ស្លាប់២នាក់ របួសធ្ងន់-ស្រាល៤នាក់ ក្នុងហេតុការណ៍ រថយន្តបុករះអ្នកដំណើរ លើផ្លូវជាតិលេខ៥៨

0
43

បន្ទាយមានជ័យ ៖ មនុស្សចំនួន២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែក៤នាក់ផ្សេងទៀត បានរងរបួស ធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកអ្នកថ្មើរជើង កាលពីម៉ោង៥និង២៥នាទីយប់ នៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

មន្ត្រីនគរបាលប៉ុស្តិ៍ការពារព្រំដែននៅភូមិក្តឹបថ្មនៃវរសេនាតូច៨០៧ ថ្មពួកអោយដឹងថា ៖ គ្រោះថ្នាក់នោះ បង្ករដោយរថយន្តម៉ាកនីសាន់( Frontier) បើកបរក្នុងល្បឿនលឿន លើផ្លូវលេខ ៥៨ ទិសដៅពីជើងទៅត្បូង ។ មន្ត្រីនគរបាលប៉ុស្តិ៍ការពារព្រំដែនបានឲ្យដឹងទៀតថា អ្នកឃើញហេតុការណ៍និងជនរងគ្រោះរបួសអោយដឹងថា ៖ មកដល់ចំណុចកើតហេតុ រថយន្តបានរ៉េចង្កូតទៅបុករះអ្នកដំណើរ រួចបានបន្តជ្រុលធ្លាក់ពីលើផ្លូវបុកដើមឈើ ក្នុងទិសដៅស្របគ្នាបណ្ដាលឲ្យមនុស្សស្លាប់ចំនួន២នាក់ របួសធ្ងន់ម្នាក់ និង ៣នាក់ទៀតរបួសស្រាល ។

មន្ត្រីនគរបាលប៉ុស្តិ៍ការពារព្រំដែនបានឲ្យដឹងទៀតថា ៖ អ្នកដំណើររងគ្រោះ រួមមាន ៖ ១- ឈ្មោះ អូ ទិត្យ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅខេត្តកណ្ដាល (ស្លាប់)។ ២ -ឈ្មោះ សឿន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ គោកត្នោត ឃុំកណ្ដៀង ស្រុកបាគង ខេត្តសៀមរាប ( ស្លាប់)។ ៣-ឈ្មោះ ធី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅប៉ោយប៉ែត (របួសធ្ងន់)។ ៤-ឈ្មោះ រី លៀប ភេទប្រុសអាយុ៦៣ឆ្នាំ រស់នៅភូមិឡែម ឃុំកំរៀង ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ ៥-ឈន ចាន់ដេត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅ ភូមិគោកត្នោត ឃុំកណ្ដៀង. ស្រុកបាគងខេត្តសៀម រងរបួសស្រាល។ ៦-ឈ្មោះឃឹម រឹទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ រាំងដែក ។

លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួកបានឲ្យដឹងថា ៖ ជនរងគ្រោះទាំង៦នាក់ គឺជាកម្មករទៅស៊ីឈ្នួលដកដំឡូងមី នៅជាយដែន។ រីឯសពជនរងគ្រោះទាំង២នាក់ ត្រូវបានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ឯអ្នករងរបួសបញ្ជូនបានទៅព្យាបាលនៅមន្ទីរពេទ្យ។  ចំណែក អ្នកបើកបររថយន្តក្រោយពីកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

បច្ចុប្បន្ន រថយន្តយកមករក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត ដើម្បីស្រាវជ្រាវរកម្ចាស់មកដោះ ស្រាយតាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here