ក្រសួងបរិស្ថានស្នើឲ្យប្រជាពលរដ្ឋចូលរួម ពន្លត់ភ្លើងអគ្គិសនី ១ម៉ោងនៅថ្ងៃ២៨មីនានេះ

0
25

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាអាចចូលរួមក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដី ដោយការពន្លត់ភ្លើងអគ្គិសនីក្នុងរយ:ពេល ១ម៉ោងនៅថ្ងៃទី២៨ ខែមីនានេះ ចាប់ពីម៉ោង៨និង៣០នាទីដល់៩និង៣០យប់ ដើម្បីជាការបង្ហាញពីការចូលរួមនៅក្នុងការស្រលាញ់ភពផែនដី។ ទាំងនេះគឺដើម្បីបង្ហាញពីការចូលរួមចលនាជាសកលស្តីពីការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅនៃភពផែនដីផងដែរ ។

លោក នេត្រ ភក្រ្តា បានពន្យល់ថា ប្រជាពលរដ្ឋកម្ពុជា ពិសេសយុវជនដើរតួនាទីសំខាន់បំផុត នៅក្នុងការការពារភពផែនដីទាំងមូលតាមរយ: ការចូលរួមការការពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ការដាំដើមឈើ ក៏ដូចជាការចូលរួមប្រើប្រាស់នូវប្រភពថាមពលដែលកកើតឡើងវិញ ជាដើម។

តាមការព្យាករណ៍ជាសកលមួយ បានបង្ហាញថា កម្ដៅភពផែនដីនឹងកើនឡើងពី១.៥ ទៅ២អង្សាសេ នៅចុងសតវត្សរ៍ទី២១ បើធៀបនឹងសីតុណ្ហភាពនៅចុងសតវត្សរ៍ទី១៩។ គិតចាប់តាំងពីសម័យបដិវត្តន៍ឧស្សាហកម្មមកទល់ពេលនេះ កំហាប់ឧស្ម័នកាបូនិកនៅក្នុងបរិយាកាសបានកើនឡើងដល់៤០ភាគរយ ដោយសារទង្វើមនុស្ស ជាពិសេសការបញ្ចេញពីការដុតឥន្ធន:ហ្វូស៊ីល និងការប្រែប្រួលនៃការប្រើប្រាស់ដី។

បើតាមអ្នកជំនាញ អះអាងថា កម្ពុជា ជាប្រទេសមួយដែលងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុ ដោយសារតែជាប្រទេសនេះជាប្រទេសកសិកម្ម ហើយមានសមត្ថភាពបន្ស៊ាំទាប និងការអភិវឌ្ឍតិចតួច។ ការប្រែប្រួលអាកាសធាតុ នឹងធ្វើឲ្យផលិតកម្មកសិកម្ម ដែលជាប្រភពផ្គត់ផ្គង់ស្បៀងអាហាររបស់កម្ពុជាធ្លាក់ចុះ២០ភាគរយនៅឆ្នាំ២០៥០។
សូមបញ្ជាក់ថា ការបិទភ្លើង១ម៉ោងរបស់កម្ពុជា គឺដើម្បីទាញយកការចាប់អារម្មណ៍ពីសាធារណជន និងក៏ជានិមិត្តរូបនៃការប្តេជ្ញាចិត្តរួមគ្នាចូលរួមការពារបរិស្ថាន និងភពផែនដី ដែលកំពុងគំរាមកំហែង ដោយកត្តាមនុស្ស និងធម្មជាតិ៕ ប្រសើរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here