្មោះ យឺន វ៉ាន់​ដេ​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​យោធា​អង្គភាព​កងពល​តូ​ចលេ​ខ​៧០ (​បច្ចុប្បន្ន​គេចខ្លួនបាត់​) ។​

 

​វត្ថុតាង​បន្សល់ទុក​កន្លែងកើតហេតុ ៖ -​អាវុធខ្លី​មួយ​ដើម​ម៉ាក NP៤២ លេខ​០១៥៤៣១៨ គ្រាប់​មិនទាន់​បាញ់​១២​គ្រាប់ សំបក​កា​ទុ​ស​មួយ ក្បាល​គ្រាប់​១​ក្រ​ពិត​។​

 

​តាម​ការបំភ្លឺ​របស់​ឈ្មោះ ហែ​ន ចម​នារី​រតនា ជា​អ្នក​នៅជាប់​ផ្ទះ​ជនរងគ្រោះថា ​នៅវេលា​ប្រហែល​ម៉ោង​១៩​ជាង ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ ខ្លួន​កំពុង​អង្គុយ​បំបៅកូន ​​ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ​នៅផ្ទះ​ជាប់​របស់ខ្លួន បន្ទាប់មក​មាន​មនុស្ស​ប្រុស​ម្នាក់​នៅជាប់​ផ្ទះ​រត់​ចេញមកក្រៅ ស្រែកហៅ​គេ​ជួយ ខ្ញុំ​បាន​ចេញទៅ​មើលឃើញ​ជនសង្ស័យ​កំពុង​បីត្រកង​ជនរងគ្រោះ​អង្គុយ មាន​ឈាម​នៅលើ​ការ៉ូ ។ ស្របពេលនោះ ឈ្មោះ ភាន់ សុភ​ក្ត្រា ត្រូវជា​ក្មួយ​របស់ខ្ញុំ​បាន​ជិះ​ម៉ូតូ​មកដល់ ខ្ញុំ​បាន​ពឹង​ឲ្យ​ក្មួយប្រុស​ទៅរក​ឡាន​សាមុយ តែ​រក​មិនបាន ក៏​ត្រឡប់មកវិញ​ឌុប​ជនរងគ្រោះ និង​ជនសង្ស័យ ទៅ​មន្ទីរពេទ្យ​ឯកជន តែ​មន្ទីរពេទ្យ​ឯកជន​មិន​ទទួល​ព្យាបាល​ទេ ហើយ​ជនសង្ស័យ​បានដាក់​ជនរងគ្រោះ​លើ​ម៉ូតូ​កង់​បី ​បញ្ជូន​បន្តទៅពេទ្យ​លោកសង្ឃ ​ក្រោយមក​ឮថា​ជនរងគ្រោះ​ស្លាប់​បាត់ទៅហើយ ។​

 

​តាម​ការ​ប្រាប់​ឲ្យដឹងពី​ឪពុក​ជនរងគ្រោះ​ថា កូនស្រីរបស់​គាត់​បាន​ភ្ជាប់ពាក្យ​ជាមួយ​ជនសង្ស័យ​តាំងថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៩ ហើយ​ត្រូវ​ចូល​រោងការ​នៅ​ខែ​មីនា​ខាងមុខនេះ ។​

 

​ក្រោយ​ការពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​របស់​សម​ត្ថ​កិច្ច​ជំនាញ សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ត្រូវ​គ្រាប់ និង​បាន​សព​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here