ប្តូរសាលាដំបូងរាជធានីភ្នំពេញ ទៅកាន់ទីតាំងថ្មី ក្នុង​តំបន់​អភិវឌ្ឍន៍​ នៃក្រុមហ៊ុនOCICសង្កាត់ព្រែកលៀប

0
22

ភ្នំពេញ:បើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី៣១ ខែសីហា​ឆ្នាំ២០២០នេះបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្លាស់ប្តូរទីតាំងសាលាដំបូងរាជធានី​ភ្នំពេញ​បច្ចុប្បន្ន​ទៅកាន់​ទីតាំង​ថ្មី​ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ដែលជាតំបន់អភិវឌ្ឍន៍ក្រុមហ៊ុនOCIC ។

ក្នុងលិខិតនោះ បញ្ជាក់ថាការសម្រេចនេះធ្វើឡើងតបតាមសំណើសុំជាគោលការណ៍របស់ក្រសួងយុត្តិធម៌ តាមរយៈ​លិខិត​ចុះ​ថ្ងៃទី១៣ ខែសីហា និង​ចំណារ​របស់​នាយក​រដ្ឋមន្ត្រី​ ចុះ​ថ្ងៃទី២៦ ខែសីហា​។ តាមកម្មវត្ថុុ ក្រសួង​យុត្តិធម៌​សុំ​សាងសង់​អគារ​សាលាយុត្តិធម៌​ថ្មី​មួយ​ខ្នង សម្រាប់​ប្រើប្រាស់​ធ្វើជា​អគារ​សាលាដំបូង​រាជធានី​ភ្នំពេញ និងអគារសាលាឧទ្ធរណ៍ភ្នំពេញ នៅ​ក្រុមហ៊ុន OCIC ដោយ​ឱ្យ​ក្រុមហ៊ុន លី ឈួង សំណង់ & អាហរ័ណ នីហរ័ណ ជា​អ្នក​អនុវត្ត​គម្រោង​សាងសង់។

អគារ​យុត្តិធម៌​មួយ​ខ្នង​ថ្មីនេះ សាងសង់​កម្ពស់៧ជាន់ មានផ្ទៃ​ក្រឡា​សរុប​ជិត២ ហិកតា (១៩៩៥៩ម៉ែត្រក្រឡា​) សម្រាប់​ធ្វើជាអគារសាលាដំបូងរាជធានី អយ្យការ​អម​សាលាដំបូង​រាជធានី និង​អគារ​សាលាឧទ្ធរណ៍​ភ្នំពេញ។

លិខិត​ដដែល​បន្តថា ការដោះដូរ សាលាដំបូងរាជធានីភ្នំពេញ និង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​មានផ្ទៃ​ដីទំហំ១៧៥៦ ម៉ែត្រក្រឡា ស្ថិតនៅ​សង្កាត់​វាលវង់ ខណ្ឌ៧មករា ជា​ថ្នូរ​នឹង​ការសាងសង់​អគារ​សាលាយុត្តិធម៌​ថ្មីលើ​ដី​ដែល​ទទួល​បាន​ពី​រាជរដ្ឋាភិបាល ទំហំ ៩៤៥៦ ម៉ែត្រក្រឡា ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍន៍ OCIC សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ដោយ​អនុវត្ត​ស្របតាម​គោលការណ៍​ឯកជន​ភាវូបនីយកម្ម។ ដើម្បីធានាដំណើរការនៃការសាងសង់អគារយអគារ​យុត្តិធម៌​ថ្មី​មួយ​នេះ រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​ផ្ទេរ​កម្មសិទ្ធិ​ទីតាំង​ដី​សាលាដំបូង ជូន​ក្រុមហ៊ុន​សាងសង់​ដោយ​ពន្ធ​ប្រថាប់ត្រា​ជា​បន្ទុក​របស់​រដ្ឋ។

ម្យ៉ងទៀត ក្រោយ​សាងសង់​រួច​ សាលាឧទ្ធរណ៍​ចាស់​នឹងទុក​ឱ្យ​ក្រសួង​យុត្តិធម៌​ជា​អ្នកប្រើ​ប្រាស់គ្រប់គ្រង។ ចំណែក​តម្លៃ​នៃ​ការដោះដូរ ត្រូវ​មានការ​យល់ព្រម​ពី​គណៈកម្មាធិការ​ឯកជន​ភាវូបនីយកម្មផងដែរ៕
សហការី

LEAVE A REPLY

Please enter your comment!
Please enter your name here